បុគ្គលិក​ខេមបូឌា​ដេលី និង​ម្ចាស់​ស្ថានីយ​វិទ្យុ​មួយ​ចំនួន​ត្អូញត្អែរ​ពី​បញ្ហា​ប្រឈម

ដោយ រាជ វិញ្ញូ
2017.08.31
ខេមបូឌា ដេលី ២០១៧ ៦២២ សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៧។
RFA/Sorn Chanratha

បុគ្គលិក​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) និង​ម្ចាស់​ស្ថានីយ​វិទ្យុ​មួយ​ចំនួន​ទៀត​ដែល​ត្រូវ​រដ្ឋាភិបាល​ព្រមាន​បិទ និង​បាន​បិទ​មិន​ឲ្យ​ធ្វើ​អាជីវកម្ម នាំ​គ្នា​ព្រួយ​បារម្ភ​អំពី​សេដ្ឋកិច្ច​គ្រួសារ​ទៅ​ថ្ងៃ​ខាង​មុខ។ ការ​សម្រេច​ភ្លាមៗ​ដើម្បី​បិទ​ស្ថាប័ន​កាសែត និង​ស្ថានីយ​វិទ្យុ​ទាំងនោះ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​ទទួល​បាន​ព័ត៌មាន​នៅ​កម្ពុជា ទេ ប៉ុន្តែ​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​ពលរដ្ឋ​កម្ពុជា ធ្ងន់ធ្ងរ​ដែរ។

ស្រប​ពេល​ក្ដី​ព្រួយ​បារម្ភ​ជាច្រើន​ពី​សហគមន៍​អន្តរជាតិ ជុំវិញ​ជោគវាសនា​នៃ​ការ​ទទួល​បាន​ព័ត៌មាន​ដោយ​សេរី​នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុង​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​ដោយសារ​រដ្ឋាភិបាល​កំពុង​បង្កើន​ការ​វាយ​ប្រហារ​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដូចជា​ការ​សម្រេច​បិទ​ស្ថានីយ​វិទ្យុ និង​ព្រមាន​បិទ​កាសែត​ឯករាជ្យ​ដែល​គេ​តែង​ទទួល​ស្គាល់​ស្ថាប័ន​ទាំងនេះ​ថា​ជា​ប្រព័ន្ធ​ផ្ដល់​ព័ត៌មាន​ឥត​លម្អៀង និង​អព្យាក្រឹត្យ​នោះ បុគ្គលិក​របស់​ស្ថាប័ន​កាសែត និង​ម្ចាស់​ស្ថានីយ​វិទ្យុ​ទាំងនេះ ក៏​កំពុង​ព្រួយ​បារម្ភ​អំពី​បញ្ហា​ប្រឈម​នឹង​ការ​គ្មាន​ការងារ​ធ្វើ។

អ្នក​រាយការណ៍​ព័ត៌មាន​របស់​កាសែត ឌឹ ខេមបូឌា ដេលី ម្នាក់​គឺ​លោក អូន ភាព ថ្លែង​ថា ក្នុង​នាម​ជា​ឪពុក​ដែល​ត្រូវ​ទទួល​រ៉ាប់រង​លើ​ការ​សិក្សា​របស់​កូនៗ​ចំនួន ៤​នាក់ និង​ការ​ចំណាយ​សព្វគ្រប់​បែប​យ៉ាង​ទៀត​នៅ​ក្នុង​គ្រួសារ គឺ​លោក​កំពុង​ប្រឈម​ខ្លាំង​បំផុត ព្រោះ​អាច​នឹង​ពិបាក​រក​ការងារ​ធ្វើ​នៅ​ពេល​ស្ថាប័ន​របស់​លោក​ត្រូវ​រដ្ឋាភិបាល​ព្រមាន​បិទ​ទ្វារ​យ៉ាង​ប្រញាប់ ដោយ​ចោទ​ប្រកាន់​ថា​ជំពាក់​លុយ​រាប់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក៖ «ភរិយា​របស់​ខ្ញុំ​លក់​បន្លែ​បន្តិចបន្តួច​នៅ​ផ្សារ ដែល​ជា​មុខ​របរ​បន្ទាប់​បន្សំ ជួយ​ផ្គត់ផ្គង់​ក្នុង​ជីវភាព​ហ្នឹង តែ​ឲ្យ​សល់ គឺ​មិន​សល់​ទេ ព្រោះ​ចំណាយ​ថ្លៃ​គ្រែ និង​ម្ហូប​អាហារ អ៊ីចឹង​វា​នឹង​ពិបាក បើ​ប្ដី​បាត់បង់​ការងារ​ទៅ»

