អ្នក​រាយការណ៍​ពិសេស​អ.ស.ប​ថា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជាច្រើន​កំពុង​ប្រឈម​ហានិភ័យ

ដោយ យ៉ង ចាន់តារា
2017-05-29
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ស្ថានភាព​អ្នក​ការពារ​សិទ្ធិ​មនុស្ស លោក មីស៊ែល ហ្វស (Michel Forst) ថ្លែង​ក្នុង​កម្មវិធី​បាឋកថា​សាធារណៈ​មួយ​នៅ​មជ្ឈមណ្ឌល​វប្បធម៌​កម្ពុជា-អាល្លឺម៉ង់ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៧។
អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ស្ថានភាព​អ្នក​ការពារ​សិទ្ធិ​មនុស្ស លោក មីស៊ែល ហ្វស (Michel Forst) ថ្លែង​ក្នុង​កម្មវិធី​បាឋកថា​សាធារណៈ​មួយ​នៅ​មជ្ឈមណ្ឌល​វប្បធម៌​កម្ពុជា-អាល្លឺម៉ង់ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៧។
RFA/Yang Chandara

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ (..) ទទួល​បន្ទុក​ស្ថានភាព​អ្នក​ការពារ​សិទ្ធិ​មនុស្ស ធ្វើ​ទស្សនកិច្ច​ក្រៅ​ផ្លូវការ​នៅ​កម្ពុជា រយៈពេល ៤​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​៣០ ឧសភា។ ទស្សនកិច្ច​ក្រៅ​ផ្លូវការ​នេះ ធ្វើ​ឡើង​ស្រប​ពេល​អ្នក​ការពារ​សិទ្ធិ​មនុស្ស​មួយ​ចំនួន កំពុង​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ ដោយសារ​ការ​បំពេញ​មុខងារ​របស់​ខ្លួន។

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ស្ថានភាព​អ្នក​ការពារ​សិទ្ធិ​មនុស្ស លោក មីស៊ែល ហ្វស (Michel Forst) ថ្លែង​ទៅ​កាន់​តំណាង​អង្គទូត និង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ជាច្រើន​នាក់​ថា អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជាច្រើន​នៅ​លើ​ពិភពលោក កំពុង​ប្រឈម​នឹង​ហានិភ័យ​ខ្លាំង តាម​រយៈ​ការ​ធ្វើ​ទុក្ខបុកម្នេញ ការ​យាយី និង​ការ​វាយ​ប្រហារ​តាម​គ្រប់​រូបភាព។

លោក​បញ្ជាក់​ថា ការ​វាយ​ប្រហារ​មក​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស ធ្វើ​ឡើង​តាម​រយៈ​ការ​បង្កើត និង​ប្រើប្រាស់​ច្បាប់​ដែល​មាន​លក្ខណៈ​រឹតត្បិត​សេរីភាព និង​ការ​ទាញ​ភ្ជាប់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទៅ​នឹង​រឿង​នយោបាយ។ លោក​បន្ត​ថា មាន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជាច្រើន ត្រូវ​បាន​រដ្ឋាភិបាល​លាប​ពណ៌​ថា​ជា​ក្រុម​ប្រឆាំង ហើយ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ជួប​ប្រជុំ​ណា​មួយ​នៅ​តាម​ទី​សាធារណៈ​ឡើយ។

លោក មីស៊ែល ហ្វស (Michel Forst) ថ្លែង​បែប​នេះ​ក្នុង​កម្មវិធី​បាឋកថា​សាធារណៈ​មួយ​នៅ​មជ្ឈមណ្ឌល​វប្បធម៌​កម្ពុជា-អាល្លឺម៉ង់ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ឧសភា។

ដោយសារ​តែ​នេះ​មិន​មែន​ជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ លោក មីស៊ែល ហ្វស (Michel Forst) ថ្លែង​ថា លោក​មិន​អាច​វាយ​តម្លៃ ឬ​អត្ថាធិប្បាយ​អ្វី​ឡើយ​ជុំវិញ​បញ្ហា​សិទ្ធិ​មនុស្ស​ដែល​កំពុង​កើត​មាន​នៅ​កម្ពុជា ឡើយ ព្រោះ​លោក​ត្រូវការ​សិក្សា​ឲ្យ​បាន​ស៊ី​ជម្រៅ​ជាង​នេះ។ លោក​បាន​ជួប​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស ក្រុម​គ្រួសារ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ដែល​កំពុង​ជាប់​ឃុំ និង​មន្ត្រី​ទូត ហើយ​លោក​រំពឹង​ថា នឹង​អាច​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ណា​មួយ​នៅ​ពេល​ខាង​មុខ«បើ​ខ្ញុំ​មាន​ឱកាស​ត្រូវ​បាន​គេ​អញ្ជើញ ខ្ញុំ​នឹង​មាន​ឱកាស​បាន​សិក្សា​ស៊ី​ជម្រៅ និង​ជួប​ជាមួយ​ភាគី​ពាក់ព័ន្ធ​នានា ដើម្បី​ធ្វើ​ដំណើរ​ក្នុង​ផ្ទៃ​ប្រទេស មិន​មែន​នៅ​តែ​ក្នុង​រាជធានី​ទេ ប៉ុន្តែ​ទៅ​តំបន់ ឬ​ទីតាំង​មួយ​ចំនួន​ជួប​ជាមួយ​អាជ្ញាធរ​ខេត្ត​រាជធានី ដើម្បី​យល់​ពី​ស្ថានភាព​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​ទាំងមូល។ ក្នុង​ប្រទេស​ជាច្រើន គេ​មិន​ចង់​អញ្ជើញ​ទេ ព្រោះ​គេ​មិន​ចង់​ឃើញ​របាយការណ៍​អំពី​ស្ថានភាព​នៃ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​របស់​ប្រទេស​គេ​រៀងៗ​ខ្លួន​នោះ​ទេ»

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ថា គ្មាន​កាតព្វកិច្ច​អ្វី​ដែល​រដ្ឋាភិបាល​ត្រូវ​អញ្ជើញ​លោក មីស៊ែល ហ្វស (Michel Forst) មក​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា នោះ​ទេ ព្រោះ​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​មាន​អ្នក​តំណាង​នៅ​កម្ពុជា រួច​ហើយ។ លោក​បន្ត​ថា វត្តមាន​របស់​លោក មីស៊ែល ហ្វស (Michel Forst) មិន​មាន​ន័យ​អ្វី​ឡើយ​ចំពោះ​ការ​អនុវត្ត​ច្បាប់​ទៅ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដែល​កំពុង​ជាប់​ឃុំ ព្រោះ​វា​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ«តើ​គាត់​មាន​សារសំខាន់​អ្វី​ខ្លះ​សម្រាប់​ក្រសួង​ការ​បរទេស​កម្ពុជា ដែល​ត្រូវ​អញ្ជើញ​គាត់​មក​ជា​ផ្លូវការ ព្រោះ​ក្រសួង​យល់​ឃើញ​ថា​ដូចជា​មិន​មាន​សារប្រយោជន៍​អ្វី​ដែល​ត្រូវ​អញ្ជើញ​គាត់​ជា​ផ្លូវការ​ទេ ព្រោះ​គាត់​មាន​តំណាង​នៅ​ក្នុង​ប្រទេស​ហើយ។ ខាង​សិទ្ធិ​មនុស្ស​ហ្នឹង គាត់​ស្វែងរក​គ្នា​គាត់ ដើម្បី​មក​ជួយ​គាត់ វា​ដាច់​ដោយឡែក​អំពី​ស្មារតី​នៃ​ការ​អនុវត្ត​ច្បាប់​របស់​ប្រទេស​នីមួយៗ»

នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព យល់​ឃើញ​ផ្ទុយ​ពី​លោក ផៃ ស៊ីផាន។ អ្នកស្រី​បញ្ជាក់​ថា វត្តមាន​របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ស្ថានភាព​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នេះ មាន​សារសំខាន់​យ៉ាង​ខ្លាំង ព្រោះ​វា​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​របស់​អង្គការ​សហប្រជាជាតិ ចំពោះ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បើ​ទោះ​បី​ជា​នេះ​ជា​ដំណើរ​ទស្សនកិច្ច​ផ្ទាល់​ខ្លួន​ក៏ដោយ។ ម្យ៉ាង​វិញ​ទៀត ដំណើរ​ទស្សនកិច្ច​នេះ គឺ​ចំ​ពេល​ដែល​វិស័យ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា រង​ការ​យាយី​កាន់​តែ​ខ្លាំង ហើយ​មាន​មន្ត្រី​សិទ្ធិ​មនុស្ស​មួយ​ចំនួន​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ផង​ដែរ«ទស្សនកិច្ច​របស់​គាត់ បើ​ទោះ​ជា​ក្រៅ​ផ្លូវការ ហើយ​គាត់​មិន​អាច​ធ្វើ​ការ​អត្ថាធិប្បាយ​ដោយ​ផ្ទាល់​មក​លើ​បរិបទ​នៃ​ប្រទេស​កម្ពុជា ខ្ញុំ​ជឿជាក់​ថា តាម​រយៈ​ជំនួប​នានា និង​ការ​ចុះ​ទៅ​ផ្ទាល់​ជួប​ជាមួយ​សហគមន៍​ដែល​រងគ្រោះ ព័ត៌មាន​ទាំងអស់​នេះ​នឹង​ដើរ​តួនាទី​ជា​មូលដ្ឋាន​សម្រាប់​ធ្វើ​ការ​វិភាគ ឬ​ក៏​សម្រាប់​បទ​អន្តរាគមន៍​ណា​មួយ​នា​ពេល​អនាគត»

អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដែល​កំពុង​ជាប់​ឃុំ​រួម​មាន លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង​អ្នកស្រី លឹម មុន្នី និង​អគ្គលេខាធិការ​រង គ..ប លោក នី ចរិយា ដោយ​ពួក​គេ​រង​ការ​ចោទ​ប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី និង​បទ​សម​គំនិត​សូកប៉ាន់​សាក្សី ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ស្នេហា​រវាង​លោក កឹម សុខា និង​នាង ខុម ចាន់តារាទី ហៅ​ស្រី​មុំ។ ចំណែក​សកម្មជន​ដីធ្លី​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី វិញ ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ២​ឆ្នាំ​កន្លះ និង​ពិន័យ​ជា​ប្រាក់ ១៤​លាន​រៀល ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​លើ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាលា​ខណ្ឌ​ដូនពេញ ដែល​ប្រព្រឹត្ត​នៅ​ក្បែរ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៣ កន្លង​ទៅ។

ការ​ឃុំ​ខ្លួន​មុន​សវនាការ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) ៤​រូប និង​លើ​លោក នី ចរិយា ព្រម​ទាំង​ការ​កាត់​ទោស​អ្នកស្រី ទេព វន្នី ដោយ​តុលាការ​កម្ពុជា នេះ ទទួល​រង​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ថា​ជា​ការ​ប្រព្រឹត្ត​ផ្ទុយ​នឹង​គោលការណ៍​ច្បាប់ និង​សិទ្ធិ​មនុស្ស។

នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព យល់​ឃើញ​ថា អ្នក​ការពារ​សិទ្ធិ​មនុស្ស​គួរ​តែ​ទទួល​បាន​ការ​ការពារ ការ​លើក​ទឹក​ចិត្ត និង​ការ​ឲ្យ​តម្លៃ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ព្រោះ​កិច្ច​ការងារ​របស់​ពួក​គេ គឺ​ជួយ​ឲ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​សិទ្ធិ​មនុស្ស និង​ជំរុញ​ឲ្យ​មាន​យុត្តិធម៌​ក្នុង​សង្គម ដែល​មិន​គួរ​ជា​ការ​វាយ​ប្រហារ ការ​យាយី ការ​ធ្វើ​ទុក្ខបុកម្នេញ ឬ​ការ​បៀតបៀន​ដល់​អាយុ​ជីវិត​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល