អង្គការ​ជន​ពិការ​កម្ពុជា​ស្នើ​គ.ជ.ប​បែងចែក​តារាង​ឈ្មោះ​ជន​ពិការ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​ថ្មី

ដោយ អ៊ុំ រង្សី
2015.07.03
សន្និសីទ ជន​ពិការ ៦២០ សន្និសីទ​កាសែត​អបអរ​សាទរ​ខួប ៦​ឆ្នាំ នៃ​ការ​បង្កើត​ច្បាប់​ស្ដីពី​កិច្ច​ការពារ និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ ដែល​រៀបចំ​ឡើង​នា​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ កក្កដា ឆ្នាំ​២០១៥។
RFA/Um Raingsy

អង្គការ​ជន​ពិការ​កម្ពុជា (CDPO) លើក​ឡើង​ថា ជន​ពិការ​កម្ពុជា នៅ​តែ​ប្រឈម​នឹង​បញ្ហា​ចុះ​ឈ្មោះ និង​ពិនិត្យ​ឈ្មោះ​បោះ​ឆ្នោត ដោយសារ​មិន​ទាន​មាន​តារាង​ប្រភេទ​សម្រាប់​ជន​ពិការ​នៅ​ឡើយ។

ទន្ទឹម​គ្នា​នេះ អង្គការ​ជន​ពិការ​កម្ពុជា បាន​ស្នើ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បែង​ចែក​ប្រភេទ​តារាង​ឈ្មោះ​ជន​ពិការ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ថ្មី ដើម្បី​បង្ក​ភាព​ងាយ​ស្រួយ​សម្រាប់​មន្ត្រី​ការិយាល័យ​បោះឆ្នោត និង​ជន​ពិការ​នៅ​ពេល​ទៅ​បោះឆ្នោត។

​អង្គការ​ជន​ពិការ​កម្ពុជា យល់​ថា ការ​បន្ថែម​តារាង​ប្រភេទ​ឈ្មោះ​ជន​ពិការ​ដោយ​មាន​បញ្ជាក់​ប្រភេទ​ពិការភាព​ទៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី គឺ​ជា​ការ​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ​ដើម្បី​មាន​ឧកាស​ចូល​រួម​បោះ​ឆ្នោត។

ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​អបអរ​សាទរ​ខួប ៦​ឆ្នាំ នៃ​ការ​បង្កើត​ច្បាប់​ស្ដីពី​កិច្ច​ការពារ និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ ដែល​រៀបចំ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ ខែ​កក្កដា។

​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ជន​ពិការ​កម្ពុជា លោក ងិន សៅរ័ត្ន មាន​ប្រសាសន៍​ថា នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​កន្លង​មក​នៅ​តែ​មាន​ចំណុច​ខ្វះ​ចន្លោះ​នៅ​ឡើយ ព្រោះ​មិន​បាន​បែងចែក​ប្រភេទ​ពិការភាព​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពិបាក​រក​ឃើញ​ចំនួន​ជន​ពិការ​ពិត​ជាក់ស្ដែង ដែល​មាន​សិទ្ធិ​បោះឆ្នោត និង​ធ្វើ​ឲ្យ​ជន​ពិការ​កម្ពុជា បាត់​សិទ្ធិ​បោះឆ្នោត។ លោក​ថា បើ​ទោះ​ជា​ពិការ​មិន​មាន​កាយ​សម្បទាន​គ្រប់គ្រាន់​ក្តី តែ​មិន​មែន​មាន​ន័យ​ថា ជន​ពិការ​មិន​មាន​សិទ្ធិ​បោះឆ្នោត​នោះ​ទេ។

​អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ជន​ពិការ​រូប​នេះ លើក​ឡើង​ទៀត​ថា បច្ចុប្បន្ន គ.ជ.ប ថ្មី បាន​ធ្វើ​កំណែ​ទម្រង់​ឲ្យ​មាន​ការ​ចុះ​ឈ្មោះ​តាម​ប្រព័ន្ធ​កុំព្យូទ័រ ដូច្នេះ​វា​មិន​មែន​ជា​ការ​លំបាក​​នោះ​ទេ​ក្នុង​ការ​បន្ថែម​តារាង​ឈ្មោះ​ដោយ​មាន​បែងចែក​ប្រភេទ​ជន​ពិការ។ លោក​ថា ប្រសិន​បើ គ.ជ.ប បន្ថែម​តារាង​ជន​ពិការ​បាន វា​នឹង​ងាយ​ស្រួល​ដល់​មន្ត្រី គ.ជ.ប ដឹង​ពី​ចំនួន​ជន​ពិការ​នៅ​កម្ពុជា ច្បាស់លាស់ ងាយ​ស្រួយ​ចាត់​ចែង​បុគ្គលិក​ជួយ​សម្រួល​លើ​ការ​បោះឆ្នោត​របស់​ជន​ពិការ។

លោក ងិន សៅរ័ត្ន ជំរុញ​ឲ្យ គ.ជ.ប ថ្មី ត្រូវ​តែ​កែប្រែ​ប្រវត្តិសាស្ត្រ ធ្វើ​យ៉ាង​ណា​បន្ថែម​តារាង​ប្រភេទ​ឈ្មោះ​ជន​ពិការ ដោយ​មាន​បញ្ជាក់​ប្រភេទ​ពិការភាព​ទៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ថ្មី ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ឆ្នាំ​២០១៧ ខាង​មុខ​នេះ៖ «គ.ជ.ប ត្រូវ​តែ​បន្ថែម​កូឡោន​ថ្មី ទៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ដែល​មាន​ស្រាប់ ដើម្បី​បង​ប្អូន​ជន​ពិការ​ងាយ​ស្រួល​ទៅ​បោះ​ឆ្នោត ដូចជា​ប្រជាពលរដ្ឋ​ដទៃ ហើយ​នៅ​ពេល​ដែល គ.ជ.ប បែង​ចែក​តារាង​ឈ្មោះ​បោះ​ឆ្នោត​ជន​ពិការ​ច្បាស់លាស់ វា​នឹង​ឲ្យ គ.ជ.ប មាន​តម្លាភាព ម្យ៉ាង​ទៀត​វា​ងាយ​ស្រួល​ឲ្យ គ.ជ.ប បកស្រាយ​ប្រាប់​សាធារណជន​អំពី​ប្រភេទ​ប្រជាពលរដ្ឋ​ដែល​ទៅ​បោះ​ឆ្នោត»

ជាមួយ​គ្នា​នេះ ជន​ពិការ​ដែល​បាន​ចូល​រួម​ក្នុង​សន្និសីទ​កាសែត​នោះ​ចង់​ឲ្យ គ.ជ.ប និង​គណបក្ស​នយោបាយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជន​ពិការ ព្រោះ​ថា ជន​ពិការ​មាន​ប្រមាណ​ជាង ១០ ទៅ ១៥% ដែល​ស្មើ​នឹង ១.៥​លាន​នាក់​នៅ​ក្នុង​ប្រទេស។

​ចំណែក​ឯ​នាយក​ស្ដីទី​អង្គការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី (NICFEC) លោក សំ គន្ធាមី នៅ​កម្ពុជា បាន​លើក​ឡើង​ថា កន្លង​មក​ជន​ពិការ​កម្ពុជា​ដែល​ទៅ​ចុះ​ឈ្មោះ និង​ទៅ​បោះ​ឆ្នោត​មាន​ចំនួន​តិចតួច។ លោក​ថា នេះ​ដោយសារ​ជន​ពិការ​ពិបាក​ស្វែង​រក​ឈ្មោះ​ពិបាក​មធ្យោបាយ​ធ្វើ​ដំណើរ មិន​មាន​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់ ទីតាំង​បោះឆ្នោត​នៅ​ឆ្ងាយ​ ឬ​​កន្លែង​បោះ​ឆ្នោត​មាន​ស្ថានភាព​លំបាក។ លោក​ថា ចំណុច​ទាំង​នេះ គ.ជ.ប គួរ​តែ​បង្កើន​ការ​ផ្សព្វផ្សាយ​ដល់​ជន​ពិការ​ដើម្បី​ពួកគេ​មាន​ឧកាស​បោះ​ឆ្នោត៖ «ខ្ញុំ​ចង់​ឲ្យ គ.ជ.ប ផ្សព្វផ្សាយ​ឲ្យ​បាន​ស៊ី​ជម្រៅ​ដើម្បី​លើក​ទឹក​ចិត្ត​ជនពិការ​បាន​ចូល​រួម​បោះ​ឆ្នោត​ទាំង​អស់​គ្នា»

​ឆ្លើយ​តប​ទៅ​នឹង​ការ​ស្នើ​សុំ​នេះ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា កន្លង​មក គ.ជ.ប មាន​ការ​លំបាក​ពីរ​ក្នុង​ការ​បែងចែក​ប្រភេទ​ជន​ពិការ​ទៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត គឺ​ជន​ពិការ​ខ្លះ​នៅ​តែ​លាក់លៀម​ពី​អត្តសញ្ញាណ​របស់​ខ្លួន និង​តារាង​បញ្ជី​បោះ​ឆ្នោត​កន្លង​មាន​បញ្ចូល​រូបថត​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពិបាក​រក​កន្លែង​បែង​ចែក​ប្រភេទ​ជន​ពិការ។

លោក​ថា គ.ជ.ប នឹង​គិតគូរ​ពី​បញ្ហា​នេះ៖ «គ.ជ.ប មិន​មាន​ការ​រើស​អើង​ជន​ពិការ​នោះ​ទេ គ.ជ.ប កំពុង​តែ​ពិចារណា ហើយ​អ្នក​បច្ចេកទេស​យើង​ក៏​កំពុង​តែ​ដោះស្រាយ​បញ្ហា​នេះ»

​ក្រៅ​ពី​ស្នើ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បន្ថែម​តារាង​ដើម្បី​បែក​ចែក​ប្រភេទ​ជន​ពិការ សន្និសីទ​នោះ​ក៏​បាន​ស្នើ​ទៅ​រដ្ឋាភិបាល​ឲ្យ​ដោះស្រាយ​បញ្ហា ១១​ចំណុច​ផ្សេង​ទៀត​ដែល​ជន​ពិការ​កម្ពុជា ចង់​បាន​រួម​មាន៖ ផ្ដល់​ឱកាស​ការងារ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ ធ្វើ​ប័ណ្ណសំគាល់ខ្លួន​ជន​ពិការ ផ្ដល់​ព័ត៌មាន​ឲ្យ​បាន​ទូលំទូលាយ ផ្ដល់​ការពារ និង​ប្រឆាំង​អំពើ​ហិង្សា​លើ​ស្ត្រី​ពិការ ផ្ដល់​សេវា​អប់រំ ផ្ដល់​ការ​ថែទាំ​សុខភាព ធានា​ថា​ជន​ពិការ​ទទួល​បាន​របប​គោលនយោបាយ ២​ម៉ឺន​រៀល​ក្នុង​មួយ​ខែ និង​ចំណុច​សំខាន់ៗ​មួយ​ចំនួន​ទៀត ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​ស្ដីពី​កិច្ច​ការពារ និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។