ក្រសួង​ការងារ​ហាម​មិន​ឲ្យ​កម្មករ​ធ្វើ​ការ​ថែម​​ម៉ោង​លើស​ពី​២​ម៉ោង​ក្នុង​មួយ​ថ្ងៃ

ដោយ អាន ស៊ីថាវ
2015.03.01
កម្មករ តំបន់​សេដ្ឋកិច្ច​ពិសេស ស្វាយរៀង ៦១០ ៥-មិថុនា-២០១៤៖ សកម្មភាព​របស់​កម្មករ​រោងចក្រ​កាត់ដេរ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេនហាតធេន (Manhattan SEZ) នា​ខេត្ត​ស្វាយរៀង។
Photo: RFA

ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ក្រើន​រំលឹក​ដល់​រោងចក្រ​សហគ្រាស​នានា​ មិន​ឲ្យ​អនុញ្ញាត​ឲ្យ​កម្មករ​ធ្វើ​ការ​ថែម​ម៉ោង​លើស​ពី​២​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ឡើយ។ គោល​បំណង​នៃ​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​នេះ គឺ​ចង់​កាត់​បន្ថយ​គ្រោះ​​ថ្នាក់​ការងារ​ដែល​កើត​មាន​ឡើង​ជា​ញឹកញាប់ តែ​អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា​ គ្មាន​ប្រយោជន៍។

ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ថា ទោះ​ជា​តាម​រូបភាព​ណា​ក៏​ដោយ រួម​ទាំង​ការ​ស្ម័គ្រ​ចិត្ត​របស់​កម្មករ​ផង គឺ​កម្មករ និង​ថៅកែ​រោងចក្រ​ ឬ​សហគ្រាស​ មិន​អនុញ្ញាត​ ឲ្យ​កម្មករ ឬ​និយោជិក​ធ្វើ​ការងារ​ថែម​ម៉ោង​លើស​ពី ២​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ដែរ គឺ​រយៈពេល​ធ្វើការ​មាន​តែ ១០​ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។ ប្រសិន​ម្ចាស់​សហគ្រាស​មិន​អនុវត្ត​តាម ក្រសួង​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​​ការងារ​ដែល​មាន​ជា​ធរមាន​នៅ​ប្រទេស​​កម្ពុជា។

ក្រសួង​ការងារ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​កាល​ពី​ថ្ងៃ​ទី​២៧ កុម្ភៈ ​ថា​ ការ​ធ្វើ​ការ​ងារ​ថែម​ម៉ោង​ច្រើន​ហួស​កំណត់ បណ្ដាល​ឲ្យ​សុខភាព​កម្មករ​ និយោជិក​ ចុះ​ខ្សោយ​ ដែល​បង្ក​គ្រោះថ្នាក់​​ការងារ​កើត​ឡើង​ជា​ញឹកញាប់។ ​ប៉ុន្តែ​ក្រសួង​ការងារ​ក៏​បាន​បញ្ជាក់​ថា​ ក្នុង​ករណី​ដែល​សហគ្រាស ឬ​​រោងចក្រ​ចង់​ឲ្យ​កម្មករ​ធ្វើ​ការ​ថែម​ម៉ោង​លើស​ពី​ច្បាប់​កំណត់​ ត្រូវ​មាន​ការ​អនុញ្ញាត​ពី​​ក្រសួង​ការងារ​ជា​មុខ​សិន។

មន្ត្រី​ជាន់​ខ្ពស់​​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា លោក ជាតិ ខេមរា មាន​ប្រសាសន៍​ថា ​កម្មករ​ចង់​បាន​តែ​​ការងារ​ថែម​ម៉ោង​ តែ​មិន​មាន​ការងារ​ផ្ដល់​ឲ្យ​ទេ​ ដោយសារ​តែ​ការ​បញ្ជា​ទិញ​ធ្លាក់​ចុះ និង​ថ្លៃ​ឈ្នួល​ពលកម្ម​​មាន​តម្លៃ​កាន់​​តែ​ខ្ពស់​ជាង​ប្រទេស​ជិត​ខាង​មួយ​ចំនួន៖ «បើ​ថា​រវល់​មមាញឹក​ខ្លាំង គឺ​ធ្វើ​ពីរ​ម៉ោង តែ​ឥឡូវ​ធ្វើ​ការងារ​ថែម​ម៉ោង​ស្អី បើ​រក​តែ​ទំនិញ​ធ្វើ​​មិន​បាន​ផង»

​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក្រុម​អ្នក​ច្បាប់​យល់​ឃើញ​ថា​ វិធានការ​របស់​ក្រសួង​ការងារ​​នៅ​​ពេល​នេះ គឺ​ជា​រឿង​ត្រឹម​ត្រូវ ដើម្បី​កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​ការងារ​របស់​កម្មករ។ ប៉ុន្តែ​ប្រធាន​​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​សម្រាប់​សហគមន៍​ លោក មឿន តុលា​ មាន​ប្រសាសន៍​ថា វិធានការ​នេះ​គឺ​​​ជា​ការ​​រួម​ចំណែក​តិចតួច​ក្នុង​ការ​លើក​កម្ពស់​សុខភាព​កម្មករ ដើម្បី​កាត់​បន្ថយ​ ​អត្រា​គ្រោះថ្នាក់​ការងារ​ គឺ​ទាមទារ​ប្រាក់​ខែ​ខ្ពស់ ​ការ​​ឧបត្ថម្ភ​អាហារ​ដែល​មាន​ជីវជាតិ​ល្អ និង​​ការ​កែ​លម្អ​ប្រព័ន្ធ​សុវត្ថិភាព​សុខភាព​នៅ​តាម​រោងចក្រ​ជា​ដើម៖ «បើ​សិន​​ជា​ចង់​ឲ្យ​គាត់​មាន​សុខភាព​ល្អ​នោះ គឺ​ពិចារណា​រឿង​ប្រាក់​ឈ្នួល និង​​អាហារ​ដើម្បី​ឲ្យ​គាត់​​មាន​កម្លាំង​គ្រប់គ្រាន់ ​ប្រឹង​ផលិត​ដើម្បី​និយោជក»

​លោក មឿន តុលា​ មាន​ប្រសាសន៍​បន្ថែម​​ទៀត​​ថា​ កម្មករ​ពិត​ជា​មិន​ចង់​ធ្វើ​ការ​ថែម​ម៉ោង​ប្រសិន​បើ​​ មាន​ប្រាក់​ខែ​​គ្រប់គ្រាន់​សម្រាប់​ការ​​រស់​នៅ​ប្រចាំ​ថ្ងៃ។ ផ្ទុយ​ទៅ​វិញ ​ការងារ​ថែម​ម៉ោង​ គឺ​​មធ្យោបាយ​ មួយ​ដែល​ជំរុញ​ឲ្យ​ជីវភាព​កម្មករ ​ងើប​ចេញ​​ពី​បន្ទាត់​ភាព​ក្រីក្រ​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ សមាគម​រោងចក្រ​កាត់​ដេរ​បាន​អះអាង​​​ថា មិន​​​មាន​លទ្ធភាព​ដំឡើង​ប្រាក់​ខែ​គោល​​បាន​ទេ​ ប៉ុន្តែ​​ការ​សិក្សា​នានា​រក​ឃើញ​ថា​ អាច​ដំឡើង​បាន។ របាយការណ៍​របស់​វិទ្យាស្ថាន​សម្រាប់​សិក្សា​អភិវឌ្ឍន៍​នៅ​កម្ពុជា បាន​រក​ឃើញ​ថា​ កម្មករ​ម្នាក់​ជួយ​ផលិត​អោយ​ថៅកែ​រោងចក្រ​ ទទួល​បាន​ផល​ចំណេញ​​រហូត​ដល់ ២៨០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ ស្រប​ពេល​ដែល​ប្រាក់​ខែ​គោល​កម្មករ​រោងចក្រ​កាត់​ដេរ​មាន​​ចំនួន​តែ​​ ១២៨​ដុល្លារ​​អាមេរិក​​តែ​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។