ការចូលរួមរបស់ស្ត្រីនៅក្នុងតួនាទីសង្គម ត្រូវបានគេមើលឃើញថា នៅមានកម្រិតទាបនៅឡើយ។ អង្គការសង្គមស៊ីវិលដែលធ្វើការលើកស្ទួយសិទ្ធិស្ត្រី និងក្រុមយុវជន ភាគច្រើនជានារី នៅថ្ងៃទី២២ មករា បានពិភាក្សាគ្នាចង់ឲ្យមានការកំណត់ចំនួនស្ត្រីនៅក្នុងតំណែងសាធារណៈ។
ក្រុមយុវជនយុវនារីយល់ថា ការកំណត់ចំនួនស្ត្រីនៅក្នុងតំណែងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គឺជាយុទ្ធសាស្ត្រមានប្រសិទ្ធភាពខ្ពស់ ជំរុញឲ្យមានការចូលរួមដោយស្មើភាព និងពេញលេញក្នុងអភិបាលកិច្ចសាធារណៈ។
ទន្ទឹមគ្នានេះ យុវជនស្នូលមកពីសាកលវិទ្យាល័យអាស៊ីអឺរ៉ុប មួយរូប ដែលបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលស្ដីពីការលើកស្ទួយសិទ្ធិស្ត្រីក្នុងវិស័យនយោបាយ គឺកញ្ញា ចាន់ សុរិយា ថ្លែងថា ប្រការសំខាន់ គឺការអនុវត្តជាក់ស្ដែង ទោះជាកំណត់ ឬមិនកំណត់ចំនួនស្ត្រីក្ដី៖ « កំណត់ដោយសារយើងឃើញថា បច្ចុប្បន្នភាព គឺមានបញ្ហាទាក់ទងនឹងសមភាពយេនឌ័រ គឺយើងនៅមានកម្រិតនៅឡើយ។ បើសិនជាយើងក្រឡេកទៅមើលជួរក្នុងរដ្ឋាភិបាល នៅក្នុងបក្សនីមួយៗ យើងនិយាយជាទូទៅ បើសិនជាមើលនៅក្នុងបក្សនីមួយៗ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តើយើងឃើញថាមានប៉ុន្មានភាគដែលស្ត្រីជាថ្នាក់ដឹកនាំ ? សូម្បីតែនៅឃុំ-សង្កាត់ ស្ត្រីស្ទើរតែគ្មានតែម្ដង។ ត្រង់ហ្នឹងហើយបានជាយើងព្យាយាមបណ្ដុះបណ្ដាលយុវជន ក៏ដូចជានិស្សិតទាំងអស់ ឲ្យគាត់បានយល់ដឹងពីបញ្ហាហ្នឹង ដើម្បីធ្វើម៉េចជួយលើកស្ទួយសំឡេងស្ត្រី ព្រោះអីបើយើងវិភាគទៅស្ត្រីក៏ជាមនុស្ស មនុស្សប្រុសក៏ជាមនុស្ស ចុះហេតុអីបានជាយើងឲ្យស្ត្រីហ្នឹងនៅពីក្រោយមនុស្សប្រុស »។
នាយិកាអង្គការសីលការ អ្នកស្រី ធីតា ឃឹះ មានប្រសាសន៍ថា លទ្ធផលនៃកិច្ចពិភាក្សាដេញដោលគ្នា អំពីតួនាទីចូលរួមរបស់ស្ត្រីដោយស្មើភាពគ្នានេះ បង្ហាញថា សក្ដានុពលរបស់យុវជនយុវនារីទាំងនេះមានច្រើនទៅអនាគត។ ប៉ុន្តែពួកគេត្រូវការការប្ដេជ្ញាចិត្តបន្តការងារនេះ ព្រោះបញ្ហាស្ត្រីនៅតែញាំញីដោយសារតែវប្បធម៌ទម្លាប់សង្គម៖ « យើងដឹងហើយថា នៅក្នុងច្បាប់របស់យើង ទាំង នៅក្នុង រដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោត សុទ្ធតែប្រាប់ថា ដាក់ស្ត្រីនៅជួរលើ។ នៅក្នុង ច្បាប់បោះឆ្នោត ដាក់ស្ត្រីនៅជួរ ដើម្បីឲ្យគាត់បានជាប់។ នៅក្នុងរដ្ឋធម្មនុញ្ញបានដាក់ថា ស្ត្រី និងបុរសមាន ភាពស្មើគ្នា ។ ប៉ុន្តែការអនុវត្តទូទៅអត់ទទួលបានលទ្ធផលដែលយើងត្រូវការនោះទេ។ នេះហើយដែលថា ការដាក់កំណត់ជាគោលការណ៍ វិធានការពិសេសត្រូវតែមាន។ បើមិនមានទេ យើងពិបាកនាំស្ត្រីដើម្បីទៅចូលរួមក្នុងវិស័យសម្រេចចិត្តនេះ ។ ខ្ញុំថាសមត្ថភាពរបស់ស្ត្រីឥឡូវនេះ មិនអន់ជាងបុរសទេ ដូចយើងមើលឃើញហើយ ខាងយុវជនរបស់យើងក៏បានលើកឡើងដែរថា ស្ត្រីបាន ចូលសាកលវិទ្យាល័យ ច្រើន ហើយរៀនក៏បានច្រើនដែរ។ ដូច្នេះនៅតែការផ្លាស់ប្ដូរផ្នត់គំនិត និង ផ្ដល់ឱកាស ដល់គាត់តែប៉ុណ្ណឹងទេ »។
អ្នកស្រីបញ្ជាក់ថា ចំណុចខ្វះខាតដែលនាំទៅរកភាពមិនស្មើគ្នា ដោយសារតែបុរសចូលក្នុងវិស័យនយោបាយមុន ហើយមិនឃើញលក្ខណៈសម្បត្តិល្អរបស់ស្ត្រី នាំភាពជាវិជ្ជមានដល់សង្គមឡើយ៖ « មួយទៀតដែរ ដូចលោកមួយគាត់និយាយអ៊ីចឹង លម្អៀងមួយទៀត គាត់ថាតួនាទីកន្លែងហ្នឹងរបស់អញ ឯងមករកអី។ អាហ្នឹងជារឿងមួយ ដែលយើងសង្កេតឃើញថា វាជាលក្ខណៈដែលយើងជួបដដែលៗ ហើយបុរសច្រើនតែយកស្ត្រីដែលសកម្មនៅក្នុងគណបក្សរបស់ខ្លួន ធ្វើការងារខាង ផ្នែកមនុស្សធម៌ ប៉ុន្តែយកស្ត្រីធ្វើជាឈ្នាន់ ធ្វើជាឧបករណ៍។ ប៉ុន្តែឥឡូវនេះ ដល់ពេលឧបករណ៍អស់ហ្នឹង ត្រូវក្លាយជាអ្នកសម្រេចចិត្តហើយ ពីព្រោះ ធ្វើការ សម្រេចចិត្តផ្នែក គោលនយោបាយ ប៉ុន្តែ ដល់ឧបករណ៍ វាអត់ឆ្លើយតប វាអត់ស៊ីសង្វាក់គ្នា។ អ៊ីចឹងឲ្យទៅតែចែកអំណោយ ឲ្យដឹកទៅពេទ្យ ប៉ុន្តែអត់ កែយន្តការពេទ្យ កែពីរឿងធ្វើយ៉ាងណាឲ្យពេទ្យនោះល្អ ដោយឲ្យប្រជាពលរដ្ឋអាចចូលរួម បានដោយ ល្អ អានោះវាត្រូវការ គោលនយោបាយ ជាតិ។ នោះហើយដែលយើងត្រូវការស្ត្រីចូលរួមក្នុងការធ្វើគោលនយោបាយអស់នេះឯង »។
កិច្ចពិភាក្សាដេញដោលគ្នានៅព្រឹកថ្ងៃទី២២ មករា យុវជនខ្លះយល់ថា អ្នកធ្វើគោលនយោបាយគួរដាក់ចំនួនកំណត់សម្រាប់ស្ត្រីនៅក្នុងតួនាទីសាធារណៈ ដើម្បីលើកស្ទួយស្ត្រីក្នុងនយោបាយ។ រីឯមតិមួយក្រុមទៀត បដិសេធថា ស្ត្រីត្រូវពង្រឹងសមត្ថភាពសិន មុននឹងកាន់ការងារទាំងក្នុងតំណែងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
លោក សាន់ សៀកគីន ជំនួយការអនុប្រធានគណៈកម្មការទី៥ រដ្ឋសភា ខាងគណបក្សសង្គ្រោះជាតិ ដែលចូលរួមក្នុងកិច្ចពិភាក្សានេះ ថ្លែងថា ទាំងមតិស្រប និងមតិបដិសេធ សុទ្ធតែមានប្រយោជន៍សម្រាប់ស្ត្រី ដែលរដ្ឋាភិបាល និងគណបក្សនយោបាយអាចយកទៅដាក់ក្នុងគោលនយោបាយរបស់ខ្លួន៖ « ទីនេះមាននារីវ័យក្មេងជាច្រើនជាបញ្ញវន្តវ័យក្មេង មានចំណេះដឹងខ្ពង់ខ្ពស់ណាស់។ ប៉ុន្តែដែលគួរឲ្យសោកស្ដាយនោះ អ្នកដែលខ្ញុំសួរថា តើប្អូនចង់ធ្វើនយោបាយទេ ? រួមទាំងវាគ្មិនផង គាត់ថាអត់ផង។ អាហ្នឹងវាជាចំណុចមួយគួរឲ្យសោកស្ដាយ។ បើសិនជាគាត់មានចំណេះដឹងជ្រៅជ្រះ ហើយគាត់ចូលផ្លាស់ប្ដូរ ចូលទៅក្នុងសរសៃឈាមរដ្ឋបាលសាធារណៈ ជាពិសេសសរសៃឈាមគណបក្សនយោបាយ ពីព្រោះប្រព័ន្ធបោះឆ្នោតរបស់យើងសព្វថ្ងៃជាប្រព័ន្ធសមាមាត្រ បើសិនជាមិនចូលក្នុងគណបក្សនយោបាយទេ គឺមិនអាចក្លាយជាបេក្ខជននៅថ្នាក់មូលដ្ឋាន ថ្នាក់ជាតិបានទេ »។
អ្នកស្រី ធីតា ឃឹះ មានប្រសាសន៍ថា ការពិភាក្សារបស់យុវជនយុវនារីអំពីយុទ្ធសាស្ត្រជំរុញឲ្យស្ត្រីចូលរួមដោយស្មើភាព និងពេញលេញក្នុងអភិបាលកិច្ចសាធារណៈនៅពេលនេះ គឺក្នុងកម្រិតមូលដ្ឋាននៅឡើយទេ ហើយយុវជនទាំងនេះគួរតែទទួលបានការគាំទ្រ ដើម្បីលើកទឹកចិត្តឲ្យពួកគាត់ចូលរួមធ្វើសកម្មភាពសង្គម។
អ្នកស្រីបន្ថែមថា យុវជននៅពេលនេះកាន់តែមានសមត្ថភាព និងសក្ដានុពលក្នុងការផ្លាស់ប្ដូររូបភាពជាវិជ្ជមាន ដែលអ្នកធ្វើគោលនយោបាយ និងមនុស្សចាស់ៗគួរងាកមករកយុវជនយុវនារី ក្នុងការធ្វើការសម្រេចចិត្ត និងចូលរួមគ្រប់វិស័យក្នុងអភិបាលកិច្ច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
