ម៉ុងតាញ៉ា-វៀតណាមមួយក្រុមទៀតមកដល់ព្រៃខេត្តរតនគិរី
2015.02.26
ម៉ុងតាញ៉ាមួយក្រុមថ្មីទៀត មានគ្នា ៨នាក់ បានភៀសខ្លួនចេញពីប្រទេសវៀតណាម ចូលមកក្នុងព្រៃខេត្តរតនគិរី ដើម្បីស្វែងរកសិទ្ធិជ្រកកោនជាជនភៀសខ្លួន។
ខណៈពេលក្រុមការងារឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកំពុងរង់ចាំភ្លើងខៀវពីក្រសួងមហាផ្ទៃ ដើម្បីបន្តសហការសង្គ្រោះជនភៀសខ្លួនម៉ុងតាញ៉ាវៀតណាម ដែលរត់មកសំងំលាក់ខ្លួនក្នុងព្រៃខេត្តរតនគិរីនោះ ក៏មានសេចក្ដីរាយការណ៍មកថា មានម៉ុងតាញ៉ាមួយក្រុមថ្មីទៀតមានគ្នា ៨នាក់ បានភៀសខ្លួនចេញពីប្រទេសវៀតណាម ចូលមកក្នុងព្រៃខេត្តរតនគិរី ដើម្បីស្វែងរកសិទ្ធិជ្រកកោនជាជនភៀសខ្លួន។
ក្រុមម៉ុងតាញ៉ាថ្មីនេះមាន ៧នាក់ជាបុរស និងម្នាក់ជាស្ត្រី។ ពួកគេមានអាយុចាប់ពីជាង ២០ឆ្នាំដល់ ៤០ឆ្នាំ បានចាកចេញពីស្រុកកំណើតនៅខេត្តយ៉ាឡាយ ប្រទេសវៀតណាម។
ជនជាតិដើមភាគតិចចារ៉ាយខ្មែរមានចំការនៅក្នុងព្រៃជ្រៅជាប់តំបន់ព្រំដែនប្រទេសវៀតណាម ក្នុងស្រុកអូរយ៉ាដាវ បានប្រទះឃើញពួកគេតាំងពីថ្ងៃ២៣ ខែកុម្ភៈ និងបានជួយផ្ដល់ជម្រកលាក់ខ្លួន និងផ្ដល់ស្បៀងអាហារ និងផ្ដល់ព័ត៌មាននេះមកក្រុមសិទ្ធិមនុស្សក្នុងខេត្តស្វែងរកមធ្យោបាយផ្ដល់ទីសុវត្ថិភាពដើម្បីពួកគេមានលទ្ធភាពសុំចុះឈ្មោះកំណត់អត្តសញ្ញាណជាជនភៀសខ្លួននៅកម្ពុជា។
អ្នកភូមិខ្មែរដែលបានជួយទំនុកបម្រុងឲ្យដឹងថា ម៉ុងតាញ៉ា ក្រុមថ្មីនេះចាកចេញពីស្រុកកំណើតមានគ្នា ៩នាក់ ប៉ុន្តែបានវង្វេងបាត់គ្នាម្នាក់ខណៈធ្វើដំណើរឆ្លងកាត់ព្រំដែននៅវេលាយប់។ ក្រុមនេះគឺជាផ្នែកមួយនៃក្រុមម៉ុងតាញ៉ា មានគ្នា ៧នាក់ ដែលចាកចេញពីភូមិស្រុកជាមួយគ្នា ហើយត្រូវបានអ្នកភូមិខ្មែរជួយលាក់បំពួនកាលពីថ្ងៃទី២៣ ខែកុម្ភៈ៖ «ជួយដែរតែខ្វះខាតម្ហូបអាហារ កន្លែងលាក់ខ្លួនអត់សុវត្ថិភាពទេ ឥឡូវនេះព្រៃអស់ទៀតពិបាកហើយ។ គាត់គេចខ្លួនគាត់ថា គេសង្ស័យគេតាមដានចង់ចាប់គាត់ អាហ្នឹងហើយបានគាត់គេចខ្លួន»។
ប៉ូលិសស្រុកលំផាត់ ខេត្តរតនគិរី បានបើកប្រតិបត្តិការស្វែងរកកន្លែងលាក់ខ្លួនរបស់ក្រុមម៉ុងតាញ៉ា កាលពីថ្ងៃ២៤ ខែកុម្ភៈ និងបានរកកន្លែងលាក់ខ្លួនម៉ុងតាញ៉ា ២ក្រុមមួយក្រុមមានគ្នា ៥នាក់ និងមួយក្រុមទៀតមានគ្នា ៩នាក់ ដែលបានមកលាក់ខ្លួនក្នុងព្រៃប្រមាណ ២សប្ដាហ៍កន្លងទៅ។ ក្នុងប្រតិបត្តិការនេះប៉ូលិសចាប់បានម៉ុងតាញ៉ា ៤នាក់ ចំណែកសមាជិកក្រុមនេះផ្សេងទៀតបានរត់រួចខ្លួន។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក លោក ឆាយ ធី មានប្រសាសន៍បញ្ជាក់ថា ប៉ូលិសមូលដ្ឋាននៅតែបន្តដាក់កម្លាំងឃ្លាំមើលសកម្មភាពអ្នកភូមិដែលគេសង្ស័យថា ជាអ្នកជួយលាក់បំពួន និងផ្ដល់ស្បៀងអាហារដល់ម៉ុងតាញ៉ា និងបន្តស្វែងរកកន្លែងលាក់ខ្លួនរបស់ម៉ុងតាញ៉ា ក្នុងព្រៃ។
លោក ឆាយ ធី អធិប្បាយថា ការហូរចូលកាន់តែច្រើននៃក្រុមម៉ុងតាញ៉ា ធ្វើឲ្យមានបញ្ហាចោទពាក់ព័ន្ធជម្រកលាក់ខ្លួន និងកង្វះស្បៀងអាហារដោយសារអ្នកភូមិខ្មែរដែលមានសមានចិត្តជួយសង្គ្រោះពួកគេបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនផង និងមិនមានស្បៀងអាហារច្រើនចែករំលែកឲ្យម៉ុងតាញ៉ា ក្នុងព្រៃបានឡើយ៖ «ជនជាតិខ្មែរ ដែលគាត់ពឹងពាក់អាស្រ័យហ្នឹង ក៏ជួបឧបសគ្គហើយចំនួនកើនឡើង ក៏មិនអាចផ្គត់ផ្គង់។ ជនភៀសខ្លួនដែលគាត់មកនេះ គាត់ពឹងផ្អែកលើអង្គការ យូ.អិន ដើម្បីសុំសិទ្ធិជ្រកកោនជាជនភៀសខ្លួនហ្នឹង»។
ការមកដល់នៃក្រុមម៉ុងតាញ៉ា ៨នាក់នេះធ្វើឲ្យតួលេខម៉ុងតាញ៉ា កំពុងលាក់ខ្លួនក្នុងព្រៃខេត្តរតនគិរី កើនដល់ ៤៩នាក់។ ចាប់ពីចុងឆ្នាំ២០១៤ រហូតបច្ចុប្បន្ន មានម៉ុងតាញ៉ា ១៣នាក់ ត្រូវបានក្រុមសិទ្ធិមនុស្សអង្គការសហប្រជាជាតិសង្គ្រោះពីក្នុងព្រៃខេត្តរតនគិរី នាំទៅទីក្រុងភ្នំពេញ និងបានចុះបញ្ជីកំណត់អត្តសញ្ញាណជនភៀសខ្លួននៅនាយកដ្ឋានជនភៀសខ្លួនក្រសួងមហាផ្ទៃ រួចហើយ។
ចំណែកពីរក្រុមទៀតមានគ្នា ៧នាក់ បានភៀសខ្លួនទៅដល់ការិយាល័យអង្គការសិទ្ធិមនុស្សឯទីក្រុងភ្នំពេញ និងកំពុងស្វែងរកលទ្ធភាពសុំចុះឈ្មោះកំណត់អត្តសញ្ញាណជនភៀសខ្លួននៅក្រសួងមហាផ្ទៃ។ ដោយឡែកមានម៉ុងតាញ៉ា សរុប ៩នាក់ ត្រូវបានអាជ្ញាធរខេត្តរតនគិរី ចាប់បញ្ជូនទៅប្រទេសវៀតណាម វិញ ក្រោមហេតុផលជាអន្តោប្រវេសន៍ខុសច្បាប់៕