តើ​គួរ​មាន​គោលការណ៍​អ្វី​ខ្លះ​ដើម្បី​ឲ្យ​ការ​បញ្ចេញ​មតិ​តាម​អ៊ីនធឺណិត​មាន​ភាព​ល្អ​ប្រសើរ?

ដោយ យ៉ង ចាន់តារា
2015.08.17
អ៊ីនធឺណិត​បើក​ទូលាយ ៦២០ វាគ្មិន​ចូលរួម​ក្នុង​កម្មវិធី​អ៊ីនធឺណិត​បើក​ទូលាយ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Yang Chandara

សេរីភាព​បញ្ចេញ​មតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​ពេល​មុន ប៉ុន្តែ​អ្នក​ប្រើប្រាស់​ខ្លះ​នៅ​តែ​អាច​ប្រឈម​នឹង​បញ្ហា​ផ្លូវ​ច្បាប់ បើ​សិន​ជា​គេ​គិត​ថា វា​ជា​ការ​វាយ​ប្រហារ ឬ​ជា​ព័ត៌មាន​មិន​ពិត។

តើ​សេរីភាព​បញ្ចេញ​មតិ​តាម​អ៊ីនធឺណិត​នៅ​កម្ពុជា គួរ​មាន​គោលការណ៍​អ្វី​ខ្លះ?

សេរីភាព​បញ្ចេញ​មតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា មាន​ភាព​ល្អ​ប្រសើរ​ច្រើន។ អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​អាច​បញ្ចេញ​យោបល់ កាត់​ត​រូបភាព​ផ្សេងៗ និង​ចែក​រំលែក​ត​គ្នា​នូវ​អ្វី​ដែល​ពួក​គេ​ពេញ​ចិត្ត។ នេះ​ជា​ការ​អះអាង​របស់ លោក សូ សោទ្ធី មន្ត្រី​សម្រប​សម្រួល​តស៊ូ​មតិ នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​សីហា៖ «ទី​មួយ យើង​រីករាយ​ដែរ​ដែល​ស្រុក​ខ្មែរ​យើង​មាន​សេរីភាព​បញ្ចេញ​មតិ​ច្រើន​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ប៉ុន្តែ​ទី​ពីរ យើង​ក៏​បារម្ភ​ដែរ​ក្នុង​ការ​ប្រើប្រាស់​ក្នុង​ផ្លូវ​ខុស។ អ៊ីចឹង​យើង​កំពុង​តែ​បង្កើត​ឡើង​នូវ​គោលការណ៍​នៃ​សិទ្ធិ​អ៊ីនធឺណិត​មួយ ដើម្បី​ឲ្យ​ស្រុះស្រួល​គ្នា​ថា​សិទ្ធិ​យើង​មាន ក៏ប៉ុន្តែ​យើង​មិន​ត្រូវ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ឯកជន​របស់​អ្នក​ដទៃ​ទេ»

គោលការណ៍​សិទ្ធិ​ស្តី​អំពី​សេរីភាព​អ៊ីនធឺណិត ដែល​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បាន​ចងក្រង​រួម​មាន ការ​ទទួល​ស្គាល់​សិទ្ធិ​នៅ​លើ​អ៊ីនធឺណិត និង​សិទ្ធិ​នៃ​ការ​ប្រើប្រាស់​អ៊ីនធឺណិត​ដើម្បី​ធានា​ថា បុគ្គល​ទាំងអស់​មាន​សិទ្ធិ​ក្នុង​ការ​ប្រើប្រាស់​អ៊ីនធឺណិត​ដោយ​មិន​មាន​អ្នក​ណា​អាច​កាត់​ផ្តាច់ លើក​លែង​តែ​ក្នុង​ករណី​ជាប់​ពិរុទ្ធ។ ក្រៅ​ពី​នេះ អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ត្រូវ​មាន​សិទ្ធិ​ចូលរួម​បង្កើត​ជា​ក្រុម និង​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ លើក​លែង​តែ​ការ​ប្រើប្រាស់​ក្នុង​រូបភាព​ជេរ​ប្រមាថ ការ​ប្រើប្រាស់​រូបថត​របស់​អ្នក​ដទៃ​ដោយ​គ្មាន​ការ​អនុញ្ញាត ឬ​ការ​ចោទ​ប្រកាន់​អ្នក​ដទៃ​ដោយ​គ្មាន​ភស្តុតាង។ បន្ថែម​ពី​លើ​នេះ អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ត្រូវ​មាន​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ដោយ​មិន​មាន​ការ​រារាំង ឬ​បំបិទ​ការ​ទទួល​បាន​ព័ត៌មាន​នោះ​ឡើយ ជាពិសេស អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ត្រូវ​តែ​ទទួល​បាន​នូវ​សិទ្ធិ​ឯកជន​ភាព សិទ្ធិ​នៃ​ការ​បង្កើត​ថ្មី និង​ត្រូវ​គោរព​សិទ្ធិ​អ្នក​ប្រើប្រាស់​ដទៃ​ទៀត។

ទិន្នន័យ​មូលដ្ឋាន​ខែ​មិថុនា ឆ្នាំ​២០១៥ របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ អតិថិជន​អ៊ីនធឺណិត​ទាំង​ចល័ត និង​អចល័ត​នៅ​កម្ពុជា មាន​ចំនួន​ជិត ៦​លាន​នាក់ (៥.៩១៣.១៥៩​នាក់) កើន​ឡើង​ខ្លាំង បើ​ធៀប​នឹង​ឆ្នាំ​២០១៣ ដែល​មាន​អ្នក​ប្រើប្រាស់​តែ ២,៧​លាន​នាក់​តែ​ប៉ុណ្ណោះ។

ដោយសារ​តែ​កំណើន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​កាន់​តែ​ខ្ពស់ និង​មិន​មាន​ការ​ត្រួត​ពិនិត្យ រាជ​រដ្ឋាភិបាល​កម្ពុជា ហាក់​បង្ហាញ​ពី​កង្វល់​របស់​ខ្លួន និង​បង្កើត​ឲ្យ​វិធានការ​ផ្សេងៗ ដើម្បី​អាច​គ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​នេះ​បាន។ វិធានការ​ទាំង​នោះ​រួម​មាន សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ប្រព័ន្ធ​បច្ចេកវិទ្យា គម្រោង​ដំឡើង​ឧបករណ៍​តាមដាន​លើ​ក្រុមហ៊ុន ដែល​ផ្តល់​សេវា​អ៊ីនធឺណិត​ក្នុង​ប្រទេស និង​ការ​បង្កើត​ក្រុម​ប្រយុទ្ធ​ប្រឆាំង​នឹង​បទ​ឧក្រិដ្ឋ​លើ​ប្រព័ន្ធ​ព័ត៌មានវិទ្យា ដើម្បី​ឃ្លាំ​មើល​គេហទំព័រ ពិសេស​គឺ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ពី​ការ​ផ្សាយ​ព័ត៌មាន​ដែល​អាច​មាន​លក្ខណៈ​មិន​ពិត​ពី​រដ្ឋាភិបាល។ ប៉ុន្តែ​ដោយ​មាន​ការ​រិះគន់​ច្រើន​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ប្រព័ន្ធ​បច្ចេកវិទ្យា ត្រូវ​បាន​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ទម្លាក់​ចោល​ជា​ផ្លូវ​ការ​នៅ​ចុង​ឆ្នាំ​២០១៤។

ទោះ​បី​ជា​មាន​ការ​ទម្លាក់​ចោល​សេចក្តី​ព្រាង​ច្បាប់​នេះ​ក៏ដោយ ក៏​រដ្ឋាភិបាល​ហាក់​មិន​ទាន់​អស់​ចិត្ត​ក្នុង​ការ​រឹត​បន្តឹង​ការ​ប្រើប្រាស់​អ៊ីនធឺណិត​ដែរ។ ជាក់ស្តែង​កាល​ពី​ខែ​ឧសភា កន្លង​ទៅ មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​សរសេរ​នៅ​លើ​គណនេយ្យ​ហ្វេសប៊ុក​របស់​លោក​ថា «នឹង​ចាត់​វិធានការ​ណា​មួយ​ទាំង​ផ្លូវ​បច្ចេកទេស និង​ផ្លូវ​ច្បាប់ ដើម្បី​រក្សា​សេរីភាព និង​សេចក្តី​ថ្លៃថ្នូរ​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​អនឡាញ» ក្នុង​ករណី​ដែល​មាន​ជន​ណា​ប្រើប្រាស់​បណ្ដាញ​ព័ត៌មាន​សង្គម ដើម្បី​ប្រើ​ពាក្យ​អសុរោះ ប្រមាថ មាក់ងាយ បំផ្លើស និង​វាយ​ប្រហារ​បរិហារ​បង្កាច់​កេរ្តិ៍​ទៅ​លើ​មន្ត្រី​រាជការ​សាធារណៈ។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ លោក សូ សោទ្ធី មន្ត្រី​សម្រប​សម្រួល​តស៊ូ​មតិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បាន​លើក​ឡើង​ថា ការ​ដាក់​ទោស​ទណ្ឌ​គួរ​ធ្វើ​ឡើង​ត្រឹម​កម្រិត​រដ្ឋប្បវេណី ជា​ជាង​ទោស​ព្រហ្មទណ្ឌ៖ «សង្គម​ស៊ីវិល​មើល​ឃើញ​ថា ការ​បញ្ចេញ​មតិ​នៅ​ប្រទេស​កម្ពុជា មាន​លក្ខណៈ​សេរី​ជ្រុល​បន្តិច​មែន ក៏ប៉ុន្តែ​នៅ​ក្នុង​បុព្វហេតុ​មួយ​ដើម្បី​ធានា​ឲ្យ​សិទ្ធិ​បញ្ចេញ​មតិ​ដើរ​បាន​ទូលំទូលាយ​តែ​ប៉ុណ្ណោះ។ នៅ​ក្នុង​លក្ខខណ្ឌ​ណា​មួយ​ដែល​យើង​ចង់​បង្កើត​ច្បាប់ ដើម្បី​ដាក់​ទោស យើង​សំណូមពរ​ថា ឲ្យ​ច្បាប់​នោះ​មាន​លក្ខណៈ​ត្រឹម​តែ​ជា​ទោស​រដ្ឋប្បវេណី​ជា​ការ​ផាក​ពិន័យ​បាន​ហើយ ជា​ជាង​ការ​ដាក់​ពន្ធនាគារ»

លោក សូ សោទ្ធី បាន​សំណូមពរ​ដល់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​កម្ពុជា ឲ្យ​ប្រើប្រាស់​ក្នុង​គោល​បំណង​លើក​ស្ទួយ​សេរីភាព​បញ្ចេញ​មតិ ទទួល​បាន​ព័ត៌មាន និង​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​សង្គម ដោយ​ចៀសវាង​ការ​ជេរ​ប្រមាថ ឬ​ចោទ​ប្រកាន់​អ្នក​ដទៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
តើ​លោក កើត សារ៉ាយ ជា​អ្នកណា?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។