យុវជន​អាស៊ាន​ធ្វើ​យុទ្ធនាការ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ជុំវិញ​ពិភពលោក​លុប​ចោល​ទោស​ប្រហារ​ជីវិត

ដោយ ហង្ស សាវយុត
2016.08.23
យុវជន​អាស៊ាន-ទីម័រ ២០១៦ ៨៥៥ ក្រុម​យុវជន​អាស៊ាន​មក​ពី​ប្រទេស​ទាំង​១០ រួម​ទាំង​ប្រទេស​ទីម័រ​ខាង​កើត ថត​រូប​អនុស្សាវរីយ៍​ក្នុង​វេទិកា​យុវជន​អាស៊ាន នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Hang Savyouth
RFA/Hang Savyouth

ក្រុម​យុវជន​មក​ពី​ប្រទេស​សមាជិក​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ដែល​ហៅ​កាត់​ថា អាស៊ាន (ASEAN) ចំនួន ១០ បូក​នឹង​ប្រទេស​ទីម័រ​ខាង​កើត ដែល​ចូលរួម​ក្នុង​នាម​ជា​អ្នក​សង្កេត​ការណ៍ "ម​១" ទៀត​ផង កំពុង​ជួប​ប្រជុំ​គ្នា​រយៈពេល ៣​ថ្ងៃ​នៅ​ខេត្ត​សៀមរាប ចាប់​ពី​ថ្ងៃ​ទី​២២ រហូត​ទៅ​ដល់​ថ្ងៃ​ទី​២៤ ខែ​សីហា។

វេទិកា​យុវជន​អាស៊ាន​សម្រាប់​ឆ្នាំ​២០១៦ ស្ដីពី​ការ​ជំរុញ​យុវជន​ជា​អ្នក​ដឹកនាំ​អាស៊ាន គឺ​បាន​ជជែក​លើ​បញ្ហា​អភិបាលកិច្ច​ល្អ ការ​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ និង​គោរព​សិទ្ធិ​មនុស្ស បញ្ហា​ចំណាក​ស្រុក ការ​មាន​ការងារ​សមរម្យ បញ្ហា​និរន្តរភាព​បរិស្ថាន ព្រម​ទាំង​ការ​បង្កើត​ឲ្យ​មាន​សន្តិភាព និង​កិច្ច​ផ្សះផ្សា​គ្នា ជាដើម។

ក្នុង​វេទិកា​ដែល​កំពុង​តែ​ប្រព្រឹត្ត​ទៅ​នេះ​ដែរ គឺ​យុវជន​អាស៊ាន​មក​ពី​បណ្ដា​ប្រទេស​ជាច្រើន បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​រដ្ឋាភិបាល​ប្រទេស​ខ្លះ​ដែល​នៅ​មាន​ច្បាប់​ប្រហារ​ជីវិត​ទេ។

ក្រុម​យុវជន​មក​ពី​បណ្ដា​ប្រទេស​អាស៊ាន​ប្រមាណ​ជាង ២៥០​នាក់ បាន​បង្ហាញ​អារម្មណ៍​ថា ពួក​គេ​ដែល​ជា​អ្នក​បន្ត​វេន​ជំនាន់​ក្រោយ មាន​អារម្មណ៍​ភ័យ​ខ្លាច​ក្នុង​ពេល​ដែល​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់ និង​ជុំវិញ​ពិភពលោក នៅ​តែ​មាន​ច្បាប់​ប្រហារ​ជីវិត​អ្នក​ទោស​ឧក្រិដ្ឋ​នៅ​ឡើយ។

ក្នុង​វេទិកា​យុវជន​អាស៊ាន​ដែល​កំពុង​ជួប​ពិភាក្សា​នៅ​ខេត្ត​សៀមរាប នៅ​ឡើយ ក្រុម​យុវជន​អាស៊ាន​ទាំង​នោះ​ក៏​បាន​ដាក់​តាំង​ពិព័រណ៍​រូបថត​នៃ​ទោស​ប្រហារ​ជីវិត​ជាច្រើន​ផ្ទាំង ដែល​គេ​បាន​ថត​មក​ពី​តាម​បណ្ដា​ប្រទេស​ខ្លះ ដូចជា​ពី​កោះ​តៃវ៉ាន់ និង​ពី​សហរដ្ឋ​អាមេរិក ជាដើម។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​ស្ម័គ្រ​ចិត្ត​ដើម្បី​សង្គម ដែល​ជា​អ្នក​សម្របសម្រួល​នៅ​ក្នុង​វេទិកា​យុវជន​អាស៊ាន​ដែរ​នោះ គឺ​លោក ប៉ែន សុមុនី។ លោក​មាន​ប្រសាសន៍​បន្ទាប់​ពី​បញ្ចប់​ការ​ថ្លែង​នៅ​លើ​វេទិកា​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៣ ខែ​សីហា ថា ក្នុង​ការ​ជួប​ពិភាក្សា​គ្នា​រយៈពេល ២​ថ្ងៃ​ហើយ គឺ​យុវជន​អាស៊ាន​ជាច្រើន​បាន​ព្រួយ​បារម្ភ​ទៅ​លើ​ប្រទេស​របស់​ពួក​គេ ដែល​រដ្ឋាភិបាល​នៅ​ប្រកាន់​យក​ច្បាប់​ប្រហារ​ជីវិត មក​អនុវត្ត​ទោស​លើ​ឧក្រិដ្ឋជន។ បច្ចុប្បន្ន​នេះ ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ចំនួន​១០ គឺ​មាន ៨​ប្រទេស​ដែល​នៅ​មាន​ច្បាប់​ប្រហារ​ជីវិត​ឧក្រិដ្ឋជន ដែល​ពាក់ព័ន្ធ​នឹង​ករណី​ជួញ​ដូរ​គ្រឿង​ញៀន ឬ​ក៏​ករណី​ខ្លះ​ទៀត។

លោក ប៉ែន សុមុនី បញ្ជាក់​ថា បញ្ហា​ដែល​ប្រទេស​ជា​សមាជិក​អាស៊ាន​ភាគច្រើន​នៅ​តែ​មាន​ច្បាប់​ប្រហារ​ជីវិត​នេះ គឺ​វា​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រទេស​ជា​សមាជិក​ភាគតិច ដែល​មិន​មាន​ច្បាប់​ប្រហារ​ជីវិត​ដែរ។ លោក ប៉ែន សុមុនី ឲ្យ​ដឹង​ថា យុវជន​នៃ​បណ្ដា​ប្រទេស​អាស៊ាន​បាន​បង្ហាញ​ឆន្ទៈ​ចង់​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​របស់​គេ លុប​ចោល​ទោស​ប្រហារ​ជីវិត​នេះ៖ «ពេល​នេះ​គឺ​ជា​ពេល​មួយ​ដែល​យើង​ចាប់​ផ្ដើម​ពង្រីក​ការ​យល់​ដឹង​ចំពោះ​យុវជន​បន្ថែម​ថា តើ​ទោស​ប្រហារ​ជីវិត​នៅ​ក្នុង​បណ្ដា​ប្រទេស​អាស៊ាន​មួយ​ចំនួន វា​ប៉ះពាល់​ទៅ​ដល់​យុវជន​ទាំង​នោះ​យ៉ាង​ណា»

យុវជន​ខ្លះ​យល់​ថា រដ្ឋាភិបាល​របស់​គេ​ដែល​នៅ​តែ​ប្រកាន់​ខ្ជាប់​នូវ​ទោស​ប្រហារ​ជីវិត​នោះ គឺ​ជា​អំពើ​ឃោរឃៅ និង​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។

កញ្ញា នីនាន ស៊ូម៉ាឌា (Ninian Sumadia) ជា​យុវជន​មក​ពី​ប្រទេស​ហ្វីលីពីន (Phililpine) ម្នាក់​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន រដ្ឋាភិបាល​ហ្វីលីពីន ចង់​នាំ​ច្បាប់​ប្រហារ​ជីវិត​មក​អនុវត្ត​វិញ​នៅ​ស្រប​ពេល​ដែល​ប្រទេស​អាស៊ាន​ជាច្រើន នៅ​មាន​ច្បាប់​ប្រហារ​ជីវិត​នោះ។ នាង នីនាន ស៊ូម៉ាឌា យល់​ថា មាន​ពលរដ្ឋ​ហ្វីលីពីន ជាច្រើន​ត្រូវ​បាន​សម្លាប់​ដោយ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ព្រៃផ្សៃ ហើយ​នាង​ចង់​ឲ្យ​រដ្ឋាភិបាល​របស់​នាង​បញ្ចប់​អំពើ​ឧក្រិដ្ឋកម្ម​សម្លាប់​ទៅ​លើ​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន ដែល​កំពុង​តែ​កើត​ឡើង៖ «បច្ចុប្បន្ន ពួក​យើង​ដែល​ជា​ក្មេងៗ​ជំនាន់​ក្រោយ គឺ​កំពុង​រស់នៅ​ក្នុង​ប្រទេស​ខ្លួន​ឯង​ដោយ​ការ​ភ័យ​ខ្លាច។ នៅ​ហ្វីលីពីន បច្ចុប្បន្ន គឺ​លោក​អ្នក​អាច​នឹង​ត្រូវ​គេ​សម្លាប់​ដោយ​គ្រាន់​តែ​ដើរ​ពេល​យប់ ឬ​ក៏​គេ​គ្រាន់​តែ​គេ​ច្រឡំ​គ្នា​ជាមួយ​នឹង​មនុស្ស​ផ្សេង​ទៀត​នោះ»

បុរស​ជនជាតិ​ជប៉ុន ម្នាក់​ដែល​អ្នក​តាម​ថត​រូប​ឧក្រិដ្ឋកម្ម​នៃ​ទោស​ប្រហារ​ជីវិត​នោះ បាន​បង្ហាញ​អារម្មណ៍​តក់ស្លុត និង​ក្រៀមក្រំ នៅ​ពេល​ដែល​លោក​ឃើញ​គេ​សម្លាប់​មនុស្ស​នៅ​ចំពោះ​មុខ។ លោក តូស៊ី កាហ្សាម៉ា (Toshi Kazama) ជា​អ្នក​តាម​ថត​រូប​កន្លែង​អ្នក​ទោស​ប្រហារ​ជីវិត​ជាច្រើន​នោះ កំពុង​ជំរុញ​ឲ្យ​វេទិកា​យុវជន​អាស៊ាន ប្រឆាំង​នឹង​ទោស​ប្រហារ​ជីវិត​នៅ​ក្នុង​តំបន់ ក៏ដូចជា​នៅ​ជុំវិញ​ពិភពលោក ដោយ​លោក​យល់​ថា គេ​មិន​អាច​នាំ​អនាគត​មក​ឲ្យ​សង្គម​ជាតិ​បាន​តាម​រយៈ​ការ​ប្រហារ​ជីវិត​មនុស្ស​បែប​នេះ​ឡើយ។ អនាគត​របស់​សង្គម និង​ប្រទេស​ជាតិ អាច​កើត​ឡើង​បាន​ដោយសារ​តែ​ការ​មិន​ប្រើ​ហិង្សា ការ​មិន​ស្អប់​គ្នា និង​មាន​ចិត្ត​មេត្តា​សន្ដោស ព្រម​ទាំង​ការ​ផ្សះផ្សា​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។