អ្នក​នៅ​ខែត្រ​ភាគ​ឦសាន​មួយ​ចំនួន​ថា​សិទ្ធិ​បញ្ចេញ​មតិ​ត្រូវ​បាន​រឹតត្បិត​ក្រោម​លេស​បដិវត្តន៍​ពណ៌

ដោយ ស្ងួន អមរា
2017.12.15
សិស្ស​ជនជាតិ​ដើម​ភាគ​តិច រតនគិរី ៨៥៥ កុមារ​ជនជាតិ​ដើម​ភាគ​តិច ចូល​រួម​ក្នុង​ពិធី​​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ថ្ងៃ​ទី​១០ ធ្នូ ឆ្នាំ​២០១៦ នៅ​ឃុំ​អូរជុំ ស្រុក​អូរជុំ ខេត្ត​រតនគិរី។
Photo: RFA

ជនជាតិ​ដើម​ភាគតិច​មួយ​ចំនួន​រស់នៅ​ខែត្រ​ភាគ​ឦសាន​ព្រួយ​បារម្ភ​ខ្លាំង​ពី​ការ​រឹតត្បិត​សេរីភាព​បញ្ចេញ​មតិ និង​ការ​ចោទ​ប្រកាន់​ពី​អាជ្ញាធរ​រដ្ឋាភិបាល​ក្រោម​រូបភាព​បដិវត្ត​ពណ៌។ ពូក​គាត់​អះអាង​ថា អាជ្ញាធរ​រដ្ឋាភិបាល​ប្រើ​ពាក្យ​បដិវត្ត​ពណ៌​ជា​លេស​គាប​សង្កត់​ពលរដ្ឋ​មិន​ឲ្យ​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ពី​ភាព​មិន​ប្រក្រតី​នៅ​មូលដ្ឋាន និង​ភាព​ឆក​ល្វែង​មិន​អើពើ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​របស់​អាជ្ញាធរ។

​ជនជាតិ​ដើម​ភាគតិច​រស់​នៅ​ខេត្ត​កំពង់ចាម ស្ទឹងត្រែង ក្រចេះ និង​ខែត្រ​មណ្ឌលគិរី បើ​មើល​ពី​ខាង​ក្រៅ​ហាក់​មាន​សភាព​ធម្មតា តែ​ធាតុ​ពិត​ក្នុង​អារម្មណ៍​របស់​ពួកគាត់​បង្កប់​នូវ​ក្ដី​ព្រួយ​បារម្ភ ដោយសារ​វិបត្តិ​នយោបាយ​បាន​ជះឥទ្ធិពល​អាក្រក់​ដល់​សេរីភាព​បញ្ចេញ​មតិ ដែល​នាំ​ឲ្យ​ពលរដ្ឋ​លែង​ហ៊ាន​រិះគន់​ពី​ភាព​អសកម្ម​របស់​មន្ត្រី​រដ្ឋាភិបាល និង​អំពើ​ពុករលួយ។

​អគ្គលេខាធិការ​សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា លោក ឡូ រ៉ង់ មើល​ឃើញ​ថា សិទ្ធិ​សេរីភាព​ជួប​ប្រជុំ​ពិភាក្សា​បញ្ហា​សង្គម និង​នយោបាយ​របស់​ពលរដ្ឋ​ត្រូវ​បាន​អាជ្ញាធរ​រឹតត្បិត ថែម​ទាំង​ចោទ​ពលរដ្ឋ​ដោយ​ប្រយោល​ថា ជា​ក្រុម​បដិវត្ត​ពណ៌​ទៅ​វិញ។ លោក​ថា ពាក្យ​បដិវត្ត​ពណ៌​កំពុង​ពេញ​និយម​ដែល​អាជ្ញាធរ​ប្រើប្រាស់​សម្រាប់​ដាក់​សម្ពាធ​ដល់​ពលរដ្ឋ​មិន​ឲ្យ​តស៊ូ​មតិ និង​ទាមទារ​ស្វែង​រក​ដំណោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​សង្គម។ លោក​កត់សម្គាល់​ថា ពលរដ្ឋ​ហាក់​ប្រយ័ត្ន​ជាង​មុន​ទាក់ទិន​ការ​បញ្ចេញ​មតិ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ដោយសារ​ខ្លាចក្រែង​អាជ្ញាធរ​ប្ដឹង ឬ​ចោទ​ថា ជា​ក្រុម​បក្ស​ប្រឆាំង៖ «អ្នក​សម្របសម្រួល​សហគមន៍​មួយ​ចំនួន គាត់​ធ្លាប់​មាន​ការ​ប្រជុំ​តាម​ភូមិ។ ឥឡូវ​ហ្នឹង​អាជ្ញាធរ​មួយ​ចំនួន​បាន​ប្រាប់ និង​ហាមឃាត់​មិន​ឲ្យ​គាត់​ធ្វើ ធ្វើ​ឲ្យ​ខ្លាចរអា ណា​មួយ​បដិវត្ត​ពណ៌​ពេញ​និយម អាជ្ញាធរ​ប្រើប្រាស់»

​ជនជាតិដើម​ភាគតិច​រស់​នៅ​ខែត្រ​ស្ទឹងត្រែង ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ ធ្នូ​ថា បើ​ទោះ​បី​ជា​កម្ពុជា មាន​រដ្ឋ​ធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ប្រទេស​ផ្ដល់​សេរីភាព​ដល់​ពលរដ្ឋ​អាច​ជួបជុំ និង​សម្ដែង​មតិ​ដោយ​សន្តិវិធី​ក្តី តែ​ធាតុពិត​អាជ្ញាធរ​រដ្ឋាភិបាល​មិន​បាន​ប្រតិបត្តិ​ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ។ នោះ​គឺ​មាន​ន័យ​ថា ច្បាប់​មាន​តែ​ក្នុង​ក្រដាស​ទេ។ លោក​ថា ជាក់​ស្តែង​បើ​ពលរដ្ឋ​រិះគន់​អាជ្ញាធរ​ក្នុង​រឿង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ និង​ឈឺ​ឆ្អាល​រឿង​កាប់​ឈើ​ខុស​ច្បាប់ ត្រូវ​បាន​អាជ្ញាធរ​ចោទ​ថា ជា​ក្រុម​បក្ស​ប្រឆាំង ឬ​ចង់​បះបោរ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ទៅ​វិញ។ លោក​អះអាង​ថា បើ​ពលរដ្ឋ​ណា​បញ្ចេញ​មតិ​រិះគន់​អាជ្ញាធរ​រដ្ឋាភិបាល ត្រូវ​បាន​អាជ្ញាធរ​កត់​ចំណាំ និង​តាមដាន​សកម្មភាព​ពលរដ្ឋ​ទាំង​នោះ។ បញ្ហា​នេះ​ដែល​នាំ​ឲ្យ​ពលរដ្ឋ​លែង​ហ៊ាន​បញ្ចេញ​មតិ និង​រស់នៅ​សម្ងំ​យក​សុខ​រៀងៗ​ខ្លួន បើទោះបីជា​ភាព​មិន​ប្រក្រតី​កើត​មាន​ឡើង​ធំធេង​យ៉ាង​ណា​ក្ដី៖ «មាន​បញ្ហា​កាប់​ព្រៃឈើ រំលោភ​ដីធ្លី និង​ក្មេង​ជក់​ម៉ា (គ្រឿង​ញៀន) អី ដល់​ពលរដ្ឋ​រាយការណ៍ និង​រៀបរាប់​រឿង​ច្បាប់​ទៅ​តាំង​ថា គេ​ជា​បក្ស​ប្រឆាំង និង​បដិវត្តន៍​ពណ៌»

