សម្ភាស​មន្ត្រី​​សិទ្ធិ​មនុស្ស​អន្តរជាតិ​ស្ដីពី​ការ​កាន់​អំណាច​ជាង​៣០​ឆ្នាំ​របស់​លោក ហ៊ុន សែន

ដោយ យន់ សាមៀន
2015-02-12
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ៖លោក លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​រាជធានី​វ៉ាស៊ីនតុន កាល​ពី​ថ្ងៃ​ទី​៥ កុម្ភៈ ២០១៥។
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ៖លោក លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​រាជធានី​វ៉ាស៊ីនតុន កាល​ពី​ថ្ងៃ​ទី​៥ កុម្ភៈ ២០១៥។
RFA/Debbie Snguon

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ស្នើ​សុំ​ឲ្យ​សហរដ្ឋអាមេរិក ពិនិត្យ​មើល​ការ​កាន់​អំណាច​រយៈពេល​ជាង ៣០​ឆ្នាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​មិន​គ្រាន់តែ​គ្មាន​ការ​រីកចម្រើន​នូវ​ការ​គោរព​សិទ្ធិមនុស្ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​មិន​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ទៀត​ផង។ អង្គការ​នេះ​ក៏​ព្រមាន​រិះគន់​គណបក្ស​សង្គ្រោះ​ជាតិ ប្រសិនបើ​គណបក្ស​ប្រឆាំង​មួយ​នេះ ចូល​រួម​ធ្វើ​ច្បាប់​មួយ​ចំនួន​គាប​សង្កត់​អង្គការ​សង្គម​ស៊ីវិល និង​អនុញ្ញាត​ឲ្យ​កងកម្លាំង​ប្រដាប់​អាវុធ​មាន​សិទ្ធិ​ឃោសនា​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ។

ខាង​ក្រោយ​នេះ​ជា​អត្ថបទ​សម្ភាសន៍​របស់​លោក យន់ សាមៀន ជាមួយ​លោក លោក ប្រ៊ែដ អាដាម (Brad Adams) នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ៖

យន់ សាមៀន៖ តើ​លោក​អញ្ជើញ​មក​រដ្ឋធានី​វ៉ាស៊ីនតុន ដើម្បី​ចូលរួម​កម្ម​អ្វី​ខ្លះ​ដែរ​បាទ?

ប្រ៊ែដ អាដាម៖ ខ្ញុំ​គ្រប់គ្រង​កិច្ច​តំបន់​អាស៊ី​សម្រាប់​អង្គការ​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ ។ ដូច្នោះ​ខ្ញុំ​តែងតែ​មក​រដ្ឋធានី​វ៉ាស៊ីនតុន ដើម្បី​ជួប​នឹង​មន្ត្រី​សេតវិមាន​ក្រុមប្រឹក្សា​សន្តិសុខ រដ្ឋ​សភា និង​ព្រឹទ្ធ​សភា ក្រសួង​ការបរទេស ហើយ​ខ្ញុំ​នឹង​ទៅ​ក្រសួង​ការពារ​ជាតិ។ ខ្ញុំ​បាន​ជជែក​នឹង​មន្ត្រី​ទាំង​នោះ​អំពើ​បញ្ហា​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​មួយ​ចំនួន ជាពិសេស​ប្រទេស​កម្ពុជា។

យន់ សាមៀន៖ តើ​លោក​បាន​ពិភាក្សា​បញ្ហា​អ្វី​ខ្លះ​ពាក់ព័ន្ធ​នឹង​ប្រទេស​កម្ពុជា ក្នុង​កិច្ចប្រជុំ​នៅ​សេតវិមាន និង​ព្រឹទ្ធ​សភា?

​ប្រ៊ែដ អាដាម៖ មន្ត្រី​ទាំង​នោះ​មាន​ការ​ងឿង​ឆ្ងល់​នឹង​ប្រទេស​កម្ពុជា បន្ទាប់​ពី​រយៈពេល ២០​ឆ្នាំ​ក្រោយ​ការ​បោះ​ឆ្នោត​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ  នៅ​តែ​បន្ត​ជួប​ប្រទះ​បញ្ហា​អនុវត្ត​ចំណុច​មូលដ្ឋាន​នៃ​សិទ្ធិមនុស្ស​លទ្ធិប្រជាធិបតេយ្យ សិទ្ធិ​អ្នក​បោះ​ឆ្នោត និង​តួនាទី​របស់​កងកម្លាំង​ប្រដាប់​អាវុធ។ បញ្ហា​ទាំង​នេះ​គួរ​ត្រូវ​បាន​ដោះស្រាយ​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ ប៉ុន្តែ​បញ្ហា​ទាំង​នោះ​បន្ត​នៅ​សេស​សល់​មិន​ទាន់​ដោះស្រាយ​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ​ទៀត។ មន្ត្រី​សហរដ្ឋអាមេរិក តក់ស្លុត​ជា​ខ្លាំង ការ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្ត​កាន់​តំណែង​អស់​រយៈពេល ៣០​ឆ្នាំ។ មន្ត្រី​ជា​ច្រើន​ក្នុង​រដ្ឋបាល​រដ្ឋធានី​វ៉ាស៊ីនតុន បាន​ដេក​លក់​មិន​ចាប់​អារម្មណ៍​នឹង​បញ្ហា​របស់​ប្រទេស​កម្ពុជា ប៉ុន្តែ​នៅ​ពេល​ថ្មីៗ​នេះ ពួកគេ​បាន​ភ្ញាក់​ឡើង​ហើយ​ដឹង​ថា លោក ហ៊ុន សែន បាន​កាន់​កាប់​តំណែង​ក្នុង​រយៈ ៣០​ឆ្នាំ ហើយ​លោក​អាច​បន្ត​កាន់​អំណាច​ដោយ​ការ​បោះឆ្នោត​មិន​សេរី និង​យុត្តិធម៌។

​មន្ត្រី​អាមេរិក​ទាំង​នោះ​យល់​ឃើញ​ថា បេសកកម្ម​បោះឆ្នោត​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ​បាន​បរាជ័យ​ក្នុង​វិស័យ​មួយ​ចំនួន។ វត្តមាន​របស់​អង្គការ​សហប្រជាជាតិ​ពិត​ណាស់​បាន​នាំ​មក​នូវ​សន្តិភាព​មែន ប៉ុន្តែ​ចំណុច​ផ្សេង​ទៀត​ដែល​អង្គការ​សហប្រជាជាតិ បាន​ចំណាយ​ប្រាក់​រាប់ពាន់​លាន​ដុល្លារ ដោយ​សង្ឃឹម​ថា នឹង​មាន​ការ​កែលំអ​នោះ មិន​បាន​ក្លាយ​ទៅ​ជា​ការ​ពិត​ទាំង​ស្រុង​ទេ។

យន់ សាមៀន៖ តើ​លោក​មាន​ផ្ដល់​អនុសាសន៍​អ្វី​ខ្លះ​ដល់​មន្ត្រី​សហរដ្ឋអាមេរិក​ទាំង​នោះ?