រដ្ឋាភិបាល​បាន​ទុក​ពេល​រហូត​ដល់​ថ្ងៃ​ទី​៤ កញ្ញា ដើម្បី​ឲ្យ​ម្ចាស់​កាសែត ឌឹ ខេមបូឌា ដេលី ជា​ជនជាតិ​អាមេរិក យក​លុយ​មក​បង់​ពន្ធ​ចំនួន ៦​លាន ៣​សែន​ដុល្លារ​សហរដ្ឋ​អាមេរិក ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ចោទ​ប្រកាន់​ថា ជំពាក់​ពន្ធ​តាំង​ពី​ឆ្នាំ​២០០៧ មក ហើយ​បើ​មិន​ដូច្នោះ​ទេ រដ្ឋាភិបាល​នឹង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ទាំងអស់ ព្រម​ទាំង​បណ្ដេញ​ស្ថាប័ន​នេះ​ចេញ​ពី​កម្ពុជា ថែម​ទៀត។

ទោះ​ជា​យ៉ាង​ណា ម្ចាស់​កាសែត ឌឹ ខេមបូឌា ដេលី អ្នកស្រី ដេប្រ៉ា គ្រីស័រ-ស្ទាល (Deborah Krisher-Steele) ធ្លាប់​បាន​ចាត់​ទុក​ការ​កំណត់​ពេល​បង់​លុយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​បែប​នេះ ថា​ជា​ចេតនា​នយោបាយ​ចង់​បិទ​សារព័ត៌មាន​របស់​អ្នកស្រី​ប៉ុណ្ណោះ។

លោក អូន ភាព អះអាង​ថា បុគ្គលិក​របស់​កាសែត ខេមបូឌា ដេលី ដែល​ខ្លះ​បាន​ទិញ​ផ្ទះ​តាម​រយៈ​បង់​រំលស់ និង​ការ​ខ្ចី​លុយ​ពី​ធនាគារ ក៏​កំពុង​មាន​ក្ដី​ព្រួយ​បារម្ភ​ខ្លាំង​អំពី​ការ​បាត់បង់​ការងារ​ដែរ។ លោក​ក៏​ចាត់​ទុក​ការ​ព្រមាន​បិទ​ទ្វារ​កាសែត ឌឹ ខេមបូឌា ដេលី ភ្លាមៗ​នៅ​ពេល​នេះ ថា​ប្រៀប​បាន​នឹង​ការ​ព្យាយាម​បិទ​កាសែត​ព័ត៌មាន​មួយ​ដែល​តែង​ផ្សាយ​រឿង​ពិត​នៅ​ក្នុង​សង្គម ព្រោះ​លោក​ថា​ជា​ញឹកញាប់ រាល់​ការ​ចុះ​ផ្សាយ​របស់​ស្ថាប័ន​កាសែត​នេះ គឺ​តែង​អព្យាក្រឹត្យ និង​ហ៊ាន​ផ្សាយ​ចំៗ​ពាក់ព័ន្ធ​នឹង​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ អំពើ​ពុក​រលួយ និង​ការ​រំលោភ​យក​ដីធ្លី​ក្នុង​សង្គម ជាដើម ដែល​កាសែត​ដទៃ​មិន​ចង់​ចុះ​ផ្សាយ។