​កាល​ពី​ពេល​ថ្មីៗ​នេះ មេ​ឃុំ​ស្តៅ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង មក​ពី​បក្ស​កាន់​អំណាច ចោទ​សហគមន៍ ៤០​នាក់ ដែល​ប្រមូល​ផ្គុំ​គ្នា​ឃាត់​រថយន្ត​ដឹក​ឈើ​របស់​ឈ្មួញ​ថា  ជា​ក្រុម​បដិវត្តន៍​ពណ៌​ផ្ដួល​រំលំ​រដ្ឋាភិបាល។ មេឃុំ​រូប​នោះ​ចាត់​ទុក​ការ​ប្រមូល​ផ្គុំ​គ្នា​របស់​សហគមន៍​ថា មាន​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ជា​អតីត​មន្ត្រី​បក្ស​ប្រឆាំង មាន​មហិច្ឆតា​ចង់​ធ្វើ​បដិវត្ត​ពណ៌​ដែល​រដ្ឋាភិបាល​កំពុង​ព្រួយ​បារម្ភ។

​ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង​រស់​នៅ​ខែត្រ​មណ្ឌលគិរី អ្នកស្រី ភ្លឹក ភារម្យ កត់សម្គាល់​ថា នៅ​គ្រា​ដែល​សហគមន៍​ចុះ​ល្បាត​ព្រៃ​ត្រូវ​បាន​អាជ្ញាធរ​ព្រមាន និង​ហាមឃាត់​មិន​ឲ្យ​បញ្ចេញ​មតិ​រឿង​បទល្មើស​ព្រៃឈើ​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ។ រី​ឯ​ការ​ជួប​ប្រជុំ​គ្នា​ពិភាក្សា​បញ្ហា​ព្រៃឈើ និង​សង្គម​ក៏​ត្រូវ​បាន​អាជ្ញាធរ​សួរ​នាំ និង​តាមដាន។ លោកស្រី​យល់​ថា រដ្ឋាភិបាល​បាន​ចាប់​មេដឹកនាំ​បក្ស​ប្រឆាំង​ដាក់​គុក អ្នកតំណាងរាស្ត្រ អ្នក​នយោបាយ និង​អ្នក​សារព័ត៌មាន​ដាក់​គុក គឺ​ជា​បន្ទុក​ដ៏​ធំ​មួយ​នាំ​ឲ្យ​ពលរដ្ឋ​ភ័យ​ព្រួយ​រឿង​បញ្ចេញ​មតិ និង​លែង​ហ៊ាន​ផ្ដល់​ព័ត៌មាន​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ដោយ​ខ្លាចក្រែង​អាជ្ញាធរ​ធ្វើ​ទុក្ខបុកម្នេញ៖ «រាល់​ពេល​យើង​ប្រជុំ​ជាមួយ​អាជ្ញាធរ យើង​គ្រាន់​តែ​ប្រាប់​ពី​ដំណើរ​ការ​នៃ​ការ​ទៅ​ល្បាត​អី​ប៉ុណ្ណឹង តែ​យើង​មិន​អាច​ថា យើង​មិន​សូវ​មាន​សិទ្ធិ​និយាយ​អី​ឲ្យ​ខ្លាំងៗ​ទេ»

​ដោយ​ឡែក​ពលរដ្ឋ​រស់​នៅ​ខែត្រ​កំពង់ចាម ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា ពលរដ្ឋ​មាន​វិបត្តិ​ដីធ្លី​ក៏​លែង​ហ៊ាន​ទាមទារ​ឲ្យ​អាជ្ញាធរ​ស្វែង​រក​ដំណោះស្រាយ​ដែរ ដោយ​ខ្លាច​ក្រែង​អាជ្ញាធរ​ចោទ​ថា ជា​ក្រុម​បក្ស​ប្រឆាំង និង​ចាប់​ដាក់គុក​ដោយ​យក​លេស​ថា ជា​ក្រុម​បដិវត្ត​ពណ៌​ប្រឆាំង​រដ្ឋាភិបាល។ លោកស្រី​កត់សម្គាល់​ថា កន្លង​ទៅ​ពលរដ្ឋ​បាន​នាំ​គ្នា​តវ៉ា​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ជម្លោះ​ដីធ្លី តែ​ត្រូវ​អាជ្ញាធរ​ចាត់​ឲ្យ​សមត្ថកិច្ច​សួរ​នាំ​ពលរដ្ឋ​ថា គាំទ្រ​គណបក្ស​ណា។ ក៏ប៉ុន្តែ​បើ​ពលរដ្ឋ​ឆ្លើយ​ថា គាំទ្រ​បក្ស​ប្រឆាំង ត្រូវ​បាន​អាជ្ញាធរ​រើសអើង​មិន​ដោះស្រាយ​ឲ្យ ឬ​ក៏​ដោះស្រាយ​ដោយ​លម្អៀង៖ «ស្ថានភាព​កាន់​តែ​តានតឹង ពួក​ខ្ញុំ​អត់​ហ៊ាន​តវ៉ា នៅ​សម្ងំ។ បើ​យើង​ដាក់​ពាក្យ​តវ៉ា គេ​ថា​យើង​បក្ស​ប្រឆាំង»

​មន្ត្រី​ជាន់​ខ្ពស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ពន្យល់​ថា សង្គម​លទ្ធិប្រជាធិបតេយ្យ សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ ដែល​រដ្ឋាភិបាល​ទទួល​ស្គាល់ តែ​ប្រសិន​បើ​មាន​ការ​រឹតត្បិត​ដោយ​ទម្រង់​ណា​មួយ​នោះ នឹង​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ សិទ្ធិ​សេរីភាព​ពលរដ្ឋ និង​នីតិរដ្ឋ។ លោក​ថា ប្រសិនបើ​អាជ្ញាធរ​រើសអើង​សិទ្ធិ​បញ្ចេញ​មតិ​ក្នុង​បំណង​ការពារ​ធនធាន​ធម្មជាតិ និង​រាយការណ៍​ពី​ភាព​អសកម្ម​របស់​មន្ត្រី​រដ្ឋាភិបាល គឺ​ជា​ទង្វើ​ផ្ទុយ​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ៖ «ពួកគាត់​បាន​ដឹង​បាន​ឮ​ហើយ មិន​ហ៊ាន​រាយការណ៍... ឲ្យ​ដោះស្រាយ ជាពិសេស​បាត់បង់​ធនធាន​ធម្មជាតិ​ជាដើម»

​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៧ ជនជាតិ​ដើម​ភាគតិច​កួយ​មួយ​ចំនួន​នៅ​ខែត្រ​ស្ទឹងត្រែង ត្រូវ​បាន​អាជ្ញាធរ​គំរាមកំហែង​ប្រើ​ប្រព័ន្ធ​តុលាការ និង​ចាប់​ដាក់​គុក នៅ​គ្រា​ដែល​ពូក​គាត់​បាន​លាតត្រដាង​ពី​បទ​ល្មើស​ព្រៃឈើ និង​ភាព​អសកម្ម​របស់​អាជ្ញាធរ​រដ្ឋាភិបាល​ដែល​ធ្វើ​មិន​ដឹង​មិន​ឮ​រឿង​បទល្មើស​ព្រៃឈើ​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។ ពួកគាត់​ត្រូវ​បាន​អាជ្ញាធរ​ចោទ​ថា ជា​ក្រុម​បក្ស​ប្រឆាំង។

​រដ្ឋធម្មនុញ្ញ​មាត្រា​៣៥ ចែង​ថា ពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ។ សេចក្ដី​ស្នើ​ទាំង​ឡាយ​របស់​ពលរដ្ឋ​ត្រូវ​បាន​ទទួល​ការ​ពិនិត្យ និង​ដោះស្រាយ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។