ពលរដ្ឋរងផលប៉ះពាល់ដីធ្លីនៃសហគមន៍បុរីកីឡា នៅថ្ងៃទី២៣ ខែមករា ប្រមាណ ២០នាក់ បានប្រមូលផ្ដុំគ្នានៅបរិវេណអគារបុរីកីឡា បន្តធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅសប្ដាហ៍ទី៣៨ ស្រែកទាមទារឲ្យរដ្ឋាភិបាលដោះលែងមន្ត្រីអង្គការសិទ្ធិមនុស្ស ៤នាក់ និងមន្ត្រី គ.ជ.ប លោក នី ចរិយា និងតំណាងសហគមន៍បឹងកក់ អ្នកស្រី ទេព វន្នី ឲ្យមានសេរីភាពវិញ។
ក្រៅពីការទាមទារឲ្យដោះលែងអ្នកជាប់ឃុំទាំងនេះ សហគមន៍បុរីកីឡា ក៏ស្នើឲ្យក្រសួងមហាផ្ទៃ ឬតុលាការ បង្ហាញកាមេរ៉ាសុវត្ថិភាពនៅក្នុងហាងស្ដារម៉ាតកាល់តិច (Star Mart, Caltex) ដែលឃាតកបាញ់សម្លាប់បណ្ឌិត កែម ឡី។
ស្ថិតក្នុងសម្លៀកបំពាក់ពណ៌ខ្មៅ ហើយដៃទាំងពីរកាន់បដាមានរូបអ្នកស្រី ទេព វន្នី ព្រមទាំងសរសេរថា ដោះលែងអ្នកស្រី ទេព វន្នី នោះ គឺតំណាងសហគមន៍បុរីកីឡា លោកស្រី សរ ស៊ន ប្រាប់អាស៊ីសេរី ថា បើតុលាការមានភាពឯករាជ្យនោះ លោកស្រីមានសង្ឃឹមថា សកម្មជនដីធ្លី មន្ត្រីសិទ្ធិមនុស្ស លោកបណ្ឌិត កែម ឡី នឹងទទួលបានយុត្តិធម៌។ ផ្ទុយទៅវិញ បើតុលាការមិនមានភាពឯករាជ្យទេ នោះពន្លឺនៃយុត្តិធម៌ហាក់នៅឆ្ងាយ៖ « ដោយសារតែពួកគាត់អត់មានកំហុសអីហ្នឹងហើយ ទើបមីងបន្តទាមទាររហូត។ ពួកគាត់ជាអ្នកការពារសិទ្ធិមនុស្ស មន្ត្រី គ . ជ . ប អ្នកស្រី ទេព វន្នី សុទ្ធតែជាមនុស្សល្អ ស្មោះត្រង់ គ្មានកំហុសអ្វីសោះ បែរទៅជាចាប់ពួកគាត់។ ចំណែកអ្នកប្រព្រឹត្តអំពើពុករលួយ មានលុយរាប់ម៉ឺនរាប់លានដុល្លារ បែរជារួចខ្លួន។ មកពីតុលាការបម្រើឲ្យបុគ្គល តុលាការមិនបម្រើរាស្ត្រ គឺបម្រើឲ្យបក្ស។ បើសិនតុលាការបម្រើរាស្ត្រ ធ្វើការតាមឆន្ទៈរបស់ខ្លួននោះ គឺអាចរកឃើញយុត្តិធម៌ហើយ មន្ត្រីសង្គមស៊ីវិល (ADHOC) ក៏ត្រូវរួចខ្លួនពីពន្ធនាគារដែរ »។
យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅសប្ដាហ៍ទី៣៨ នេះ មិនមានកងកម្លាំង ឬអាជ្ញាធរមករារាំងនោះឡើយ ប៉ុន្តែឃើញមនុស្សស្លៀកសម្លៀកបំពាក់ស៊ីវិលចាំឃ្លាំមើលពួកគាត់។ យុទ្ធនាការនេះត្រូវបានបញ្ចប់ទៅវិញក្នុងរយៈពេលជិតមួយម៉ោង។ ក្រុមពលរដ្ឋទាំងនោះបានបំបែកគ្នាត្រឡប់ទៅកាន់លំនៅឋានរៀងៗខ្លួន។
ពលរដ្ឋរងផលប៉ះពាល់ដីធ្លីពីការបណ្ដេញចេញដោយបង្ខំដោយក្រុមហ៊ុន ផាន អ៊ីម៉ិច (Phan Imex) នៃសហគមន៍បុរីកីឡា អះអាងថា ពួកគាត់នឹងបន្តយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនេះ លុះណាតែតុលាការផ្ដល់យុត្តិធម៌ដល់មន្ត្រីការពារសិទ្ធិមនុស្ស មន្ត្រី គ.ជ.ប និងបណ្ឌិត កែម ឡី ឲ្យទាល់តែបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។