ផ្ទុយ​ទៅ​វិញ​លោក​ថា ដើម្បី​កុំ​ឲ្យ​គេ​មើល​ឃើញ​ថា​ជា​រឿង​នយោបាយ​នោះ រដ្ឋាភិបាល​ត្រូវ​បង្ហាញ​ឯកសារ​ឲ្យ​បាន​លម្អិត​ជាង​នេះ​បន្ថែម​ទៀត​ជុំវិញ​ការ​ចោទ​ប្រកាន់​កាសែត ឌឹ ខេមបូឌា ដេលី ថា​បាន​ជំពាក់​លុយ​រាប់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក នោះ និង​មិន​មែន​ទុក​យូរ​រហូត​ដល់ ១០​ឆ្នាំ ទើប​ធ្វើ​ការ​សើរើ និង​បង្ខំ​ឲ្យ​បង់​ពន្ធ​នោះ​ទេ។

ក្រៅ​ពី​កាសែត ឌឹ ខេមបូឌា ដេលី ដែល​ត្រូវ​ប្រឈម​នឹង​ការ​បិទ​ទ្វារ​នៅ​ពេល​នេះ កាល​ពី​ថ្ងៃ​ទី​២៣ សីហា កន្លង​ទៅ ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ គឺ​បាន​បណ្ដេញ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) របស់​សហរដ្ឋ​អាមេរិក និង​បុគ្គលិក​បរទេស​របស់​វិទ្យាស្ថាន​នេះ​ទាំងអស់​ចេញ​ពី​កម្ពុជា រួច​ហើយ បន្ទាប់​ពី​សង្ស័យ​ថា វិទ្យាស្ថាន​របស់​សហរដ្ឋ​អាមេរិក​នេះ​បាន​រៀបចំ​គម្រោង​ផ្ដួល​រំលំ​រដ្ឋាភិបាល គ្រា​ដែល​គណបក្ស​នយោបាយ​មួយ​ចំនួន និង​សង្គម​ស៊ីវិល​យល់​ថា ស្ថាប័ន​អន្តរជាតិ​មួយ​នេះ​បំពេញ​តួនាទី​ដោយ​ប្រកាន់​គោលការណ៍​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​មិន​ប្រកាន់​និន្នាការ​គណបក្ស​នយោបាយ។

គេហទំព័រ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI)។ Screenshot
គេហទំព័រ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI)។ Screenshot
Screenshot


រយៈពេល​កន្លង​ទៅ​នេះ សហរដ្ឋ​អាមេរិក និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ ព្រម​ទាំង​គណបក្ស​ប្រឆាំង ជាដើម កំពុង​ស្ថិត​ក្នុង​បទ​សង្ស័យ​ថា បាន​រៀបចំ​ក្បួន​ផ្ដួល​រំលំ​រដ្ឋាភិបាល​តាម​បដិវត្តន៍​ពណ៌។ ការ​សង្ស័យ​ទាំងនេះ កើត​ឡើង​បន្ទាប់​ពី​សារព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ហ្វ្រេសញូវ (Fresh News) តែងតែ​ចុះ​ផ្សាយ​ដោយ​ដកស្រង់​ប្រភព​មិន​ច្បាស់លាស់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក (facebook) របស់​ជន​អនាមិក​ខ្លះ និង​បុគ្គល​ឯកជន​ខ្លះ​នោះ។ បន្ទាប់​ពី​មាន​ការ​សង្ស័យ​បែប​នេះ ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក​ចំនួន​ជិត ២០ ដែល​យក​កម្មវិធី​ព័ត៌មាន​ផ្សាយ​បន្ត​របស់​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី (VOD) និង​វិទ្យុ​បរទេស​ចំនួន​ពីរ គឺ​វិទ្យុ​អាស៊ីសេរី (RFA) និង​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក វីអូអេ (VOA) ក៏​ត្រូវ​បាន​បិទ​ទ្វារ​ជា​បន្តបន្ទាប់ ដោយ​ហេតុផល​ពុំ​ទំនង​ដែរ។ ប៉ុន្តែ​ការ​បិទ​នេះ កំពុង​ធ្វើ​ឲ្យ​ពលរដ្ឋ​ស្ថិត​នៅ​តំបន់​ដាច់ស្រយាល​នៅ​ទូទាំង​ប្រទេស ខឹងសម្បា​ទៅ​នឹង​រដ្ឋាភិបាល នៅ​គ្រា​ដែល​ពួក​គេ​មិន​អាច​មាន​ភាព​ងាយស្រួល​ដូច​មុន ដើម្បី​ស្ដាប់​ព័ត៌មាន​ដែល​ផ្សាយ​ដោយ​វិទ្យុ​ទាំងនេះ។