ប្រ៊ែដ អាដាម៖ ខ្ញុំ​ចង់​ឲ្យ​ពួក​គេ​យក​ចិត្ត​ទុក​ដាក់​ពី​ប្រទេស​កម្ពុជា ឲ្យ​បាន​ដិតដល់។ អ្នក​ដឹង​ទេ នៅ​ពេល​មាន​ការ​ផ្ទុះ​ឡើង​បះបោរ​នៅ​ក្នុង​ប្រទេស​អារ៉ាប មួយ​ចំនួន​នោះ។ មាន​មនុស្ស​ជា​ច្រើន​នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​ដទៃ​ផ្សេង​ទៀត​ភ្ញាក់ផ្អើល​ដោយ​ទើបតែ​ដឹង​ថា ពលរដ្ឋ​ក្នុង​ប្រទេស​នោះ​មិន​ពេញ​ចិត្ត នឹង​ជន​ផ្ដាច់ការ​ប្រទេស​អេហ្ស៊ីប (Egypt) យេមែន (Yemen) ដែល​កាន់​កាប់​អំណាច​អស់​រយៈពេល ៣០​ឆ្នាំ និង​ជន​ផ្ដាច់ការ​នៅ​ទុយណេស៊ី (Tunisia) និង​លីប៊ី (Libya) កាន់​កាប់​អំណាច​ជា​ច្រើន​ទសវត្សរ៍។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ យើង​ជា​អ្នក​តាម​ដាន​ករណី​ក្នុង​ប្រទេស​ទាំង​នោះ គ្មាន​ការ​ភ្ញាក់ផ្អើល​អ្វី​ទេ ដោយសារ​តែ​យើង​ធ្លាប់​បាន​លើក​ឡើង​ជា​ច្រើន​ដង​មក​ហើយ​ថា ការ​ដឹកនាំ​ផ្ដាច់​ការ​រយៈពេល​យូរ​នឹង​មិន​គង់វង្ស​ឡើយ។ គ្មាន​បុគ្គល​ណា​ម្នាក់​ចង់​ឃើញ​អ្នក​កាន់​កាប់​អំណាច​ដោយ​គ្មាន​ពេល​កំណត់​នោះ​ទេ។ នៅ​សហរដ្ឋអាមេរិក ប្រធានាធិបតី​​កាន់​អំណាច​ពីរ​អាណត្តិ​មាន​រយៈពេល ៨​ឆ្នាំ​តែប៉ុណ្ណោះ។ ខ្ញុំ​អាច​និយាយ​បាន​ថា ពលរដ្ឋ​អាមេរិក​មាន​ចំនួន​បាន​ធុញ​ទ្រាន់​ឃើញ​មុខ​ប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា (Barack Obama) នៅ​លើ​កញ្ចក់​ទូរទស្សន៍​រួច​ទៅ​ហើយ។ ទោះ​បី​មាន​មនុស្ស​ខ្លះ​ពេញ​ចិត្ត និង​មិន​ពេញ​ចិត្ត​លោក​ក៏ដោយ មនុស្ស​ទាំង​ឡាយ​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ។ ដោយ​ឡែក​នៅ​ប្រទេស​កម្ពុជា មិន​មាន​ការ​ផ្លាស់ប្ដូរ​អ្វី​ទាល់តែសោះ។

អ្នក​ដឹង​ទេ​ថា ប្រសិនបើ​លោក ហ៊ុន សែន ឡើង​កាន់​កាប់​អំណាច​ដោយ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នោះ អង្គការ​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ នឹង​គ្មាន​អ្វី​រិះគន់​ឡើយ ប៉ុន្តែ​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​មិន​ទាន់​កើត​មាន​ឡើង​ទាល់​តែ​សោះ។ យើង​បាន​ជជែក​ជា​ច្រើន​ចំណុច​ពី​អនាគត​កម្ពុជា។ មាន​ការ​ចាប់​អារម្មណ៍​ថា យុវជន​នឹង​ងើប​ឡើង​ជា​ថ្មី​ម្ដង​ទៀត ក្នុង​ការ​បោះឆ្នោត​លើក​ក្រោយ។ យើង​ជឿជាក់​ថា ប្រសិនបើ​មាន​ក្រុម​យុវជន​ងើប​ឡើង​ដូច​កាល​បោះ​ឆ្នោត​ឆ្នាំ​២០១៣ នោះ គណបក្ស​ប្រឆាំង​នឹង​អាច​ឈ្នះ​ឆ្នោត។ ប៉ុន្តែ​យើង​មិន​ទាន់​អាច​ជឿជាក់​បាន​ទាំង​ស្រុង​ទេ ដោយសារ​តែ​ប្រសិនបើ​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​ឡើង​មែន​នោះ គណបក្ស​ប្រជាជន​កម្ពុជា ប្រហែល​ជា​មិន​ឲ្យ​មាន​ការ​រាប់​សន្លឹង​ឆ្នោត​ទេ។ សំណួរ​ចោទ​សួរ​ថា តើ​ការ​ផ្ដុំ​ឡើង​នៃ​ប្រមូល​ផ្តុំ​ពី​សាធារណជន​នឹង​អាច​ក្លាយ​លទ្ធផល​ផ្សេង​ទៀត​សម្រាប់​ការ​បោះ​ឆ្នោត​លើ​ក្រោយ​ទេ ប្រសិនបើ​ការ​បោះ​ឆ្នោត​មាន​លក្ខណៈ​សេរី និង​យុត្តិធម៌?

​យើង​ក៏​បាន​ជជែក​អំពី​ការ​រំលោភ​បំពាន​របស់​មន្ត្រី​សន្តិសុខ​របស់​កម្ពុជា។ មាន​ការ​ព្រួយ​បារម្ភ​ជា​ច្រើន​កើត​ឡើង​ពី​បញ្ហា​ការ​អនុវត្ត​តួនាទី​របស់​កងរាជអាវុធហត្ថ ប៉ូលិស និង​យោធា ដោយសារ​តែ​មន្ត្រី​ទាំង​នោះ​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ។ កាល​ពី​សប្ដាហ៍​មុន មន្ត្រី​កង​ប្រដាប់​អាវុធ​ចំនួន​ជាង ៨០​នាក់​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​សមាជិក​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា។ នេះ​ជា​លាយឡំ​ដាក់​បញ្ចូល​គ្នា​រវាង​រដ្ឋ​និង​បក្ស។ កាល​ពី​ទសវត្ស​ឆ្នាំ​៨០ និង ៩០ រដ្ឋ​និង​បក្ស​គឺ​តែមួយ ប៉ុន្តែ​នៅ​ពេល​អ៊ុនតាក់ មាន​វត្តមាន​នៅ​កម្ពុជា អ៊ុនតាក់​បាន​រៀបចំ​ឲ្យ​មាន​រចនាសម្ព័ន្ធ​រដ្ឋាភិបាល និង​បក្ស​ដាច់​ដោយ​ឡែក​ពី​គ្នា។ ប៉ុន្តែ​ឥឡូវនេះ​យើង​សង្កេត​ឃើញ​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ដាក់​បញ្ចូល​បក្ស​និង​រដ្ឋ​ឡើង​វិញ។ នេះ​ជា​គ្រោះថ្នាក់​មួយ។ កងកម្លាំង​ប្រដាប់​អាវុធ​ត្រូវ​ធ្វើ​ការងារ​បម្រើ​ពលរដ្ឋ និង​សាធារណជន។ ពួកគេ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​កាន់កាប់​តួនាទី​ជា​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​គណបក្ស​នយោបាយ​ឡើយ ប្រសិនបើ​មិន​ដូច្នោះ​ទេ ពួកគេ​នឹង​លំអៀង​ទៅ​លើ​និន្នាការ​នយោបាយ​បក្ស​របស់​ពួកគេ​នៅ​ពេល​បំពេញ​តួនាទី​បម្រើ​សាធារណជន។

យន់ សាមៀន៖ ពាក់ព័ន្ធ​ទៅ​នឹង​ការ​ដាក់​បញ្ចូល​មន្ត្រី​កង​ប្រដាប់​អាវុធ​ទៅ​ក្នុង​គណបក្ស​នេះ ខ្ញុំ​បាន​សាកសួរ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ មន្ត្រី​នោះ​ឆ្លើយ​ថា កង​ប្រដាប់​អាវុធ​ដែល​ទើប​ទទួល​បាន​តួនាទី​ក្នុង​បក្ស​ប្រជាជន​កម្ពុជា បំពេញ​ការងារ​ដោយ​អព្យាក្រឹតភាព។ តើ​លោក​យល់​យ៉ាង​ណា​ដែរ?

​ប្រ៊ែដ អាដាម៖ ភស្តុតាង​ដែល​យើង​ទទួល​បាន​ក្នុង​រយៈពេល​ជា​ច្រើន​ទសវត្ស​មក​នេះ បង្ហាញ​ថា ប៉ូលិស កងរាជអាវុធហត្ថ និង​យោធា​ពិត​ជា​បម្រើការ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។ កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​នោះ ចូលរួម​ធ្វើ​សមាជ​បក្ស​ធ្វើ​សេចក្ដី​ថ្លែងការណ៍​នយោបាយ​គាំទ្រ​គណបក្ស ហើយ​ចាត់​ទុក​គណបក្ស​ប្រឆាំង​ជា​សត្រូវ។ ក្នុង​លទ្ធិប្រជាធិបតេយ្យ​គណបក្ស​ប្រឆាំង​មិន​មែន​ជា​សត្រូវ នឹង​ប៉ូលិស​កងរាជអាវុធហត្ថ និង​យោធា​ឡើយ។ អ្នក​នយោបាយ​បក្ស​ប្រឆាំង​ជា​បុគ្គល​អាច​សំដែង​មតិ​ដោយ​ស្រប​ច្បាប់​ហើយ​មជ្ឈដ្ឋាន​ទូទៅ​អាច​ទទួល​យក​បាន​ដរាប​មតិ​ទាំង​នោះ​មិន​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បង្ក​អំពើ​ហិង្សា។ យើង​ឃើញ​ថា កងកម្លាំង​ប្រដាប់​អាវុធ​នៅ​ពេល​នេះ មាន​ការ​លំអៀង​ទៅ​នឹង​គណបក្ស​នយោបាយ​រួច​ទៅ​ហើយ ដូច្នោះ​នៅ​ពេល​អ្នក​ទាំង​នោះ​ត្រូវ​បាន​ផ្ដល់​តួនាទី​សំខាន់​ក្នុង​គណបក្ស​ទៅ​ទៀត​នោះ ពួកគេ​កាន់​តែ​លំអៀង​ទៅ​រក​គណបក្ស​ថែម​ទៀត។

យន់ សាមៀន៖ អង្គការ​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ  បាន​ចេញ​របាយការណ៍​ជា​ច្រើន​រិះគន់​រដ្ឋាភិបាល​កម្ពុជា តើ​ហេតុអ្វី​បាន​ជា យូមែន រ៉ៃត៍ វ៉ច្ឆ  បន្ត​រិះគន់​រដ្ឋាភិបាល​កម្ពុជា?

ប្រ៊ែដ អាដាម៖ ការ​ក្ដោបក្ដាប់​អំណាច​រយៈពេល ៣០​ឆ្នាំ​មិន​មែន​រយៈពេល​ខ្លី​នោះ​ទេ។ លោក ហ៊ុន សែន ជា​មនុស្ស​ទី​៦ ដែល​កាន់កាប់​តំណែង​យូរ​ជាង​គេ​ក្នុង​ពិភពលោក។ លោក​បាន​គ្រប់គ្រង​អំណាច​រយៈ​ច្រើនជាង ១​ម៉ឺន​ថ្ងៃ។ អ្វី​ដែល​យើង​បាន​អង្កេត​ជុំវិញ​ការ​គ្រប់គ្រង​អំណាច​របស់​លោក ហ៊ុន សែន នោះ គឺ​បញ្ហា​សិទ្ធិមនុស្ស។ យើង​រក​ឃើញ​ថា បញ្ហា​សិទ្ធិមនុស្ស​គ្មាន​ការ​រើ​ក​ចំរើន​ទាល់​តែ​សោះ​ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន។  មាន​អ្នក​ការទូត និង​ប្រទេស​ម្ចាស់​ជំនួយ​ជាច្រើន​សង្ឃឹម​ថា បន្ទាប់​ពី​ការ​ធ្វើ​រដ្ឋ​ប្រហារ​កាល​ពី​ឆ្នាំ​១៩៩៧ និង​ការ​បង្ហូរ​ឈាម​កាល​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៨ ដែល​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ក្លាយ​ជា​នាយករដ្ឋមន្ត្រី​តែ​ម្នាក់​នោះ នឹង​បណ្ដាល​ឲ្យ​លោក​ផ្លាស់ប្ដូរ​របៀប​ដឹកនាំ និង​បន្ទន់​ឥរិយាបថ​ខ្លះ ដោយសារ​តែ​​ជោគជ័យ​គ្រប់គ្រង​នយោបាយ​នៅ​កម្ពុជា។ ប៉ុន្តែ​យើង​បន្ត​ឃើញ ការ​វាយ​ប្រហារ​លើ​គណ​បក្ស​ប្រឆាំង តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ត្រូវ​បាន​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ដោយ​ការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន សកម្មជន​ដីធ្លី​កំពុង​រង​ការ​វាយ​ប្រហារ។ ការ​គ្រប់គ្រង​របស់​លោក ហ៊ុន សែន គ្មាន​ការ​ផ្លាស់ប្ដូរ​អ្វី​ឡើយ។ លោក​បន្ត​គ្រប់គ្រង​តាម​បែប​ចាប់​បង្ខំ ប្រើប្រាស់​កងកម្លាំង​ប្រដាប់​អាវុធ​តាម​ចិត្ត​ចង់ និង​ប្រើប្រាស់​អំពើ​ហិង្សា។ ការ​គ្រប់គ្រង​របស់​លោក​គ្មាន​ការ​ទទួល​ខុស​ត្រូវ។ កាល​ពី​ឆ្នាំ​មុន​កងរាជអាវុធហត្ថ​បាញ់​សម្លាប់​បាតុករ និង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ដោយ​កងកម្លាំង​ឆត្រយោង ប៉ុន្តែ​ទោះ​បី​មាន​ភស្តុតាង​ជា​ច្រើន​ក៏ដោយ ក៏​លោក ហ៊ុន សែន មិន​បាន​នាំ​ជនសង្ស័យ​ទាំង​អស់​នោះ​ទៅ​ផ្ដន្ទាទោស​ដែរ។ លោក ហ៊ុន សែន ក៏​មិន​បាន​ព្យាយាម​បង្កើត​កងកម្លាំង​ប្រដាប់​អាវុធ​ឲ្យ​ឯករាជ្យ​ដែរ។

