តំណាងអង្គការសង្គមស៊ីវិល និងអ្នកចូលរួមជាច្រើនពាន់នាក់ បានរួមគ្នាទាមទារអោយរដ្ឋាភិបាលកម្ពុជា គោរពសិទ្ធិចាំបាច់ដែលពលរដ្ឋកំពុងត្រូវការ។
«សំឡេងទាមទារ»
សេចក្ដីថ្លែងការណ៍រួមនៃសម្ព័ន្ធអង្គការសង្គមស៊ីវិល បានលើកឡើងនូវការទាមទារចំនួន ១២ចំណុច។ ក្នុងនោះរួមមាន ស្នើកែទម្រង់ប្រព័ន្ធច្បាប់ និងយុត្តិធម៌ ដែលធានាថា ពលរដ្ឋគ្រប់រូបទទួលបានយុត្តិធម៌ ធានាសេរីភាពបញ្ចេញមតិ បញ្ឈប់ការធ្វើទុក្ខបុកម្នេញអ្នកការពារសិទ្ធិមនុស្ស រាល់ការអភិវឌ្ឍត្រូវគិតពីផលប៉ះពាល់ និងប្រយោជន៍ពលរដ្ឋ ធានាសិទ្ធិលំនៅឋាន និងសេវាមូលដ្ឋានគ្រប់ប្រភេទ ពិសេសការអប់រំ និងសុខាភិបាល ធានាសមភាពយេនឌ័រ បញ្ឈប់អំពើហិង្សា និងការរើសអើងនារីភេទ លើកកម្ពស់សិទ្ធិជនពិការ និងជនជាតិដើមភាគតិច។
«សំឡេងហ៊ោទាមទារសិទ្ធិ»
តំណាងម្នាក់នៃក្រុមសម្ព័ន្ធអង្គការសង្គមស៊ីវិល លោក អាត់ ធន មានប្រសាសន៍ថា ក្នុងវិស័យការងារ ពួកលោកទាមទារអោយរដ្ឋាភិបាលយកចិត្តទុកដាក់ដំឡើងប្រាក់បៀវត្សរ៍ និងស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះពីការទាមទារសិទ្ធិ៖ «យើងស្នើអោយរដ្ឋាភិបាលផ្តល់ប្រាក់បៀវត្សរ៍អោយបាន ១៥៤ដុល្លារ ដល់កម្មករនិយោជិត ដើម្បីអោយពួកគាត់រស់នៅសមរម្យបាន។ រដ្ឋាភិបាលត្រូវចាប់ខ្លួនជនល្មើសទាំងឡាយ ដែលបានបាញ់សម្លាប់កម្មករ ក៏ដូចអ្នកតវ៉ាទាមទារសិទ្ធិដទៃទៀតមកផ្ដន្ទាទោសតាមច្បាប់»។
ជនជាតិភាគតិចសួយ កញ្ញា វ៉ែន សាមីន ក៏បានទាមទារអោយរដ្ឋាភិបាលបញ្ឈប់ការផ្ដល់ដីសម្បទានសេដ្ឋកិច្ច ដែលប៉ះពាល់ដល់ការរស់នៅរបស់ក្រុមជនជាតិដើមដូចពួកគាត់៖ «ជនជាតិដើមភាគតិចមិនមែនដូចខ្មែរទូទៅទេ។ ជនជាតិដើមភាគតិចរកផលអនុផលព្រៃ។ ប៉ុន្តែបើការសម្បទានហ្នឹង ឈូសឆាយព្រៃឈើ គាត់ធ្លាប់រកជ័ររកផលអនុផល គឺអត់មានទេ ព្រោះថាជុំវិញហ្នឹង គឺមានតែក្រុមហ៊ុន។ ហើយជីវិតពួកគាត់ គឺពឹងលើព្រៃ បើអត់ព្រៃ គឺអត់ជីវិត»។
តំណាងសាលារាជធានីភ្នំពេញ លោក សេង រតនៈ ថ្លែងនៅក្នុងពិធីនោះថា រាល់ការទាមទារសិទ្ធិសេរីភាព ត្រូវគោរពតាមលក្ខខណ្ឌមួយចំនួនដែលធានានូវសណ្ដាប់ធ្នាប់ សន្តិសុខសង្គម៖ «បើពុំនោះទេ ការសម្ដែងមតិ និងការទាមទារទាំងនោះ នឹងក្លាយទៅជាអានាធិបតេយ្យ បង្កចលាចលធ្វើអោយអសន្តិសុខ បាត់សណ្ដាប់ធ្នាប់ ខូចរបៀបរៀបរយក្នុងសង្គម ហើយអាចឈានទៅដល់ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិឯកជន និងទ្រព្យសម្បត្តិសាធារណៈទៀតផង។ ក្នុងប្រវត្តិសាស្ត្រនៃកម្ពុជា កន្លងមកមានក្រុមមនុស្សខ្លះធ្វើការសម្ដែងមតិ និងការទាមទារអ្វីមួយនោះ មិនពិតប្រាកដថា ដើម្បីផលប្រយោជន៍ពលរដ្ឋ និងប្រជាជាតិនោះទេ»។
ស្របគ្នានេះដែរ តំណាងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា អ្នកស្រី វ៉ាន ហ៊ាលី (Wan-Hea Lee) ក៏បានលើកឡើងថា អ្នកស្រីសង្ឃឹមថា តំណាងដែលពលរដ្ឋបានជ្រើសតាំង នឹងនាំយកកង្វល់របស់ពលរដ្ឋទៅពិភាក្សា និងដោះស្រាយ។
ក្រុមសម្ព័ន្ធអង្គការសង្គមស៊ីវិល ក៏បានអញ្ជើញតំណាងគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរដ្ឋាភិបាល អោយចូលរួមពិធីនេះដែរ ប៉ុន្តែពុំមានអ្នកចូលរួមឡើយ។ ដោយឡែក គណបក្សសង្គ្រោះជាតិ ប្រធានគណបក្សនេះ គឺលោក សម រង្ស៊ី បានចូលរួម និងថ្លែងសារនយោបាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។