ក្រសួង​ព័ត៌មាន​ហាម​គ្រប់​វិទ្យុ​FM​ផ្សាយ​បន្ត​ពី​វិទ្យុ​បរទេស​ជា​ខេមរភាសា

ក្រសួង​ព័ត៌មាន បាន​ណែនាំ​អ្នក​ទទួល​ខុស​ត្រូវ​ស្ថានីយ​វិទ្យុ អេហ្វ.អឹម (FM) ក្នុង​ស្រុក​ទាំងអស់ មិន​ឲ្យ​ផ្សាយ​បន្ត​កម្មវិធី​ផ្សាយ​ជា​ខេមរភាសា​របស់​វិទ្យុ​បរទេស​ទាំងអស់​ក្នុង​រយៈពេល​បើក​ការ​ឃោសនា ៣១​ថ្ងៃ មុន​ថ្ងៃ​បោះឆ្នោត និង​ថ្ងៃ​បោះឆ្នោត​រើស​សមាជិក​សភា​អាណត្តិ​ទី៥។ ការ​បិទ​ផ្សាយ​នេះ រង​ការ​រិះគន់​ពី​មន្ត្រី​ស្ថានទូត​សហរដ្ឋ​អាមេរិក សង្គម​ស៊ីវិល និង​អ្នក​បណ្ដុះ​បណ្ដាល​វិស័យ​ព័ត៌មាន។
ដោយ ដែន អយុធ្យា
2013-06-28
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
រូប​វិទ្យុ ៦១០
រូប​វិទ្យុ
Photo: RFA

សេចក្តី​ណែនាំ​ចុះ​ថ្ងៃ​ទី២៥ ខែ​មិថុនា ប៉ុន្តែ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី២៨ មិថុនា ដោយ​មាន​ហត្ថលេខា​លោក អ៊ុក ប្រាថ្នា រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​ព័ត៌មាន បាន​ព្រមាន​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​ម្ចាស់​ស្ថានីយ ​អេហ្វ.អឹម ទាំង​ឡាយ​ណា​ដែល​មិន​គោរព​តាម​ការ​ចង្អុល​បង្ហាញ​របស់​ក្រសួង​ព័ត៌មាន ហើយ​ចចេស​បន្ត​ចាក់​ផ្សាយ​កម្មវិធី​វិទ្យុ​បរទេស​ជា​ភាសា​ខ្មែរ​ទៀត​នោះ។

ក្រសួង​ព័ត៌មាន ឲ្យ​ដឹង​ក្នុង​សេចក្តី​ណែនាំ​ថា យោង​តាម​បទបញ្ជា និង​នីតិវិធី​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​កក្កដា ខាង​មុខ សកម្មភាព​ឃោសនា​ត្រូវ​បើក​រយៈពេល ៣១​ថ្ងៃ មុន​ថ្ងៃ​បោះឆ្នោត ដែល​ការ​ឃោសនា​មាន​ទិសដៅ​ឲ្យ​គណបក្ស​នយោបាយ និង​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត ត្រូវ​ធ្វើ​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​កម្មវិធី​នយោបាយ​របស់​ខ្លួន​ដល់​ម្ចាស់​បោះឆ្នោត​ឲ្យ​គាំទ្រ​បេក្ខជន និង​គណបក្ស​នយោបាយ​រៀងៗ​ខ្លួន។

ក្រសួង​ព័ត៌មាន ទទួល​ស្គាល់​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​តួនាទី​សំខាន់​ជំរុញ​ឲ្យ​ដំណើរ​ការ​បោះឆ្នោត​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្រប​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ លើក​កម្ពស់​ការ​យល់​ដឹង​ដល់​ម្ចាស់​ឆ្នោត​អំពី​ការងារ​បោះឆ្នោត និង​ភាព​ត្រឹមត្រូវ​នៃ​លទ្ធផល​បោះឆ្នោត​ជាដើម។

ផ្ដើម​ពី​ភាព​ចាំបាច់​នេះ មន្ត្រី​សង្គម​ស៊ីវិល​មាន​ចម្ងល់​ថា ហេតុ​អ្វី​បាន​ជា​ក្រសួង​ព័ត៌មាន​បែរ​ជា​ចេញ​សារ​ព្រមាន​ដល់​ម្ចាស់​ស្ថានីយ​នានា​ឲ្យ​ផ្អាក​ការ​ផ្សាយ​បន្ត​កម្មវិធី​វិទ្យុ​បរទេស​ជា​ភាសា​ខ្មែរ ដែល​ផ្តល់​ដំណឹង​ឯករាជ្យ​មិន​ឲ្យ​ពលរដ្ឋ​បាន​ដឹង​ជុំវិញ​ព្រឹត្តិការណ៍​បោះឆ្នោត​នេះ​ទៅ​វិញ។

នាយក​វិទ្យាស្ថាន​កម្ពុជា សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មាន លោក មឿន ឈានរិទ្ធ បាន​ប្រតិកម្ម​ចំពោះ​ក្រសួង​ព័ត៌មាន ដែល​បិទ​កម្មវិធី​ផ្សាយ​វិទ្យុ​អន្តរជាតិ​ជា​ភាសា​ខ្មែរ ផ្សាយ​បន្ត​តាម​វិទ្យុ​ អេហ្វ.អឹម នានា ក្នុង​អំឡុង​ពេល​បោះឆ្នោត​នេះ។ លោក​ចាត់​ទុក​ទង្វើ​របស់​ក្រសួង​ព័ត៌មាន​ថា​បាន​អនុវត្ត​ផ្ទុយ​ពី​ស្មារតី និង​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា៖ «មាត្រា​១៩ ស្ដីពី​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ស៊ីវិល និង​សិទ្ធិ​នយោបាយ និង​សេចក្តី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ។ ដូច្នេះ ព្រះរាជាណាចក្រ​កម្ពុជា មិន​គ្រាន់​ត្រឹម​បាន​ចុះ​ហត្ថលេខា គឺ​ថែម​ទាំង​បាន​ឲ្យ​សច្ចាប័ន​ទទួល​ស្គាល់​សិទ្ធិ​សញ្ញា​អន្តជាតិ​ទាំង​ពីរ​ហ្នឹង។ ហើយ​ទន្ទឹម​នេះ​ក៏​បាន​ចែង​យ៉ាង​ច្បាស់​នៅ​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ​មាត្រា​៣១ និង​មាត្រា​៤១ ទៀត​ផង។ អ៊ីចឹង ខ្ញុំ​គិត​ថា ការ​ហាម​ឃាត់​ណា​មួយ​មិន​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា​មួយ​នោះ គឺ​ជា​ការ​ប្រាសចាក​ទៅ​នឹង​ស្មារតី ឬ​ក៏​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ​តែ​ម្តង»

ដូច​គ្នា​ដែរ លោក សន ជ័យ មន្ត្រី​សម្រប​សម្រួល​បណ្ដាញ​រួបរួម​ដើម្បី​គណនេយ្យ​ភាព​សង្គម ប្រចាំ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក បាន​ចាត់​ទុក​បញ្ហា​នេះ​ថា​ជា​ការ​បំបិទ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នៅ​កម្ពុជា៖ «គឺ​ជា​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​សិទ្ធិ​សេរីភាព​ផ្នែក​សារព័ត៌មាន ជា​ពិសេស​នៅ​មុន​ពេល​បោះឆ្នោត។ អ៊ីចឹង យើង​មិន​សង្ឃឹម​ថា ដំណើរ​ការ​នៃ​ការ​បោះឆ្នោត​នេះ​ដំណើរ​ការ​ទៅ​ដោយ​មាន​ប្រជាធិបតេយ្យ ដោយ​មាន​សេរីភាព​នោះ​ទេ។ សូម្បី​វិទ្យុ​បរទេស ដែល​ផ្សាយ​តែ​ឆានែល នៃ​វិទ្យុ​ អេហ្វ.អឹម ក្នុង​ស្រុក​ក៏​ត្រូវ​បាន​ហាម​ឃាត់​ដែរ»

ចំណែក​លោក​បណ្ឌិត ហង្ស ពុទ្ធា ជា​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា ហៅ​កាត់ និចហ្វិក (NICFEC)។ លោក​បាន​ចាត់​ទុក​ការ​បិទ​កម្មវិធី​ផ្សាយ​របស់​វិទ្យុ​បរទេស​ជា​ភាសា​ខ្មែរ នាំ​ឲ្យ​ម្ចាស់​ឆ្នោត​ខ្វះ​ព័ត៌មាន​ពិត​នៃ​ការ​បោះឆ្នោត​អាណត្តិ​ទី៥ ហើយ​នាំ​ឲ្យ​ពួក​គេ​បាន​សម្រេច​ចិត្ត​ជ្រើស​រើស​មេ​ដឹកនាំ​ខុស៖ «ជា​ការ​សោកស្ដាយ ទោះ​បី​វិទ្យុ​ហ្នឹង​ជា​វិទ្យុ​បរទេស​ក៏ដោយ ក៏​ព័ត៌មាន​របស់​វិទ្យុ​ទាំងអស់​ហ្នឹង​មាន​លក្ខណៈ​អព្យាក្រឹត​ច្រើន ហើយ​ព័ត៌មាន​ទាំង​ហ្នឹង​ក៏​អាច​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ ពិសេស​ម្ចាស់​ឆ្នោត​ហ្នឹង​មាន​ព័ត៌មាន​ច្រើន​ជាង​មុន ដើម្បី​ឲ្យ​ម្ចាស់​ឆ្នោត​ធ្វើ​ការ​សម្រេច​ចិត្ត។ ពីព្រោះ​ការ​បោះឆ្នោត និង​ការ​សម្រេច​ចិត្ត​នេះ មិន​មែន​ជា​របស់​បុគ្គល​ណា​ម្នាក់​ទេ គឺ​ជា​រឿង​របស់​ជាតិ​ទាំងមូល។ អ៊ីចឹង​បើ​ប្រជាពលរដ្ឋ​បាត់បង់​នូវ​ព័ត៌មាន ឬ​ក៏​បាន​ទទួល​ព័ត៌មាន​តែ​ម្ខាង ធ្វើ​ឲ្យ​ការ​សម្រេច​ចិត្ត​អាច​នឹង​មាន​ការ​ខុស​ឆ្គង​ដែរ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ស្ថាប័ន​បោះឆ្នោត ដើម្បី​បំភ្លឺ​ជុំវិញ​ការ​បិទ​កម្មវិធី​ផ្សាយ​វិទ្យុ​អន្តរជាតិ ផ្សាយ​បន្ត​តាម​វិទ្យុ​នានា​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី២៨ ខែ​មិថុនា។

ប៉ុន្តែ កន្លង​មក​លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ធ្លាប់​មាន​ប្រសាសន៍​ថា អាណត្តិ​បោះឆ្នោត​មុនៗ​មាន​វិទ្យុ​អន្តរជាតិ​ខ្លះ​បាន​សហការ​ល្អ​ជាមួយ​ស្ថាប័ន គ.ជ.ប ដើម្បី​ផ្តល់​ព័ត៌មាន​អប់រំ​ផ្សេងៗ​ជុំវិញ​ការងារ​បោះឆ្នោត​ដល់​ម្ចាស់​ឆ្នោត៖ «កន្លង​មក​យើង​និយាយ​តាម​បទ​ពិសោធន៍​វិញ យើង​មាន​ការ​លំបាក​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ភាសា​ខ្មែរ​ពី​បរទេស។ ហើយ​ខ្ញុំ​ក៏​សុំ​អរគុណ​ដែរ​ដែល​ពី​មុន​មក​វិទ្យុ​អាស៊ីសេរី ក៏​ធ្លាប់​បាន​សហការ​ជាមួយ គ.ជ.ប។ ហើយ​នៅ​ពេល​បោះឆ្នោត​មួយ​នោះ គាត់​បាន​រៀបចំ​ការ​ពិភាក្សា​តំណាង​គណបក្ស​នយោបាយ​តាម​ប្រព័ន្ធ​អាស៊ីសេរី ហ្នឹង​ដែរ។ ហើយ​បើ​យើង​និយាយ​តាម​គោលការណ៍​ជាក់ស្តែង​នៅ​ក្នុង​ការ​គ្រប់គ្រង យើង​ពុំ​មាន​គោលការណ៍​ទៅ​គ្រប់គ្រង​វិទ្យុ ដែល​ផ្សាយ​ពី​ក្រៅ​ប្រទេស​មក​ទេ»

