"ការ​ឃាត់​ខ្លួន​អ្នក​កាសែត​ម្នាក់​នៅ​ខេត្ត​កំពត​ជា​ការ​បំបិទ​សិទ្ធិ​អ្នក​សារព័ត៌មាន"

ដោយ យ៉ង ចាន់តារា
2017-08-13
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អ្នក​យក​ព័ត៌មាន​ឲ្យ​អង្គភាព​សារព័ត៌មាន​អំណាច​ប្រជាជន ប្រចាំ​ការ​នៅ​ខេត្ត​កំពត លោក ជា ស៊ីថា ពេល​ចុះ​យក​ព័ត៌មាន​អំពី​ដំណើរការ​រុះរើ​សំណង់​ពលរដ្ឋ​នា​ខេត្ត​កំពត កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of ADHOC
អ្នក​យក​ព័ត៌មាន​ឲ្យ​អង្គភាព​សារព័ត៌មាន​អំណាច​ប្រជាជន ប្រចាំ​ការ​នៅ​ខេត្ត​កំពត លោក ជា ស៊ីថា ពេល​ចុះ​យក​ព័ត៌មាន​អំពី​ដំណើរការ​រុះរើ​សំណង់​ពលរដ្ឋ​នា​ខេត្ត​កំពត កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of ADHOC
Photo courtesy of ADHOC

មន្ត្រី​សិទ្ធិ​មនុស្ស និង​អ្នក​ជំនាញ​ផ្នែក​សារព័ត៌មាន​យល់​ឃើញ​ស្រប​គ្នា​ថា ការ​ឃាត់​ខ្លួន​អ្នក​សារព័ត៌មាន​មួយ​រូប​ដែល​ចុះ​យក​ព័ត៌មាន​អំពី​បញ្ហា​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​កំពត ដោយ​ក្រុម​សមត្ថកិច្ច គឺ​ជា​រឿង​មិន​ត្រឹមត្រូវ និង​ជា​ការ​រំលោភ​សិទ្ធិ​អ្នក​សារព័ត៌មាន។ ពួក​គេ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​កំពត ដោះលែង​អ្នក​សារព័ត៌មាន​រូប​នោះ​ឲ្យ​មាន​សេរីភាព​វិញ។

មន្ត្រី​សិទ្ធិ​មនុស្ស និង​អ្នក​ជំនាញ​ផ្នែក​សារព័ត៌មាន ចាត់​ទុក​ការ​ឃាត់​ខ្លួន​លោក ជា ស៊ីថា ដែល​ជា​អ្នក​យក​ព័ត៌មាន​ឲ្យ​អង្គភាព​សារព័ត៌មាន​អំណាច​ប្រជាជន ប្រចាំ​ការ​នៅ​ខេត្ត​កំពត កាល​ពី​ថ្ងៃ​ទី​១១ សីហា កន្លង​ទៅ គឺ​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​សារព័ត៌មាន។

មន្ត្រី​អង្កេត​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​កំពត លោក ហេង ភារៈ ថ្លែង​ថា លោក ជា ស៊ីថា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​មាន​ប៉ូលិស និង​ប៉េអិម​ឃាត់​ខ្លួន​ពេល​ដែល​លោក​កំពុង​ចុះ​យក​ព័ត៌មាន​អំពី​ដំណើរការ​ចុះ​រុះរើ​សំណង់​របស់​ពលរដ្ឋ​នៅ​លើ​ដី​របស់​ក្រុមហ៊ុន ហ្វឺស បាយអូថេក អេហ្គ្រីខលឈឺរ័ល (First Bio-Tech Agricultural (Cambodia) Co., Ltd.) ដែល​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​កំពត លោក ខាន់ សុផល។

លោក ហេង ភារៈ ដែល​បាន​ឃើញ​ហេតុការណ៍​នោះ​ផ្ទាល់​ភ្នែក​បន្ត​ថា សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​លោក ជា ស៊ីថា ដោយ​ដក​ហូត​ទូរស័ព្ទ និង​ហាម​អ្នក​សារព័ត៌មាន​រូប​នោះ​មិន​ឲ្យ​ថត​រូប និង​យក​ព័ត៌មាន​អំពី​សកម្មភាព​របស់​ក្រុម​អាជ្ញាធរ ចុះ​រុះរើ​សំណង់​របស់​ពលរដ្ឋ​នោះ​ឡើយ បើ​ទោះ​ជា​លោក​បាន​ពាក់​កាត​សម្គាល់​ខ្លួន​ជា​អ្នក​សារព័ត៌មាន​ក៏ដោយ។

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​យល់​ឃើញ​ថា ចំណាត់ការ​របស់​សមត្ថកិច្ច​បែប​នេះ​មិន​មែន​ជា​រឿង​ត្រឹមត្រូវ​នោះ​ទេ៖ «មិន​គួរ​ណា​មាន​ការ​បំបិទ​សិទ្ធិ​សេរីភាព​អ្នក​សារព័ត៌មាន​យ៉ាង​ដូច្នេះ​ទេ គួរ​តែ​ពិនិត្យ​មើល​ថា តើ​គាត់​មាន​ស្ថាប័ន​ព័ត៌មាន​ត្រឹម​ត្រូវ​តាម​ច្បាប់​ដែរ ឬ​អត់? បើ​សិន​ជា​មាន​បំពេញ​ការងារ​ត្រឹម​ត្រូវ​ឱ្យ​ស្ថាប័ន​គួរ​តែ​ដោះលែង​គាត់​មក​វិញ ព្រោះ​គាត់​ទៅ​បំពេញ​មុខ​ងារ​របស់​គាត់ មិន​មែន​ទៅ​ញុះញង់​ទេ»

អង្គភាព​សារព័ត៌មាន​អំណាច​ប្រជាជន គឺ​ជា​សារព័ត៌មាន​អនឡាញ (online news) ដែល​តែង​ចេញ​ផ្សាយ​អត្ថបទ​អំពី​ភាព​អសកម្ម​របស់​អាជ្ញាធរ និង​បញ្ហា​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ ជាដើម។

មុន​ការ​ឃាត់​ខ្លួន​ប៉ុន្មាន​ថ្ងៃ សារព័ត៌មាន​នេះ​បាន​ចុះ​ផ្សាយ​ជា​បន្តបន្ទាប់​អំពី​ករណី​វិវាទ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​រវាង​ប្រជាពលរដ្ឋ​ជាង ៣០០​គ្រួសារ​នៅ​ឃុំ​តេជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្ត​កំពត និង​ក្រុមហ៊ុន ហ្វឺស បាយអូថេក អេហ្គ្រីខលឈឺរ័ល របស់​អ្នកស្រី ចាន់ សុធា ដែល​ជា​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា។

ចាងហ្វាង​សារព័ត៌មាន​អំណាច​ប្រជាជន មិន​ទាន់​ផ្តល់​អត្ថាធិប្បាយ​អ្វី​ឡើយ ដោយ​រង់ចាំ​ការ​ជួប​ចរចា​ជាមួយ​អាជ្ញាធរ​ខេត្ត​កំពត នៅ​ថ្ងៃ​ទី​១៤ សីហា ជា​មុន​សិន។

អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​ព្រះរាជអាជ្ញា​រង និង​ជា​អ្នក​នាំ​ពាក្យ​តុលាការ​ខេត្ត​កំពត លោក ខាន់ សុផល ជាច្រើន​ដង​ដើម្បី​សាកសួរ​អំពី​ករណី​នេះ ក៏ប៉ុន្តែ​លោក​មិន​ទទួល​ទូរស័ព្ទ។

ជុំវិញ​រឿង​នេះ ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា លោក ប៉ែន បូណា បញ្ជាក់​ជំហរ​ថា ក្លឹប​អ្នក​កាសែត​កម្ពុជា នឹង​តាមដាន​ករណី​នេះ បើ​ទោះ​បី​ជា​លោក ជា ស៊ីថា មិន​មែន​ជា​សមាជិក​របស់​ខ្លួន​ក៏ដោយ៖ «បើសិន​មើល​ឃើញ​ថា មាន​ការ​ចាប់​ខ្លួន​អ្នក​​​សារព័ត៌មាន​ណា​មួយ​ដែល​មិន​បាន​ប្រព្រឹត្តខុស​នោះ យើង​នឹង​តស៊ូ​មតិ​ដល់​ទី​បញ្ចប់​ តែ​បើ​គាត់​ប្រព្រឹត្ត​បទល្មើស​អ្វី​មួយ​មែន​ យើង​ក៏​នៅ​តាម​ឃ្លាំ​មើល​ករណី​នោះ​ដែរ ក្នុង​ន័យ​ថា តើ​យុត្តិធម៌​មាន​ដល់​គាត់​ដែរ ឬ​ទេ?»

ចំណែក​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ស៊ី.ស៊ី.អាយ.អិម (CCIM) លោក ប៉ា ងួនទៀង យល់​ឃើញ​ថា ការ​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​ដែល​កំពុង​បំពេញ​ការងារ គឺ​ជា​ទង្វើ​ខុស​ឆ្គង​របស់​អាជ្ញាធរ ហើយ​វា​អាច​ជា​ការ​បិទ​បាំង​រឿង​អ្វី​ម្យ៉ាង​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ។ លោក​ចាត់​ទុក​វិធានការ​នេះ ថា​ជា​រឿង​មិន​ត្រឹមត្រូវ និង​ជា​ការ​រំលោភ​សិទ្ធិ​អ្នក​សារព័ត៌មាន៖ «គាត់​គ្រាន់​តែ​ទៅ​យក​ព័ត៌មាន ហើយ​មាន​បង្ហាញ​អត្តសញ្ញាណ​ជា​អ្នក​សារព័ត៌មាន​ទៀត តែ​អាជ្ញាធរ​នៅ​តែ​ចាប់​ខ្លួន​គាត់ នោះ​វា​កំហុស​ឆ្គង​មួយ​ធ្ងន់ ជា​ការ​រំលោភ​បំពាន​សិទ្ធិ​អ្នក​សារព័ត៌មាន​វិញ ដូច្នេះ​ខ្ញុំ​ថា គួរ​តែ​មាន​ការ​ដោះ​លែង​គាត់​វិញ»

អ្នក​ជំនាញ​រូប​នេះ​មើល​ឃើញ​ថា នេះ​ជា​រូបភាព​នៃ​ការ​គំរាម​កំហែង​អ្នក​សារព័ត៌មាន​ដទៃ​ទៀត ហើយ​បើ​ករណី​នេះ​កើត​មាន​កាន់​តែ​ច្រើន វា​នឹង​ធ្វើ​ឲ្យ​ព័ត៌មាន​នៅ​កម្ពុជា កាន់​តែ​ឃ្លាត​ឆ្ងាយ​ពី​ការពិត ហើយ​ពេល​នោះ​សង្គម​កម្ពុជា នឹង​ប្រឈម​មុខ​នឹង​អំពើ​ពុក​រលួយ​កាន់​តែ​ខ្លាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល