អង្គការសិទ្ធិមនុស្សបើកវគ្គពង្រីងសិទ្ធិអំណាចដល់ពលរដ្ឋនៅក្បែរព្រំដែនវៀតណាម
2015.03.26
សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តត្បូងឃ្មុំ បានចុះផ្សព្វផ្សាយពលរដ្ឋតាមមូលដ្ឋានក្បែរព្រំដែនកម្ពុជា-វៀតណាម ពិសេសពលរដ្ឋជនជាតិដើមភាគតិចស្ទៀង ដែលស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ គោលបំណងសំខាន់ក្នុងការផ្សព្វផ្សាយគឺចង់ឱ្យពលរដ្ឋចេះប្រើប្រាស់សិទ្ធិសេរីភាពរបស់ពួកគាត់ និងស្គាល់ភាពជាម្ចាស់អំណាចពិតប្រាកដរបស់ខ្លួន។
ក្រោយពេលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) បានចុះណែនាំឱ្យពលរដ្ឋដែលរស់នៅក្បែរបន្ទាប់ព្រំដែនកម្ពុជា-វៀតណាម អំពីភាពជាម្ចាស់អំណាចពិតប្រាកដរួចមក គឺធ្វើឱ្យពួកគាត់យល់ដឹងពីការប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនសម្រាប់ឈានទៅដោះស្រាយបញ្ហាដែលកើតឡើងក្នុងសហគមន៍របស់ពួកគេ។
ពលរដ្ឋជនជាតិដើមភាគតិចស្ទៀង នៅភូមិជង្គុំកណ្កាល ឃុំទន្លូង ម្នាក់ លោក ច្រាញ់ អួច ឱ្យដឹងថា វគ្គផ្សព្វផ្សាយស្ដីពីសិទ្ធិអំណាចដល់ពលរដ្ឋតាមមូលដ្ឋាន គឺជារឿងល្អសម្រាប់ពួកគាត់។ លោកបន្តថា វគ្គផ្សព្វផ្សាយកើតឡើង គឺស្របពេលពលរដ្ឋក្នុងសហគមន៍កំពុងបារម្ភការបាត់បង់ដីធ្លីរបស់ខ្លួន៖ «បាទ! ខ្ញុំមិនដែលចូលទេបង! ទើបតែបានចូលម្តងហ្នឹង។ ចូលខាងហ្នឹងខ្ញុំគ្រាន់តែគិតថា សមរម្យណាស់»។
ស្រដៀងគ្នានេះ ពលរដ្ឋម្នាក់ទៀត អ្នកស្រី ជឿន ចាន់ធី មានប្រសាសន៍ថា វគ្គផ្សព្វផ្សាយនេះ គឺធ្វើឱ្យអ្នកស្រីយល់ដឹងពីច្បាប់ទម្លាប់ខ្លះៗ ស្ដីពីបញ្ហាដីធ្លី និងភាពជាម្ចាស់លើដីធ្លីជាដើម។ អ្នកស្រីបន្ថែមថា ការយល់ដឹងទាំងប៉ុន្មានអាចធ្វើឱ្យអ្នកស្រីហ៊ានចេញមុខតវ៉ា ប្រសិនបើមានករណីរំលោភបំពានកម្មសិទ្ធិរបស់ពួកគាត់កើតមានឡើង៖ «បើមានខ្ញុំនឹងតវ៉ា បើគ្មានខ្ញុំអត់មានសិទ្ធិតវ៉ាអីទៀតទេ»។
បន្ថែមលើការអះអាងរបស់ពលរដ្ឋ អនុប្រធានភូមិជង្គុំកណ្តាល លោក សំ សាយ មានប្រសាសន៍ថា ពលរដ្ឋប្រមាណ ៧០ភាគរយក្នុងភូមិ គឺជាជនជាតិដើមភាគតិចស្ទៀង ដែលពុំសូវយល់ដឹងពីសិទ្ធិសេរីភាពរបស់ពួកគេ។ លោកបន្តថា នៅពេលពលរដ្ឋមិនបានយល់ដឹងពីសិទ្ធិអំណាចរបស់ខ្លួន គឺងាយណាស់នឹងធ្វើឱ្យពលរដ្ឋក្លាយជាជនរងគ្រោះ៖ «ខ្វះការយល់ដឹងជាច្រើន ហើយម្យ៉ាងដូចរាល់ថ្ងៃហ្នឹង ការបាត់បង់ដោយសារតែក្រុមឧកញ៉ាវិវាទដីធ្លីប៉ះពាល់លើដីប្រជាពលរដ្ឋ ហើយពលរដ្ឋចេះតែខឹង តែគាត់អត់ហ៊ានតវ៉ាទេ ដោយសារតែគាត់មិនបានយល់ដឹងអំពីច្បាប់»។
លោកឱ្យដឹងទៀតថា មានតែការយល់ដឹងពីច្បាប់ និងសិទ្ធិរបស់ខ្លួនទេ ដែលអាចជួយការពារប្រជាពលរដ្ឋគេចផុតពីការរំលោភបំពានផ្សេងៗបាន ពិសេសគឺរំលោភបំពានដីធ្លី៖ «មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក(ADHOC) ខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត មានប្រសាសន៍ថា ពលរដ្ឋរស់នៅតាមក្បែរព្រំដែន ពិសេសគឺជនជាតិភាគតិចតែម្ដង ហាក់រស់នៅឆ្ងាយពីព័ត៌មាន ហាក់រស់នៅឆ្ងាយពីសង្គមប្រជាធិបតេយ្យ»។
លោកបន្ថែមថា ប្រសិនបើពលរដ្ឋមិនបានយល់ដឹងពីច្បាប់នោះទេ គឺធ្វើឱ្យពួកគាត់មិនមានមូលដ្ឋានគំនិតណាមួយសម្រាប់យកទៅតតាំងជាមួយគេនៅពេលមានបញ្ហាកើតឡើង ក្រៅតែយកកម្លាំងបាយទៅតស៊ូតែប៉ុណ្ណោះ៖ «ហើយហានិភ័យក្នុងការបាត់បង់ហ្នឹងឯង។ មួយទៀតទាក់ទងការសម្រេចចិត្តក្នុងការបោះឆ្នោតដែរ យើងត្រូវជម្រាបគាត់»។
លោកបញ្ជាក់ថា ពេលពលរដ្ឋយល់ដឹងពីសិទ្ធិអំណាចរបស់ខ្លួន គឺជារឿងសំខាន់ណាស់សម្រាប់ការរស់នៅក្នុងសង្គមប្រជាធិបតេយ្យ៖ «វគ្គសំខាន់បំផុតសម្រាប់ការអប់រំរបស់យើង គឺយុត្តិធម៌សង្គម។ គឺពួកគាត់មិនអាចទាមទាររកយុត្តិធម៌ក្នុងសង្គមមួយដែលអយុត្តិធម៌បានទេ»។
វគ្គផ្សព្វផ្សាយចំនួន៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ មីនា ក៏មានការជ្រើសរើសតំណាងពលរដ្ឋចំនួន ៩នាក់ នៅតាមសហគមន៍នីមួយៗ យកទៅបណ្ដុះបណ្ដាលបន្ថែម ដើម្បីឱ្យពួកគាត់ជាជនបង្គោលអាចនាំយកចំណេះដឹងមកជួយដោះស្រាយបញ្ហានៅក្នុងតំបន់ដែលគេរស់នៅ និងចែករំលែកចំណេះដឹងដល់ពលរដ្ឋក្នុងសហគមន៍របស់ពួកគេបាន។
គោលដៅរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តត្បូងឃ្មុំ គឺធ្វើយ៉ាងណាបញ្ជ្រាបការយល់ដឹងដល់ពលរដ្ឋទាំងជនជាតិដើមភាគតិច និងខ្មែរកណ្ដាលរស់នៅក្បែរខ្សែបន្ទាប់ព្រំដែនទាំងអស់ ពិសេសតំបន់ដាច់ស្រយាលឱ្យបានយល់ដឹងគ្រប់គ្នា អំពីសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ ភាពជាម្ចាស់អំណាច និងភាពជាម្ចាស់កម្មសិទ្ធិពិតប្រាកដ ក្នុងអំឡុងពេល ៣ឆ្នាំទៅមុខទៀត៕