ក្រុម​សង្គម​ស៊ីវិល​ផ្នែក​អាស៊ាន​ជំរុញ​ឲ្យ​ពិនិត្យ​និង​ចាត់​វិធានការ​លើ​បញ្ហា​ដែល​បាន​ដាក់​ជូន

ដោយ ម៉ម មុនីរតន៍
2015.03.03
សេង រាសី ៦២០ ជំនួយ​ការ​នាយិកា​អង្គការ​សីលការ (Silaka) កញ្ញា សេង រាសី ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៥។
RFA/Morm Moniroth

អ្នក​សម្រប​សម្រួល​នៃ​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល លើ​កិច្ចការ​អាស៊ាន អះអាង​ថា អង្គការ​សង្គម​ស៊ីវិល​កំពុង​តែ​ពន្លឿន​កិច្ចការ​របស់​ខ្លួន អំពី​របាយការណ៍​ពាក់ព័ន្ធ​កិច្ចការ​អាស៊ាន ដើម្បី​ដាក់​បញ្ចូល​ទៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន និង​ជំរុញ​ឲ្យ​អន្តរ​រដ្ឋាភិបាល​ថ្នាក់​តំបន់ និង​ថ្នាក់​ជាតិ ពិនិត្យ និង​ចាត់​វិធានការ​តាម​សំណើ​លើ​បញ្ហា​នានា ដែល​កិច្ច​ប្រជុំ​នេះ​គ្រោង​នឹង​រៀបចំ​នៅ​ប្រទេស​ម៉ាឡេស៊ី នា​ចុង​ខែ​មេសា ខាង​មុខ។

ជំនួយ​ការ​នាយិកា​អង្គការ​សីលការ (Silaka) កញ្ញា សេង រាសី ឲ្យ​ដឹង​ថា ឆ្លង​តាម​រយៈ​កិច្ច​ប្រជុំ​ពេញ​មួយ​ថ្ងៃ​ទី​៣ មីនា បាន​រក​ឃើញ​បញ្ហា​ចំនួន ១៨​ចំណុច ក្នុង​នោះ​រួម​មាន បញ្ហា​ស្ត្រី កុមារ និង​សិទ្ធិ​មនុស្ស ជាដើម។ កញ្ញា​បន្ត​ថា បញ្ហា​ដែល​បាន​រក​ឃើញ​ទាំង​នេះ គឺ​នៅ​មិន​ទាន់​បាន​សម្រេច​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ ពោល គឺ​ត្រូវ​ឆ្លង​កាត់​សេចក្ដី​សម្រេច​ពី​ក្រុម​អង្គការ​ស្នូល​ចំនួន ១២​ស្ថាប័ន​បន្ថែម​ទៀត ដែល​ធ្វើ​លើ​កិច្ចការ​អាស៊ាន។ បើ​តាម កញ្ញា សេង រាសី សេចក្ដី​ថ្លែងការណ៍​រួម​ចុង​ក្រោយ​នឹង​ដាក់​ចូល​ទៅ​ក្នុង​សមាជ​ប្រជាជន​អាស៊ាន នា​ចុង​ខែ​មេសា ខាង​មុខ នៅ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ជំរុញ​អន្តរ​រដ្ឋាភិបាល​អាស៊ាន​ថ្នាក់​តំបន់ និង​ថ្នាក់​ជាតិ ធ្វើ​សេចក្ដី​សម្រេច​ជុំវិញ​កង្វល់​នានា​របស់​អង្គការ​សង្គម​ស៊ីវិល។

កញ្ញា សេង រាសី បន្ត​ថា «យើង​ដាក់​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​តំបន់។ នៅ​ក្នុង​ថ្នាក់​ជាតិ យើង​ដាក់​ទៅ​ក្នុង​ក្រសួង​ពាក់ព័ន្ធ ទៅ​លើ​វិស័យ​ដែល​អង្គការ​ក្រៅ​គាត់​ដាក់​មក ប៉ុន្តែ​អ្វី​ដែល​យើង​ផ្ដោត​សំខាន់​នៅ​ទី​នេះ ដោយសារ​នៅ​ថ្នាក់​អាស៊ាន យើង​មាន​យន្តការ​ពីរ គឺ​គណៈកម្មការ​អន្តរ​រដ្ឋាភិបាល​អាស៊ាន ស្ដីពី​សិទ្ធិ​មនុស្ស និង​គណៈកម្មាធិការ​អាស៊ាន​ស្ដីពី​ស្ត្រី និង​កុមារ»

អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​ធ្វើ​លើ​កិច្ចការ​អាស៊ាន បញ្ជាក់​ថា អស់​រយៈពេល ១០​ឆ្នាំ​កន្លង​ទៅ​ហើយ​ចាប់​តាំង​ពី​ឆ្នាំ​២០០៥ មក បញ្ហា​ជាច្រើន​សំណុំ​រឿង​ដែល​ដាក់​ចូល​ទៅ ក៏ប៉ុន្តែ​មិន​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ពី​ថ្នាក់​តំបន់ និង​ថ្នាក់​ជាតិ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។