ជនជាតិ​ដើម​ភាគ​តិច​ថា​ការ​ជម្លៀស​ចេញ​ពី​លំនៅ​​ធ្វើ​ឲ្យ​​បាត់បង់​អត្តសញ្ញាណ​របស់​ពួកគេ

ដោយ ម៉ែន សុធីរ
2017-08-11
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ជនជាតិ​ដើម​ភាគ​តិច​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ភាគ​តិច នៅ​ភូមិ​ក្បាលរមាស (ចាស់) ឃុំ​ក្បាលរមាស ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Men Sothyr
ជនជាតិ​ដើម​ភាគ​តិច​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ភាគ​តិច នៅ​ភូមិ​ក្បាលរមាស (ចាស់) ឃុំ​ក្បាលរមាស ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Men Sothyr
RFA/Men Sothyr

ជនជាតិ​ដើម​ភាគ​តិច​ចាត់​ទុក​ការ​ជម្លៀស​ចេញ​ពី​លំនៅឋាន គឺ​ជា​មូលហេតុ​នាំ​អោយ​បាត់បង់​វប្បធម៌ និង​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគតិច ព្រោះ​តំបន់​ដែល​ពួកគាត់​រស់នៅ​ហ៊ុមព័ទ្ធ​ដោយ​ព្រៃ​សហគមន៍ ទន្លេ និង​ធនធាន​ធម្មជាតិ ដែល​ជា​ប្រភព​ចំណូល និង​សន្តិសុខ​ស្បៀង។ ការ​លើក​ឡើង​នេះ​នៅ​ក្នុង​ទិវា​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​ពិភពលោក ដែល​ប្រារព្ធ​នៅ​ភូមិ​ក្បាលរមាស (ចាស់) មាន​ជនជាតិ​ដើម​ភាគ​តិច មក​ពី​ខែត្រ​កំពង់ធំ រតនគិរី ខែត្រ​មណ្ឌលគិរី និង​ខែត្រ​ស្ទឹងត្រែង ចូល​រួម បើ​ទោះ​បី​ជា​មាន​ការ​រារាំង​ពី​កងកម្លាំង​ប្រដាប់​អាវុធ​ក្ដី។

ជនជាតិ​ដើម​ភាគ​តិច ១១ អម្បូរ​បាន​ធ្វើ​ដំណើរ​ពី​ខែត្រ​រតនគិរី មណ្ឌលគិរី ខែត្រ​កំពង់ធំ និង​ខែត្រ​ស្ទឹងត្រែង មក​ជួប​ជុំ​គ្នា​ប្រារព្ធ​ទិវា​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​អន្តរជាតិ នៅ​ភូមិ​ក្បាលរមាស (ចាស់) ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង នៅ​គ្រា​ដែល​តំបន់​នោះ អាជ្ញាធរ​ខែត្រ​បាន​ដាក់​កម្លាំង​ប្រដាប់​អាវុធ​យាម​តឹងរ៉ឹង។

តំណាង​ជនជាតិ​ដើម​ភាគ​តិច​តិច​កួយ មក​ពី​ខែត្រ​កំពង់ធំ លោក អ៊ុំ  ប៊ុនថន ឲ្យ​ដឹង​ថា ការ​ប្រារព្ធ​ទិវា​សិទ្ធិ​នេះ ក្នុង​បំណង​បង្ហាញ​នូវ​វប្បធម៌ និង​របាំ​ប្រពៃណី ដែល​ជា​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគតិច​កួយ ត្បិត​បច្ចុប្បន្ន​អត្តសញ្ញាណ និង​ប្រពៃណី​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច​បាន​ធ្លាក់​ចុះ។ លោក​ថា ការ​រឹតត្បិត​សេរីភាព​ជនជាតិ​ដើម​ភាគតិច ការ​ថយ​ចុះ​ព្រៃឈើ បាត់បង់​ដីធ្លី ការ​ជម្លៀស​ចេញ​ពី​លំនៅឋាន​ក្រោម​រូបភាព​ការ​អភិវឌ្ឍ​តាម​ដង​ទន្លេ គឺ​ជា​ផ្នែក​មួយ​នាំ​ឲ្យ​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគ​តិច​បាត់បង់។

លោក​រំពឹង​ថា ទិវា​នេះ​ជា​សារ​ផ្ញើ​ទៅ​រដ្ឋាភិបាល​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ទទួល​យក​ទុក្ខ​កង្វល់​របស់​ពួកគាត់​ដោះស្រាយ​ដោយ​យុត្តិធម៌៖ «ចង់​ឲ្យ​ជនជាតិ​ដើម​ភាគ​តិច​បង្ហាញ​វប្បធម៌ អត្តសញ្ញាណ​ដែល​ដូនតា​បាន​បន្សល់​ទុក។ យើង​ចង់​ឲ្យ​រាល់​បញ្ហា​ទាំង​ឡាយ​របស់​ជនជាតិ​ដើម​ភាគ​តិច បើ​មាន​ការ​លើក​ឡើង​គួរ​តែ​ដោះស្រាយ​ឲ្យ​ពួកគាត់»

​ចាប់​ពី​ម៉ោង ១២​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​៩ ខែ​សីហា បន្ទាប់​សែនព្រេន នៅ​ខ្ទម​អ្នក​តា​រួច ជនជាតិ​ដើម​ភាគតិច​បាន​បរិភោគ​អាហារ​រួម​គ្នា ខ្លះ​ចង​ក្រណាត់​ក្រហម​នៅ​ក្បាល និង​សរសេរ​បដា​អម​ដោយ​ពាក្យ​ស្លោក​ថា ទិវា​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច និង​សិទ្ធិ​ដីធ្លី។ ក្រុម​ជនជាតិ​ដើម​ភាគតិច​កួយ​មួយ​ក្រុម​បាន​នាំ​គ្នា​រាំ​របាំ ប្រពៃណី អ្នក​ខ្លះ​សម្លាប់​ជ្រូក មាន់ ដើម្បី​ធ្វើ​ម្ហូប​អាហារ​សែនព្រេន ដើម្បី​បញ្ជាក់​ពី​ភាព​សាមគ្គី និង​ការ​ជួយ​គ្នា​នៅ​គ្រា​មាន​ទុក្ខ​លំបាក។

ជនជាតិ​ដើម​ភាគតិច សេសាន ២០១៧ ១៤៤០
ពលរដ្ឋ​ជាង ២០០​នាក់​មក​ពី​ខេត្ត​មណ្ឌលគិរី រតនគិរី កំពង់ធំ និង​ខេត្ត​ស្ទឹងត្រែង ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ភាគតិច​អន្តរជាតិ​នៅ​ភូមិ​ក្បាលរមាស​ចាស់ ឃុំ​ក្បាលរមាស ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Men Sothyr

ជនជាតិ​ដើម​ភាគ​តិច​ព្នង វ័យ ៣៥​ឆ្នាំ រស់​នៅ​ភូមិ​ក្បាលរមាស លោក ដាំ សំណាង ថា ទិវា​នេះ​ចង់​បង្ហាញ​ទៅ​រដ្ឋាភិបាល និង​សហគមន៍​អន្តរជាតិ​ជ្រាប​ពី​ទុក្ខ​កង្វល់​របស់​ជនជាតិ​ដើម​ភាគ​តិច​ស្ដីពី​ការ​ធ្លាក់​ចុះ​ប្រពៃណី​វប្បធម៌ ព្រៃឈើ ឬ​ធនធាន​ធម្មជាតិ និង​ការ​ជម្លៀស​ចេញ​ពី​លំនៅឋាន។ លោក​ថា ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដោយ​ក្រុមហ៊ុន​សំអាត​បាត​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ  និង​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល គឺ​ជា​បន្ទុក​បន្ថែម​ទៀត​ធ្វើ​ឲ្យ​ពួកគាត់​ប្រឈម​បញ្ហា​ផ្នែក​ជីវភាព ការ​ប្រែប្រួល​អាកាសធាតុ បាត់បង់​ដីចម្ការ​វិល​ជុំ ការ​កាប់​បំផ្លាញ​ដើម​ឈើ​ផលិត​ជ័រទឹក ឬ​ព្រៃ​ស្រោង​ជា​ជម្រក​សត្វ និង​បាត់បង់​ទឹក​ទន្លេ អូរ និង​ស្ទឹង​ដែល​ជា​ប្រភព​ប្រាក់​ចំណូល និង​សន្តិសុខ​ស្បៀង​របស់​ជនជាតិ​ដើម​ភាគ​តិច៖ «ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​ជនជាតិ​ដើម​ភាគតិច និង​គោល​បំណង​ជនជាតិ​ដើម​ភាគតិច និង​ជៀស​ផុត​ពី​ការ​បំបិទ​សិទ្ធិ​សេរីភាព​របស់​ជនជាតិ​ដើម​ភាគតិច​ក្នុង​ការ​បញ្ចេញ​មតិ​ទៅ​កាន់​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន»

​ភូមិ​ក្បាលរមាស (ចាស់) ឋិត​នៅ​ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ជាប់​ខែត្រ​រតនគិរី ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៧ ឆ្ពោះ​ទៅ​ខែត្រ​រតនគិរី មាន​ចម្ងាយ​ពី​ក្រុង​ស្ទឹងត្រែង ប្រមាណ ១៦០​គីឡូម៉ែត្រ។ ភូមិ​នេះ​មាន​ពលរដ្ឋ​រស់​នៅ ៥៨​គ្រួសារ ដែល​សុទ្ធសឹងតែ​ជា​ពលរដ្ឋ​បដិសេធ​មិន​ទទួល​សំណង​ពី​ក្រុមហ៊ុន។

ជនជាតិ​ដើម​ភាគ​តិច​ព្នង រស់​នៅ​ភូមិ​ក្បាលរមាស កញ្ញា ជឿន ស្រីមុំ ត្អូញ​ថា អាជ្ញាធរ​រដ្ឋាភិបាល​នៅ​តែ​រឹតត្បិត​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច តាមរយៈ​ការ​រារាំង​អ្នក​ខាង​ក្រៅ​មិន​ឲ្យ​ចូល​ឃុំ​ក្បាលរមាស និង​ហាម​ជនជាតិ​ដើម​ភាគ​តិច ១៦​នាក់ មិន​ឲ្យ​មក​ឃុំ​ក្បាលរមាស ចូល​រួម​ទិវា​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច។ លើស​ពី​នេះ​អាជ្ញាធរ​ឃុំ ស្រុក និង​ខែត្រ មិន​បាន​ឆ្លើយ​តប​លិខិត​ជូន​ដំណឹង​ស្ដីពី​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​ទេ។ បញ្ហា​នេះ​កញ្ញា​ចាត់​ទុក​ថា គឺ​ជា​បំពាន​សិទ្ធិ​ជន​ជាតិ​ដើម​ភាគតិច និង​សេរីភាព​នៃ​ការ​ជួប​ប្រជុំ​ដែល​ការពារ​ដោយ​ច្បាប់៖ «នេះ​ជា​សារ​សម្រាប់​រដ្ឋាភិបាល​ក៏​ដូចជា​អ្នក​ពាក់ព័ន្ធ​ក្នុង​ការ​ដោះស្រាយ​រាល់​ជម្លោះ​ពលរដ្ឋ​ដែល​មាន​ទុក្ខ​លំបាក​សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ ព្រោះ​យើងខ្ញុំ​ក៏​ជា​ពលរដ្ឋ​ខ្មែរ​មួយ​រូប​ដែរ ត្រូវ​តែ​បាន​ទទួល​សេវា​សាធារណៈ​ដូច​ពលរដ្ឋ​ដទៃ​ទៀត​ដែរ»

តំណាង​អង្គការ​សហប្រជាជាតិ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចេញ​សារ​រួម​គ្នា​មួយ​ស្ដីពី​ការ​គាំទ្រ​ទិវា​អន្តរជាតិ​នៃ​ជនជាតិ​ដើម​ភាគតិច​ឆ្នាំ​នេះ និង​បង្ហាញ​ពី​គោលនយោបាយ​លើក​ស្ទួយ​សិទ្ធិ​រស់នៅ​របស់​ជនជាតិ​ដើម​ភាគ​តិច​ពិភពលោក។

ជនជាតិ​ដើម​ភាគ​តិច​គ្រឹង មក​ពី​ខែត្រ​រតនគិរី លោក ប៊ុន តាប កត់សម្គាល់​ថា ការ​ប្រារព្ធ​ទិវា​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​ឆ្នាំ​នេះ ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​ពី​ប្រពៃណី វប្បធម៌ និង​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគ​តិច​ដែល​កំពុង​មាន​វិបត្តិ។ លើស​ពី​នេះ ទិវា​នេះ​ដើម្បី​បញ្ជាក់​ពី​ការ​សាមគ្គី​គ្នា​ការពារ​ដីធ្លី ទាមទារ​សិទ្ធិ​សេរីភាព និង​អភិរក្ស​ធនធាន​ធម្មជាតិ ដែល​កំពុង​រង​ការ​រំលោភ​បំពាន។

លោក​មើល​ឃើញ​ថា បច្ចុប្បន្ន​រដ្ឋាភិបាល​មិន​ទាន់​ផ្ដល់​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ពេញលេញ​ទេ ហើយ​បញ្ហា​ប្រឈម​មួយ​ចំនួន​រដ្ឋាភិបាល​ហាក់​មិន​បាន​គិតគូរ​ដោះស្រាយ​នៅ​ឡើយ រួម​មាន​ការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ វិបត្តិ​ដីធ្លី​រវាង​សហគមន៍ និង​ក្រុមហ៊ុន និង​ការ​ផ្ដល់​សេវា​សាធារណៈ មាន​ការ​រើសអើង៖ «វិធី​ហ្នឹង ផលប្រយោជន៍​ដីធ្លី​ព្រៃឈើ មាន​គង់វង្ស​ត​កូន​ចៅ​ទៅ​មុខ»

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ មេ​ឃុំ​ក្បាលរមាស លោក វឿន សម្បត្តិ បញ្ជាក់​យ៉ាង​ខ្លី​ថា អាជ្ញាធរ​មិន​បាន​ហាម​ពលរដ្ឋ​មិន​ឲ្យ​ប្រារព្ធ​ទិវា​នេះ​ទេ តែ​ពលរដ្ឋ​ត្រូវ​សុំ​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ជា​មុន​សិន​ដើម្បី​ឲ្យ​អាជ្ញាធរ​ចាត់​ឲ្យ​សមត្ថកិច្ច​ការពារ​សន្តិសុខ។

លោក​បញ្ជាក់​ថា អាជ្ញាធរ​តម្រូវ​ឲ្យ​ពលរដ្ឋ​សុំ​ច្បាប់​អនុញ្ញាត​ពី​មន្ទីរ​អភិវឌ្ឍន៍​ជនបទ និង​សាលា​ខែត្រ​ស្ទឹងត្រែង ជា​មុន​សិន ទើប​អាច​ប្រមូល​ផ្ដុំ និង​ការ​ជួប​ប្រជុំ​បាន៖ «សេចក្ដី​ជូន​ដំណឹង អ៊ីចឹង​ជូន​ដំណឹង​ដូចជា​បុណ្យ​កឋិន​អ៊ីចឹង បើ​ចង់​ទៅ​​ចូល​រួម​ក៏​ទៅ បើ​មិន​ចង់​ឲ្យ​ហី​ទៅ។ អ៊ីចឹង​បាន​ថា ថោក​អី​នឹង​ដៃ​(ថ្លៃ)​អី​នឹង​មាត់។ គោរព​ជូន​លោក​មេ​ឃុំ ខ្ញុំ​បាន​សុំ​ធ្វើ​ទិវា​គោរព​ខួប​វា​មាន​ទៅ​ធ្ងន់ធ្ងរ​អី អា​ហ្នឹង​បាន​យើង​មាន​ការ​ឆ្លើយ​តប»

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ចាត់​ទុក​ការ​រារាំង​មិន​ឲ្យ​សហគមន៍​ចូលរួម​ទិវា​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច គឺ​ជា​ការ​រំលោភ​សិទ្ធិ​សេរីភាព​ពលរដ្ឋ និង​សេរីភាព​បញ្ចេញ​មតិ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ ដែល​នាំ​ការ​អនុវត្ត​ប្រជាធិបតេយ្យ​នៅ​កម្ពុជា កាន់​តែ​អាក្រក់​ទៅ៖ «ធ្វើ​ដំណើរ​ទៅ​ជួបជុំ​គ្នា មាន​បែប​ប្រពៃណី​របស់​គាត់​កន្លង​មក ហើយ​យើង​ធ្វើ​ការ​រារាំង​មាន​ន័យ​ថា យើង​ធ្វើ​ឲ្យ​ខុស​ទៅ​នឹង​គោលដៅ និង​ប្រពៃណី​វប្បធម៌​ពួកគាត់ ដែល​មាន​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ធម្មតា»

អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ក៏​ធ្លាប់​សម្ដែង​ក្ដី​បារម្ភ​អំពី​ការ​រំលោភ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​នៅ​ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ដែរ បន្ទាប់​ពី​អ្នកស្រី​បាន​បំពេញ​ទស្សនកិច្ច​រយៈពេល ៣​ថ្ងៃ នៅ​ខែត្រ​ស្ទឹងត្រែង កាល​ពី​ចុង​ខែ​មីនា ឆ្នាំ​២០១៦។ ក្នុង​ទស្សនកិច្ច​លើក​នេះ អ្នកស្រី​ក៏​នៅតែ​សំដែង​ការ​ព្រួយ​បារម្ភ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​ដែល​ប៉ះពាល់​ដោយ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម២ នៅ​ខេត្ត​ស្ទឹងត្រែង ដដែល។

​អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ពន្យល់​ថា ការ​ប្រារព្ធ​ទិវា​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ពុំ​ចាំបាច់​ដាក់​ពាក្យ​ស្នើសុំ​ការ​អនុញ្ញាត​ទៅ​អាជ្ញាធរ​ទេ ដោយ​គ្រាន់​តែ​ជូន​ដំណឹង​ដើម្បី​ឲ្យ​អាជ្ញាធរ​ផ្ដល់​កិច្ច​ការពារ​សន្តិសុខ។ លោក​ថា ទិវា​នេះ​ពុំ​មែន​ជា​ទិវា​ប្រឆាំង​រដ្ឋាភិបាល ហើយ​ក៏​ពុំ​មែន​ជា​ទិវា​ខុស​ច្បាប់​ឡើយ ផ្ទុយ​ទៅ​វិញ អាជ្ញា​ធរមាន​កាតព្វកិច្ច​ជួយ​សម្រួល និង​លើក​ទឹក​ចិត្ត​ដល់​ជនជាតិ​ដើម​ភាគ​តិច​ឲ្យ​ប្រារព្ធ​ទិវា​នេះ​ជោគជ័យ ក្នុង​បំណង​លើក​ស្ទួយ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា៖ «វា​ជា​ការ​ជូន​ដំណឹង​ពុំ​មែន​ជា​ការ​សុំ​ច្បាប់​ទេ។ ការ​រារាំង​វា​ប៉ះពាល់​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច។ ព្រោះ​នេះ​ពុំ​មែន​ជា​របស់​ជនជាតិ​ដើម​ភាគតិច​ណា​មួយ ព្រោះ​វា​ជា​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​ពិភពលោក»

អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង ធ្លាប់​ប្ដេជ្ញា​ថា នឹង​យកចិត្តទុកដាក់​ធានា​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​ដែល​រង​ផល​ប៉ះពាល់​ពី​ទំនប់​វារីអគ្គិសនី​សេសានក្រោម២ និង​ជនជាតិ​ដើម​ភាគ​តិច​ផ្សេង​ទៀត​រស់​នៅ​ក្នុង​ខែត្រ​នេះ។ យ៉ាង​ណា​ជនជាតិ​ដើម​ភាគ​តិច និង​មន្ត្រី​សង្គម​ស៊ីវិល មើល​ឃើញ​ថា ការ​គោរព​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​របស់​អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង កំពុង​ឋិត​នៅ​ភាព​ផុយ​ស្រួយ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល