វាសនា​ជនជាតិ​ម៉ុងតាញ៉ា-វៀតណាម​សេសសល់​នៅ​កម្ពុជា​នៅ​មាន​ភាព​មិន​ច្បាស់លាស់

ដោយ យាង សុជាមេត្តា
2017-09-05
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា-វៀតណាម ស្នាក់នៅ​ក្រោម​ការ​ឧបត្ថម្ភ​របស់​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) នៅ​ភូមិ​ត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Yeang Socheametta
ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា-វៀតណាម ស្នាក់នៅ​ក្រោម​ការ​ឧបត្ថម្ភ​របស់​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) នៅ​ភូមិ​ត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Yeang Socheametta
RFA/Yeang Socheametta

ជោគវាសនា​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា-វៀតណាម ចំនួន ៣៦​នាក់ កំពុង​នៅ​ឋិត​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​មាន​ភាព​ស្រពិចស្រពិល​នៅ​ឡើយ។ ស្រប​ពេល​ជាមួយ​គ្នា មាន​សេចក្តី​រាយការណ៍​ថា ជនជាតិ​ម៉ុងតាញ៉ា ចំនួន ២៩​នាក់​ក្នុង​ចំណោម ៣៦​នាក់​នេះ រដ្ឋាភិបាល​កម្ពុជា គ្រោង​នឹង​បញ្ជូន​ទៅ​កាន់​ប្រទេស​វៀតណាម វិញ​ក្នុង​ពេល​ខាង​មុខ។

បើ​ទោះ​ជា​មាន​ព័ត៌មាន​នៃ​ការ​ចាប់​បញ្ជូន​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា-វៀតណាម ថ្មី​បន្ថែម​ទៀត​ទៅ​កាន់​ប្រទេស​វៀតណាម វិញ​ក្តី មន្ត្រី​រដ្ឋាភិបាល​កម្ពុជា នៅ​មិន​ទាន់​បញ្ជាក់​ថា តើ​រឿង​នេះ​ជា​ការ​ពិត ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ។

នៅ​ក្នុង​សេចក្តី​រាយការណ៍​របស់​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) នៅ​ថ្ងៃ​ទី​៤ កញ្ញា ដែល​ជា​ថ្ងៃ​អវសាន​នៃ​កាសែត​បរទេស​មួយ​នេះ បាន​រាយការណ៍​ថា ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា-វៀតណាម ចំនួន ២៩​នាក់​ក្នុង​ចំណោម ៣៦​នាក់​នៅ​កម្ពុជា នឹង​ត្រូវ​រដ្ឋាភិបាល​កម្ពុជា បញ្ជូន​ទៅ​កាន់​ប្រទេស​វៀតណាម វិញ បើ​ទោះ​ជា​មាន​ការ​ព្យាយាម​ពី​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ ផ្នែក​ជន​ភៀស​ខ្លួន​ដើម្បី​បញ្ជូន​ពួក​គេ​ទៅ​កាន់​ប្រទេស​ទី​បី​ក្តី។

ព័ត៌មាន​នេះ ត្រូវ​បាន​មន្ត្រី​នៃ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន យូ.អិន.អេច្ឆ.ស៊ី.(UNHCR) ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ទម្លាយ​ប្រាប់​កាសែត ឌឹ ខេមបូឌា ដេលី តាម​រយៈ​សារ​អ៊ីមែល (Email)។ មន្ត្រី​អង្គការ​សហប្រជាជាតិ​រូប​នេះ​បញ្ជាក់​ថា ផ្អែក​តាម​និយាម​អន្តរជាតិ ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា-វៀតណាម ទាំង ២៩​នាក់​នេះ គួរ​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ជន​ភៀស​ខ្លួន។ មន្ត្រី​ដដែល​អះអាង​ថា UNHCR បាន​បង្ហាញ​នូវ​ជម្រើស​ផ្សេង​ទៀត នោះ​គឺ​បញ្ជូន​ជនជាតិ​ម៉ុងតាញ៉ា ដែល​មាន​អំណះអំណាង​ច្រើន​បង្ហាញ​ថា​ជា​ជន​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​ទី​៣ ប៉ុន្តែ​ត្រូវ​បាន​រដ្ឋាភិបាល​បដិសេធ ដោយ​អះអាង​ថា ករណី​របស់​ជនជាតិ​ម៉ុងតាញ៉ា ទាំងអស់​នេះ ត្រូវ​បាន​ដោះស្រាយ​រួច​រាល់​ហើយ។

មន្ត្រី​ដដែល​នេះ​ឲ្យ​ដឹង​ថា អង្គការ​សហប្រជាជាតិ នឹង​ព្យាយាម​បញ្ជូន​ជនជាតិ​ម៉ុងតាញ៉ា ៧​នាក់​ផ្សេង​ទៀត​ទៅ​កាន់​ប្រទេស​ទី​៣ ឲ្យ​បាន​កាន់​តែ​ឆាប់​អាច​ធ្វើ​ទៅ​បាន។

