អាដហុកនៅបាត់ដំបងបើកវគ្គអប់រំអំពីការពង្រឹងសិទ្ធិអំណាចដល់សហគមន៍មូលដ្ឋាន
2015.03.05
សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំខេត្តបាត់ដំបង បើកវគ្គផ្សព្វផ្សាយអំពីការពង្រឹងសិទ្ធិអំណាចដល់ប្រជាពលរដ្ឋក្នុងសហគមន៍មូលដ្ឋាន នៅស្រុកឯកភ្នំ នៅព្រឹកថ្ងៃទី៤ មីនា។ វគ្គផ្សព្វផ្សាយនេះ រៀបចំឡើងដើម្បីឲ្យប្រជាពលរដ្ឋយល់ដឹងអំពីសិទ្ធិអំណាចរបស់ខ្លួន តាមបែបប្រជាធិបតេយ្យ និងតាមដានការអភិវឌ្ឍរបស់សមត្ថកិច្ចក្នុងមូលដ្ឋាន។
វគ្គផ្សព្វផ្សាយនេះ រៀបចំឡើងនៅក្រោមម្លប់ដើមស្វាយ និងមានប្រជាពលរដ្ឋចូលរួមប្រមាណជិត ១០០នាក់។ ពួកគាត់ទាំងនោះមានមតិស្រដៀងគ្នាថា ការបណ្ដុះបណ្ដាលនេះមានរយៈពេលខ្លីមែន តែវាផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ក្រុមប្រជាពលរដ្ឋដែលចូលរួម ថ្លែងប្រាប់ខណៈអង្គុយស្ដាប់ការផ្សព្វផ្សាយនៅភូមិរហាលសួង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង នោះថា វគ្គអប់រំនេះជាចំណេះដឹងសំខាន់ ធ្វើឲ្យយល់ដឹងអំពីសិទ្ធិអំណាចរបស់ខ្លួនដែលមិនធ្លាប់បានដឹងពីមុនមក និងឲ្យពលរដ្ឋចេះចងក្រងជាសហគមន៍ក្នុងមូលដ្ឋាន ដើម្បីការពារសម្បត្តិធនធានធម្មជាតិដោយខ្លួនឯង៖ «អប់រំនេះឲ្យយើងយល់ដឹងពីការចេះប្រមូលផ្ដុំគ្នាជាក្រុម ដើម្បីថែរក្សាសម្បត្តិធនធានធម្មជាតិក្នុងសហគមន៍។ ការសិក្សាវគ្គនេះ ធ្វើឲ្យយើងយល់ដឹងអំពីច្បាប់ក្នុងសង្គម ដើម្បីរួមគ្នាដោះស្រាយមិនឲ្យមានការរំលោភច្បាប់ក្នុងមូលដ្ឋាន។ អ្វីដែលមិនដឹងពីមុនមក គឺបានដឹងនៅពេលនេះឯង ដូចជាច្បាប់ភូមិបាល ជាដើម ដែលនិយាយអំពីការមិនបំពារបំពានសិទ្ធិមនុស្ស»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តបាត់ដំបង លោក យិន ម៉េងលី មានប្រសាសន៍ថា គោលបំណងនៃការបើកវគ្គអប់រំនេះ ដើម្បីបណ្ដុះបណ្ដាលប្រជាពលរដ្ឋឲ្យយល់ដឹងអំពីសិទ្ធិអំណាចរបស់ខ្លួនតាមបែបប្រជាធិបតេយ្យ និងចូលរួមចំណែកដល់ការអភិវឌ្ឍក្នុងសង្គមជាតិ។ លោកបន្តថា សិទ្ធិអំណាចដែលប្រជាពលរដ្ឋទទួលបានរួមមាន តាមដានការអនុវត្តច្បាប់របស់សមត្ថកិច្ចក្នុងមូលដ្ឋាន និងការរួមចំណែកថែរក្សាសម្បត្តិធនធានធម្មជាតិ ជាដើម៖ «អ៊ីចឹងនៅពេលដែលគាត់បានដឹងថា ពួកគាត់ជាម្ចាស់អំណាចហើយ ធ្វើឲ្យពួកគាត់មានការចាប់អារម្មណ៍ក្នុងរឿងនេះ។ ចំណែកឯធនធានធម្មជាតិវិញ ពួកគាត់ក៏មិនបានយល់ដឹងពីមុនមកឡើយ គឺពួកគាត់ទើបមានការភ្ញាក់ខ្លួនក្រោយពីបានអប់រំចប់»។
សមាជិកក្រុមប្រឹក្សាឃុំព្រែកនរិន្ទ ដែលបានចូលរួមក្នុងវគ្គអប់រំជាមួយប្រជាពលរដ្ឋនោះដែរ គឺលោក ឆេង ណម មានប្រសាសន៍បញ្ជាក់ថា ប្រជាពលរដ្ឋនៅក្នុងឃុំព្រែកនរិន្ទ មានបញ្ហាភាគច្រើន គឺទាក់ទងនឹងទំនាស់ និងការប្រើអំពើហិង្សាក្នុងគ្រួសារ ចំណែកឯរឿងទំនាស់ដីធ្លីមានចំនួនតិចតួច។ យ៉ាងណា លោកស្វាគមន៍ចំពោះការបើកវគ្គអប់រំប្រជាពលរដ្ឋនេះ ហើយថា វាជាការរួមចំណែកមួយដល់ការអភិវឌ្ឍជាមួយសមត្ថកិច្ចក្នុងមូលដ្ឋាន៖ «បាទ! មកបង្រៀនអ៊ីចឹងទៅ ខ្ញុំមានការត្រេកអរណាស់ ព្រោះបានឲ្យប្រជាពលរដ្ឋយល់ដឹងអំពីច្បាប់ និងសិទ្ធិរស់នៅរបស់គាត់ កុំឲ្យពួកគាត់មានការប្រើអំពើហិង្សាក្នុងគ្រួសារ ហើយគាត់បានយល់ពីច្បាប់អ៊ីចឹងទៅល្អ។ សំណូមពររបស់ខ្ញុំសូមឲ្យមានការអប់រំច្បាប់បែបនេះដល់ប្រជាពលរដ្ឋក្នុងឃុំព្រែកនរិន្ទ ឲ្យបានញឹកញាប់»។
ទោះជាយ៉ាងនេះក្ដី មន្ត្រីសង្គមស៊ីវិលលើកឡើងថា ការចុះអប់រំកន្លងមក ប្រជាពលរដ្ឋភាគច្រើននៅមានការភ័យខ្លាច គឺមិនចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលឲ្យបានច្រើនកុះករតាមការគ្រោងទុកនៅឡើយទេ។ ការបើកវគ្គអប់រំបែបនេះ សមាគមអាដហុក ខេត្តបាត់ដំបង រៀបចំឡើងក្នុងឃុំចំនួន៣ គឺឃុំតាប៉ុន ស្រុកសង្កែ ឃុំព្រែកលួង និងឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង៕