អាជ្ញាធរ​ហាម​អ្នក​ប្រារព្ធ​ខួប​នៃ​ការ​បាញ់​សម្លាប់​លោក ជា វិជ្ជា តិះដៀល​រដ្ឋាភិបាល

ដោយ ថា កិត្យា
2016-01-20
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
កម្មករ កម្មការិនី ​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ពិធី​​​​​គោរព​​វិញ្ញាណក្ខន្ធ​​ លោក ជា វិជ្ជា ខួប​ទី​១១ នៅ​កន្លែង​តម្កល់​រូប​សំណាក​ត្រង់​សួនច្បារ​​ក្បែរ​​វិមាន​ឯករាជ្យ​ ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ មករា ២០១៥។
កម្មករ កម្មការិនី ​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ពិធី​​​​​គោរព​​វិញ្ញាណក្ខន្ធ​​ លោក ជា វិជ្ជា ខួប​ទី​១១ នៅ​កន្លែង​តម្កល់​រូប​សំណាក​ត្រង់​សួនច្បារ​​ក្បែរ​​វិមាន​ឯករាជ្យ​ ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ មករា ២០១៥។
RFA/Rann Samnang

សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​ពិធី​ជួបជុំ​គោរព​វិញ្ញាណក្ខន្ធ​សព​លោក ជា វិជ្ជា ថ្លែង​សារ​នយោបាយ ឬ​វាយ​ប្រហារ​រដ្ឋាភិបាល​ឡើយ។ បម្រាម​នេះ នៅ​បន្ទាប់​ពី​សាលា​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​មន្ត្រី​សហជីព និង​កម្មករ​ធ្វើ​ពិធី​ជួបជុំ​គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា នៅ​ថ្ងៃ​ទី​២២ ខែ​មករា។ ទាក់ទិន​បម្រាម​នេះ ប្អូន​ប្រុស​បង្កើត​របស់​លោក ជា វិជ្ជា គឺ​លោក ជា មុនី លើក​ឡើង​ថា គឺ​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព។

ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៤ ដល់​​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៦ គឺ​គម្រប់​ខួប ១២​ឆ្នាំ​គត់ ដែល​អតីត​មេដឹកនាំ​សហជីព​កម្មករ លោក ជា វិជ្ជា ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​តូប​លក់​កាសែត​ជាប់​របង​វត្ត​លង្កា ក្នុង​រាជធានី​ភ្នំពេញ។

សាលា​រាជធានី​​ភ្នំពេញ អនុញ្ញាត​ឲ្យ​សហជីព​កម្មករ ព្រម​ទាំង​ក្រុម​គ្រួសារ ជួបជុំ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា នៅ​ទីតាំង​តម្កល់​រូបសំណាក​របស់​លោក ស្ថិត​នៅ​លើ​សួនច្បារ​ខាង​លិច​វិមាន​ឯករាជ្យ។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ បញ្ជាក់​ថា សាលា​រាជធានី​មិន​អនុញ្ញាត​ឲ្យ​អ្នក​ប្រារព្ធ​ពិធី​នោះ​ហែ​ក្បួន និង​ថ្លែង​សារ​នយោបាយ ឬ​តិះដៀល​លើ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​នោះ​ឡើយ៖ «មិន​អនុញ្ញាត​អោយ​គាត់​ប្រើប្រាស់​កម្មវិធី​ថ្ងៃ​នោះ ជា​កម្មវិធី​នយោបាយ ប៉ះពាល់​ដល់​ព្រះមហាក្សត្រ ប៉ះពាល់​ដល់​រដ្ឋាភិបាល និង​មិន​ប៉ះពាល់​ដល់​ប្រទេស​ជិត​ខាង។ និយាយ​អោយ​ចំ​ទៅ គឺ​មិន​អោយ​ញុះញង់​បំបែក​បំបាក់​ជាតិ គឺ​ថា​យើង​មិន​ចង់​អោយ​ធ្វើ​បែប​នេះ​ទេ»

មក​ទល់​ពេល​នេះ មជ្ឈដ្ឋាន​ទូទៅ​នៅ​តែ​ចង់​ដឹង​ថា នរណា​ជា​ឃាតក​សម្លាប់​លោក ជា វិជ្ជា ហើយ​នៅ​ពេល​សាលា​រាជធានី​មាន​បម្រាម​រារាំង​យ៉ាង​ដូច្នេះ បាន​ធ្វើ​ឲ្យ​ពួកគេ​ដាក់​មន្ទិលសង្ស័យ​ទៅ​លើ​រដ្ឋាភិបាល។

ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុនី មាន​ប្រសាសន៍​ថា លោក​នៅ​តែ​ថ្លែង​សារ​ទៅ​កាន់​រដ្ឋាភិបាល​ដូច​រាល់​ឆ្នាំ ហើយ​បើ​មិន​ចង់​ប៉ះពាល់​នោះ រដ្ឋាភិបាល​ត្រូវតែ​វែក​មុខ​ឃាតក​ពិត និង​អ្នក​បញ្ជា​ពី​ក្រោយ​ខ្នង​ដែល​បាន​សម្លាប់​លោក ជា វិជ្ជា យក​មក​ផ្ដន្ទាទោស ដើម្បី​លុប​បំបាត់​វប្បធម៌​និទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍ និង​ពង្រឹង​យុត្តិធម៌​នៅ​កម្ពុជា៖ «បើ​មិន​ចង់​ឲ្យ​គេ​ថ្លែង​សារ​ទេ ចាប់​ឃាតក​មក ព្រោះ​អ្នក​ដែល​ដឹង​រឿង​នៅ​រស់​តើ ជា​ពិសេស​ក្រសួង​មហាផ្ទៃ ដឹង​ហើយ ក្រសួង​មហាផ្ទៃ ពូកែ​តើ! មិន​មែន​អត់​ជំនាញ​ទេ គឺ​មាន​ជំនាញ ប៉ុន្តែ​ថា ត្រូវ​ចាប់​គាត់​អត់​ចាប់ ហើយ​គាត់​ចាំ​តែ​មេ​បញ្ជា។ ទោះ​បី​ជា​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ក៏ដោយ ប៉ុន្តែ​មាន​តែ​នៅ​លើ​ក្រដាស មិន​ការ​អនុវត្ត​ទេ ហើយ​បើ​អ៊ីចឹង មិន​អោយ​គេ​រិះគន់​យ៉ាង​ម៉េច ឬ​ក៏​សម្លាប់​គេ​ចង់​បិទ​បាំង»

ចំណែក​អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ហាម​ប្រាម​របស់​សាលា​រាជធានី គឺ​មិន​ត្រូវ​ឡើយ។ មិន​ត្រឹមត្រូវ ព្រោះ​លោក ជា វិជ្ជា ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​វីរកម្មករ​ដែល​មាន​ស្នាដៃ​ទាមទារ​សិទ្ធិ​សេរីភាព និង​ផលប្រយោជន៍​ជូន​កម្មករ ដូច្នេះ​គណបក្ស​នយោបាយ​ណា​ក៏​មាន​សិទ្ធិ​ចូលរួម​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បន្ថែម​ល្បឿន​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ៖ «វា​ជា​រឿង​ធម្មតា​របស់​ប្រជាពលរដ្ឋ និង​គណបក្ស​នយោបាយ ប៉ុន្តែ​អ្វី​សំខាន់​នោះ គឺ​រដ្ឋាភិបាល​ត្រូវ​តែ​បង្ហាញ​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ស្វែង​រក​ឃាតក​ដែល​សម្លាប់​លោក ជា វិជ្ជា»

មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​សិទ្ធិមនុស្ស​លីកាដូ រូប​នេះ​បញ្ជាក់​ថា ថ្វីត្បិតតែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បង្កើត​គណៈកម្មការ​អន្តរក្រសួង​ស៊ើប​អង្កេត​ពិសេស​លើ​ឃាតកម្ម​សម្លាប់​លោក ជា វិជ្ជា និង មេ​សហជីព​ពីរ​រូប​ផ្សេង​ទៀត គឺ​លោក ហ៊ី វុទ្ធី និង​លោក រស់ សុវណ្ណារ៉េត កាល​ពី​​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៥ ក្ដី ប៉ុន្តែ​អាជ្ញាធរ​គ្មាន​ឆន្ទៈ​ពិត​ស្វែង​រក​យុត្តិធម៌​ជូន​គ្រួសារ​ជនរងគ្រោះ​ឡើយ ព្រោះ​គណៈកម្មការ​នេះ មាន​អាយុ​ជាង ៥​ខែ​ហើយ តែ​មិន​ទាន់​មាន​ពន្លឺ​នៃ​ការ​ស៊ើប​អង្កេត។ លោក​សន្និដ្ឋាន​ថា ការ​បង្កើត​គណៈកម្មការ​មួយ​នេះ​ឡើង គឺ​រដ្ឋាភិបាល​ចង់​ទាក់ទាញ​ប្រជាប្រិយភាព និង​បន្លំ​ភ្នែក​ថា ការ​ស៊ើប​អង្កេត​នៅ​តែ​បន្ត​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

កុំ តិដៀល រដ្ឋាភិបាល ហ៊ុន សែន អី !
គ្រាន់តែថា ជួយលាក់ ឃាតករ ទៅបានហើយ !

Jan 20, 2016 11:53 PM

អ្នក​អាន​អនាមិក

The government of this country is to kill who dare to fight for right and justuce. So need to ask and find who is the killer. And the end his fate is like the khmer rouge leaders in the court. Say that he does not do it but people under betray him did it

Jan 20, 2016 11:25 PM

អ្នក​អាន​អនាមិក

សហជីប កម្មករកម្មការីនី ត្រូវទៅ គោរពវិញ្ញាណក្ខន្ធ លោក ជា វជ្ជា ជាអ្នកតំណាង ការពារសិទ្ធ កម្មករកម្មការីនី របស់ខ្លួន ដែលត្រូវ ឃាតករ បាញ់សម្លាប់ កាលពីប៉ុន្មានឆ្នាំ មុន !
ហើយត្រូវ ទាមទារ អោយរដ្ឋាភិបាល ហ៊ុន សែន ចាប់ឃាតករ យកមកកាត់ទោស អោយបាន !

Jan 20, 2016 09:27 AM

គេហទំព័រ​ទាំងមូល