ទោះ​ជា​យ៉ាង​ណា ប្រធាន​នាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ លោក តាន់ សុវិជ្ជា នៅ​មិន​ទាន់​អាច​បញ្ជាក់​ថា ព័ត៌មាន​នៃ​គម្រោង​បញ្ជូន​ជនជាតិ​ម៉ុងតាញ៉ា ទៅ​វៀតណាម ថ្មី​បន្ថែម​ទៀត​នេះ ពិត​ឬ​យ៉ាង​ណា​នោះ​ទេ នៅ​ថ្ងៃ​ទី​៤ កញ្ញា ដោយ​លោក​ថ្លែង​ថា លោក​មិន​មាន​ព័ត៌មាន​ពី​ថ្នាក់​លើ​នៅ​ឡើយ។

ក្នុង​ចំណោម​ជនជាតិ​ម៉ុងតាញ៉ា ទាំង ៣៦​នាក់​ដែល​កំពុង​ស្នាក់នៅ​កម្ពុជា ៣​នាក់ ត្រូវ​បាន​រដ្ឋាភិបាល​ផ្តល់​ឋានៈ​ជា​ជន​ភៀស​ខ្លួន​រួច​ហើយ។ ចំណែក ៣៣​នាក់​ផ្សេង​ទៀត​បាន​ប្តឹង​ឧទ្ធរណ៍ ក្រោយ​ពី​បាន​ធ្លាក់​នៅ​ជុំ​ទី​១។ ទោះ​ជា​យ៉ាង​ណា លោក តាន់ សុវិជ្ជា មិន​បាន​ឲ្យ​ដឹង​ឡើយ​ថា ក្នុង​ចំណោម​ពួក​គេ ៣៣​នាក់​នេះ ប៉ុន្មាន​នាក់​ធ្លាក់ និង​ប៉ុន្មាន​នាក់​ជាប់​នោះ​ទេ ដោយ​លោក​បង្វែរ​ឲ្យ​ទៅ​សួរ​មន្ត្រី UNHCR វិញ ព្រោះ​លោក​ថា​ព័ត៌មាន​ទាំងអស់ រដ្ឋាភិបាល​បាន​បញ្ជូន​ទៅ​ឲ្យ UNHCR អស់​ហើយ។

អាស៊ីសេរី នៅ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយតប​ពី​មន្ត្រី​ផ្នែក​ព័ត៌មាន​សាធារណៈ​ប្រចាំ​តំបន់​របស់ UNHCR អ្នកស្រី វីវៀន តាន់ (Vivian Tan) បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ដដែល​នេះ។

កាល​ពី​ថ្ងៃ​ទី​១០ សីហា ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា ចំនួន ១៣​នាក់ ត្រូវ​បាន​កម្ពុជា បញ្ជូន​ទៅ​ស្រុក​កំណើត​នៅ​វៀតណាម ក្រោម​ការ​សម្របសម្រួល​របស់​អង្គការ​សហប្រជាជាតិ។ ការ​បញ្ជូន​នេះ ក្រោយ​ពី​ពួក​គេ​មិន​ទទួល​បាន​ឋានៈ​ជា​ជន​ភៀស​ខ្លួន​នៅ​កម្ពុជា។

ដោយឡែក​កាល​ពី​ថ្ងៃ​ទី​២៤ សីហា អាជ្ញាធរ​ខេត្ត​រតនគិរី បាន​បញ្ជូន​ជនជាតិ​ម៉ុងតាញ៉ា មួយ​គ្រួសារ​មាន​គ្នា ៤​នាក់​ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម ខេត្ត​យ៉ាឡាយ (Gia Lai) វិញ​ដែរ។ ពួក​គេ​បាន​រត់​គេច​ខ្លួន​ពី​ស្រុក​កំណើត​មក​រស់នៅ​ភ្នំពេញ រួច​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ ស្នាក់នៅ​មួយ​រយៈ ប៉ុន្តែ​ចុង​ក្រោយ​បាន​សម្រេច​វិល​ទៅ​វៀតណាម វិញ​តាម​ខេត្ត​រតនគិរី ដោយ​ស្នាក់នៅ​ផ្ទះ​សំណាក់​មួយ​កន្លែង​ក្នុង​ក្រុង​បានលុង ដើម្បី​ស្វែងរក​លទ្ធភាព​ឆ្លង​ដែន​ទៅ​ស្រុក​កំណើត ពីព្រោះ​ខ្លាច​អាជ្ញាធរ​វៀតណាម ធ្វើ​ទុក្ខបុកម្នេញ។ ពួក​គេ​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​រតនគិរី ជូន​ដំណើរ​ទៅ​ប្រគល់​ឲ្យ​អាជ្ញាធរ​វៀតណាម ស្រុក​ដាក់កឺ ខេត្ត​យ៉ាឡាយ ដោយ​មាន​ក្រុម​គ្រួសារ​ពួក​គេ​នៅ​រង់ចាំ​ទទួល​ទៅ​លំនៅឋាន​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល