កម្ពុជា-ចិន​គ្រោង​ចុះ​កិច្ចព្រមព្រៀង​ទប់ស្កាត់​ការ​ជួញដូរ​កម្លាំង​ពលកម្ម​និង​ផ្លូវ​ភេទ

ដោយ ម៉ៅ សុធានី
2016.08.29
ជូ ប៊ុនអេង ២០១៦ ៨៥៥ អ្នកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស (គ.ជ.ប.ជ) ក្នុង​នាទី​វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
RFA

រដ្ឋាភិបាល​កម្ពុជា-​ចិន គ្រោង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ដើម្បី​ទប់ស្កាត់​ការ​កេងប្រវ័ញ្ច​ពលកម្ម និង​ការ​ជួញដូរ​ផ្លូវ​ភេទ​លើ​ស្ត្រី​និង​កុមារ​ទៅ​ប្រទេស​ចិន នៅ​ដំណាច់​ឆ្នាំ​២០១៦ ខាង​មុខ។

រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​២៩ ខែ​សីហា ថា ក្នុង​កិច្ចព្រមព្រៀង​នេះ ភាគី​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ដើម្បី​ទប់ស្កាត់​រាល់​ទម្រង់​នៃ​ការ​ជួញដូរ​មនុស្ស វិធានការ​ជួយ​សង្គ្រោះ​ជនរងគ្រោះ និង​ការ​ស្វែងរក​ចាប់​ជនល្មើស​មក​ផ្ដន្ទាទោស​តាមច្បាប់៖ «យើង​បាន​ធ្វើ​ការងារ​នេះ​យ៉ាង​ឆាប់​រហ័ស ដោយសារ​ប្រជុំ​ជួប​គ្នា ២​ដង ម្ដង​នៅ​ឆ្នាំ​២០១៥។ ឥឡូវ​យើង​បាន​ជួប​ប្រជុំ​គ្នា​សម្រេច​កាល​ពី​សប្ដាហ៍​មុន និង​ឯកភាព​គ្នា​ជា​ឯកច្ឆន្ទ​ហើយ។ ខ្លឹមសារ​ទាំង​នេះ​បាន​ដាក់​ជូន​ទៅ​ប្រមុខ​ដឹកនាំ​ប្រទេស​ទាំង​សង​ខាង និង​ចាត់​ឲ្យ​មាន​តំណាង​ប្រទេស​នីមួយៗ ដើម្បី​ចុះ​ហត្ថលេខា ហើយ​យើង​បាន​ស្នើ​សុំ​មិន​ឲ្យ​ហួស​ឆ្នាំ​២០១៦ នេះ​ទេ»

កិច្ច​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា-​ចិន​នេះ គឺ​ស្រប​ពេល​ដែល​អង្គការ​សហប្រជាជាតិ​ផ្នែក​សកម្ម​ក្នុង​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស បាន​ចេញ​ផ្សាយ​របាយការណ៍​ស្រាវជ្រាវ​មួយ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា ស្ដីពី​បញ្ហា​ស្ត្រី​ខ្មែរ​ត្រូវ​បាន​គេ​ជួញដូរ​ផ្លូវ​ភេទ និង​បង្ខំ​ឲ្យ​រៀបការ​ជាមួយ​បុរស​ចិន។ ការ​សិក្សា​នេះ​ផ្ដោត​សំខាន់​អំពី​ដំណើរ​ដើម​ទង​ដែល​មេខ្យល់​ល្បួង​ស្រី​ខ្មែរ របៀបរបប​ដែល​គេ​ចំណេញ​លើ​ក្រុម​ស្ត្រី​ទាំង​នោះ និង​បញ្ហា​ខ្វះខាត​ក្នុង​ការ​ទប់ស្កាត់​របស់​សមត្ថកិច្ច។

របាយការណ៍​ស្រាវជ្រាវ​នោះ ក៏​បាន​បង្ហាញ​ពី​ឫសគល់​ដែល​ជា​កត្តា​ជំរុញ និង​កត្តា​អូសទាញ​ឲ្យ​ស្ត្រី​ខ្មែរ​សុខចិត្ត​រៀបការ​ជាមួយ​បុរស​ចិន។ កត្តា​ជំរុញ​ដោយសារ​បញ្ហា​ក្រីក្រ ខ្វះ​ការងារ​ធ្វើ និង​ប្រាក់ខែ​ទាប។ ភាគ​ច្រើន​ស្ត្រី​ត្រូវ​បង្ខំ​ចិត្ត​ចេញ​ទៅ​ក្រៅ​ប្រទេស​ដើម្បី​រក​ការងារ​ធ្វើ។ ចំណែក​កត្តា​អូសទាញ​វិញ គឺ​បុរស​ចិន មិន​អាច​រក​ភរិយា​ជនជាតិ​ចិន ដូច​គ្នា ដោយសារ​គោលនយោបាយ​គ្រួសារ​មួយ​កូន​មួយ ហើយ​ចិន ចង់​បាន​តែ​កូន​ប្រុស។

​អ្នកស្រី ជូ ប៊ុនអេង ដែល​ជា​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​ទទួល​បន្ទុក​ការ​បង្ក្រាប ការ​ជួញដូរ និង​កេងប្រវ័ញ្ច​ផ្លូវ​ភេទ អះអាង​ថា ស្ត្រី​រងគ្រោះ​ភាគ​ច្រើន​ជឿ​តាម​ការ​បោក​បញ្ឆោត​របស់​មេ​ខ្យល់៖ «ខាង​ចិន យើង​ឃើញ​មាន ២​របៀប ដែល​គាត់​ចេញ​ទៅ​រៀប​អាពាហ៍ពិពាហ៍។ ទី​មួយ​មាន​អ្នក​ដាក់​ពាក្យ​តាម​ផ្លូវ​ច្បាប់ មាន​តែ​ជាង ១​ករណី​ទេ។ ប៉ុន្តែ​ឥឡូវ​យើង​ដឹង​ថា មាន​ជា​ច្រើន​គូ​ទៀត​នៅ​ប្រទេស​ចិន។ ពួកគាត់​ទៅ​ធ្វើ​វីសា​នៅ​វៀតណាម ភូមា ហើយ​មាន​អ្នក​ចល័ត​ចុះ​ឡើងៗ។ យើង​បាន​បង្ក្រាប​នៅ​វាយ​ល​យន្តហោះ​ក៏​មាន ហើយ​មាន​ករណី​ខ្លះ យក​ទៅ​ដល់​ភូមា ត្រឡប់​មក​វៀតណាម វិញ»

​ក្រសួង​ការបរទេស​កម្ពុជា កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៩ ខែ​សីហា ឲ្យ​ដឹង​ថា ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ក្រុង​សៀងហៃ សហការ​ជាមួយ​អាជ្ញាធរ​ចិន បាន​អន្តរាគមន៍​សង្គ្រោះ​ស្ត្រី​ខ្មែរ​រង​គ្រោះ ៣​នាក់ ឲ្យ​បាន​វិល​មក​ស្រុក​វិញ។ ស្ត្រី​ចំណាក​ស្រុក​ទាំង​នោះ​បញ្ជាក់​មូលហេតុ​ថា ពួកគេ​រស់​នៅ​ជាមួយ​ប្ដី​មិន​ចុះ​សម្រុង​គ្នា ពីព្រោះ​ប្តី​ជា​ជន​ជាតិ​ចិន​នោះ​បិទ​សិទ្ធិ​សេរីភាព​មិន​ឲ្យ​ដើរ​ចេញ​ក្រៅ​ផ្ទះ។ ក្នុង​ចំណោម​ស្ត្រី​ទាំង ៣​នាក់ ដែល​បាន​វិល​ត្រឡប់​មក​ដល់​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា ក្នុង​នោះ ២​នាក់​មាន​អាយុ ១៥​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
តើ​លោក កើត សារ៉ាយ ជា​អ្នកណា?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។