នៅ​ពេល​នេះ ម្ចាស់​ស្ថានីយ​វិទ្យុ​មួយ​ចំនួន​ក៏​កំពុង​ទទូច​ស្នើសុំ​ទៅ​ក្រសួង​ព័ត៌មាន អនុគ្រោះ​ផ្ដល់​អាជ្ញាប័ណ្ណ​ឲ្យ​ពួក​គេ​ដើម្បី​ធ្វើ​អាជីវកម្ម​រក​ស៊ី​ចិញ្ចឹម​ជីវិត​ឡើង​វិញ ព្រោះ​ពួក​គេ​ថា ស្ថានីយ​វិទ្យុ​ទាំងនោះ គឺ​ប្រៀប​នឹង​ឆ្នាំង​បាយ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ និង​បុគ្គល​រាប់​សិប​នាក់​ផ្សេង​ទៀត​ដែល​ភាគច្រើន​ជា​និស្សិត។

ម្ចាស់​ស្ថានីយ​វិទ្យុ​សំឡេង​កូន​ខ្មែរ​នៅ​ខេត្ត​កំពត លោក ស៊ាន ស៊ីណាត ថ្លែង​ថា លោក​បាន​ចំណាយ​ពេល ២​ឆ្នាំ និង​លុយ​ប្រហែល ២​ម៉ឺន​ដុល្លារ ដើម្បី​ឲ្យ​ការ​បើក​វិទ្យុ​មួយ​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ និង​មាន​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​ច្រើន។ លោក​ថា វិទ្យុ​របស់​លោក​ទើប​ត្រូវ​បាន​ពលរដ្ឋ​ស្គាល់​ច្រើន គឺ​នៅ​ពេល​ចាប់​ផ្ដើម​ចាក់​ផ្សាយ​កម្មវិធី​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក នៅ​អំឡុង​ខែ​មករា ឆ្នាំ​២០១៤ ប៉ុន្តែ​នៅ​ពេល​ក្រសួង​ព័ត៌មាន សម្រេច​ភ្លាមៗ​ឲ្យ​បិទ​ទ្វារ​ស្ថានីយ​មិន​ឲ្យ​ផ្សាយ​បែប​នេះ គឺ​ធ្វើ​ឲ្យ​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​ជាច្រើន​ដែល​ជា​ដង្ហើម​សេដ្ឋកិច្ច​របស់​ស្ថានីយ​វិទ្យុ ចាប់​ផ្ដើម​ដក​ខ្លួន​ទៅ​វិញ​ជា​បណ្ដើរៗ។

ម្ចាស់​ស្ថានីយ​វិទ្យុ​សំឡេង​កូន​ខ្មែរ​រូប​នេះ​បញ្ជាក់​ទៀត​ថា គ្រួសារ​របស់​លោក នឹង​ត្រូវ​ប្រឈម​គ្មាន​ប្រាក់​ចំណូល​ដូច​មុន ស្រប​ពេល​ត្រូវ​ចំណាយ​លុយ​ជា​រៀង​រាល់​ខែ​ដើម្បី​សង​បំណុល​ទៅ​ធនាគារ ដែល​លោក​បាន​ខ្ចី​ទុន​មក​ទិញ​ដី និង​បើក​ស្ថានីយ​ផ្សាយ​តាំង​ពី​ដំបូង​មក«ពួក​យើង​ជា​បណ្ដាញ​ផ្សព្វផ្សាយ​ឯកជន​រក​ថវិកា​ដើម្បី​ចិញ្ចឹម​ឆ្នាំង។ ហើយ​ក្រសួង​គឺ​ដូចជា​ឪពុក​ម្ដាយ​របស់​យើង​អ៊ីចឹង បើ​កូន​ធ្វើ​ខុស ហៅ​កូន​ទៅ​ប្រាប់​ប្រដៅ​ទៅ យើង​នឹង​ធ្វើ​តាម»

