អង្គការ​សហប្រជាជាតិ​ជំរុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​ស្ត្រី​ជនបទ

ដោយ អ៊ុំ រង្សី
2016.03.08
គេហទំព័រ​អង្គការ​សហប្រជាជាតិ ២០១៦ ៨៥៥ ៨-មីនា-២០១៦៖ គេហទំព័រ​អង្គការ​សហប្រជាជាតិ។ Screenshot
Screenshot

សេចក្តី​ថ្លែងការណ៍​របស់​អ្នក​ជំនាញ​ការ​អង្គការ​សហប្រជាជាតិ ប្រចាំ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) បង្ហាញ​ថា ស្ត្រី​ជនបទ​ជាច្រើន​នៅ​តែ​ជួប​បញ្ហា​ប្រឈម និង​ត្រូវ​បាន​គេ​ផាត់​ចេញ​ពី​ភាព​ជា​អ្នក​ដឹក​នាំ និង​មុខ​តំណែង​ធ្វើ​ការ​សម្រេច​ចិត្ត​នៅ​គ្រប់​កម្រិត ដែល​មិន​អាច​ឲ្យ​ពួក​គេ​ចូលរួម​ចំណែក​បាន​ពេញលេញ​ក្នុង​ការ​អភិវឌ្ឍ​សង្គម​បាន។ ទន្ទឹម​គ្នា​នេះ អង្គការ​សហប្រជាជាតិ ជំរុញ​ឲ្យ​គោរព​សិទ្ធិ​ស្ត្រី​ជនបទ និង​ទទួល​ស្គាល់​ពួក​គេ​ក្នុង​ការ​អភិវឌ្ឍ​សង្គម។

សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​សហប្រជាជាតិ ចាត់​ទុក​ថា ស្ត្រី​ជនបទ​រួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ជនបទ ស្បៀង​អាហារ ព្រម​ទាំង​កាត់​បន្ថយ​ភាព​ក្រីក្រ ទាំង​ផ្នែក​សេដ្ឋកិច្ច និង​សង្គម​ជនបទ។

សេចក្តី​ថ្លែងការណ៍​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​ថ្ងៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨ មីនា ដែល​អង្គការ​សហប្រជាជាតិ បញ្ជាក់​ថា មួយ​ភាគ​បួន​នៃ​ចំនួន​ប្រជាជន​សរុប​នៃ​ពិភពលោក គឺ​ជា​ស្ត្រី​រស់​នៅ​តាម​ជនបទ ហើយ​ពួក​គេ​បាន​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ជនបទ ទាំង​កសិកម្ម និង​សេដ្ឋកិច្ច។ ទោះ​បី​ជា​ដូច្នេះ​ក្តី ស្ត្រី​ជនបទ​ទាំង​នោះ បាន​បន្ត​ជួប​ប្រទះ​បញ្ហា​ប្រឈម​ជាច្រើន​ដល់​ការ​អនុវត្ត​សិទ្ធិ​របស់​ពួក​គេ​ឲ្យ​បាន​ពេញលេញ។

សេចក្តី​ថ្លែងការណ៍​ដដែល បាន​ឲ្យ​ដឹង​បន្ត​ថា នៅ​ប្រទេស​ជាច្រើន​នៅ​ក្នុង​ពិភពលោក តម្រូវ​ការ​ជាក់លាក់​របស់​ស្ត្រី មិន​ត្រូវ​បាន​រដ្ឋាភិបាល​របស់​ពួក​គេ​យក​ចិត្ត​ទុក​ដាក់ និង​ដោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ ស្រប​តាម​ច្បាប់​គោល​នយោបាយ​ថវិកា​ជាតិ និង​ថវិកា​ថ្នាក់​មូលដ្ឋាន​ឡើយ។ បញ្ហា​នេះ បណ្ដាល​ឲ្យ​ស្ត្រី​ជនបទ​រង​ផល​ប៉ះពាល់​ទាំង​អំពើ​ហិង្សា មិន​ទទួល​បាន​ធនធាន​គ្រប់គ្រាន់ និង​សេវា​សង្គម​ជា​មូលដ្ឋាន។ កត្តា​ទាំង​នេះ អង្គការ​សហប្រជាជាតិ បាន​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ រួម​ទាំង​រដ្ឋាភិបាល​នានា ត្រូវ​តែ​ធានា​ផ្តល់​សិទ្ធិ​អំណាច​ឲ្យ​ពួក​គេ។

អ្នក​សម្រប​សម្រួល​ផ្នែក​កសិកម្ម​របស់​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា (CEDAC) អ្នកស្រី ស៊ិន អង្គារសាធ ទទួល​ស្គាល់​ថា ស្ត្រី​ជនបទ​ពិត​ជា​រួម​ចំណែក​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ដំណើរ​ការ​ផលិតកម្ម និង​ទ្រទ្រង់​សេដ្ឋកិច្ច​គ្រួសារ​ជនបទ​ផង​ដែរ។ អ្នកស្រី​ឲ្យ​ដឹង​ថា ស្ត្រី​ជនបទ​នៅ​កម្ពុជា ភាគ​ច្រើន នៅ​តែ​ទទួល​បាន​អំណាច​ក្នុង​ការ​សម្រេច​ចិត្ត​មាន​កម្រិត​នៅ​ឡើយ បើ​ធៀប​នឹង​បុរស«បញ្ហា​ស្ត្រី​ជនបទ ភាគ​ច្រើន​គាត់​កង្វះ​ចំណេះ​ដឹង​ក្នុង​ការ​សម្រេច ហើយ​រឿង​ធំៗ​ភាគ​ច្រើន បុរស​ជា​អ្នក​សម្រេច​ចិត្ត។ ហេតុ​នេះ ពួក​គាត់​ប្រឈម​នឹង​ការ​រង​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​មិន​មាន​សិទ្ធិ​ពេញលេញ​សម្រេច​ចិត្ត​គ្រប់គ្រង​ផ្នែក​សេដ្ឋកិច្ច​គ្រួសារ​បាន​ពេញលេញ»

អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ស្ត្រី​ជនបទ​រូប​នេះ ក៏​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​តែ​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ដល់​ស្ត្រី ជាពិសេស​ត្រូវ​តែ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​ប្រឆាំង​ស្ត្រី​ជនបទ ដោយ​ធ្វើ​យ៉ាង​ណា ផ្ដោត​លើ​តម្រូវ​ការ​ពិសេស​របស់​ក្រុម​ស្ត្រី​បាត់បង់​ឱកាស ឬ​ក្រុម​ស្ត្រី​ដែល​គេ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​គិតគូរ​ឲ្យ​បាន​ប្រសើរ​ជាង​នេះ«បើ​សិន​ជា​រដ្ឋាភិបាល​មាន​ផ្តល់​ជា​វគ្គ​បណ្តុះបណ្តាល​ដល់​ស្ត្រី ឲ្យ​គាត់​ចេះ​កែច្នៃ​ក្នុង​របរ​កសិកម្ម ឬ​បច្ចេកទេស​ផ្សេង គាត់​នឹង​ក្លាយ​ជា​ម្ចាស់​ការ​ខ្លួន​ឯង ពិសេស​ឈាន​ទៅ​កាត់​បន្ថយ​ភាព​ក្រីក្រ​ទៀត»

អ្នក​ស្ម័គ្រ​ចិត្ត​អប់រំ​សហគមន៍​ស្ត្រី​ជនបទ​ក្នុង​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ លោកស្រី អន ប៊ុនធឿន មាន​ប្រសាសន៍​ដែរ​ថា បច្ចុប្បន្ន ស្ត្រី​ជនបទ​មួយ​ចំនួន​នៅ​តែ​ប្រឈម​ខ្លាំង​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ សង្គម​មិន​ឲ្យ​តម្លៃ ព្រោះ​សង្គម​នៅ​តែ​ចាត់​ទុក​ស្ត្រី ថា​ជា​ភេទ​ដែល​អាច​ប្រមាថ និង​បំពាន​សិទ្ធិ​ពី​ដៃគូ​ជា​បុរស។ ជាង​នេះ​ទៀត ស្ត្រី​ជនបទ ក៏​ប្រឈម​នឹង​សេវា​គាំពារ​សុខភាព ទឹក​ស្អាត​សម្រាប់​ទទួល​ទាន និង​អនាម័យ ដែល​មាន​គុណភាព និង​មាន​តម្លៃ​សមរម្យ​ផង​ដែរ។អ្នក​អប់រំ​ស្ត្រី​ជនបទ​រូប​នេះ ជំរុញ​ឲ្យ​រដ្ឋាភិបាល ត្រូវ​មាន​កញ្ចប់​ថវិកា​ណា​មួយ ដើម្បី​ដោះស្រាយ​បញ្ហា​ស្ត្រី​ជនបទ។

ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​សហប្រជាជាតិ បាន​ដាក់​អនុសាសន៍​ចំនួន ១០​ចំណុច​ដល់​សហគមន៍​អន្តរជាតិ រួម​ទាំង​រដ្ឋាភិបាល​នានា ដើម្បី​លើក​កម្ពស់​សិទ្ធិ​ស្ត្រី​ជនបទ រួម​មាន ត្រូវ​អនុម័ត​ក្របខ័ណ្ឌ​គតិយុត្តិ​ដែល​មិន​រើសអើង និង​ផ្តល់​ភាព​យុត្តិធម៌​ដល់​ស្ត្រី លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​ប្រឆាំង​ស្ត្រី​ជនបទ បង្កើត​គោល​នយោបាយ​ដែល​មាន​គោលដៅ​លើក​កម្ពស់​លក្ខខណ្ឌ​សេដ្ឋកិច្ច និង​សង្គម​ស្ត្រី​ជនបទ បង្ការ​រាល់​ទម្រង់​នៃ​អំពើ​ហិង្សា​ប្រឆាំង​ស្ត្រី ផ្តល់​ការ​អប់រំ សម្ភារៈ​បរិក្ខារ សេវា​ថែទាំ​សុខភាព លំនៅឋាន​សមរម្យ ទឹក​ស្អាត អនាម័យ លទ្ធភាព​ទទួល​បាន​ដីធ្លី និង​ឥណទាន បច្ចេកវិទ្យា​ថ្មីៗ រួម​ទាំង​បច្ចេកវិទ្យា​ព័ត៌មាន និង​គមនាគមន៍ ព្រម​ទាំង​ការពារ​សន្តិសុខ​សុវត្ថិភាព​ស្ត្រី​ជនបទ។

អង្គការ​សហប្រជាជាតិ ជឿជាក់​ថា ការ​ដោះស្រាយ​ស្ថានភាព​ស្ត្រី​ជនបទ នឹង​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សង្គម ការ​ពង្រឹង​បទដ្ឋាន និង​ធានា​ស្តង់ដារ​សិទ្ធិ​មនុស្ស​របស់​ប្រទេស​ទាំង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។