មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៅថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ អំពាវនាវសុំឲ្យស្ថាប័នពាក់ព័ន្ធរាជរដ្ឋាភិបាល សង្គ្រោះនារីខ្មែរមួយរូប ដែលត្រូវបានក្រុមគ្រួសារអះអាងថា ត្រូវគេជួញដូរទៅប្រទេសចិន។
យោងពាក្យប្ដឹងរបស់ស្ត្រីឈ្មោះ ស៊ីម ឈុនអេង អាយុ ៣៥ឆ្នាំ រស់នៅភូមិលឺឃន ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី ឲ្យដឹងថា កូនស្រីគាត់ឈ្មោះ ឈុន ណាវី អាយុ ២៤ឆ្នាំ បានបាត់ខ្លួនពីផ្ទះកាលពីខែតុលា ឆ្នាំ២០១៣ រហូតមកទល់នឹងខែមករា ឆ្នាំ២០១៤ ទើបនាងទូរស័ព្ទ (+៨៦១ ៤៧៩ ៧៨៣ ២១៦៥) មកម្តាយបញ្ជាក់ថា នាងត្រូវបានមេខ្យល់ពីរនាក់ បោកប្រាស់ទៅលក់ឲ្យបុរសជនជាតិចិន តម្លៃ ១០ម៉ឺនលុយចិន។ បច្ចុប្បន្ន នាងរស់នៅប្រទេសចិន ប៉ុន្តែមិនស្គាល់អាសយដ្ឋាន និងត្រូវបុរសចិន វាយធ្វើបាបបង្ខំរួមភេទ ខណៈនាងមានជំងឺទៀតផង។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តរតនគិរី លោក ឆាយ ធី មានប្រសាសន៍បញ្ជាក់ថា ស្ត្រីជាម្តាយនារីឈ្មោះ ឈុន ណាវី បានដាក់ពាក្យប្ដឹងមកសមាគមសិទ្ធិ ដើម្បីជួយអន្តរាគមន៍ទៅស្ថាប័នថ្នាក់ជាតិ ជួយស្វែងរក និងរំដោះកូនស្រីគាត់ពីការជួញដូរនេះផង៖ «គាត់បាត់ដំណឹងកូនស្រីប្រហែល ៤ខែ ទើបបានទទួលដំណឹងពីកូនស្រីតាមរយៈទូរស័ព្ទ។គាត់បានបញ្ជាក់ថា កូនស្រីគាត់រស់នៅប្រទេសចិន គេបង្ខាំងមិនឲ្យមានសេរីភាព គេធ្វើបាបវាយដំបង្ខាំងទុក បង្ខំរួមភេទនៅពេលមានជំងឺជាដើម។ យើងបានអន្តរាគមន៍ទៅភ្នំពេញភ្លាមៗ ដើម្បីទំនាក់ទំនងទៅក្រសួងការបរទេស និងស្ថានទូត ក្នុងនោះយើងក៏មានលេខទូរស័ព្ទជនរងគ្រោះដែរ»។
ជនពាក់ព័ន្ធចោទប្រកាន់ក្នុងរឿងជួញដូរនារីឈ្មោះ ឈុន ណាវី មានឈ្មោះ អែល ជាមេការដាំកៅស៊ូនៅភូមិឡែ ឃុំកិចុង និងស្ត្រីឈ្មោះ ល័ក្ខ ហៅ មុំ រស់នៅប្រទេសចិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
