មន្ត្រី​HRW​ជំរុញ​ពលរដ្ឋ​ខ្មែរ​ក្រោក​ឈរ​ជាមួយ​IPU ដើម្បី​រក​យុត្តិធម៌​ដល់​បក្ស​ប្រឆាំង

ដោយ តាំង សារ៉ាដា
2017.10.19
ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ៦២០ លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​អាស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​អំឡុង​ខែ​​​មីនា ឆ្នាំ​២០១៥។ RFA
Photo: RFA

ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​ក្រៅ ប្រទេស​ក្រោក​ឈរ​ឡើង​ធ្វើ​យុទ្ធនាការ​ប្រមូល​សំឡេង​គាំទ្រ​ដល់​សហភាព​អន្តរ​សភា (IPU) ដើម្បី​ស្វែងរក​យុត្តិធម៌​ឲ្យ​គណបក្ស​សង្គ្រោះជាតិ ដែល​កំពុង​រង​ការ​កម្ទេច​ចេញពី​បញ្ជី​នយោបាយ។ ប៉ុន្តែ​មន្ត្រី​នាំ​ពាក្យ គណបក្ស​កាន់អំណាច​ថា ការបំផ្លាញ​គណបក្សប្រឆាំង ជា​ជម្រើស​ល្អ ដើម្បី​ជំរុញ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ឡើង​នៅ​កម្ពុជា។

នាយករង​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Right Watch) លោក ហ្វីល រ៉ូប៊ឺតសិន (Phil Robertson) ស្នើ​អោយ​សហភាព​អន្តរ​សភា គួរ​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ស្វែងរក​ការ​គាំទ្រ​ពី​គ្រប់​សភា​ក្នុង​ពិភពលោក ដើម្បី​ស្វែងរក​យុត្តិធម៌​ឲ្យ​គណបក្សប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា ដែល​កំពុង​ប្រឈម​ការបាត់បង់​អាសនៈ៖ «សហភាព​អន្តរ​សភា​មាន​ឥទ្ធិពល​ដែល​អាច​កៀរគរ​បណ្ដា​ប្រទេស ក្នុង​ពិភពលោក​ឲ្យ​ក្រោក​ឈរ​ឡើង​តទល់​ជាមួយ​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន ជាពិសេស​ដាក់​សំពាធ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​គោរព គោលការណ៍ ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ដែល​កម្ពុជា​បាន​ចុះ​កិច្ច ព្រមព្រៀង ជាមួយ​អន្តរជាតិ​កន្លងមក។ លោក ហ៊ុន សែន កំពុង​ងាក​ចេញពី​គោលការណ៍​អន្តរជាតិ​ទាំងនេះ ហើយ​កំពុង​បំផ្លាញ​ក្រុម​បក្ស ប្រឆាំង​ដែល​ជា​តួអង្គ​មួយ​ដ៏​សំខាន់ ក្នុង​ការ​ចូលរួម​ធ្វើ​ឲ្យ​មាន​ដំណើរការ ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា»

ការ​អះអាង​របស់​មន្ត្រី​សិទ្ធិមនុស្ស​ជាន់ខ្ពស់​រូប​នេះ​ធ្វើឡើង​ក្រោយពី សហភាព​អន្តរសភា (Inter-Parliamentary Union) កាលពី​ថ្ងៃ​ទី​១៨ ខែ​តុលា បាន​បើក​សន្និបាត​លើក​ទី ១៣៧ ដែល​មាន​តំណាងរាស្ត្រ នៃ​ប្រទេស​ចំនួន ១៧៣ លើ​ទូទាំង​ពិភពលោក​ចូលរួម។

សហភាព អន្តរ​សភា​បាន​ចាត់​ទុក​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា បច្ចុប្បន្ន​ថា ស្ថិត​ក្នុង​កម្រិត​ប្រកាស​អាសន្ន​មួយ ដែល​អាច​បំផ្លាញ​ដល់​ដំណើរការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​ពេល​ខាងមុខ។

ទោះជា​យ៉ាងណាក៏ដោយ មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់អំណាច​នោះ មិន​អាច​ទទួល​យក​បាន​ទេ ចំពោះ​ការចោទប្រកាន់​របស់​សហភាព​អន្តរជាតិ ដែល​ថា ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​ជួប​ហានិភ័យ​នោះ។

អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច លោក សុខ ឥសាន បាន​ប្រាប់​អាស៊ីសេរី​តាម​ទូរស័ព្ទ​ថា ដើម្បី​អនុវត្ត​ច្បាប់​ឲ្យ​ស្របតាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​គោលការណ៍ ប្រជាធិបតេយ្យ គឺ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ឡើយ ដើម្បី​ដឹកនាំ​សង្គម​ឆ្ពោះ​ទៅ​រក​ស្ថិរភាព​នយោបាយ៖ «ចង់​អនុវត្តន៍​របស់​បរទេស ឬ​មហាអំណាច​ខាងក្រៅ បែរ​ជា​មក​ប្រព្រឹត្ត អំពើ​ក្បត់ជាតិ ចង់​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​ហ្នឹង គឺ​តាមរយៈ​ការ​ធ្វើ​បដិវត្តន៍​ពណ៌​ដែល​ផ្ទុយ​ពី​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ។ អញ្ចឹង​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការប្រើប្រាស់​វិធានការ​ច្បាប់ ដើម្បី​ទប់ស្កាត់ រាល​អំពើ​វិទ្ធង្សនា នយោបាយ​សេដ្ឋកិច្ច​ទាំងឡាយ ដែល​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់ ទៅតាម​ការ​ញុះញង់​និង​ការ​ចង្អុល បង្ហាញ​របស់​បរទេស​នោះ​ឡើយ»

លោក សុខ សាន្ត គំរាម​ថា គ្មាន​ប្រទេស​ណាមួយ​អាច​ជ្រៀតជ្រែក អធិបតេយ្យភាព​ជាតិ របស់​កម្ពុជា​បាន​នោះ​ទេ ខណៈ​កំពុង​អនុវត្ត​ច្បាប់​ស្របតាម​គោលការណ៍​នីតិរដ្ឋ។

ប៉ុន្តែ​គោលការណ៍​នីតិរដ្ឋ​របស់​កម្ពុជា​ក្នុង​បរិបទ​នយោបាយ​បច្ចុប្បន្ន​នេះ ហាក់​ដើរ​ផ្ទុយគ្នា​ពី​គោលការណ៍​ប្រជាធិបតេយ្យ​សកល។

សហគមន៍​អន្តរជាតិ​ជាច្រើន បាន​ព្រមាន​ជា​បន្តបន្ទាប់​ថា ពួកគេ​នឹង​មិន​ទទួលស្គាល់​ការ​បោះឆ្នោត​ជាតិ​នៅ​ពេល​ខាងមុខ ដោយ​គ្មាន​វត្តមាន​គណបក្ស​សង្គ្រោះជាតិ​នោះ​ឡើយ។

កាលពី​ថ្ងៃ​ទី​១៨ ខែ​តុលា ប្រធាន​សហភាព​អន្តរសភា លោក សាប៊ើ ចៅហើរី (Saber Chowdhury) បាន​ចោទ​ជា​សំណួរ​ជាច្រើន ក្នុង​មហា​សន្និបាត លើក​ទី​១៣៧ ពាក់ព័ន្ធ​នឹង​ដំណើរការ​ប្រជាធិបតេយ្យ ដែល​កំពុង​មាន​វិបត្តិ​នៅ​កម្ពុជា។

លោក សាប៊ើ ចៅហើរី សម្ដែង​ក្ដី​បារម្ភ​ចំពោះ គម្រោង​កម្ទេច​គណបក្ស​សង្គ្រោះជាតិ ដើម្បី​យក​អាសនៈ​ទៅ​ឲ្យ​គណបក្ស​ផ្សេង​នោះ ថា នឹង​បំផ្លាញ​ដល់​រដ្ឋធម្មនុញ្ញ​កម្ពុជា​ដែល​ចែង​អំពី​ប្រជាធិបតេយ្យ សេរី ពហុបក្ស។

ជា​ការ​ឆ្លើយតប​ទៅកាន់ តំណាង​គណៈប្រតិភូ​ពី​ខាង​រដ្ឋាភិបាល កម្ពុជា​ដែល​ដឹកនាំ​ដោយ លោក យ៉ង សែម សមាជិក​ព្រឹទ្ធសភា​ពី​ខាង​បក្ស​កាន់អំណាច​នោះ អះអាង​ថា ក្រុម​ប្រតិភូ​របស់​លោក មិនទាន់ បាន​ឃើញ​វិសោធកម្ម​ច្បាប់​មួយ​ចំនួន​ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះជាតិ នោះ​ទេ។

ផ្ទុយទៅវិញ​លោក យ៉ង សែម អះអាង​ថា រដ្ឋាភិបាល​កម្ពុជា មិន​បាន​ដេញ​ក្រុម​បក្ស​ប្រឆាំង​ទាំងឡាយ​ណា​ចេញពី​ប្រទេស​នោះ​ទេ ប៉ុន្តែ​ពួកគេ​ទៅវិញ​ទេ​ដែល​ជា​អ្នក​រត់​ចេញពី​កម្ពុជា ហើយ​ថា ពួកគេ អាច​វិល​ចូល​ប្រទេស​វិញ​បាន​តាម​ដែល​ពួកគេ​ចង់។

រហូត​មក​ទល់​ពេលនេះ យ៉ាងហោចណាស់​មាន​តំណាងរាស្ត្រ គណបក្ស​សង្គ្រោះជាតិ​ចំនួន ជាង ២០​រូប និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ទៀត កំពុង​រត់​ភៀសខ្លួន មក​ក្រៅ​ប្រទេស ដោយសារ​ពួកគេ​អះអាង​ថា ភ័យខ្លាច​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ក្រោយ​ពេល​លោក ហ៊ុន សែន ប្រកាស​ថា នឹង​មាន​ការ​ចាប់​ខ្លួន​មនុស្ស ជាច្រើន​ទៀត ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ​ក្នុង​ការ​សមគំនិត​ធ្វើ​បដិវត្ត​ពណ៌៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។