សង្គមស៊ីវិលគាំទ្រជំនួបស្វែងរកដំណោះស្រាយដល់ជនភៀសខ្លួនម៉ុងតាញ៉ា
2015.03.29
មន្ត្រីសង្គមស៊ីវិលដែលតាមដានស្ថានភាពជនជាតិម៉ុងតាញ៉ាវៀតណាម ឲ្យដឹងថា ក្រុមម៉ុងតាញ៉ាវៀតណាមចំនួន ១៣រូប ដែលកំពុងលាក់ខ្លួនក្នុងព្រៃខេត្តរតនគិរី នៅតែបន្តជួបប្រទះបញ្ហាខ្វះខាតស្បៀងអាហារ ហើយប្រឈមនឹងជំងឺតម្កាត់ផ្សេងៗ។ ស្របពេលជាមួយគ្នា សង្គមស៊ីវិលក៏គាំទ្រនូវជំនួបពិភាក្សាស្វែងរកដំណោះស្រាយ សម្រាប់ជនជាតិម៉ុងតាញ៉ាវៀតណាម ដែលបានធ្វើឡើងរវាងមន្ត្រីអង្គការសហប្រជាជាតិ ជាមួយមន្ត្រីកម្ពុជានិងវៀតណាម កាលពីថ្ងៃទី២៣ ខែមីនា កន្លងទៅ។ ពួកគេសង្ឃឹមថា ក្រោយពីមានជំនួបត្រីភាគីនេះ សិទ្ធិរបស់ជនជាតិម៉ុងតាញ៉ាដែលបាន ភៀសខ្លួនចូលមកទឹកដីកម្ពុជា នឹងមិនត្រូវបានគេរំលោភបំពានឡើយ។
រហូតមកទល់ពេលនេះ គេមិនទាន់អាចកំណត់ជោគវាសនារបស់ជនភៀសខ្លួនម៉ុងតាញ៉ា វៀតណាមទាំង១៣រូប នឹងទៅជាយ៉ាងណានោះទេ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (adhoc) ខេត្តរតនគិរី លោក ឆាយ ធី ឲ្យដឹងនៅថ្ងៃទី២៩ មីនា ថា ចំនួនជនភៀសខ្លួនម៉ុងតាញ៉ាវៀតណាមដែលកំពុងលាក់ខ្លួននៅក្នុងព្រៃ ខេត្តរតនគិរី គឺនៅមានចំនួន១៣នាក់ដដែល។ លោកបញ្ជាក់ថា រហូតមកទល់ពេលនេះ ក្រៅតែពីពលរដ្ឋអ្នកធ្វើចម្ការនៅក្នុងតំបន់ព្រៃ ដែលជនជាតិម៉ុងតាញ៉ាកំពុងលាក់ខ្លួន ជនជាតិម៉ុងតាញ៉ាទាំង១៣នាក់ មិនដែលមានឱកាសជួបមន្ត្រីសង្គមស៊ីវិល ឬមន្ត្រីអង្គការសហប្រជាជាតិម្ដងណាឡើយ។
លោក ឆាយ ធី អះអាងថា សព្វថ្ងៃពួកគេរស់នៅដោយទទួលបានការទំនុកបម្រុងស្បៀងអាហារបន្តិចបន្តួចពីអ្នកចម្ការខ្មែរ។
ចាប់តាំងពីខែធ្នូឆ្នាំ២០១៤ រហូតមកទល់ពេលនេះ មានជនជាតិម៉ុងតាញ៉ា សរុប ៨១នាក់ហើយ ដែលបានភៀសខ្លួនចេញពីប្រទេសវៀតណាមចូលមកកាន់ទឹកដីប្រទេសកម្ពុជា។ ក្នុងនោះ ១៣នាក់បាន មកដល់ភ្នំពេញតាមរយៈក្រុមការងារឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។ ១០នាក់បានធ្វើដំណើរទៅកាន់ រាជធានីភ្នំពេញដោយខ្លួនឯង។ ៤៥នាក់ត្រូវបានអាជ្ញាធរខ្មែរចាប់បញ្ជូនទៅវៀតណាមវិញ។ ចំណែក ១៣នាក់ទៀត កំពុងតែលាក់ខ្លួននៅក្នុងព្រៃខេត្តរតនគិរី សព្វថ្ងៃ។
ប្រឈមនឹងបញ្ហាទាំងអស់នេះ មន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន កាលពីថ្ងៃទី២៣ មីនា បានជួបប្រជុំជាមួយមន្ត្រីកម្ពុជានិងវៀតណាម នៅក្រសួងការ បរទេសកម្ពុជា ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយដល់ជនជាតិម៉ុងតាញ៉ា។
មន្ត្រីព័ត៌មានប្រចាំតំបន់អាស៊ី នៃអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) អ្នកស្រី វីវៀន តាន់ (Vivian Tan) ឲ្យដឹងតាមសារអេឡិកត្រូនិក នៅថ្ងៃទី ២៩ មីនា ថាកិច្ចប្រជុំបានពិភាក្សាទៅលើជម្រើសចំនួន៣ សម្រាប់ជនជាតិម៉ុងតាញ៉ា ក្នុងនោះរួមមាន ការធ្វើសមាហរណកម្មពួកគេនៅលើទឹកដីប្រទេសកម្ពុជា ការធ្វើមាតុភូមិ និវត្តន៍ពួកគេដោយស្ម័គ្រចិត្តត្រឡប់ទៅកាន់ប្រទេសវៀតណាមវិញ និងការផ្ដល់ការតាំងទី លំនៅថ្មីក្នុងប្រទេសទី៣។ យ៉ាងណាក៏ដោយ អ្នកស្រី វីវៀន តាន់ អះអាងថា កិច្ចប្រជុំ មិនទាន់មានសេចក្ដីសម្រេចអ្វីឡើយ ហើយថាការងារនេះកំពុងដំណើរការទៅមុខ។
ចំណែកប្រធាននាយកដ្ឋានជនភៀសខ្លួន នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ លោក គឹម សារិន បញ្ជាក់ថា ពិតជាមានកិច្ចប្រជុំរវាងមន្ត្រីអង្គការសហប្រជាជាតិ និងមន្ត្រីកម្ពុជា និងវៀតណាមមែន។ លោកថា កិច្ចប្រជុំនោះខាងភាគីកម្ពុជាតំណាងដោយលោក ឡុង វិសាលោ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា ហើយខាងភាគីវៀតណាម តំណាងដោយអនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម។
យ៉ាងណាក៏ដោយ លោក គឹម សារិន ដែលអះអាងថាបានចូលរួមក្នុងកិច្ចប្រជុំដែរនោះ មានប្រសាសន៍ថា លោកមិនអាច បញ្ជាក់លំអិតអំពីអ្វីដែលបានលើកឡើងក្នុងកិច្ចពិភាក្សានោះទេ ហើយបង្វែរបញ្ហានេះ ឲ្យទៅសួរលោក ឡុង វិសាលោ វិញ។
វិទ្យុអាស៊ីសេរី បានទាក់ទងលោក ឡុង វិសាលោ ដើម្បីស្នើសុំការបញ្ជាក់បន្ថែម ប៉ុន្តែលោកបដិសេធមិនផ្ដល់ព័ត៌មានអំពីកិច្ចប្រជុំនោះឡើយ។ ចំណែកអ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង មានប្រសាសន៍ថា លោកមិនបានដឹងអំពីកិច្ចប្រជុំនោះទេ។
នេះគឺជាជំនួបត្រីភាគីផ្លូវការលើកទី១ រវាងមន្ត្រីអង្គការសហប្រជាជាតិ និងមន្ត្រីកម្ពុជា និងវៀតណាម ចាប់តាំងពីមានជនភៀសខ្លួនម៉ុងតាញ៉ាវៀតណាមរត់ចូលមកទឹកដីកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០១៤មក។ វាក៏ជាជំនួបដែលសង្គមស៊ីវិលសម្ដែងការគាំទ្រ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (adhoc) ខេត្តរតនគិរី លោក ឆាយ ធី កត់សម្គាល់ថា កន្លងមកអង្គការសង្គមស៊ីវិល ក៏តែងទាមទារនូវចំណុចដែលអង្គការសហប្រជាជាតិ បានលើកឡើងជាមួយមន្ត្រីកម្ពុជា និងវៀតណាមនេះដែរ ជាពិសេសទាមទារឲ្យមានការគោរពសិទ្ធិរបស់ជនភៀសខ្លួន៖ «យើងបានឃើញហើយអាជ្ញាធរកម្ពុជាយើងសហការជាមួយអាជ្ញាធរវៀតណាម តាមរុករកចាប់ពួកគាត់ដោយមិនបានគោរពសិទ្ធិរបស់ពួកគាត់ ពួកគាត់មកនេះសុំសិទ្ធិជ្រក កោនក្នុងឋានៈជាជនភៀសខ្លួន ប៉ុន្តែត្រូវបានអាជ្ញាធរចាប់បញ្ជូនទៅវិញដោយស្ងាត់ៗ តាមពិតទៅពួកគាត់ជាក្រុមម៉ុងតាញ៉ាតែមួយ ដែលត្រូវបានរដ្ឋាភិបាលទទួលស្គាល់១៣ នាក់កន្លងមក យើងឃើញថា នេះជាការរំលោភទៅលើសិទ្ធិជនភៀសខ្លួនរបស់ពួកគាត់»។
កម្ពុជាបានចូលជាសមាជិក អនុសញ្ញាអន្តរជាតិស្ដីពីឋានៈនៃជនភៀសខ្លួន នៅឆ្នាំ១៩៩២។ ក្នុងនាមជាសមាជិកនៃអនុសញ្ញានេះ កម្ពុជាបានសន្យាថា នឹងគោរពព្រមទាំងអនុវត្តយ៉ាង ទៀងទាត់នូវបទបញ្ញត្តិទាំងឡាយដែលមានចែងនៅក្នុងអនុសញ្ញានេះ។
យ៉ាងណាក៏ដោយ កន្លងមករដ្ឋាភិបាលកម្ពុជាបានទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ សង្គមស៊ីវិលជាតិនិងអន្តរជាតិ បន្ទាប់ពីពួកគេបានចាប់បញ្ជូនខ្លួនជនជាតិម៉ុងតាញ៉ា ឲ្យត្រលប់ទៅកាន់ប្រទេសវៀតណាមវិញដោយបង្ខំ និងមិនបានសហការជាមួយអង្គការសហប្រជាជាតិ ក្នុងការផ្ដល់ការទំនុកបម្រុងជនភៀសខ្លួនដែលកំពុងលាក់ខ្លួននៅក្នុងព្រៃ។ លើសពីនេះ ក្នុងចំណោមជនជាតិម៉ុងតាញ៉ាចំនួន៣៦នាក់ ដែលអាជ្ញាធរខ្មែរចាប់បញ្ជូនឲ្យ អាជ្ញាធរវៀតណាមកាលពីចុងខែកុម្ភៈ ៤នាក់ត្រូវបានគេរាយការណ៍មកថាបានបាត់ខ្លួន៕