អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ជួប​សង្គម​ស៊ីវិល​ធ្វើ​ការ​ពាក់ព័ន្ធ​សិទ្ធិ​មនុស្ស

ដោយ យាង សុជាមេត្តា
2016-03-21
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) (រូប​ឆ្វេង​កណ្ដាល) អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ (អ.ស.ប) ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ជួប​មន្ត្រី​រដ្ឋាភិបាល នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៥។
អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) (រូប​ឆ្វេង​កណ្ដាល) អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ (អ.ស.ប) ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ជួប​មន្ត្រី​រដ្ឋាភិបាល នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៥។
RFA/Brach Chev

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការ​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​២១ មីនា ជួប​ប្រជុំ​ជាមួយ​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ដើម្បី​បង្ហាញ​ការ​បារម្ភ​របស់​ពួក​គេ​ពី​ស្ថានភាព​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

ជំនួប​នេះ ធ្វើ​ឡើង​ភ្លាមៗ​ក្រោយ​ពី អ្នកស្រី រ៉ូណា ស្មីត មក​ដល់​កម្ពុជា ដើម្បី​តាម​ដាន​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​នេះ។

ក្រុម​សង្គម​ស៊ីវិល​ដែល​ចូល​ជួប អ្នកស្រី រ៉ូណា ស្មីត នៅ​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា រួម​មាន ក្រុម​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​លើ​ការ​ការពារ​សិទ្ធិ​មនុស្ស​ទូទៅ ក្រុម​ការពារ​សិទ្ធិ​ស្ត្រី និង​ក្រុម​ការពារ​សិទ្ធិ​ដីធ្លី និង​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច។

មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (ADHOC) លោក ណៃ វ៉ង់ដា ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ក្នុង​ជំនួប​ជាមួយ អ្នកស្រី រ៉ូណា ស្មីត ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​លើក​ឡើង​នូវ​កង្វល់​ជាច្រើន​ពី​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ បញ្ហា​ទាំង​នោះ​មាន​ដូចជា ការ​គំរាម​កំហែង​លើ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល ការ​បំបិទ​សំឡេង​អ្នក​រិះគន់​រដ្ឋាភិបាល ការ​មិន​អនុញ្ញាត​របស់​អាជ្ញាធរ​ឲ្យ​សង្គម​ស៊ីវិល​បណ្តុះបណ្តាល​ពី​សិទ្ធិ​មនុស្ស ការ​ប្រើប្រាស់​កង​កម្លាំង​បង្ក្រាប​លើ​បាតុកម្ម ឬ​ការ​ប្រមូល​ផ្តុំ​អហិង្សា ភាព​លម្អៀង​របស់​សមត្ថកិច្ច​ក្នុង​ការ​អនុវត្ត​ច្បាប់ ការ​វាយ​ដំ​លើ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ការ​ចាប់​ខ្លួន​យុវជន ដោយសារ​សម្ដែង​មតិ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត (Internet) អំពើ​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍ ជាដើម។

ក្រៅ​ពី​នេះ សង្គម​ស៊ីវិល​ក៏​បង្ហាញ​ការ​បារម្ភ​ពី​សេចក្តី​ព្រាង​ច្បាប់​មួយ​ចំនួន ដែល​រដ្ឋសភា​បាន​អនុម័ត និង​គ្រោង​អនុម័ត​ក្នុង​ពេល​ខាង​មុខ ដូចជា​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ទូរគមនាគមន៍ និង​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សហជីព ដែល​សង្គម​ស៊ីវិល​យល់​ថា មាន​ចរិត​រឹត​ត្បិត​សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ សហជីព និង​កម្មករ​និយោជិត។

លោក ណៃ វ៉ង់ដា ចាត់​ទុក​ជំនួប​ជាមួយ អ្នកស្រី រ៉ូណា ស្មីត គឺ​ជា​ឱកាស​សម្រាប់​សង្គម​ស៊ីវិល​បង្ហាញ​ពី​កង្វល់​របស់​ពួក​គេ។ លោក​ថា អ្នកស្រី រ៉ូណា ស្មីត សន្យា​ថា​នឹង​នាំ​យក​នូវ​ការ​បារម្ភ​របស់​សង្គម​ស៊ីវិល ទៅ​ជជែក​ជាមួយ​រដ្ឋាភិបាល៖ «យើង​ជម្រាប​ទៅ​អ្នក​រាយការណ៍​សិទ្ធិ​មនុស្ស​ថា យើង​នៅ​បន្ត​សកម្មភាព​របស់​យើង​ជា​ធម្មតា ហើយ​យើង​សូម​ស្នើសុំ​ដោយ​ទទូច​ដល់​អ្នក​រាយការណ៍​អង្គការ​សហប្រជាជាតិ ជម្រាប​ទៅ​ថ្នាក់​ដឹក​នាំ​នយោបាយ​ជាន់​ខ្ពស់ ហើយ​អ្នក​ដឹក​នាំ​រដ្ឋាភិបាល ក៏ដូចជា​គណបក្ស​កាន់​អំណាច សូម​ឲ្យ​យល់​ដឹង​ពី​សិទ្ធិ​របស់​អង្គការ​សង្គម​ស៊ីវិល សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល ហើយ​សិទ្ធិ​របស់​ពលរដ្ឋ​ដែល​ត្រូវ​បាន​ចែង​ដោយ​ច្បាប់ ដោយ​រដ្ឋធម្មនុញ្ញ សន្ធិសញ្ញា កតិកាសញ្ញា​សិទ្ធិ​មនុស្ស និង​ច្បាប់​អន្តរជាតិ​ផ្សេងៗ»

អ្នកស្រី រ៉ូណា ស្មីត ត្រូវ​បាន​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ តែង​តាំង​ជា​អ្នក​រាយការណ៍​ពិសេស ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា កាល​ពី​ខែ​មីនា ឆ្នាំ​២០១៥។

នេះ​ជា​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​លើក​ទី​២ មក​កាន់​ប្រទេស​កម្ពុជា របស់ អ្នកស្រី រ៉ូណា ស្មីត ក្រោយ​ពី​ដំណើរ​ទស្សនកិច្ច​លើក​ទី​១ បាន​ធ្វើ​ឡើង​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៥។

អ្នកស្រី រ៉ូណា ស្មីត បាន​ប្រកាស​មុន​ពេល​មក​ដល់​កម្ពុជា ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​លើក​នេះ អ្នកស្រី​នឹង​ផ្ដោត​សំខាន់​ទៅ​លើ​សិទ្ធិ​របស់​ក្រុម​បាត់បង់​ឱកាស ដែល​រដ្ឋាភិបាល​ពុំ​សូវ​គិតគូរ​ដល់ ដូចជា​ស្ត្រី​ជនជាតិ​ដើម​ភាគ​តិច និង​ជន​រងគ្រោះ​ដោយ​ការ​រើសអើង​ពូជ​សាសន៍ ព្រម​ទាំង​បញ្ហា​សិទ្ធិ​មនុស្ស​ដទៃ​ទៀត​នៅ​កម្ពុជា។

ក្នុង​កំឡុង​ពេល​ទស្សនកិច្ច ១០​ថ្ងៃ​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត គ្រោង​ជួប​ប្រជុំ​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា និង​មន្ត្រី​ស្ថានទូត​បរទេស​ប្រចាំ​កម្ពុជា។ អ្នកស្រី​ក៏​មាន​គម្រោង​ធ្វើ​ដំណើរ​ទៅ​តាម​ខេត្ត ជួប​សហគមន៍​រងគ្រោះ ដើម្បី​ប្រមូល​ព័ត៌មាន​ដោយ​ផ្ទាល់​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ផង​ដែរ។

ដំណើរ​ទស្សនកិច្ច​មក​កាន់​កម្ពុជា របស់ អ្នកស្រី រ៉ូណា ស្មីត លើក​នេះ ជួន​ចំ​ពេល​ដែល​ស្ថានភាព​នយោបាយ​រវាង​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង កំពុង​មាន​ភាព​តានតឹង និង​ឡើង​កម្ដៅ​ថែម​ទៀត ដោយសារ​តុលាការ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ការ​ចាប់​ខ្លួន​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់ ខណៈ​អនុប្រធាន​បក្ស​ប្រឆាំង លោក កឹម សុខា កំពុង​រង​ការ​យាយី អុកឡុក​ដោយ​យុវជន​មួយ​ក្រុម ទាមទារ​ឲ្យ​ទម្លាយ​ការ​ពិត​ពាក់ព័ន្ធ​នឹង​ខ្សែ​អាត់​សំឡេង​ដែល​គេ​ចោទ​ប្រកាន់​ថា​ជា​របស់​លោក។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទេ​នៅ​ថ្ងៃ​ទី​២១ មីនា ដើម្បី​សួរ​ថា តើ​បក្ស​ប្រឆាំង​មាន​គម្រោង​ជួប​ជាមួយ អ្នកស្រី រ៉ូណា ស្មីត ដែរ​ឬ​យ៉ាង​ណា?

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ កន្លង​មក អ្នកស្រី រ៉ូណា ស្មីត ក៏​ធ្លាប់​បង្ហាញ​ការ​បារម្ភ​ពី​ស្ថានភាព​នយោបាយ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ក្រោយ​ពី លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន លោក កឹម សុខា ត្រូវ​បាន​សភា​បោះឆ្នោត​ទម្លាក់​ពី​អនុប្រធាន​ទី​១ រដ្ឋសភា​ និង​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ត្រូវ​បាន​បាតុករ​គាំទ្រ​បក្ស​កាន់​អំណាច​វាយ​ដំ​ឲ្យ​របួស​ធ្ងន់ធ្ងរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល