អង្គការ​៣​ថា​អាជ្ញាធរ​រារាំង​ការ​ហែ​ក្បួន​របស់​ខ្មែរ​ក្រោម​ជា​ការ​រឹតត្បិត​សិទ្ធិ​និង​រើសអើង

ដោយ ទីន ហ្សាការីយ៉ា
2017-07-03
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
កម្លាំង​សមត្ថកិច្ច​ក្រុង​ភ្នំពេញ ដាក់​ពង្រាយ​ម្ដុំ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ នៅ​ថ្ងៃ​ទី២៦ ខែ​មិថុនា ឆ្នាំ​២០១៧។
កម្លាំង​សមត្ថកិច្ច​ក្រុង​ភ្នំពេញ ដាក់​ពង្រាយ​ម្ដុំ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ នៅ​ថ្ងៃ​ទី២៦ ខែ​មិថុនា ឆ្នាំ​២០១៧។
RFA/Eang Vanna

អង្គការ​ចំនួន​បី​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​នៅ​ថ្ងៃ​ទី​៣ កក្កដា ស្ដីពី​អាជ្ញាធរ​រារាំង​ការ​ហែ​ក្បួន​របស់​ខ្មែរ​កម្ពុជា​ក្រោម ជា​ការ​បិទ​សិទ្ធិ​សេរីភាព​ខាង​ប្រមូល​ផ្ដុំ និង​សេរីភាព​ខាង​បញ្ចេញ​មតិ ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​មាត្រា​៤១ និង​មាត្រា​១៩ មាត្រា​២១ នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ។

អង្គការ​ទាំង​បី​នេះ​រួម​មាន មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ និង​អង្គការ​ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​ទំនាស់។ សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​នេះ​បញ្ជាក់​ថា ការ​ដាក់​ពង្រាយ​នគរបាល​បង្ក្រាប​កុបកម្ម​ប្រមាណ ១០០​នាក់ និង​ការ​បិទ​ផ្លូវ​ដើម្បី​រារាំង​សហគមន៍​ខ្មែរ​ក្រោម​មិន​ឲ្យ​ហែ​ក្បួន​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៧ នោះ គឺ​ជា​ការ​ឆ្លើយតប​មិន​សមាមាត្រ ដែល​អាច​ប៉ះពាល់​ច្រើន​ដល់​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ដែល​មាន​បំណង​អនុវត្ត​សិទ្ធិ​ស្រប​ច្បាប់​របស់​ខ្លួន​ក្នុង​ការ​ប្រមូល​ផ្ដុំ​ដោយ​សន្តិវិធី។

ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ទង្វើ​អាជ្ញាធរ​មាន​សមត្ថកិច្ច ដែល​បាន​ហាមឃាត់​ក្បួន​ដង្ហែ​ញត្តិ​របស់​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ទៅ​កាន់​រដ្ឋសភា​បែប​នេះ។ លោក​បញ្ជាក់​ថា សកម្មភាព​រារាំង​នេះ​ជា​សកម្មភាព​រើសអើង​ប្រកាន់​ពូជសាសន៍ គំរាម​កំហែង និង​ការ​បំបិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​ដើម​កំណើត​ជា​ខ្មែរ​ដូច​គ្នា។

កាល​ពី​ថ្ងៃ​ទី​២៤ មិថុនា សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បាន​ដង្ហែ​ញត្តិ​ចេញ​ពី​វត្ត​ចាស់ សង្កាត់​ជ្រោយចង្វារ ឆ្ពោះ​ទៅ​កាន់​រដ្ឋសភា តែ​ត្រូវ​បាន​សមត្ថកិច្ច​រារាំង ហើយ​បាន​ដង្ហែ​តាម​រថយន្ត​ចំនួន ៣​គ្រឿង​ជំនួស​វិញ។ ញត្តិ​នេះ​ទាមទារ​ឲ្យ​បញ្ចូល​ថ្ងៃ​ទី​៤ មិថុនា ជា​ទិវា​បុណ្យ​ជាតិ​នៅ​ប្រទេស​កម្ពុជា ដើម្បី​ប្រារព្ធ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩ នៅ​គ្រា​ដែល​ប្រទេស​បារាំង កាត់​ទឹក​ដី​កម្ពុជា​ក្រោម ទៅ​ឲ្យ​វៀតណាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល