អ្នក​ជំនាញ​អ.ស.ប​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​នៅ​លើ​ពិភពលោក​ធានា​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ

ដោយ អាស៊ីសេរី
2017-09-15
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ស្ថានីយ​វិទ្យុ​កំពង់ចាម ខេត្ត​កំពង់ចាម។ រូបថត​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៧។ Photo Provided
ស្ថានីយ​វិទ្យុ​កំពង់ចាម ខេត្ត​កំពង់ចាម។ រូបថត​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៧។ Photo Provided
Photo Provided

នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា គឺ​ជា​ទិវា​អន្តរជាតិ​ស្ដីពី​ប្រជាធិបតេយ្យ។ ទិវា​នេះ ហាក់​មិន​ឃើញ​មាន​ស្ថាប័ន ឬ​ក្រុម​ណា​មួយ​ប្រារព្ធ​ពិធី​ឡើយ។ ថ្វីត្បិតតែ​កម្ពុជា បាន​សន្យា​ប្រកាន់​យក​របប​លទ្ធិប្រជាធិបតេយ្យ​ជាង ២០​ឆ្នាំ​ប្លាយ​ទៅ​ហើយ​ក្ដី ​អ្នក​តាម​ដាន​ការវិវត្តន៍​នយោបាយ​នៅ​កម្ពុជា និង​សង្គម​ស៊ីវិល នៅ​តែ​បារម្ភ និង​សំគាល់​ឃើញ​ថា កម្ពុជា​កំពុងតែ​ដើរ​ឆ្ងាយ​ពី​គន្លង​ប្រជាធិបតេយ្យ ដោយ​ផ្អែក​លើ​ស្ថានភាព​នយោបាយ និង​ការ​រឹតត្បិត​សិទ្ធិ​ទទួល​បាន​ព័ត៌មាន។ ស្រប​គ្នា​នេះ អ្នក​ជំនាញ​របស់​អង្គការ​​សហប្រជាជាតិ​ក៏​មើល​ឃើញ​ថា សេរីភាព​សារព័ត៌មាន​មាន​សារសំខាន់​ក្នុង​ការ​ពង្រឹង​ដំណើរការ​ប្រជាធិបតេយ្យ។

អ្នក​ជំនាញ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស នៅ​ទីក្រុង​ហ្សឺណែវ (Geneva) អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​នៅ​លើ​ពិភពលោក​ធានា​ឲ្យ​មាន​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ។

សេចក្ដី​ថ្លែងការណ៍​របស់​អ្នក​ជំនាញ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​ទីក្រុង​ហ្សឺណែវ ចេញ​ផ្សាយ​សម្រាប់​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ទិវា​អន្តរជាតិ​ស្ដីពី​ប្រជាធិបតេយ្យ។ ពួកគេ​យល់​ថា ប្រជាធិបតេយ្យ​មាន​សារសំខាន់​ក្នុង​ការ​ធានា​ឲ្យ​ពិភពលោក​មួយ​មាន​យុត្តិធម៌ មាន​តែ​ការ​ឆ្លុះ​បញ្ចាំង​អំពី​ផលប្រយោជន៍​ពិត​ប្រាកដ​របស់​ប្រជាពលរដ្ឋ​ទេ ដែល​រដ្ឋាភិបាល​អាច​បញ្ចៀស​ផុត​នូវ​ការ​តវ៉ា ឬ​ការ​មិន​ពេញ​ចិត្ត របស់​ពលរដ្ឋ។

ជុំវិញ​រឿង​នេះ នាយិកា​អង្គការ​សីលកា អ្នកស្រី ធីតា ឃិះ យល់​ឃើញ​ថា ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដើរ​ធាក់​ថយ​ក្រោយ។ អ្នកស្រី​ថា បែប​នេះ ដោយសារ​ពី​ដើម​មក​ពលរដ្ឋ​ហ៊ាន​និយាយ​ស្ដី​នៅ​ពេល​ឃើញ​មាន​រឿង​អ្វី​ប្រក្រតី សង្គម​ស៊ីវិល​ក៏​ធ្វើ​ការងារ​សកម្ម​ដើម្បី​បង្កើត​សមត្ថភាព​ពលរដ្ឋ។ ប៉ុន្តែ​បច្ចុប្បន្ន​គ្រប់​គ្នា​មាន​គំនាប​មួយ​ដោយ​រឹតត្បិត​ខ្លួន​ឯង​មិន​ហ៊ាន​និយាយ​ស្ដី បញ្ចេញមតិ ដោយ​ខ្លាច​គេ​ចាប់​កំហុស និង​មាន​គ្រោះថ្នាក់។ ស្រប​ពេល​ដែល​សេរីភាព​ទទួល​ព័ត៌មាន​មាន​ភាព​ចង្អៀត​ខ្លាំង​ដោយសារ​បណ្ដាញ​ផ្សព្វផ្សាយ​មួយ​ចំនួន​រង​សម្ពាធ និង​បិទ​ទ្វារ៖ «»។

យ៉ាងណាមិញ សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស និង​មន្ត្រី​សហជីព​នៅ​តែ​បារម្ភ​ថា ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា កាន់​តែ​រួម​តូច​បើ​គ្មាន​ការ​កែលំអ​នោះ​ទេ។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា បាន​ចាប់​ផ្ដើម​បោះឆ្នោត​តាំង​ពី​ឆ្នាំ​១៩៩៣ រហូត​មក​ដល់​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ នេះ មាន​ប្រជាពលរដ្ឋ​ចូលរួម​ច្រើន​ដែល​មាន​សន្ទុះ​រហូត​ដល់​ទៅ​ជិត ៩០% និង​មាន​ការ​សាទរ​ពី​អន្តរជាតិ​ផង។ ប៉ុន្តែ​មក​ដល់​សព្វថ្ងៃ​លោក​មើល​ឃើញ​ថា ស្ថានភាព​ហាក់​ដូច​ជា​ធ្ងន់ធ្ងរ​ទៅ​វិញ ហើយ​បើ​សម្លឹង​មើល​ទៅ​រយៈ​កាល​កន្លង​មក។ ពោល​លោក​រក​ថ្លែង​មិន​ត្រូវ ថា​តើ​វា​អាច​នឹង​វិវឌ្ឍ​ទៅ​ជា​យ៉ាង​ណា​នោះ​ទេ។ លោក​ថា​ដូច្នេះ គឺ​ផ្អែក​ទៅ​លើ​ការ​បិទ​អង្គការ​អន្តរជាតិ​ឃ្លាំមើល​ការងារ​បោះឆ្នោត បណ្ដាញ​ផ្សាយ​ព័ត៌មាន​ទាំង​កាសែត និង​វិទ្យុ​អេហ្វ.អឹម (FM) រួម​ទាំង​អ្នក​នយោបាយ​ដែល​ជា​ធាតុ​ស្នូល​ក្នុង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់ ហើយ​ចុង​ក្រោយ​ចាប់​មេ​បក្ស​ប្រឆាំង លោក កឹម សុខា ដាក់​ពន្ធនាគារ​ពី​បទ​ក្បត់​ជាតិ។ លោក​ថា ដើម្បី​ឲ្យ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​មាន​ភាព​ប្រសើរ​ឡើង​វិញ ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​គ្រប់​ភាគី​ពាក់ព័ន្ធ ដែល​មាន​ទាំង​ប្រជាពលរដ្ឋ ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល អ្នក​នយោបាយ ស្ថាប័ន គ.ជ.ប និង​សង្គម​ស៊ីវិល៖ «»។

ចំណែក​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ កត់សម្គាល់​ថា ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​ទូទៅ និង​កម្មករ​អំពី​ប្រជាធិបតេយ្យ​នៅ​មាន​កម្រិត​នៅ​ឡើយ ដោយសារ​ការ​ផ្សព្វផ្សាយ​តិចតួច​ពេក៖ «»។

ជុំវិញ​រឿង​សេរីភាព​សារព័ត៌មាន នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​ជាង ១​ម៉ឺន​នាក់ នៅ​សួន​ឧស្សាហកម្ម​វឌ្ឍនៈ​១ ថា មាន​ស្ថាប័ន​ពីរ ជា​ស្ថាប័ន​កាសែត និង​វិទ្យុ​ដែល​លោក​មិន​បញ្ចេញ​ឈ្មោះ ទំនង​ជា​លោក​សំដៅ​ទៅ​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) និង​វិទ្យុ​អាស៊ីសេរី ថា​បាន​មក​រក​ស៊ី និង​ធ្វើ​សកម្មភាព​ដោយ​គ្មាន​ច្បាប់ ត្រូវ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​ពន្ធដារ ខ្លួន​មិន​បង់​ពន្ធ ហើយ​បាន​បង្ខំ​ចិត្ត​បិទ​ដោយ​ខ្លួន​ឯង បែរ​ប្រើ​ពាក្យ​សំដី​ថា​រដ្ឋាភិបាល​គាប​សង្កត់​សិទ្ធិ​បញ្ចេញមតិ​ទៅ​វិញ។

ជុំវិញ​ស្ថានការណ៍​នយោបាយ​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​កាណាដា ចាត់​ទុក​ការ​ចាប់​ខ្លួន​លោក កឹម សុខា និង​ការ​រឹត​បន្តឹង​លើ​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ ថា​នាំ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

កុំបង្វែងរឿង!។ចង់ផ្សាយអីផ្សាយទៅមាននរណាគេឃាត់?។សំខាន់រកសុីមិនបង់ពន្ធ កុំគេចវេះ។រឿងផ្សាយផ្សេង រឿងជំពាក់លុយផ្សេង។

Sep 16, 2017 03:03 AM

គេហទំព័រ​ទាំងមូល