អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ស្នើ​ឲ្យ​អាជ្ញាធរ​ទម្លាក់​បទ​ចោទ​​ប្រឆាំង​សកម្មជន​បក្ស​ប្រឆាំង

ដោយ យាង សុជាមេត្តា
2015.03.26
មាជ សុវណ្ណារ៉ា ៦២០ មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ចូល​ទៅ​​កាន់​សវនាការ​​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៨ មករា ២០១៥។
RFA/Morm Moniroth

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទម្លាក់​បទ​ចោទ​ប្រកាន់​ប្រឆាំង​ទៅ​នឹង​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង​លើ​សំណុំ​រឿង​ហិង្សា​នៅ​ស្ពាន​នាគ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ។ យូមែន រ៉ៃត៍ វ៉ច្ឆ ចាត់​ទុក​ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល ថា​គ្មាន​មូលដ្ឋាន និង​ជា​រឿង​នយោបាយ​សុទ្ធសាធ។

ការ​អំពាវនាវ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​នៅ​ពេល​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​មុន​សាលា​ដំបូង​រាជធានី​ភ្នំពេញ បើក​សវនាការ​ជំនុំ​ជម្រះ​លើ​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ១១​រូប ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៧ ខែ​មីនា។

​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ១១​នាក់ ក្នុង​នោះ​ក៏​មាន​លោក មាជ សុវណ្ណារ៉ា ផង​ដែរ ត្រូវ​បាន​អាជ្ញាធរ​ចោទ​ប្រកាន់​ពី​បទ​ដឹកនាំ​ឲ្យ​មាន​កុប្បកម្ម និង​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤។ ក្នុង​នោះ​លោក មាជ សុវណ្ណារ៉ា និង​សកម្មជន ៤​នាក់​ផ្សេង​ទៀត ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន ខណៈ​សកម្មជន ៦​រូប​ទៀត ត្រូវ​បាន​តុលាការ​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។

នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ប្រចាំ​តំបន់​អាស៊ី លោក ប្រ៊ែដ អាដាម (Brad Adams) បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​២៦ ខែ​មីនា ថា ការ​កាត់​ទោស​លើ​សកម្មជន​បក្ស​ប្រឆាំង​ទាំង ១១​រូប គឺ​ជា​​យុទ្ធនាការ​ជំហាន​ចុង​ក្រោយ​របស់​លោក ហ៊ុន សែន ក្នុង​ការ​សម្លុត​បំភ័យ និង​ដាក់​គុក​អ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាល។

លោក ប្រ៊ែដ អាដាម បញ្ជាក់​បន្ថែម​ថា ការ​ចោទ​ប្រកាន់​ទៅ​លើ​ជន​ទាំង​ឡាយ​ណា​ដែល​ចូល​រួម ឬ​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​លើ​អាជ្ញាធរ គួរ​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ដោយ​មាន​ហេតុផល​សមរម្យ ហើយ​ការ​កាត់​ទោស​ក៏​គួរ​ធ្វើ​ឡើង​ប្រកប​ដោយ​យុត្តិធម៌។ យ៉ាង​ណា​ក៏ដោយ លោក​ថា រដ្ឋាភិបាល​ក៏​គួរ​បញ្ឈប់​នូវ​ការ​បង្កើត​រឿងរ៉ាវ​ដើម្បី​ចោទ​ប្រកាន់​ទៅ​លើ​ក្រុម​អ្នក​ប្រឆាំង​ផង​ដែរ។

លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៩ មីនា បាន​ព្រមាន​លោក កឹម សុខា មិន​ឲ្យ​លូកដៃ​ចូល​ក្នុង​រឿង​របស់​សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​ចោទ​ប្រកាន់​ដោយ​តុលាការ។ លោក​ក៏​បាន​ព្រមាន​ចាត់​វិធានការ​ចំពោះ​លោក កឹម សុខា ប្រសិន​បើ​អនុ​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ ហ៊ាន​ចេញ​មុខ​តវ៉ា​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោក មាជ សុវណ្ណារ៉ា។ ការ​ព្រមាន​របស់​លោក ហ៊ុន សែន បែប​នេះ ធ្វើ​ឡើង​១​សប្ដាហ៍​បន្ទាប់​ពី​តុលាការ​កំពូល​បាន​សម្រេច​ច្រាន​ចោល​ការ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​របស់​លោក មាជ សុវណ្ណារ៉ា។

ចំណែក​ការ​លើក​ឡើង​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ នៅ​ពេល​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ទិត សុធា បាន​ទេ​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ​មីនា ដោយ​លោក​បញ្ជាក់​ថា លោក​ជាប់​រវល់។

អំពើ​ហិង្សា​នៅ​លើ​ស្ពាន​នាគ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​រវាង​កង​សន្តិសុខ​រដ្ឋាភិបាល និង​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤ បាន​បណ្ដាល​ឲ្យ​កង​សន្តិសុខ និង​ក្រុម​បាតុករ​រង​របួស​ទាំង​សង្ខាង។ យូមែន រ៉ៃត៍ វ៉ច្ឆ សម្ដែង​ការ​ខក​ចិត្ត​នៅ​ពេល​ដែល​អាជ្ញាធរ​ចាប់​ខ្លួន​តែ​ទៅ​លើ​សកម្មជន​បក្ស​ប្រឆាំង ប៉ុន្តែ​មិន​បាន​បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​កម្លាំង​សន្តិសុខ​ដែល​បាន​បង្ក​របួស​ស្នាម​ដល់​ពលរដ្ឋ។ យូមែន រ៉ៃត៍ វ៉ច្ឆ ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​នូវ​ការ​អនុវត្ត​បែប​នេះ ហើយ​ក៏​បាន​ទទូច​ឲ្យ​ប្រទេស​ផ្តល់​ជំនួយ​ជំរុញ​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​គោរព​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ និង​សេរីភាព​ក្នុង​ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី​របស់​ពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។