លោក ហ៊ុន សែន ប្រាប់​ជប៉ុន​ថា​ច្បាប់​​អង្គការ​ជា​ច្បាប់​ជួយ​ដល់​អង្គការ​និង​សមាគម

ដោយ សុជីវី
2015.07.03
ហ៊ុន សែន ៦២០ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ក្នុង​ពិធី​សម្ពោធ​ស្ពាន​អ្នក​លឿង នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៥។
Photo Provided

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង​នៅ​ចំពោះ​មុខ​មន្ត្រី​ជប៉ុន​ថា ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​រដ្ឋសភា​កម្ពុជា គ្រោង​នឹង​ប្រជុំ​អនុម័ត​នៅ​ថ្ងៃ​ទី១០ ខែ​កក្កដា ថា ជា​ច្បាប់ ដែល​ជួយ​ដល់​អង្គការ​សមាគម​ទៅ​វិញ​ទេ។

លោក​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​បែប​នេះ​ប្រាប់​ប្រធាន​សមាគម​មិត្តភាព​សភា​កម្ពុជា-ជប៉ុន លោក តាកេអូ ហ៊ីរ៉ានុម៉ា (Takeo Hiranuma) នៅ​ព្រឹកថ្ងៃទី០៣ ខែ កក្កដា នៅ​ទី​ក្រុង​តូក្យូ ខណៈ​លោក ដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​កម្ពុជា ចូលរួម​កិច្ច​ប្រជុំ​កំពូល​មេគង្គ-ជប៉ុន​លើក​ទី​៧។

ទីភ្នាក់ងារ​សារព័ត៌មាន​ខ្មែរ​អាកាប៉េ(AKP) បាន​ផ្សព្វផ្សាយ​ដោយ​ស្រង់​ប្រសាសន៍​របស់​លោក នាយករដ្ឋមន្ត្រី ដែល​បន្ត​ពន្យល់​ថា ការ​បង្កើត​ច្បាប់ ស្ដីពី​អង្គការ​សមាគម​មិនមែន​ជា​ច្បាប់​សម្លាប់​អង្គការ និង​សមាគម​ទេ ប៉ុន្តែ​ផ្ទុយ​ទៅវិញ​ច្បាប់​នេះ​នឹង​ធានា​ប្រសិទ្ធភាព និង​និរន្តរភាព​របស់​អង្គការ សមាគម។

ស្របគ្នា​នេះ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា នៅ​ថ្ងៃ​ដដែល​នេះ​បាន​ជូនដំណឹង​ថា រដ្ឋសភា​នឹង​រៀបចំ​សិក្ខា​សាលា ពិគ្រោះ​យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ កក្កដា។ ជាមួយ​គ្នា​នេះ ក៏​បាន​ណែនាំ​អោយ​សាធារណជន ដែល​មាន​បំណង​ចូលរួម​ក្នុង​សិក្ខាសាលា​នោះ​អាច​ទាក់ទង​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា ដើម្បី​ចុះ​ឈ្មោះ និង​ទទួល​យក​ស្លាក​សញ្ញា​សំគាល់​ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​ដល់​ថ្ងៃ​ទីខែ​កក្កដា ត្រឹម​ម៉ោង​១១ ព្រឹក។

ទាក់ទិន​នឹង​ច្បាប់​នេះ​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​តវ៉ា​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ​អោយ​រដ្ឋាភិបាល និង​រដ្ឋសភា ទម្លាក់​ចោល​ច្បាប់​នេះ ឬ​ត្រូវ​ពិគ្រោះយោបល់​សេចក្ដីព្រាងច្បាប់​នេះ​អោយ​បាន​ពេញលេញ ដោយ​សំអាង​ថា​ជា​ច្បាប់ ដែល​រឹតត្បិត​សេរីភាព និង​បង្អាក់​ដំណើរការ​របស់​ពួកគេ​ក្នុង​ការ​បំពេញ​ការងារ​បម្រើ​សហគមន៍។ លើស​ពី​នេះ​ពួក​គេ​អំពាវនាវ​អោយ​ម្ចាស់​ឆ្នោត​ពិចារណា​ពុំ​បោះឆ្នោត​អោយ​គណបក្ស​ណា ដែល​គាំទ្រ​ការ​អនុម័ត​ច្បាប់ សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។