ជន​ពិការ​ស្នើសុំ​រដ្ឋាភិបាល​បង្ក​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង

ដោយ ឡេង ម៉ាលី
2016.11.08
ជន​ពិការ ២០១៦ ៨៥៥ ជន​ពិការ​រង់ចាំ​រថយន្ត​ក្រុង​នៅ​ចំណត​រថយន្ត​ក្រុង​ផ្លូវ​ព្រះមុនីវង្ស រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth
RFA/Chuop Sereyroth

អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ជន​ពិការ ដែល​មាន​តំណាង​មក​ពី​ផ្នែក​ដឹក​ជញ្ជូន​សាធារណៈ​តាម​រថយន្ត​ក្រុង ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ ជន​ពិការ អង្គការ​ជន​ពិការ​អន្តរជាតិ​ប្រចាំ​កម្ពុជា និង​សាកលវិទ្យាល័យ​ឃ្វីនស្លែន​បច្ចេកវិទ្យា (Queensland) អូស្ត្រាលី ជួប​ពិភាក្សា​គ្នា​អំពី​ការ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ជន​ពិការ​ក្នុង​ការ​ធ្វើ​ដំណើរ​នៅ​ថ្ងៃ​ទី​៧ វិច្ឆិកា។

ក្រុម​ជន​ពិការ​នាំ​គ្នា​ស្វែងរក​អន្តរាគមន៍​ពី​រដ្ឋ​ឲ្យ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ពួក​គាត់ ក្នុង​ការ​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​ដែល​មាន​ការ​លំបាក​នៅ​ពេល​បច្ចុប្បន្ន​នេះ។

ជន​ពិការ​ធ្វើ​ដំណើរ​លើ​រទេះ​មួយ​រូប គឺ​កញ្ញា ជា បុប្ផា ថ្លែង​ថា ជន​ពិការ​ដូចជា​កញ្ញា តែង​ជួប​ការ​លំបាក​ពេល​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​ម្ដង។ ការ​លំបាក​ទាំងនោះ​មាន​ជាអាទិ៍ ការ​មិន​បាន​ដាក់​ស្លាក​សញ្ញា ឬ​កុងតាក់​ភ្លើង​ប្រាប់​ព័ត៌មាន​សម្រាប់​ជន​ពិការ ទាំង​នៅ​លើ​រថយន្ត និង​នៅ​ចំណត​រង់ចាំ។ ក្រៅ​ពី​នេះ បុគ្គលិក​រថយន្ត​ក្រុង​ខ្លះ​មិន​យល់ ហើយ​មិន​យក​ចិត្ត​ទុក​ដាក់​ដល់​ជន​ពិការ​ជាដើម៖ «បុគ្គលិក​មួយ​ចំនួន​គាត់​ធ្វើ​ការ​តាម​អារម្មណ៍។ ជា​បទពិសោធន៍​កន្លង​មក ខ្ញុំ​ធ្លាប់​ប្រើប្រាស់ គឺ​អ៊ីចឹង​មែន។ បុគ្គលិក​មួយ​ចំនួន គឺ​គាត់​មាន​ចិត្ត គាត់​ឃើញ​គាត់​ចុះ​មក​ជួយ គាត់​សួរនាំ។ ប៉ុន្តែ​បុគ្គលិក​មួយ​ចំនួន​ទៀត​អត់​ទេ»

ទាក់ទង​នឹង​ការ​ត្អូញត្អែរ​របស់​ជន​ពិការ​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​នេះ ត្រូវ​បាន​អភិបាល​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង លោក អ៊ាន សុឃីម មាន​ប្រសាសន៍​ថា នៅ​ភ្នំពេញ​ពេល​នេះ ខាង​លោក​ទើប​តែ​មាន​សេវា​ដឹក​ជញ្ជូន​តាម​រថយន្ត​ក្រុង ៣​ខ្សែ ដែល​មាន​អ្នក​ជិះ​ចន្លោះ​ពី ៦​ពាន់​នាក់​ទៅ ៦.៥០០​នាក់​ក្នុង​មួយ​ថ្ងៃៗ។ ចំនួន​នេះ​ក៏​មាន​ជន​ពិការ​ចន្លោះ​ពី ៦០​នាក់​ទៅ ៧០​នាក់​ដែរ។

លោក​ឲ្យ​ដឹង​ថា ការ​អនុវត្ត​នៅ​ពេល​នេះ សេវា​រថយន្ត​ក្រុង​មាន​កន្លែង​អាទិភាព​សម្រាប់​ជន​ពិការ​ដែល​គាត់​អាច​ដាក់​រទេះ​រុញ​បាន ឬ​មួយ​គាត់​អាច​អង្គុយ​បាន។ ជន​ពិការ​ជិះ​រថយន្ត​ក្រុង​មិន​បាច់​បង់​ប្រាក់​ទេ។ ប៉ុន្តែ​លោក​ថា ក្នុង​រយៈពេល​កន្លង​ទៅ​នេះ ខាង​លោក​នៅ​មិន​ទាន់​បាន​បិទ​ស្លាក​សម្គាល់ ឬ​ជា​ព័ត៌មាន​ជាក់លាក់​ថា កៅអី​ណា​មួយ​សម្រាប់​ជន​ពិការ ចាស់​ជរា ស្ត្រី​មាន​កូន​តូច ឬ​ស្ត្រី​មាន​ផ្ទៃពោះ​នៅ​ឡើយ​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​ថា រថយន្ត​ក្រុង​នីមួយៗ​សុទ្ធតែ​មាន​កៅអី​អាទិភាព។ រថយន្ត​ក្រុង​នីមួយៗ​មាន​បុគ្គលិក​ពីរ​រូប គឺ​អ្នក​បើកបរ​ម្នាក់ និង​អ្នក​លក់​សំបុត្រ​ម្នាក់។

លោក​ទទួល​ស្គាល់​ថា ការ​អនុវត្ត​ពិត​ជា​មាន​ការ​ខ្វះ​ចន្លោះ ដូច​កញ្ញា ជា បុប្ផា លើក​ឡើង​មែន៖ «យើង​នៅ​មាន​ខ្វះ​ចន្លោះ វា​ជា​ការ​ពិត ដោយសារ​ថា​ការ​អនុវត្ត​វា​មិន​បាន ១០០% ទេ។ ប៉ុន្តែ​ពួក​គាត់​កន្លង​ទៅ​បាន​ជួយ​បង​ប្អូន​ជន​ពិការ​របស់​យើង ដែល​គាត់​ទៅ​ធ្វើ​ដំណើរ​អាច​ថា ជួយ​លើក​រទេះ​រុញ​របស់​គាត់ ឬ​មួយ​ជួយ​ដឹក​ដៃ​គាត់​ឡើង ឬ​ចុះ​ពី​ឡាន​វិញ យើង​មាន។ ចំណុច​មួយ​ទៀត យើង​មាន​ការ​អប់រំ​ផ្សព្វផ្សាយ​អំពី​សិទ្ធិ​ជន​ពិការ​ដោយ​គ្មាន​ការ​រើសអើង និង​ណែនាំ​បុគ្គលិក​បម្រើ​សេវា​ទាំងអស់​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ជាពិសេស​សម្រាប់​ជន​ពិការ»

រីឯ​ជន​ពិការ​ដើរ​ដោយ​ឈើច្រត់ គឺ​លោក ទឹម សុភី ឲ្យ​ដឹង​ថា ថ្វី​បើ​លោក​មិន​មាន​បញ្ហា​ពេល​រង់ចាំ ប៉ុន្តែ​លោក​មាន​បញ្ហា​ពេល​ឡើង​លើ​រថយន្ត​ក្រុង៖ «ដល់​ឡើង​រថយន្ត គឺ​អត់​មាន​អ្នក​ជួយ​ទេ គឺ​យើង​ត្រូវ​ធ្វើ​របស់​យើង បើ​និយាយ​ទៅ បើ​យើង​ចង់​ឲ្យ​គាត់​ជួយ ទាល់​តែ​យើង​ហៅ​គាត់។ ពេល​ចុះ​វិញ​ក៏​ដូច​គ្នា។ បើ​និយាយ​ទៅ គឺ​គាត់​គិត​ថា​យើង​ដូច​គេ​ដូច​ឯង​អ៊ីចឹង»

លោក អ៊ាន សុឃីម បញ្ជាក់​ថា ជា​ផែនការ​ដើម្បី​បង្ក​លទ្ធភាព​ដល់​ជន​ពិការ​ឲ្យ​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​បាន​ងាយ​ស្រួល ខាង​លោក​ជា​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង នឹង​ទទួល​បាន​រថយន្ត​ក្រុង​ថ្មី​ចំនួន ២៤០​គ្រឿង​ទៀត​ពី​រដ្ឋាភិបាល​ចិន និង​ជប៉ុន នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨៖ «នាំ​មក​នូវ​រថយន្ត​ថ្មី ហើយ​នៅ​ក្នុង​រថយន្ត​ហ្នឹង គឺ​មាន​បំពាក់​ដោយ​ឧបករណ៍ ឬ​ជម្រាល​ដែល​អាច​ឲ្យ​ជន​ពិការ​ឡើង​ជិះ ឬ​ចុះ​ពី​រថយន្ត​បាន​ដោយ​ងាយ​ស្រួល»

ក្រៅ​ពី​ការ​កសាង​រចនាសម្ព័ន្ធ និង​កែលំអ​សេវា​លើ​រថយន្ត​ក្រុង លោក​ក៏​មាន​ផែនការ​ធ្វើ​ផ្លូវ​ជម្រាល​ឡើង​ចុះ​នៅ​តាម​គ្រប់​ចំណត​រង់ចាំ​រថយន្ត​ក្រុង ដើម្បី​សម្រួល​ដល់​ជន​ពិការ​ដែល​ប្រើ​រទេះ​ហើយ​ដែរ។

ទន្ទឹម​គ្នា​នឹង​ការ​លើក​អំពី​បញ្ហា​ឧបសគ្គ​នានា ប្រធាន​ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ លោក ឯម ច័ន្ទមករា បញ្ជាក់​ថា ដើម្បី​លើក​កម្ពស់​សិទ្ធិ និង​សម្រួល​ដល់​ជន​ពិការ​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង លោក​នឹង​សហការ​ជាមួយ​ដៃគូ​រៀបចំ​ការ​បណ្ដុះបណ្ដាល​បច្ចេកទេស​ដល់​បុគ្គលិក​រថយន្ត​ក្រុង ឲ្យ​ចេះ​ជួយ​ជន​ពិការ៖ «ក្នុង​នោះ​ការ​រៀបចំ​បត់​រទេះ ការ​ដឹក​ដៃ​ជន​ពិការ​ភ្នែក ការ​ជួយ​សម្រួល​បង​ប្អូន​ខ្សោយ​សតិ​បញ្ញា ដើម្បី​អាច​រក​ទីកន្លែង​អង្គុយ​បាន និង​ការ​ប្រាប់​ទិសដៅ​របស់​បង​ប្អូន​ជន​ពិការ​របស់​យើង ពេល​ដែល​គាត់​ប្រើប្រាស់​រថយន្ត​ក្រុង»

ទោះ​ជា​បែប​ណា​ក្ដី តំណាង​ជន​ពិការ​រំពឹង​ថា ការ​សន្យា​កសាង​រចនាសម្ព័ន្ធ និង​សេវា​រថយន្ត​ក្រុង​ពី​ខាង​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង នឹង​ជួយ​សម្រួល​ច្រើន​ដល់​ជន​ពិការ​ឲ្យ​ធ្វើ​ដំណើរ​បាន​ដោយ​សុវត្ថិភាព​ដូច​អ្នក​ដទៃ។ លោក អ៊ាន សុឃីម មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​ថា នៅ​ពេល​នេះ អ្នក​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​នៅ​មាន​ការ​លំបាក​ច្រើន ព្រោះ​រថយន្ត​មាន​តែ ៣​ខ្សែ។ ដើម្បី​ដោះស្រាយ​បញ្ហា​ឲ្យ​អ្នក​ដំណើរ​ទូទៅ និង​ទាំង​ជន​ពិការ​ងាយ​ធ្វើ​ដំណើរ លោក​នឹង​ពង្រីក​សេវា​រថយន្ត​ក្រុង​ឲ្យ​ទៅ​ដល់ ១០​ខ្សែ​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
តើ​លោក កើត សារ៉ាយ ជា​អ្នកណា?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។