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ថ្លែង​ក្នុង​សិក្ខាសាលា​បណ្តុះបណ្តាល​ស្ដីពី​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការ​ប្រែប្រួល​អាកាសធាតុ នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ថ្លែង​ក្នុង​សិក្ខាសាលា​បណ្តុះបណ្តាល​ស្ដីពី​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការ​ប្រែប្រួល​អាកាសធាតុ នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
RFA

កាល​ពី​ថ្ងៃ​ទី​២៤ សីហា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​បកស្រាយ​ថា ការ​បិទ​វិទ្យុ​ក្នុង​ស្រុក​ដែល​ផ្សាយ​បន្ត​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក គឺ​ដោយសារ​វិទ្យុ​ទាំងនេះ​មិន​បាន​សុំ​ការ​អនុញ្ញាត​ត្រឹមត្រូវ​ពី​ក្រសួង ហើយ​រឿង​នេះ​មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​អ្វី​ឡើយ។ លោក​ក៏​ព្រមាន​ចាត់​វិធានការ​លើ​ម្ចាស់​វិទ្យុ​មួយ​ចំនួន​ទៅ​តុលាការ​ថែម​ទៀត​ពី​បទ​រំលោភ​លើ​សេចក្ដី​ទុក​ចិត្ត និង​កិច្ចសន្យា។

ចំណែក​អ្នកស្រី ស៊ាន សុយ៉ានី ម្ចាស់​វិទ្យុ​អង្គរ​រដ្ឋា​នៅ​ខេត្ត​សៀមរាប ថ្លែង​ប្រាប់​អាស៊ីសេរី​ដែរ​ថា អ្នកស្រី​គ្មាន​មុខ​របរ​ផ្សេង​ធ្វើ​ក្រៅ​ពី​ធ្វើ​ចំណាក​ស្រុក​ឡើយ ប្រសិន​បើ​ក្រសួង​មិន​អនុគ្រោះ​ឲ្យ​អ្នកស្រី​អាច​បើក​ស្ថានីយ​វិទ្យុ​នេះ​ឡើង​វិញ។ អ្នកស្រី​សន្យា​ថា នឹង​គោរព​តាម​កិច្ចសន្យា​ដែល​បាន​តម្កល់ទុក​នៅ​ក្រសួង។ ម្ចាស់​ស្ថានីយ​ដដែល​នេះ​បញ្ជាក់​ថា បុគ្គលិក​អ្នកស្រី​តែង​ហៅ​ទូរស័ព្ទ​មក​សួរនាំ​ជានិច្ច ក្រែងលោ​ក្រសួង​អនុញ្ញាត​ឲ្យ​ដំណើរការ​ឡើង​វិញ ព្រោះ​ការ​សិក្សា​របស់​ពួក​គេ គឺ​ពឹង​លើ​ការងារ​នេះ៖ «ហើយ​គាត់​សិក្សា​បណ្ដើរ គាត់​រក​លុយ​បង់​សាលា​បណ្ដើរ និង​បង់​រំលស់​ម៉ូតូ​បណ្ដើរ​សម្រាប់​ប្រើ​ជា​មធ្យោបាយ​ងាយស្រួល ធ្វើ​ដំណើរ​ទៅ​សាលា ហើយ​នៅ​ពេល​វិទ្យុ​បិទ​ភ្លាម​អ៊ីចឹង វា​ជួប​ហានិភ័យ​ច្រើន​ណាស់​បង វា​អស់​ថ្លែង ព្រោះ​ហានិភ័យ​របស់​ខ្ញុំ​មិន​មែន​ត្រឹម​តែ​ជា​បុគ្គលិក​ទេ»

ស្រប​ពេល​ការ​បោះឆ្នោត​ជាតិ​កាន់​តែ​ខិត​ជិត​មក​ដល់ សារព័ត៌មាន​ឯករាជ្យ អង្គការ​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ និង​គណបក្ស​នយោបាយ​ប្រឆាំង ក៏​កំពុង​កាន់​តែ​ត្រូវ​បាន​រឹតត្បិត​សិទ្ធិ​សេរីភាព និង​ការ​គំរាម​កំហែង ដែល​អាច​ឈាន​ទៅ​បញ្ឈប់​សកម្មភាព​ដែរ ហើយ​បញ្ហា​នេះ​ត្រូវ​បាន​គេ​ចោទ​សួរ​ថា តើ​ការ​បោះឆ្នោត​នៅ​សល់​រយៈពេល​ជាង ១១​ខែ​ទៀត​នេះ អាច​ធ្វើ​ឡើង​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ដែរ​ឬ​ទេ។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ ថ្លែង​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ភាគច្រើន​នៅ​កម្ពុជា គឺ​ជា​ប្រភេទ​សហគ្រាស​ដែល​បាន​ជួយ​ផ្ដល់​ការងារ​ដល់​យុវជន​មាន​ជំនាញ​ខាង​ផ្នែក​សារព័ត៌មាន ប៉ុន្តែ​នៅ​ពេល​ស្ថាប័ន​ព័ត៌មាន​ខ្លះ​ត្រូវ​បាន​បិទ​ដ៏​តក់ក្រហល់ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មធ្យោបាយ​ទ្រទ្រង់​សេដ្ឋកិច្ច​របស់​ពលរដ្ឋ​កម្ពុជា យ៉ាង​ធ្ងន់ធ្ងរ«ក្រសួង​ព័ត៌មាន បាន​ប្រើប្រាស់​ភាសា​ដែល​សរសេរ​នៅ​ក្នុង​សេចក្ដី​សម្រេច​របស់​ខ្លួន ចោទ​ស្ថានីយ​វិទ្យុ​ខុស​ច្បាប់ និង ខេមបូឌា ដេលី ថា​មិន​បាន​បង់​ពន្ធ។ យើង​ចង់​ដឹង​ថា តើ​ខុស​ច្បាប់​ដោយសារ​អី? បើ​ខុស​ច្បាប់ ក្រសួង​ព័ត៌មាន អាច​ស្នើ​ឲ្យ​ពិនិត្យ​លើ​ច្បាប់ ហើយ​មិន​មែន​សម្រេច​បិទ​ភ្លាមៗ​អ៊ីចឹង​ទេ»

លោក សន ជ័យ បន្ថែម​ថា ការ​ព្រមាន​បិទ​កាសែត ខេមបូឌា ដេលី គឺ​ដើរ​ផ្ទុយ​ពី​ការ​កៀរគរ​របស់​រដ្ឋាភិបាល​ដែល​តែង​សុំ​ឲ្យ​ក្រុមហ៊ុន​បរទេស​នានា​មក​វិនិយោគ​រក​ស៊ី ដើម្បី​បង្កើត​ឲ្យ​មាន​ការងារ​នៅ​កម្ពុជា។ លោក​គាំទ្រ​ឲ្យ​កាសែត​បរទេស​នេះ​បន្ត​វត្តមាន​នៅ​កម្ពុជា ទៀត និង​ចង់​ឃើញ​ភាគី​ទាំង​ពីរ​ជួប​ពិភាក្សា​រក​ចំណុច​រួម​គ្នា​មួយ ដើម្បី​ដោះស្រាយ​បញ្ហា ដោយ​មិន​ត្រូវ​ដោះស្រាយ​តាម​មធ្យោបាយ​ដ៏​តក់ក្រហល់​បែប​នេះ​ឡើយ។

ជុំវិញ​បញ្ហា​នេះ អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង គ្រោង​នឹង​ដាក់​លិខិត​ទៅ​សួរនាំ​ក្រសួង​ព័ត៌មាន នៅ​សប្ដាហ៍​ក្រោយ ដើម្បី​សួរ​បញ្ជាក់​ព័ត៌មាន​នានា​ទាក់ទង​នឹង​ការ​បិទ​វិទ្យុ​ក្នុង​ស្រុក​មួយ​ចំនួន រួម​នឹង​គម្រោង​បិទ​ការ​ផ្សាយ​របស់​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily)

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។