ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក​រាប់​រយ​នាក់​នឹង​លើក​គ្នា​តវ៉ា​ជំរុញ​ឱ្យ​អាមេរិក​ដោះស្រាយ​វិបត្តិ​នយោបាយនៅ​​កម្ពុជា

ដោយ តាំង សារ៉ាដា
2017-09-14
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង ធ្វើ​បាតុកម្ម​នៅ​មុខ​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក ទាមទារ​ឲ្យ​​រដ្ឋាភិបាល​អាមេរិក ដាក់​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច និង​ការទូត​ទៅ​លើ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​​ថ្ងៃ​ទី​១០ មិថុនា ឆ្នាំ​២០១៦។ RFA/Yun Samean
ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង ធ្វើ​បាតុកម្ម​នៅ​មុខ​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក ទាមទារ​ឲ្យ​​រដ្ឋាភិបាល​អាមេរិក ដាក់​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច និង​ការទូត​ទៅ​លើ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​​ថ្ងៃ​ទី​១០ មិថុនា ឆ្នាំ​២០១៦។ RFA/Yun Samean
RFA/Yun Samean

ការ​រំលោភ​សិទ្ធិមនុស្ស ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់ ការ​ឃុំ​ខ្លួន​សកម្មជន​នយោបាយ និង​ការ​ចាប់​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង ព្រមទាំង​ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា បាន​នាំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក ពុះកញ្ជ្រោល​នាំ​គ្នា​ធ្វើ​បាតុកម្ម​ជា​បន្តបន្ទាប់​ដើម្បី​ជំរុញ​ឲ្យ​មេដឹកនាំ​ប្រទេស​មហា​អំណាច​មួយ​នេះ ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ស្ដារ​ស្ថានភាព​នយោបាយ​ឲ្យ​ប្រសើរ​ឡើង​វិញ​នៅ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៨។ មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា បាតុកម្ម​នៅ​អាមេរិក នឹង​គ្មាន​ឥទ្ធិពល​អ្វី​ដល់​កម្ពុជា នោះ​ឡើយ។

ពលរដ្ឋ​នៅ​ឯ​នាយ​សមុទ្រ​រាប់​រយ​នាក់​នៅ​តាម​បណ្ដា​រដ្ឋ​ជា​ច្រើន​ក្នុង​សហរដ្ឋអាមេរិក នៅ​ថ្ងៃ​សុក្រ​នេះ (ម៉ោង​នៅ​អាមេរិក) នឹង​​នាំ​គ្នា​ធ្វើ​បាតុកម្ម​ខាង​មុខ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ដើម្បី​ជំរុញ​ឲ្យ​រដ្ឋបាល​របស់​លោក ដូណាល់ ត្រាំ (Donald Trump) គាបសង្កត់​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោះលែង​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក កឹម សុខា និង​អ្នក​ទោស​នយោបាយ​ជា​ច្រើន​រូប​ទៀត។

អ្នក​ដែល​គ្រោង​នឹង​ទៅ​ចូលរួម​បាតុកម្ម​ខ្លះ​អះអាង​ថា ពួកគេ​នឹង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អាមេរិក ធ្វើ​តាម​គ្រប់​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ឲ្យ​ស្ថានការណ៍​វិល​មក​រក​ភាព​ដើម​វិញ ហើយ​អាច​ឲ្យ​ពលរដ្ឋ​ចូលរួម​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​ឆ្នាំ​២០១៨ ខាង​មុខ។

ពី​ទីក្រុង​លិចស៊ីងតុន (Lexington) រដ្ឋ​ណ័ស្ស ឃែរ៉ូឡាញណា (North Carolina) លោក ឈុំ សេរី សុខុម (Chhum Sereysokhom) បាន​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា លោក​នឹង​ពលរដ្ឋ​ខ្មែរ​ក្នុង​រដ្ឋ​ដែល​លោក​កំពុង​រស់​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ដំណើរ​រយៈ​ពេល ៧​ម៉ោង​ទៅ​ចូលរួម​មហា​បាតុកម្ម​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតុន (Washington) ដើម្បី​ជំរុញ​ឲ្យ​​សហរដ្ឋអាមេរិក យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​អំពី​វិបត្តិ​នៅ​កម្ពុជា៖ «ខ្ញុំ​ចង់​ឲ្យ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ដោះលែង​លោក កឹម សុខា និង​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី អាច​វិល​ត្រឡប់​ទៅ​ស្រុក​វិញ ដើម្បី​ចូលរួម​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ។ ខ្ញុំ​មាន​ជំនឿ ១០០% ថា​បើ​​ខ្មែរ​យើង​ក្រោក​ឈរ​ឡើង​នោះ យើង​នឹង​ឈ្នះ​ជា​មិន​ខាន ខណៈ​រដ្ឋាភិបាល​កម្ពុជា រង​នូវ​សម្ពាធ​អន្តរជាតិ​ជា​ច្រើន»

​តាម​គម្រោង​យ៉ាង​ហោច​ណាស់​នឹង​មាន​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង ៥០០​នាក់​មក​ពី​តាម​បណ្ដា​រដ្ឋ​ជា​ច្រើន​នឹង​មក​ចូលរួម​ធ្វើ​បាតុកម្ម​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតុន នៅ​ថ្ងៃ​សុក្រ​នេះ ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ កែប្រែ​ស្ថានការណ៍​នយោបាយ​ឲ្យ​មក​រក​ភាព​ប្រក្រតី​វិញ។

រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន កាល​ពី​ដើម​ខែ​កញ្ញា បាន​ចាប់ខ្លួន​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដោយ​ចោទ​ប្រកាន់​ពី​បទ​ក្បត់ជាតិ ហើយ​ប្រសិនបើ​តុលាការ​រក​ឃើញ​ដូច​ការ​ចោទ​ប្រកាន់​នេះ​មែន នោះ​លោក កឹម សុខា អាច​ជាប់​ពន្ធនាគារ​រហូត​ដល់​ទៅ ៣០​ឆ្នាំ​ឯ​ណោះ។

​លោក ឈុំ សេរីសុខុម អំពាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​តាម​បណ្ដា​រដ្ឋ​នានា ក្នុង​សហរដ្ឋអាមេរិក លះបង់​ពេល​វេលា​មួយ​ថ្ងៃ​ដើម្បី​ចូលរួម​ជួយ​សង្គ្រោះ​ប្រទេស​កម្ពុជា ដែល​កំពុង​លិចលង់​ដោយសារ​ការ​ដឹកនាំ​នៃ​របប​កណ្ដាប់ដៃ​ដែក​របស់​លោក ហ៊ុន សែន៖ «ខ្ញុំ​គ្មាន​អ្វី​ទេ គឺ​មាន​តែ​ម្រាមដៃ​ដប់​លើក​ទទូច​អោយ​បង​ប្អូន​ខ្មែរ​យើង​លះបង់​ពេលវេលា​មួយ​ថ្ងៃ​​ចូលរួម​មហា​បាតុកម្ម​ទាំង​អស់​គ្នា»

​ចំណែក​លោក កន អ៊ុំ ដែល​ជា​ពលរដ្ឋ​ខ្មែរ​ក្នុង​ទីក្រុង​យូស្តុន (Houston) នៃ​រដ្ឋ​តិចសាស (Texas) ឯណោះ​​វិញ​មាន​ប្រសាសន៍​ថា ទោះ​ជា​រដ្ឋ​ដែល​លោក​រស់​នៅ​កំពុង​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​ព្យុះសង្ឃរា​កាល​ពី​ពេល​ថ្មីៗ​ដែល​នាំ​ឲ្យ​អាក់ខាន​ដល់​គម្រោង​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​រដ្ឋ​នេះ​ក៏ដោយ ក៏​លោក​មិន​បោះបង់​ការ​ទាមទារ​នេះ​ដែរ។

​លោក កន អ៊ុំ មាន​ប្រសាសន៍​ថា លោក​នឹង​រួម​ដំណើរ​ជាមួយ​មិត្តភ័ក្ដិ​របស់​លោក​មួយ​ចំនួន​ពី​រដ្ឋ​តិចសាស ដើម្បី​ទៅ​ចូលរួម​មហា​បាតុកម្ម​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតុន៖ «អ្វី​ដែល​យើង​រំពឹង​ខ្លាំង​ហ្នឹង​គឺ​អាមេរិកាំង និង​អឺរ៉ុប ហើយ​អ្នក​ណា​ដែល​ស្រឡាញ់​សន្តិភាព ស្រឡាញ់​មនុស្សធម៌ ស្រឡាញ់​យុត្តិធម៌​ក្នុង​ពិភពលោក​ហ្នឹង នឹង​ជួយ​ខ្មែរ​ដើម្បី​រំដោះ​លោក កឹម សុខា ចេញ​ពី​ការ​ឃុំឃាំង​ដោយ​គ្មាន​លក្ខខណ្ឌ»

លោក កន អ៊ុំ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ប្រកាន់​ជំហរ​រឹងមាំ កុំ​តក់ស្លុត កុំ​បាក់​ទឹកចិត្ត និង​កុំ​ចាញ់​សម្លុត​របស់​មេដឹកនាំ​ខ្មែរ។ ជាង​នេះ​ទៅ​ទៀត​លោក​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា ទាំង​អស់​នាំ​គ្នា​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា សម្រាប់​ការ​បោះឆ្នោត​ជាតិ​២០១៨ ខាង​មុខ៖ «ខ្ញុំ​ចង់​ផ្ដែផ្ដាំ​ដល់​បងប្អូន​ខ្មែរ​ទាំង​អស់​គ្នា ទី​មួយ​កុំ​អោយ​ស្លុត កុំ​អោយ​ចាញ់​សម្លុត​របស់​គេ ទី​ពីរ​នាំ​គ្នា​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ទាំង​អស់​គ្នា​នៅ​ឆ្នាំ​២០១៨ ដើម្បី​ធ្វើការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​អោយ​បាន ទី​បី​ទាមទារ​ឲ្យ​មាន​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​អោយ​បាន​នៅ​ស្រុក​ខ្មែរ»

​ទោះ​បី​ជា​ពលរដ្ឋ​ខ្មែរ​ក្នុង​សហរដ្ឋអាមេរិក​លើក​គ្នា​រាប់​រយ​នាក់​មក​តវ៉ា ខាង​មុខ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក យ៉ាង​ណា​ក៏ដោយ ក៏​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា ការ​តវ៉ា​នេះ​គ្មាន​ឥទ្ធិពល​អ្វី​ដល់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ដោះលែង​លោក កឹម សុខា នោះ​ឡើយ។ ​លោក​បន្ត​ថា កម្ពុជា​មិន​អាច​ឲ្យ​បរទេស​ណា​មួយ​រំលោភ​លើ​ដែន​អធិបតេយ្យ​នៃ​រដ្ឋាភិបាល​ស្របច្បាប់​របស់​ខ្លួន​បាន​ឡើយ៖ «បាតុកម្ម​ជា​ទម្រង់​មួយ​នៃ​ការ​សម្ដែង​មតិ​ចំពោះ​អ្វី​ដែល​ខ្លួន​មិន​ពេញ​ចិត្ត ដូច្នេះ​ការ​ធ្វើ​បាតុកម្ម​ជា​សិទ្ធិ​សេរីភាព​របស់​បង​ប្អូន​ទេ។ តែ​ត្រង់​ថា អោយ​មាន​ឥទ្ធិពល​អ្វី​សម្រាប់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ដោះលែង​លោក កឹម សុខា គឺ​មិន​អាច​ទេ។ មិន​អាច​យក​បាតុកម្ម ឬ​កុប្បកម្ម​មក​ដាក់​សម្ពាធ​លើ​រាជរដ្ឋាភិបាល​ដែល​កំពុង​អនុវត្ត​នីតិវិធី​ច្បាប់​នោះ​ឡើយ»

បើ​ទោះ​បី​ជា​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​តែង​យក​បញ្ហា​អធិបតេយ្យភាព​មក​បិទបាំង​វិបត្តិ​សិទ្ធ​មនុស្ស​ដែល​កំពុង​ញាំញី​ទាញ​ទម្លាក់​ស្ថានភាព​នយោបាយ​របស់​ប្រទេស​ឲ្យ​ដើរ​ថយ​ក្រោយ​ក៏ដោយ ក៏​សហគមន៍​អន្តរជាតិ​បាន​ព្រមាន​ថា កម្ពុជា​កំពុង​ដើរ​ផ្ទុយ​ពី​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង សន្តិភាព​ទីក្រុង​ប៉ារីស។

កាល​ពី​ដើម​សប្ដាហ៍​នេះ​តំណាងរាស្ត្រ​របស់​ប្រទេស​អូស្ត្រាលី ពី​ខាង​គណបក្ស​ពលករ លោក ម៉ាក បាត់លើរ៍ (Mark Butler) បាន​ចាត់​ទុក​ការ​ចាប់​ខ្លួន​មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ ដូចជា​ពពក​ខ្មៅ​ងងឹត​មួយ​សម្រាប់​អនាគត​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក​បន្ត​ថា ប្រសិនបើ​ស្ថានការណ៍​នេះ​មិន​ព្រម​វិល​ទៅ​រក​ភាព​ដើម​វិញ​ទេ នោះ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ក្នុង​ឆ្នាំ​២០១៨ នឹង​បាត់បង់​តែម្ដង។

ចំណែក​មន្ត្រី​ជាន់​ខ្ពស់​នៃ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួលបន្ទុក​ផ្នែក​សិទ្ធិ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា បាន​រិះគន់​ជា​សាធារណៈ​ថា ការ​ចាប់​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ពី​បទ​ក្បត់​ជាតិ និង​ការ​បិទ​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ​ធ្វើ​ឡើង​តាម​តែ​អំពើ​ចិត្ត និង​គ្មាន​នីតិវិធី​ច្បាប់​ត្រឹមត្រូវ។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក កាល​ពី​ដើម​ខែ​កញ្ញា បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​ការ​ចាប់​ខ្លួន​លោក កឹម សុខា ដែល​សហរដ្ឋអាមេរិក ចាត់​ទុក​ថា ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​ក្នុង​ហេតុផល​នយោបាយ ហើយ​ថា កម្ពុជា​កំពុង​ធ្វើ​ឲ្យ​ការវិវឌ្ឍន៍​នៃ​ស្ថានការណ៍​នយោបាយ​របស់​ខ្លួន​ដែល​មាន​ជា​ច្រើន​ទសវត្ស​មក​នេះ បំផ្លាញ​ដល់​ដំណើរការ​បោះឆ្នោត​សម្រាប់​ឆ្នាំ​២០១៨ ខាង​មុខ។

ការ​រំលោភ​សិទ្ធិមនុស្ស ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់ ការ​ឃុំ​ខ្លួន​សកម្មជន​នយោបាយ និង​ការ​ចាប់​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​បណ្ដាញ​សារព័ត៌មាន​នៅ​កម្ពុជា ទាំង​នេះ បាន​នាំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ឯ​នាយ​សមុទ្រ​មិន​សុខចិត្ត​ចំពោះ​ការ​រំលោភ​បំពាន​ទាំង​នេះ។

ពី​រដ្ឋ​កាលីហ្វ័រញ៉ា ឯ​ណោះ​វិញ អ្នកស្រី ម៉ា រ៉ានី មាន​ប្រសាសន៍​ថា ពលរដ្ឋ​ខ្មែរ​នៅ​ទី​នោះ​នឹង​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​សៅរ៍ ខាង​មុខ​នេះ ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អាមេរិក ប្រើប្រាស់​ពេលវេលា​របស់​ខ្លួន និង​យន្តការ​ចាំបាច់​របស់​ខ្លួន​ដើម្បី​ចាត់​វិធានការ​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា ក្រោយពី​រដ្ឋាភិបាល​ដែល​មាន​ប្រទេស​ចិន ជា​ខ្នងបង្អែក​មួយ​នេះ ចោទ​សហរដ្ឋអាមេរិក​ថា ជា​អ្នក​នៅ​ពីក្រោយ​គម្រោង​ធ្វើ​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា៖ «នៅ​ពេល​ដែល​ពួក​ខ្ញុំ​ធ្វើ​បាតុកម្ម​នេះ គឺ​ពួក​ខ្ញុំ​ធ្វើ​ញត្តិ ធ្វើ​អី​ទាំង​អស់ ហើយ​ខ្ញុំ​នឹង​ឡើង​ទៅ​ជួប​អភិបាល​រដ្ឋ និង​តំណាងរាស្ត្រ​លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) ដើម្បី​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ជួយ​យើង ពីព្រោះ​ថា លោក ហ៊ុន សែន អាមេរិក ជា​បាតដៃ​ទី​បី​នៅ​ពី​ក្រោយ​ខ្នង​លោក កឹម សុខា។ អ៊ីចឹង​បើ​អាមេរិក ជា​បាតដៃ​ទី​បី​មែន ដល់​ពេល​ដែល​អាមេរិកាំង ជួយ​ខ្មែរ​ហើយ»

​អ្នក​បន្ត​ថា ដល់​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​នាំ​គ្នា​ក្លាហាន​ក្រោកឈរ​ដោយ​ខ្លួន​ឯង​តតាំង​ជាមួយ​រដ្ឋាភិបាល​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បច្ចុប្បន្ន ដោយ​មិន​ត្រូវ​រង់ចាំ​តែ​ការ​ដឹកនាំ​របស់​លោក កឹម សុខា ឬ​លោក សម រង្ស៊ី នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល