ក្រសួង​មហាផ្ទៃ​បដិសេធ​ស៊ើប​អង្កេត​ករណី​គំរាម​សម្លាប់​លោក សុខ ទូច និង​មេ​ដឹក​នាំ​បក្ស​ប្រឆាំង

ដោយ ថា កិត្យា
2016.09.04
សុខ ទូច ២០១៦ ៨៥៥ ប្រធាន​ក្រុម​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​នៃ​រាជបណ្ឌិត្យសភា លោក សុខ ទូច ថ្លែង​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Morm Moniroth
RFA/Morm Moniroth

គណបក្ស​សង្គ្រោះ​ជាតិ និង​លោក​បណ្ឌិត សុខ ទូច ស្នើ​ឲ្យ​រដ្ឋាភិបាល​ស៊ើប​អង្កេត និង​មាន​វិធានការ​នានា​ទៅ​លើ​អ្នក​គំរាម​សម្លាប់​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) ម្នាក់។ រីឯ​មន្ត្រី​ក្រសួង​មហាផ្ទៃ បដិសេធ​មិន​ស៊ើប​អង្កេត ឬ​មាន​វិធានការ​តាម​ការ​ស្នើសុំ​នោះ​ទេ។

ការ​គំរាម​កំហែង​ដល់​អាយុ​ជីវិត​លើ​មេ​ដឹកនាំ​បក្ស​ប្រឆាំង អ្នក​វិភាគ និង​អ្នក​កាសែត បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​តាំង​ពី​ថ្ងៃ​ទី​៣ ខែ​សីហា។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ចាត់​ទុក​ថា ការ​គំរាម​សម្លាប់​នេះ គឺ​ជា​អំពើ​ខុស​ច្បាប់ ដូច្នេះ​លោក​អំពាវនាវ​ឲ្យ​ក្រសួង​មាន​សមត្ថកិច្ច​ចាត់​វិធានការ​វែក​មុខ​អ្នក​ដែល​សរសេរ​សារ​គំរាម​សម្លាប់ ហើយ​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់៖ «សូម​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ ព្រោះ​នេះ​ជា​តួនាទី​របស់​ក្រសួង​មហាផ្ទៃ បើ​កាលណា​មាន​ការ​គំរាម​កំហែង​ទៅ​ដល់​អ្នក​នយោបាយ ទៅ​ដល់​សង្គម​ស៊ីវិល ទៅ​ដល់​ប្រជាពលរដ្ឋ គឺ​ក្រសួង​មហាផ្ទៃ ត្រូវ​ចាត់​វិធានការ»

ការ​អំពាវនាវ​នេះ បន្ទាប់​ពី​គណនេយ្យ​ហ្វេសប៊ុក​ឈ្មោះ Oun Heang Love (ជូ ឡៃហ៊ាង) បាន​សរសេរ​សារ​បង្ហោះ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ថា «កែម ឡី ងាប់​មួយ​ហើយ បន្ត​ទៀត​គឺ កឹម សុខា បន្ទាប់ សុខ ទូច ហើយ ប៊ុត ប៊ុនតិញ ខុម ចាន់តារាទី ហៅ​មី​ខ្មុំ ជុន ច័ន្ទបុត្រ អ៊ូ វីរៈ ឡៅ ប៊ុនហៃ ពួក​វា​អស់​ជីវិត​ត្រឹម ២០១៨។ ពួក​ហែង​ចាំ​មើល​ទៅ​ថា​អញ​និយាយ​ពិត ឬ​និយាយ​លេង 25/10/2016 កឹម សុខា នៅ​វត្ត»

លោក​បណ្ឌិត សុខ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា ដែល​ឋិត​ក្នុង​ចំណោម​មនុស្ស​ដែល​រង​ការ​គំរាម​សម្លាប់​នេះ​ដែរ មាន​ប្រសាសន៍​ថា នៅ​ពេល​ដែល​ឃើញ​សារ​គំរាម​សម្លាប់​នេះ លោក​ហាក់​ដូចជា​បាត់បង់​នូវ​សេរីភាព​ក្នុង​ការ​រស់នៅ។ លោក​ថា សង្គម​កម្ពុជា មិន​គួរ​ប្រមាថ​អាយុ​ជីវិត​អ្នក​ដទៃ​ឡើយ ហើយ​លោក​ធ្វើ​អ្វីៗ​គឺ​ដើម្បី​ជាតិ និង​ប្រជាជន៖ «សម្រាប់​ខ្ញុំ​ហាក់​ដូចជា​សោកសៅ នៅ​ពេល​ដែល​យើង​ធ្វើ​ការ​អត់​ដឹង​ថ្ងៃ​យប់ អត់​ដឹង​ហួស​ម៉ោង​ហួស​ពេល ដើម្បី​ផល​ប្រយោជន៍​ជាតិ និង​ដើម្បី​ប្រជាជន ហើយ​ផ្ទុយ​ទៅ​វិញ​មាន​មនុស្ស​បែប​ហ្នឹង គឺ​រដ្ឋ​ត្រូវ​តែ​ទទួល​បន្ទុក​រក​មនុស្ស​បែប​នេះ​ឲ្យ​ឃើញ ទោះ​ក្នុង​ករណី​ណា​ក៏ដោយ»

នេះ​គឺ​មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ​នៅ​ក្នុង​សង្គម​កម្ពុជា ចំពោះ​អ្នក​ដែល​ធ្វើ​ការ​ដើម្បី​ផល​ប្រយោជន៍​ជាតិ ត្រូវ​បាន​គេ​ព្យាយាម​ធ្វើ​ទុក្ខបុកម្នេញ និង​តាម​ផ្តិចផ្តិល​ជីវិត​នោះ។ កន្លង​ទៅ នៅ​កម្ពុជា មាន​ឃាតកម្ម​ធំៗ​ជាច្រើន​ទៅ​លើ​មនុស្ស​ល្បីៗ និង​មាន​សក្ដានុពល រួម​មាន​ការ​បាញ់​សម្លាប់​ព្រះតេជព្រះគុណ សំ ប៊ុនធឿន លោក ជា វិជ្ជា លោក ឈុត វុទ្ធី និង​ចុង​ក្រោយ​បង្អស់​គឺ​លោក​បណ្ឌិត កែម ឡី។ ដោយ​មើល​ឃើញ​អំពើ​ឧក្រិដ្ឋកម្ម​ធំៗ​បែប​នេះ កម្ពុជា ត្រូវ​បាន​កាសែត​បរទេស​ចាត់​ទុក​ថា​ជា​ទីក្រុង​ឃាតកម្ម​ប្រចាំ​តំបន់​អាស៊ី។

ចំពោះ​ការ​គំរាម​សម្លាប់​ជា​ថ្មី​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មិន​ជឿ​លើ​ហ្វេសប៊ុក​នោះ​ទេ ហើយ​លោក​បញ្ជាក់​ថា អាជ្ញាធរ​នឹង​មិន​ស៊ើប​អង្កេត​អ្វី​ឡើយ៖ «ហ្វេសប៊ុក​វា​មិន​មែន​ក្នុង​ហ្នឹង​ទេ ជួនកាល​នៅ​ក្រៅ​ប្រទេស ហើយ​អា​ខ្លះ​វា​នៅ​ក្រៅ​ប្រទេស វា​និយាយ​ប៉ាតណាប៉ាតណី។ អា​ខ្លះ​ហៅ​ប្រទេស​យើង​ថា​តិរច្ឆាន​ផង ដូច្នេះ​កុំ​ជឿ​វា ពួក​អា​អស់​នេះ។ យើង​គិត​ថា បើ​គ្មាន​កំហុស​ចំពោះ​ជាតិ​ចំពោះ​ប្រជាជន​យើង​ទេ យើង​ដេក​ស្រួល»

លោក​បណ្ឌិត សុខ ទូច បញ្ជាក់​ថា ប្រសិន​បើ​អាជ្ញាធរ​ពុំ​មាន​វិធានការ​ទេ​នោះ លោក​នឹង​ដាក់​ពាក្យ​បណ្ដឹង។ លោក​បណ្ឌិត សុខ ទូច បន្ត​ថា ឃាតកម្ម​នៅ​កម្ពុជា និង​បរទេស គឺ​ខុស​គ្នា​ខ្លាំង​ដោយ​នៅ​បរទេស តែង​មាន​អ្នក​ចេញ​មុខ​ទទួល​ខុស​ត្រូវ តែ​នៅ​កម្ពុជា វិញ ពេល​មាន​ឃាតកម្ម​កើត​ឡើង មិន​ដែល​មាន​អ្នក​ណា​ចេញ​មុខ​ទទួល​ខុស​ត្រូវ ឬ​រក​ឃើញ​អ្នក​ប្រព្រឹត្ត​ឡើយ។

រីឯ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លើក​ឡើង​ថា ប្រសិន​បើ​ការ​គំរាម​កំហែង​អាយុ​ជីវិត​នេះ​នៅ​តែ​បន្ត​នោះ វា​មិន​ល្អ​ឡើយ​សម្រាប់​ជាតិ​កម្ពុជា។ លោក​ថា អាជ្ញាធរ​មាន​កាតព្វកិច្ច​ស្រាវជ្រាវ​រឿង​នេះ​ដោយ​តម្លាភាព និង​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ៖ «វា​ប៉ះពាល់​អារម្មណ៍​ប្រជាពលរដ្ឋ វា​ប៉ះពាល់​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិ​មនុស្ស វា​ប៉ះពាល់​ដល់​កេរ្តិ៍​ប្រទេស​យើង​នៅ​លើ​ឆាក​អន្តរជាតិ វា​ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​អ្នក​វិនិយោគទុន។ល។»

ថ្វីត្បិតតែ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ថា​ការ​គំរាម​តាម​ហ្វេសប៊ុក​នេះ​ជា​រឿង​មិន​គួរ​ជឿ​ដែល​នាំ​ឲ្យ​មាន​វិធានការ​ក្តី ក៏ប៉ុន្តែ​កន្លង​ទៅ នៅ​ពេល​ដែល​មាន​អ្នក​ណា​ម្នាក់​គំរាម​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឬ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តាម​ហ្វេសប៊ុក​នោះ អាជ្ញាធរ​ហាក់​ដូចជា​ចាត់ការ​លើ​រឿង​នោះ​ដោយ​យក​ចិត្ត​ទុក​ដាក់​ជា​ទីបំផុត។

កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០១៦ សមត្ថកិច្ច​ខេត្ត​កំពង់ធំ បាន​ចាប់​ខ្លួន​យុវជន​ម្នាក់​ឈ្មោះ ម៉ាន់ សំអ៊ាន់ អាយុ ២៨​ឆ្នាំ រស់នៅ​ភូមិ​ម្នាវ សង្កាត់​ស្រយ៉ូវ ខេត្ត​កំពង់ធំ ដោយ​ចោទ​ថា​គំរាម​សម្លាប់​ប្រមុខ​រដ្ឋាភិបាល​តាម​បណ្ដាញ​សង្គម។ ចំណែក​យុវជន​ម្នាក់​ទៀត​ឈ្មោះ គង់ រ៉ៃយ៉ា ដែល​បង្ហោះ​សារ​អំពាវនាវ​ធ្វើ​បដិវត្ត​ពណ៌​នោះ ក៏​ត្រូវ​បាន​ចាប់​ខ្លួន មិន​ទាន់​ចេញ​ពី​ពន្ធនាគារ​ដែរ។

អង្គការ​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង ស្នើ​ឲ្យ​ក្រសួង​មាន​សមត្ថកិច្ច ត្រូវ​បម្រើ និង​ការពារ​ជាតិ​មាតុភូមិ និង​ប្រជាជន​គ្រប់​រូប មិន​ត្រូវ​ការពារ​តែ​បុគ្គល និង​បក្ខពួក​ណា​មួយ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។