អ្នក​រាយការណ៍​ពិសេស​អ.ស.ប ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​រឿង​កំណែ​ទម្រង់

ដោយ សាន សែល
2017.08.10
រ៉ូណា ស្មីត អង្គវង្ស វឌ្ឍានា ២០១៧ ១៤៤០ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ប្រទេស​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (រូប​ខាង​ឆ្វេង​កណ្ដាល) ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គវង្ស វឌ្ឍានា (រូប​ទី​ពីរ​ខាង​ស្ដាំ) នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៧ នៅ​រាជធានី​ភ្នំពេញ។
RFA/Rann Samnang

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ (អ.ស.ប) ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ប្រទេស​កម្ពុជា បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ នៅ​ថ្ងៃ​ទី​១០ ខែ​សីហា នៅ​រាជធានី​ភ្នំពេញ។ ជា​ថ្មី​ទៀត អ្នកស្រី រ៉ូណា ស្មីត លើក​ឡើង​ថា ជំនួប​នោះ​បន្ត​ពិភាក្សា​ពី​ការ​កែ​ទម្រង់ លើក​កម្ពស់​ការ​កែលំអ​ប្រព័ន្ធ​យុត្តិធម៌​នៅ​ប្រទេស​កម្ពុជា។

នេះ​ជា​ជំនួប​លើក​ទី​៤ រវាង​ភាគី​ទាំង​ពីរ​ចាប់​តាំង​ពី​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) កាន់​តួនាទី​ជា​អ្នក​រាយការណ៍​ពិសេស​សម្រាប់​ប្រទេស​កម្ពុជា។ ជំនួប​របស់​អ្នកស្រី​លើក​ទី​៣ ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៦។

អ្នកស្រី រ៉ូណា ស្មីត បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​យ៉ាង​ខ្លី​មុន​ពេល​ដើរ​ចូល​ឡាន​ថា ភាគី​ទាំង​ពីរ​បាន​ជជែក​ពី​អ្វី​ដែល​បាន​ព្រមព្រៀង​គ្នា​កាល​ពី​លើក​មុន ដើម្បី​ស្វែងរក​កិច្ច​សហការ​លើក​កម្ពស់​ការ​កែលំអ​ប្រព័ន្ធ​យុត្តិធម៌​នៅ​ប្រទេស​កម្ពុជា។

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​បិទ​ទ្វារ​រយៈពេល​ជាង ១​ម៉ោង នៅ​ក្រសួង​យុត្តិធម៌ ថា ជំនួប​លើក​នេះ​មាន​ភាព​វិជ្ជមាន៖ «ជា​ជំនួប​បច្ចេកទេស​សុទ្ធ មិន​មែន​រឿង​នយោបាយ របៀបវារៈ​នយោបាយ​នៅ​ពី​ក្រោយ។ គាត់​មក​នេះ​ក្នុង​នាម​ជា​អ្នក​បច្ចេកទេស​សុទ្ធសាធ។ គាត់​ជា​អ្នក​ជំនាញ​ផ្នែក​ច្បាប់។ គាត់​មក​នេះ​អាច​ជួយ​យើង​បាន​ច្រើន ក្នុង​នាម​អ្នក​បច្ចេកទេស​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នេះ»

លោក​ឲ្យ​ដឹង​ថា ប្រធានបទ​ចំនួន​បី​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា។

ប្រធានបទ​ទី​មួយ គឺ​ការ​រៀបចំ​អង្គភាព​រដ្ឋបាល​តុលាការ ពិសេស​ការ​ធ្វើ​ទំនើបកម្ម​ផ្នែក​បច្ចេកវិទ្យា និង​ប្រព័ន្ធ​ទិន្នន័យ ដើម្បី​ឲ្យ​មន្ត្រី​យុត្តិធម៌​ងាយស្រួល​គ្រប់គ្រង​សំណុំ​រឿង​ក្តី។ លោក​ថា ក្រសួង​អនុវត្ត​គម្រោង​សាកល្បង​នៅ​តុលាការ​ចំនួន​១២។ មួយ​ទៀត​នោះ ការ​រៀបចំ​បង្កើត​បណ្ណាល័យ​អេឡិចត្រូនិក​ដោយ​ដាក់​ផ្សាយ​សាលក្រម សេចក្តី​សម្រេច​ផ្សេងៗ​ជា​សាធារណៈ។

ប្រធានបទ​ទី​ពីរ គឺ​ការ​អនុវត្ត​យុត្តិធម៌​ព្រហ្មទណ្ឌ។ បើ​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ អ្នកស្រី រ៉ូណា ស្មីត បាន​ស្នើ​ឲ្យ​មាន​ការ​កាត់​បន្ថយ​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន និង​ការ​អនុវត្ត​ទោស​នៅ​ក្រៅ​ពន្ធនាគារ ដោយ​សម្រាល​ទៅ​ជា​ទោស​សហគមន៍ ដោយ​ឲ្យ​ជន​ជាប់​ចោទ​ជួយ​ធ្វើ​ការងារ​សហគមន៍ ជាជាង​ដាក់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ។ អ្នកស្រី​បាន​លើក​យក​ករណី​ការ​ចង្អៀត​ណែន​នៅ​តាម​ពន្ធនាគារ​ពេល​មាន​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​រយៈពេល ៦​ខែ និង​ការ​ឃុំ​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស និង​អ្នក​នយោបាយ។

ក៏ប៉ុន្តែ​សំណើ​នេះ ត្រូវ​បាន​ក្រសួង​យុត្តិធម៌ ឆ្លើយតប​ថា ពិបាក​អនុវត្ត​នៅ​ប្រទេស​កម្ពុជា ដោយសារ​ប្រជាជន​មិន​ទាន់​យល់​ដឹង​ពី​ច្បាប់៖ «ទស្សនៈ​នេះ​វា​ទំនើប។ អ្វី​ដែល​យើង​ចង់​ធ្វើ​រួម​គ្នា​នោះ គឺ​ធ្វើ​គម្រោង​សាកល្បង​នៅ​កន្លែង​ណា​មួយ ហើយ​សម្រេច​យក​ខេត្ត​បាត់ដំបង ដើម្បី​សាកល្បង​អនុវត្ត​ទោស​សហគមន៍។ មិន​ឲ្យ​គាត់​នៅ​ពន្ធនាគារ​ទេ តែ​ឲ្យ​ធ្វើ​ការ​នៅ​សហគមន៍ ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​មើល​ដោយ​មាន​យន្តការ​ច្បាស់លាស់ ហើយ​ធ្វើ​ការ​ផ្សព្វផ្សាយ​ឲ្យ​សាធារណជន​បាន​យល់»

បន្ថែម​ពី​លើ​នេះ អ្នកស្រី រ៉ូណា ស្មីត ក៏​បាន​លើក​យក​ការ​ព្រួត​គ្នា​វាយ​សម្លាប់​ជន​សង្ស័យ​ជា​ក្រុម​ក្រៅ​ប្រព័ន្ធ​តុលាការ (mob killing)

ប្រធានបទ​ទី​បី គឺ​ការ​រៀបចំ​ច្បាប់​ស្ដីពី​ការ​ពពោះ​ជំនួស។

លោក ជិន ម៉ាលីន បាន​ឲ្យ​ដឹង​ថា អ្នកស្រី រ៉ូណា ស្មីត មាន​ជំនាញ​ផ្នែក​នេះ ហើយ​ផ្តល់​គំនិត​យោបល់ និង​ការ​ប្រឹក្សា​ដល់​ក្រសួង​យុត្តិធម៌។

អ្នកស្រី រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ប្រទេស​កម្ពុជា កំពុង​ស្ថិត​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ១០​ថ្ងៃ នៅ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​៨ ដល់​ទី​១៨ សីហា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។