ការបញ្ជូនមកសង្គ្រោះភ្លាមៗនេះ គឺក្រោយពីត្រូវភ្លើងឆេះពេញខ្លួនប្រាណនៅក្នុងពេលកំពុងជាប់ឃុំក្នុងទ្រុងមួយដែលជាការធ្វើទារុណកម្មពីមេអង្គភាព។
ក្រុមគ្រួសារយោធាដែលត្រូវភ្លើងឆេះ អំពាវនាវឲ្យអង្គភាព និងជំនាញពាក់ព័ន្ធជួយរកយុត្តិធម៌ តាមរយៈការផ្ដល់ជំនួយមនុស្សធម៌ខណៈជនរងគ្រោះកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ។
ការអំពាវនាវរបស់គ្រួសារពលទាហានដែលត្រូវភ្លើងឆេះនេះ កើតឡើងបន្ទាប់ពីលោក អោក ខួច ជាយោធាបម្រើការនៅក្នុងអង្គភាពកងពលតូច៤៤២ ត្រូវភ្លើងឆេះនៅក្នុងទ្រុងដែកទំហំ ៣ម៉ែត្រ ៤ជ្រុង កាលពីថ្ងៃទី១៣ កុម្ភៈ។ បើតាមគ្រួសារជនរងគ្រោះ ឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យមានហេតុការណ៍នេះកើតឡើង គឺក្រោយពីមានជម្លោះដោយពាក្យសំដី។
លោកស្រី នង យ៉ាន នៅសង្កាត់ជ្រោយចង្វា រាជធានីភ្នំពេញ ជាម្ដាយយោធាដែលត្រូវភ្លើងឆេះ មានប្រសាសន៍នៅថ្ងៃទី២២ កុម្ភៈ ថា ក្រុមគ្រួសាររបស់លោកស្រីនឹងមិនប្ដឹងផ្ដល់ប្រឆាំងនឹងការដែលបណ្ដាលឲ្យកូនប្រុសរបស់ខ្លួនក្លាយជាជនរងគ្រោះនោះទេ។ លោកស្រីបន្តថា ក៏ប៉ុន្តែអ្វីដែលលោកស្រីចង់ឃើញនោះ គឺស្នើសុំឲ្យអង្គភាពត្រូវចេះទទួលខុសត្រូវ និងចេញមុខដោះស្រាយ មិនគួរទុកឲ្យមានហេតុការណ៍កើតឡើងចំពោះកូនរបស់លោកស្រីបែបនេះឡើយ។
លោកស្រី នង យ៉ាន៖ «អស់លោកឯកឧត្ដមក៏ដោយ អស់លោកនៅទីកន្លែងក៏ដោយ គ្រាន់ខ្ញុំសូមអំពាវនាវថា ធ្វើមេធ្វើកើយគេ សុំឲ្យជួយរកយុត្តិធម៌ឲ្យគ្រាន់សុំបន្តឹងទេ។ កំហុសវាមាន វាតែងតែមានអ្នកណាដែលអត់មានកំហុស»។
វិទ្យុអាស៊ីសេរី ពុំអាចស្នើសុំការអត្ថាធិប្បាយពីលោក យ៉ុង លន់ មេបញ្ជាការកងពលតូច៤៤២ បានទេ នៅថ្ងៃទី២២ កុម្ភៈ ដោយទូរស័ព្ទចូលជាច្រើនដង តែពុំមានអ្នកទទួល។ ចំណែកលោក នាក់ វង្ស មេបញ្ជាការទទួលបន្ទុកទិសប្រាសាទតាមាន់ ក៏ពុំអាចស្នើសុំការបំភ្លឺបានដែរ ដោយទូរស័ព្ទរបស់លោកពុំអាចទាក់ទងបាន។
លោកស្រី នង យ៉ាន ឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យមានហេតុការណ៍នេះកើតឡើង ព្រោះតែប្រធានអង្គភាពដាក់ទណ្ឌកម្មកូនប្រុសរបស់គាត់ ក្រោយពីរកឃើញថា មានការទំនាស់ដោយពាក្យសំដីនៅក្នុងអង្គភាព រហូតប្រើប្រាស់ហិង្សា។ លោកស្រីបន្តថា ថ្ងៃទី១៣ ដែលជាថ្ងៃត្រូវរួចផុតពីការដាក់ទណ្ឌកម្ម តែនៅគ្រានោះមានពលទាហានមួយចំនួនទៅសួរសុខទុក្ខ ហើយយកដែកកេះលលេង ក៏ត្រូវឆាបឆេះភ្លាមៗ ស្លឹកប្រេងខ្យល់ដែលដាក់បិទបាំងជុំវិញទ្រុងដែក ដើម្បីការពារកម្ដៅថ្ងៃ។
លោកស្រី នង យ៉ាន៖ «ពួកម៉ាកមិត្តភ័ក្ដិអីវាហ្នឹង ក៏គេមិនដឹងជាមេ ឬក៏អីទេ។ ប៉ុន្តែគេឲ្យកាច់ដើមប្រេងខ្យល់ហ្នឹងយកទៅបិទបាំងដាក់លើដំបូលផង ដាក់តាមអារបាដែកហ្នឹងផង។ ដល់ពេលថ្ងៃ១៣ នេះពីថ្ងៃ១២ ដល់ថ្ងៃ១៣ ហ្នឹង ជិតដល់ថ្ងៃដោះលែងហើយហ្នឹង ក៏មានមិត្តភ័ក្ដិហ្នឹងទៅសួរ មិនដឹងជាមិត្តភ័ក្ដិមួយណាទេកេះដែកកេះលេង បណ្ដាលឲ្យមានខ្យល់ ហើយក៏ឆាបឆេះគ្នាទៅ»។
បញ្ហានេះ ត្រូវបានលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បញ្ជាក់ថា ការដាក់ពិន័យវិន័យ គឺជារឿងមួយដែលមាននៅក្នុងអង្គភាពនីមួយៗ ក៏ប៉ុន្តែលោកថា ការដាក់វិន័យគួរធ្វើឡើងដោយមានបច្ចេកទេស និងមានការទទួលត្រូវខ្ពស់។ ក្នុងន័យនេះ លោកចាត់ទុកថា ការស៊ើបអង្កេតត្រូវធ្វើឡើង ដើម្បីប្រាកដថាអ្នកដែលពាក់ព័ន្ធត្រូវអនុវត្តច្បាប់។
លោក អ៊ូ វីរៈ៖ «ការឃុំឃាំងមនុស្សនៅក្រៅប្រព័ន្ធនេះ វាតាមវិន័យតាមអីក៏ដោយ ក៏ប៉ុន្តែបើសិនជាឃុំឃាំងហ្នឹងមិនមែនជាកន្លែងទាហានត្រឹមត្រូវ ខ្ញុំថាអ្នកឃុំឃាំងហ្នឹង គឺត្រូវតែមានការស៊ើបអង្កេតច្បាស់លាស់ ថាតើហេតុអីបានជាយកទៅឃុំនៅកន្លែងហ្នឹង ព្រោះអីបើសិនជាឃុំទាហាន ទាល់តែនៅក្នុងបន្ទាយ ឬមួយក៏កន្លែងឃុំឃាំងណាមួយដែលត្រឹមត្រូវ ហើយកន្លែងឃុំឃាំង ឬមួយបន្ទាយដែលត្រឹមត្រូវ វាត្រូវតែគិតពីរឿងសុវត្ថិភាពភ្លើងឆេះ គិតពីរឿងស្អីៗហ្នឹង»។
លោក អោក ខួច អាយុ ២២ឆ្នាំ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ អះអាងថា ស្ថានភាពជំងឺរបស់ខ្លួននៅពេលនេះ បានវិលទៅរកភាពប្រក្រតីឡើងវិញ និងប្រសើរជាងមុន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។