ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​សារព័ត៌មាន​ដែល​ខ្វះ​វិជ្ជាជីវៈ

ក្រុម​ប្រឹក្សា​ក្រម​សីលធម៌​សារព័ត៌មាន​កម្ពុជា នៅ​ថ្ងៃ​ទី១៩ ខែ​កុម្ភៈ បាន​ប្រកាស​ចាប់​ផ្ដើម​អនុវត្តន៍​គម្រោង​ពង្រឹង​លើ​ការ​អនុវត្ត​ក្រម​សីលធម៌​សារព័ត៌មាន ដើម្បី​រក្សា​ភាព​ថ្លៃថ្នូរ និង​កិត្តិយស​របស់​អ្នក​សារព័ត៌មាន​ឲ្យ​នៅ​កម្រិត​ខ្ពស់ និង​ប្រសើរ​ឡើង​ជាង​មុន។ គម្រោង​នេះ​ត្រូវ​គាំទ្រ​ថវិកា​ដោយ​មូលនិធិ​ប្រជាធិបតេយ្យ​របស់​អង្គការ​សហប្រជាជាតិ។
ដោយ សុខ សេរី
2013-02-19
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ខៀវ កាញារីទ្ធ ៣០៥
រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល ក្នុង​សន្និសីទ​កាសែត​ស្ដីពី​ការ​អនុវត្ត​ក្រម​សីលធម៌​សារព័ត៌មាន កាល​ពី​ថ្ងៃ​ទី១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៣។
RFA/Sok Serey

ក្រុម​ប្រឹក្សា​នេះ​ពុំ​មាន​សិទ្ធិ ឬ​អំណាច​ដាក់​ទោស​លើ​អ្នក​កាសែត​ដែល​ខុស​ឆ្គង​នោះ​ទេ ប៉ុន្តែ​មាន​សិទ្ធិ​កោះ​ហៅ​និពន្ធ​នាយក ឬ​ចាងហ្វាង​សារព័ត៌មាន​នោះ​មក​ណែនាំ​ផ្តល់​ដំបូន្មាន ឬ​ព្រមាន​ជាដើម បើ​សិន​ណា​មិន​រាងចាល។

សមាគម​អ្នក​កាសែត​មួយ​ឈ្មោះ ក្រុម​ប្រឹក្សា​ក្រម​សីលធម៌​សារព័ត៌មាន​កម្ពុជា បាន​ចាប់​ផ្ដើម​តាម​ដាន​ត្រួត​ពិនិត្យ​លើ​អត្ថបទ​សារព័ត៌មាន​ដែល​គេ​យល់​ថា សរសេរ​ដោយ​ខ្វះ​វិជ្ជាជីវៈ ដើម្បី​កែ​តម្រង់​ម្ចាស់​អត្ថបទ និង​អង្គភាព​សារព័ត៌មាន​នោះ​ឲ្យ​គោរព​តាម​វិជ្ជាជីវៈ​សារព័ត៌មាន។

គម្រោង​ពង្រឹង​ការ​អនុវត្ត​ក្រម​សីលធម៌​សារព័ត៌មាន​នោះ គឺ​មាន​រយៈពេល ២​ឆ្នាំ ចាប់​ពី​ខែ​ធ្នូ ឆ្នាំ​២០១២ ដល់​ខែ​ធ្នូ ឆ្នាំ​២០១៤ ផ្ដោត​លើ​អង្គភាព​កាសែត​ធំៗ​ចំនួន​៥ និង​ទូរទស្សន៍​ឯកជន​ចំនួន​៩ ដែល​កាសែត​នីមួយៗ​បាន​ចុះ​ផ្សាយ​ព័ត៌មាន​នៅ​លើ​ទំព័រ​មុខ​ជា​រៀង​រាល់​ថ្ងៃ និង​កិច្ច​ពិភាក្សា​នានា​នៅ​តាម​កញ្ចក់​ទូរទស្សន៍​ប្រចាំ​ថ្ងៃ​ដែរ។

អង្គការ​កាសែត​ទាំង​៥ នោះ​មាន​ដូច​ជា កាសែត​រស្មី​កម្ពុជា កាសែត​កោះ​សន្តិភាព កាសែត​នគរ​វត្ត កាសែត​មនសិការ​ខ្មែរ និង​កាសែត​កម្ពុជា​ថ្មី។ ចំណែក​ឯ​ទូរទស្សន៍​វិញ មាន​ដូច​ជា ស៊ីធីអ៊ីន (CTN) អប្សរា (Apsara) បាយ័ន (Bayon) ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៩ ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ និង​ទូរទស្សន៍​ឯកជន​មួយ​ចំនួន​ទៀត លើក​លែង​តែ​ទូរទស្សន៍​របស់​រដ្ឋ ទទក។

គម្រោង​ពង្រឹង​ការ​អនុវត្ត​ក្រម​សីលធម៌​សារព័ត៌មាន​នេះ គឺ​ជា​លើក​ដំបូង​ហើយ​នៅ​ប្រទេស​កម្ពុជា នៅ​គ្រា​ដែល​មតិ​ជាតិ និង​អន្តរជាតិ​មួយ​ចំនួន​តែង​តែ​រិះគន់​ថា គុណភាព​ព័ត៌មាន​មួយ​ចំនួន​នៅ​កម្រិត​ទាប ខ្វះ​តុល្យភាព។ អ្នក​កាសែត​មួយ​ចំនួន​ទទួល​សំណូក​ពុក​រលួយ។

ថ្មីៗ​នេះ ស្ថានទូត​បារាំង នៅ​ប្រទេស​កម្ពុជា បាន​ប្រតិកម្ម​ថ្កោលទោស​សារព័ត៌មាន​មួយ​ចំនួន ដែល​ចុះ​ផ្សាយ​រូបភាព​ស្ត្រី​ជន​ជាតិ​បារាំង ម្នាក់​អាក្រាត​កាយ ត្រូវ​បាន​ឃាតករ​សម្លាប់​អណ្ដែត​ទឹក​នៅ​ខេត្ត​កំពត។

មួយ​វិញ​ទៀត អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​នៅ​ប្រទេស​បារាំង បាន​ទម្លាក់​ចំណាត់​ថ្នាក់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា មក​លំដាប់​លេខ​១៤៣ នៅ​ឆ្នាំ​២០១២ កន្លង​ទៅ​នេះ ក្នុង​ចំណោម​ប្រទេស​សរុប​១៧៨ ប្រៀបធៀប​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ សេរីភាព​សារព័ត៌មាន​កម្ពុជា បាន​ស្ថិត​នៅ​លំដាប់​លេខ​១១៧។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល បាន​មាន​ប្រសាសន៍​ថា លោក​សង្កេត​ឃើញ​ថា អ្នក​សារព័ត៌មាន​មួយ​ចំនួន​គ្មាន​វិជ្ជាជីវៈ។ កាសែត​មួយ​ចំនួន​មិន​ដែល​ចេញ​ផ្សាយ​ទេ ប៉ុន្តែ​បាន​បង្ក​រឿង​ច្រើន​ជាង​គេ ដោយ​សារ​អំពើ​ពុក​រលួយ។

លោក​បាន​បន្ត​ថា ក្រសួង​ព័ត៌មាន​គ្មាន​សិទ្ធិ​លូក​លាន់​ក្នុង​រឿង​នោះ​ទេ ប៉ុន្តែ​អន្តរាគមន៍​តាម​រយៈ​ក្រុម​ប្រឹក្សា​ក្រម​សីលធម៌​សារព័ត៌មាន​កម្ពុជា ដើម្បី​ផ្តល់​ដំបូន្មាន និង​ការ​ព្រមាន​ជាដើម៖ «ការងារ​កាសែត​គេ​ហៅ​ថា ការងារ​សេរី។ អីចឹង​ក្រសួង​មិន​លូក​ដៃ​ទេ លើក​លែង​តែ ឧទាហរណ៍ គឺ​ថា​ប៉ះ​លើ​បុគ្គល​ណា ឬ​ស្ថាប័ន​ណា ស្ថាប័ន​នោះ​ប្រតិកម្ម​តប។ គេ​ឲ្យ​កែ​តម្រូវ ឬ​ក៏​គេ​ប្ដឹង​ទៅ​តុលាការ ក្រសួង​មាន​ត្រឹម​តែ​ជួយ​សម្រួល​គ្នា​យើង​តែ​ប៉ុណ្ណឹង​ទេ»

ទាក់​ទង​នឹង​ការ​ពង្រឹង​ការ​អនុវត្ត​ក្រម​សីលធម៌​នេះ អ្នកស្រី គឹម សុគន្ធារី អនុប្រធាន​ក្រុម​ប្រឹក្សា​ក្រម​សីលធម៌​សារព័ត៌មាន​កម្ពុជា បាន​មាន​ប្រសាសន៍​ថា គម្រោង​នេះ​គឺ​តាម​ដាន​មើល​ការ​ផ្សាយ​គ្មាន​តុល្យភាព និង​អ្នក​កាសែត​ទទួល​សំណូក​ពុក​រលួយ​ជាដើម៖ «ហើយ​យើង​រំពឹង​ថា នៅ​ពេល​ដែល​យើង​ធ្វើ​ការងារ​ហ្នឹង​ហើយ គឺ​យើង​អាច​ផ្តល់​នូវ​ព័ត៌មាន​ដែល​ពិត ត្រឹមត្រូវ ឯករាជ្យ និង​មាន​តុល្យភាព​ជូន​ដល់​ប្រជាជន​កម្ពុជា»

អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន ឃ្យូដូ (Kyodo News Agency) លោក ពុយ គា ដែល​ចូល​រួម​ផ្ដួចផ្ដើម​គម្រោង​នេះ​កន្លង​មក បាន​មាន​ប្រសាសន៍​ថា ការ​ពង្រឹង​ការ​អនុវត្ត​ក្រម​សីលធម៌​សារព័ត៌មាន​នេះ គឺ​ជា​ការ​លើក​តម្លៃ​អ្នក​សារព័ត៌មាន​ដែរ៖ «ជា​បុគ្គល​ខ្លះ​គាត់​បាន​ ផ្សាយ​រំលោភ​លើ​វិជ្ជាជីវៈ​ហ្នឹង អា​ហ្នឹង​ហើយ​ដែល​ជា​ទិស​ដៅ​របស់​យើង គឺ​ចង់​បាន​កាសែត​របស់​យើង​ហ្នឹង​ឯករាជ្យ ហើយ​គោរព​ក្រម​សីលធម៌​ហ្នឹង ពីព្រោះ​ការ​ផ្សាយ​ព័ត៌មាន​ពិត គឺ​បាន​ជួយ​ដល់​សង្គម​ទាំង​មូល»

អគ្គនាយក​រង​នៃ​ទូរទស្សន៍​ស៊ីធីអ៊ីន (CTN) លោក សោម ឆាយ៉ា បាន​មាន​ប្រសាសន៍​ថា លោក​គាំទ្រ​ឲ្យ​មាន​ការ​គោរព​ក្រម​សីលធម៌​សារព័ត៌មាន​នេះ៖ «បើ​យើង​មិន​មាន​ក្រម​សីលធម៌​ច្បាស់​លាស់​ទេ គឺ​វា​មិន​ល្អ។ យើង​មិន​ល្អ​ហើយ​ឲ្យ​គេ​ល្អ​យ៉ាង​ម៉េច?»

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ការ​វាយ​តម្លៃ​របស់​ក្រុម​ប្រឹក្សា​ក្រម​សីលធម៌​សារព័ត៌មាន​កម្ពុជា នេះ ជា​ការ​វាយ​តម្លៃ​ដោយ​ពិត​ត្រឹមត្រូវ មិន​លម្អៀង​កម្រិត​ណា​ទេ ពីព្រោះ​នៅ​ប្រទេស​កម្ពុជា មាន​អ្នក​កាសែត​មួយ​ចំនួន​មិន​ទទួល​យក​ការ​ចោទ​ប្រកាន់​ថា គាត់​សរសេរ​ដោយ​ខ្វះ​វិជ្ជាជីវៈ និង​មិន​គោរព​ក្រម​សីលធម៌​របស់​អ្នក​សារព័ត៌មាន​នោះ​ឡើយ។ មិន​តែ​ប៉ុណ្ណោះ មាន​កាសែត​ខ្លះ មាន​និន្នាការ​នយោបាយ​គាំទ្រ​គណបក្ស​នយោបាយ​ខុសៗ​គ្នា​ទៀត​ផង។

របាយការណ៍​ពី​មន្ត្រី​ក្រសួង​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​អង្គភាព​សារព័ត៌មាន​សរុប​ចំនួន​ជាង ៦០០​អង្គភាព និង​មាន​សមាគម​អ្នក​សារព័ត៌មាន​ចំនួន​៣០ និង​មាន​ទូរទស្សន៍​ចំនួន ១៨​ស្ថានីយ ប៉ុន្តែ​មាន​អង្គភាព​សារព័ត៌​ចំនួន​តិចតួច បាន​ចេញ​ផ្សាយ​ទៀង​ទាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

ក្មេងសុំទាន

ពី វត្តភ្នំ

ឯណាទៅមតិដែលបានផ្សាយនៅក្នុងទម្រង់ចាស់?។
ទម្រង់ផ្សាយចាស់ហាក់ដូចជាងាយយល់ជាង។

Feb 20, 2013 05:38 PM