ទាក់ទិន​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា លោក ចន ស៊ីមិន (John Simmons) មាន​ប្រតិកម្ម​តប​ចំនួន ៤​ចំណុច ទៅ​លើ​ករណី​ដែល​ក្រសួង​ព័ត៌មាន​បិទ​កម្មវិធី​ផ្សាយ​របស់​វិទ្យុ​បរទេស ផ្សាយ​ជា​ភាសា​ខ្មែរ​នៅ​តាម​ស្ថានីយ​នានា​ក្នុង​អំឡុង​ពេល​បោះឆ្នោត​នេះ៖ «ស្ថានទូត​សហរដ្ឋ​អាមេរិក បាន​ឃើញ​សេចក្ដី​ណែនាំ​របស់​ក្រសួង​ព័ត៌មាន​មួយ​ច្បាប់ ដែល​ហាម​មិន​ឱ្យ​ផ្សព្វផ្សាយ​កម្មវិធី​ព័ត៌មាន​ជា​ភាសា​ខ្មែរ​របស់​វិទ្យុ​អន្តរជាតិ​រយៈពេល ៣១​ថ្ងៃ រហូត​ដល់​ថ្ងៃ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី២៨ ខែ​មិថុនា ឆ្នាំ​២០១៣។ យើង​សូម​សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សកម្មភាព​នេះ ហើយ​យើង​តវ៉ា​យ៉ាង​ខ្លាំងក្លា​ចំពោះ​រាជ​រដ្ឋាភិបាល​កម្ពុជា។ សេចក្ដី​ណែនាំ​នេះ គឺ​ជា​ការ​រំលោភ​បំពាន​យ៉ាង​ច្បាស់​ក្រឡែត​មួយ​លើ​សេរីភាព​សារព័ត៌មាន និង​សេរីភាព​បញ្ចេញ​មតិ ហើយ​ក៏​ជា​ការ​ផ្ទុយ​ទៅ​នឹង​ស្មារតី​នៃ​ដំណើរ​ការ​ប្រជាធិបតេយ្យ​ដ៏​ល្អ​ផង។ ខណៈ​ដែល​មន្ត្រី​ជាន់​ខ្ពស់​បំផុត​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដែង​ជា​សាធារណៈ​អំពី​ចេតនា​ចង់​ធ្វើ​ឱ្យ​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌​នោះ ការ​ដាក់​កំហិត​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការ​កម្រិត​ព្រំដែន​លើ​សេរីភាព​បញ្ចេញ​មតិ នឹង​ធ្វើ​ឱ្យ​មាន​ចំណោទ​ធ្ងន់ធ្ងរ​ដល់​ភាព​ស្រប​ច្បាប់​នៃ​ដំណើរ​ការ​បោះឆ្នោត​នេះ»

យ៉ាង​ណា​ក៏ដោយ សារ​ព្រមាន​របស់​ក្រសួង​ព័ត៌មាន មាន​ចុះ​ហត្ថលេខា​លោក អ៊ុក ប្រាថ្នា រដ្ឋមន្ត្រី​ស្តីទី​បាន​ព្រមាន​មិន​ឲ្យ​ម្ចាស់​ស្ថានីយ​ទាំងអស់​មិន​ឲ្យ​បន្ត​ផ្សាយ​កម្មវិធី​នានា​របស់​វិទ្យុ​បរទេស​ផ្សាយ​ជា​ភាសា​ខ្មែរ ក្នុង​អំឡុង​ពេល​ដែល​គណបក្ស​នយោបាយ​បើក​យុទ្ធនាការ​ឃោសនា និង​ថ្ងៃ​បោះឆ្នោត​សភា​អាណត្តិ​ទី៥ ជា​ដាច់​ខាត បើ​មាន​អ្នក​រឹង​ទទឹង នឹង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ជា​ធរមាន៕

ខាង​ក្រោម​ជា​សេចក្ដី​ណែនាំ​​របស់​ក្រសួង​ព័ត៌មាន ឬ​ ចុចត្រង់​នេះ​សម្រាប់​ទាញ​យកសេចក្ដី​ណែនាំ ឬ ​សម្រាប់​ទូរស័ព្ទ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (77)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

ហ៊ុយ លាងម៉េង

ពី កំពង់ធំ

អំពើសព្វបែបយ៉ាង ដែលនាំមកនូវភាពអាម៉ាសដល់ប្រជា ពលរដ្ឋ និងប្រទេសខ្មែរ គឺមកពីសម្តេចតេជោហ្នឹងឯង ។ បើត្រឹមត្រូវសូមឆ្លើយគាំទ្រទាំងអស់គ្នាផង។

Aug 29, 2013 11:20 PM

តុលា

ពី បានលុង

គណៈបក្សប្រជាជន និងមន្ត្រីគណៈបក្សនេះ បានដឹងខ្លួនថា សម្តីរបស់ខ្លួន ចំណេះដឹងរបស់ខ្លួន (ពួកគេនិយាយថានៅមាន កម្រិត)មានកម្រិតទាប ។ ការផ្សាយ ការធ្វើប្រជាភិថុត ការបោកប្រាស ការសម្លុត ការគម្រាម កាន់តែលែងមាន ប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះបើបិទ ពួកគេយល់ថា ពលរដ្ឋខ្មែរស្តាប់តែពត៌មានដដែលៗរបស់យើងទៅ លែងអី ចូលត្រចៀកខ្លះ ។ ពួកគេមិនបានគិតថាទូរទស្សន៍ជាង៣០ វិទ្យុជាង១០០ប៉ុស្តិ៍ ពលរដ្ឋរបស់ខ្លួនឈប់ស្តាប់ទេ ។ ការសង្ឃឹមបែបនេះ ដឹងអីវាគ្រាន់តែជាសុបិន្តតែប៉ុណ្ណោះ លទ្ធផលគឺបានបង្ហាញតាមរយៈលទ្ធផលឆ្នោត។

Aug 29, 2013 10:43 PM

Vi Sa

ពី កំពង់ចាម

សូម្បីតែសេរីភាពស្តាប់វិទ្យុក៍ត្រូវបិទដែរ????​​ចុះប្រជាធិបតេយ្យនៅឯណា?????ដូច្នេះកម្ពុជានឹងក្លាយជាប្រទេសផ្តាច់ការ។

Aug 05, 2013 04:42 AM

អ្នក​អាន​អនាមិក

មិនផ្តាច់ការទាំងស្រុងទេ តែបើផ្សាយជាភាសារយួនប្រហែលលោកមហារដ្ឋមន្ត្រីអនុញ្ញាត បើផ្សាយជាភាសារខ្មែរខ្លាចខ្មែរយល់ពីគំនិតយួនច្បាស់ពេក។

Aug 08, 2013 02:21 AM

អ្នក​អាន​អនាមិក

រដ្ធាភិបាលដូចជាមិនអើពើសោះចំពោះរឿងមួយនេះនេះគឺជាការរំលោភសិត្ធិសារព៍ត៌មានជាក់ស្តែង

Jul 10, 2013 01:38 AM

កូនខ្មែរ

ពី តាកែវ

អំណាចផ្តាច់ការនៅកម្ពុជាលេចចេញរូបរាងយ៉ាងច្បាស់ ប៉ុន្តែគ្មាននណាម្នាក់អាចទប់ស្កាត់បានសោះ។ តើនណាអាចជួយប្រជាជនកម្ពុជាយើងបានទៅ? សូមពិភពលោក ជួយពួកខ្ញុំផង....

Jun 29, 2013 09:04 PM

មើល​មតិ​ទាំង​អស់.