យន់ សាមៀន៖ ថ្មីៗ​នេះ ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ពិភាក្សា​ធ្វើ​ច្បាប់​គ្រប់គ្រង អង្គការ​សង្គម​ស៊ីវិល​មិន​ឲ្យ​រិះគន់​អ្នក​នយោបាយ​ក្នុង​រយៈពេល​នៃ​ការ​បោះឆ្នោត។ តើ​លោក​យល់​យ៉ាង​ណា​ដែរ?

ប្រ៊ែដ អាដាម៖ នេះ​ជា​ការ​ភ្ញាក់ផ្អើល​មួយ​បន្ទាប់ពី​រយៈពេល ២២​ឆ្នាំ​ក្រោយ​ការ​រៀបចំ​បោះឆ្នោត​ដោយ​អ៊ុនកាត់ និង​ច្បាប់​រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​បង្កើត​ឡើង ហើយ ២៤​ឆ្នាំ​ក្រោយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដែល​កម្ពុជា​និង​ភាគី​ហត្ថលេខី​ផ្សេង​ទៀត​សន្យា​ការពារ​មូលដ្ឋាន​នៃ​សិទ្ធិមនុស្ស​នោះ។ ក្នុង​រយៈ​ពេល​ដំណើរការ​បោះ​ឆ្នោត គឺ​ជា​រយៈពេល​មួយ​ដែល​ត្រូវ​មាន​ការ​ពិភាក្សា​នយោបាយ​ដោយ​សេរី​ជា​ទីបំផុត។ នេះ​ជា​ពេល​វេលា​មួយ​ដែល​មនុស្ស​រាល់​គ្នា​ត្រូវ​ជជែក​ពី​បញ្ហា​នយោបាយ។ ក្នុង​រយៈពេល​នេះ មាន​តែ​ការ​និយាយ​ស្តី​ពាក់ព័ន្ធ​នឹង​ការ​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា​ទេ ដែល​ត្រូវ​ច្បាប់​ហាម​ឃាត់។

ខ្ញុំ​អស់សង្ឃឹម​យ៉ាង​ខ្លាំង​នៅ​ពេល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ជាពិសេស​គណបក្ស​សង្គ្រោះ​ជាតិ ដែល​អះអាង​ថា ជា​គណបក្ស​លើក​ស្ទួយ​លទ្ធិប្រជាធិបតេយ្យ ចូលរួម​ក្នុង​ការ​ពិភាក្សា​ដែល​ធ្វើ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​មាន​ការ​ព្រួយ​បារម្ភ។ ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ យល់​ព្រម​នឹង​សំណើ​របស់​គណបក្ស​ប្រជាជន​កម្ពុជា នោះ​អង្គការ​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ  និង​អង្គការ​ផ្សេង​ទៀត​ នឹង​ធ្វើ​ការ​រិះគន់​ទង្វើ​នេះ​កាន់​តែ​ខ្លាំង។ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវតែ​ប្រុង​ប្រយ័ត្ន មិន​ត្រូវ​យល់ព្រម​ផ្លាស់ប្ដូរ​ច្បាប់​ណា​មួយ​ដែល​អនុញ្ញាត​ឲ្យ​កងកម្លាំង​ប្រដាប់​អាវុធ​មាន​តួនាទី​សំខាន់​ក្នុង​ឆាក​នយោបាយ​ឡើយ។

យន់ សាមៀន៖ ជា​ពិសេស​ក្នុង​ពេល​​ឃោសនា​បោះ​ឆ្នោត​មែន​ទេ​លោក?

ប្រ៊ែដ អាដាម៖ បាទ! ពិសេស​ក្នុង​ពេល​នៃ​ការ​បោះឆ្នោត យើង​មិន​ចង់​ឃើញ​កងកម្លាំង​ប្រដាប់​អាវុធ​ធ្វើ​ការ​ឃោសនា​បោះ​ឆ្នោត​ឡើយ។ ទង្វើ​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​បោះឆ្នោត​ព្រួយ​បារម្ភ។ យើង​មិន​ចង់​ឃើញ​យោធា​ពាក់ព័ន្ធ​នឹង​ដំណើរការ​នៃ​បោះឆ្នោត​ទាល់​តែ​សោះ។ ការងារ​របស់​យោធា​គឺ​ត្រូវ​នៅ​ក្នុង​បន្ទាយ ហើយ​ប្រសិនបើ​មាន​បញ្ហា​អសន្តិសុខ​ដែល​ប៉ូលិស​មិន​អាច​ដោះស្រាយ​បាន​នោះ យោធា​អាច​បញ្ជូន​ទៅ​ដោះស្រាយ​បាន ប៉ុន្តែ​បញ្ហា​ទាំង​នោះ​មិន​ទាន់​កើត​មាន​ឡើង​នៅ​ឡើយ​ទេ ក្នុង​រយៈ​ប្រវត្តិសាស្ត្រ​ចុង​ក្រោយ​នេះ។ កន្លង​មក​មាន​តែ​ការ​ប្រឌិត​ព្រឹត្តិការណ៍​ដើម្បី​យក​លេស​ប្រមូលផ្ដុំ​កងកម្លាំង​ប្រដាប់​អាវុធ។ ខ្ញុំ​គិត​ថា គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​សំណើ​នេះ​ឡើង​នោះ​ដោយសារ​គណបក្ស​នេះ​ព្រួយ​បារម្ភ​ពី​ការ​ចាញ់​ឆ្នោត​នៅ​ពេល​ខាង​មុខ ដូច្នោះ​ពួកគេ​ព្យាយាម​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ទាំង​អស់​ដើម្បី​គំរាមកំហែង​អ្នក​បោះឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។

យន់ សាមៀន៖ តើ​កម្ពុជា ដើរ​ដល់​ណា​ហើយ​ឥឡូវ​នេះ?

​ប្រ៊ែដ អាដាម៖ ខ្ញុំ​គិត​ថា ផ្លូវ​ដែល​កម្ពុជា កំពុង​ដើរ​ឆ្ពោះ​ទៅ​មុខ​នោះ មិន​ច្បាស់លាស់​ទាល់​តែ​សោះ។ ឧទាហរណ៍​មួយ​គឺ ប្រសិនបើ​កម្លាំង​បោះ​ឆ្នោត​របស់​យុវជន​នៅ​បន្ត​ខ្លាំង ការ​ប្រមូលផ្ដុំ​ជា​សាធារណៈ​នៅ​តែ​មាន​ជា​បន្ត​ទៅ​ទៀត ហើយ​ពលរដ្ឋ​មាន​ការ​ធុញទ្រាន់​នឹង​ការ​គ្រប់គ្រង និង​អ្នកដឹកនាំ​ដដែលៗ​នោះ គណបក្ស​ប្រជាជន​កម្ពុជា នឹង​ពិបាក​ឈ្នះ​ឆ្នោត​ណាស់​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨។ ខ្ញុំ​គិត​ថា ករណី​នេះ​នឹង​អាច​កើត​មាន​ឡើង។ សរុប​មក​វា​អាស្រ័យ​ទៅ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ថា​តើ​គណបក្ស​នេះ​នឹង​ធ្វើ​កំណែទម្រង់​តាម​ការ​សន្យា​របស់​ខ្លួន ឬ​ទេ? តើ​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​មាន​ទស្សនៈ​វិស័យ​សម្រាប់​ប្រយោជន៍​ប្រទេស​ជាតិ តើ​គណបក្ស​នេះ​នៅ​តែ​បន្ត​រិះគន់​រដ្ឋាភិបាល និង​រក្សា​គោលជំហរ​របស់​ខ្លួន តើ​គណបក្ស​នេះ​នឹង​បង្កើត​កិច្ច​ព្រមព្រៀង​អាក្រក់​ណា​មួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បណ្ដាល​ឲ្យ​ខូច​សំឡេង​ឆ្នោត​គាំទ្រ​របស់​គណបក្ស?  បញ្ហា​សេដ្ឋកិច្ច​ក៏​ដើរ​តួនាទី​សំខាន់​ដែរ។ អ្នក​បោះឆ្នោត​តែងតែ​បោះឆ្នោត​ឲ្យ​អ្នក​កាន់កាប់​អំណាច​ប្រសិនបើ​សេដ្ឋកិច្ច​ល្អ ហើយ​មិន​បោះឆ្នោត​គាំទ្រ​បើ​សេដ្ឋកិច្ច​អាក្រក់។ អនាគត​ពិបាក​ធ្វើ​ការ​ទស្សន៍ទាយ​ណាស់ អ្វី​ដែល​ខ្ញុំ​សង្ឃឹម​នោះ​គឺ មិន​មែន​ជ័យជំនះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ ប៉ុន្តែ​ជ័យជំនះ សម្រាប់​ប្រទេស​កម្ពុជា គឺ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។ ការ​រាប់​សន្លឹក​ឆ្នោត​ដោយ​ស្មោះ​ត្រង់ ហើយ​អ្នកណា​ទទួល​បាន​សន្លឹក​ឆ្នោត​គាំទ្រ​ច្រើន នឹង​ទទួល​បាន​អំណាច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

We are all the Khmer people getting tired to have the same leader for over 30 years. We want to change. We need the right leader who can lead Cambodia to the real democracy. Nowaday, Cambodia has the fake democracy.

Feb 13, 2015 01:43 PM

កូនខ្មែរ

ពី ភព

សុំកុំសង្ឃឹមលើសម រង្សីនិងកឹម សុខាថាដឹកនាំគណបក្សសង្រ្គោះជាតិ
ឱ្យឈ្នះឆ្នោតនោះ ព្រោះអ្នកទាំងពីរនេះជាអាយ៉ងហ៊ុន សែនរួចទៅហើយ។
កាលពីមុនឆ្នាំ១៩៧៥ខ្មែរមានពាក្យស្លោកថា"ព្រៃនរគរលំ ភ្នំពេញរលាយ
បាងកកខ្ចាត់ខ្ចាយ សប្បាយសៀមរាបអង្គរ"ហើយក៏មានហេតុការណ៍ដូច្នេះ
មែន ឥឡូវនេះមាត់ស៊ីអំបិលប្រហុកដដែលបានចេញពាក្យស្លោកទៀតហើយ
"ហ៊ុនសែនរលំ រង្សីរលាយ សុខាខ្ចាត់ខ្ចាយ សប្បាយរាស្រ្តខ្មែរ"។សូមកុំ
មើលងាយមាត់ស៊ីអំបិលប្រហុកឱ្យសោះ។

Feb 12, 2015 10:08 PM

អ្នក​អាន​អនាមិក

Thank you Mr. Brad Adams that have spent all your time to observe all Human Rights in Cambodia. I feel so proud of you. I hope that Cambodia will receive a fair election on the year of 2018. We are all the Khmer people want to change, really want to change. We are getting tired to have the same leader for more than 3 decades. Mr. Brad Adams , please help us to accomplish our hope of having the real democracy in Cambodia.

Feb 12, 2015 12:34 PM

អ្នក​អាន​អនាមិក

CPP want to be North Korean. If 2018 CPP lost election ,Hun Sen don't worry,because high rank of soldiers in CPP will use the force protect CPP, because CPP is the party of soldiers. So CNRP has to be care full.

Feb 12, 2015 09:40 AM

គេហទំព័រ​ទាំងមូល