ក្រសួង​ព័ត៌មាន​ការពារ​ចំណាត់​ការ​របស់​ខ្លួន​ចំពោះ​ការ​បង្ក្រាប​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ

ដោយ តាំង សារ៉ាដា
2017.11.28
ខៀវ កាញារីទ្ធ ២០១៧ ៦២២ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ថ្លែង​ក្នុង​សិក្ខាសាលា​បណ្តុះបណ្តាល​ស្ដីពី​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការ​ប្រែប្រួល​អាកាសធាតុ នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
RFA

ក្រសួង​ព័ត៌មាន​កម្ពុជា​ បាន​ការពារ​ការ​បង្ក្រាប​របស់​ខ្លួនលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ទៅ​ឱ្យ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ។ ឯកសារ​ផ្ទៃក្នុង​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈដោយ​ចៃដន្យ កាលពី​ថ្ងៃ​ទី​២៣ វិច្ឆិកា បាន​បញ្ជាក់​ថា ​ការ​បិទ​ស្ថានីយ​វិទ្យុ​ចំនួន​២១ ដែល​ផ្សាយ​វិទ្យុ​អាស៊ីសេរី វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក និង​កម្មវិធី​គណបក្ស​ប្រឆាំង ដោយសារតែ​បញ្ហា​អាជ្ញាប័ណ្ណ ចំណែក​ការ​បិទ​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដោយសារ​មិនបង់ពន្ធ ចំនួន ​៦​លាន​ដុល្លារ។

កាសែត​ភ្នំពេញប៉ុស្តិ៍ ផ្សាយ​ថា ឯកសារ​ផ្សាយ​កាលពី​ថ្ងៃ​ទី​២៣ វិច្ឆិកា នេះ ត្រូវ​បាន​ចុះផ្សាយ នៅ​លើ​គេហទំព័រ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា (AKP) និង​គេហទំព័រ​របស់​ក្រសួង​ព័ត៌មាន ប៉ុន្តែ​ឯកសារ​ទាំងនេះ​ត្រូវ​បាន​ដកចេញ​វិញ ក្រោយ​ពី​អ្នកយកព័ត៌មាន​ទូរស័ព្ទ​សួរ​បញ្ជាក់​ជុំវិញ​សេចក្ដីថ្លែងការណ៍​នោះ។

ឯកសារ​របស់​រដ្ឋាភិបាល​កម្ពុជា​ ទៅកាន់​អង្គការសហប្រជាជាតិ បាន​សរសេរ​ថា រដ្ឋាភិបាល​កម្ពុជា​មិនបាន​ប្រើ​ច្បាប់ជា​មធ្យោបាយ​ក្នុង​ការ​រឹត​បន្តឹង ឬ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នោះ​ទេ។ ឯកសារ​នោះ​ក៏បាន​បដិសេធ​អំពី​ការ​បិទ​ស្ថានីយ​វិទ្យុ​ដោយ​គ្មាន​ការ​ជូនដំណឹង ឬ​ព្រមាន​ជាមុន។

ឯកសារ​របស់​រដ្ឋាភិបាល​កម្ពុជា​ មួយ​នេះ​សរសេរ​បន្ត​ថា សេរីភាព​សារព័ត៌មាន និង​សេរីភាព​ក្នុង​ការ​ផ្សព្វផ្សាយ​មាន​ភាព​ទូលំទូលាយ ហើយ​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ដែល​ពាក់ព័ន្ធ​មួយ​ចំនួន ។ ជាង​នេះ​ទៅ​ទៀត កម្ពុជា​មាន​ការ​រីក​លូតលាស់​ខាង​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​វឌ្ឍនភាព​នៃ​វិស័យ​ព័ត៌មាន។ ទោះបីជា​យ៉ាង​ក៏ដោយ ការ​បិទ​វិទ្យុ​អាស៊ីសេរី និង​សារព័ត៌មាន​ឯករាជ្យ​ធ្វើឡើង​មុន​ពេល​ការ​ចាប់​ខ្លួន មេដឹកនាំ​គណបក្សប្រឆាំង លោក កឹម សុខា បណ្ដាល​ឲ្យ​មាន​ចម្ងល់​ថា ការ​បិទ​ការផ្សាយ​វិទ្យុ និង​សារព័ត៌មាន​ឯករាជ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ។

ការ​ធ្វើទុក្ខបុកម្នេញ អ្នក​រាយការណ៍​ព័ត៌មាន​នៅតែ​បន្ត​កើតមានឡើង។ សមត្ថកិច្ច​កាល​ពី​ដើម​ខែ​វិច្ឆិកា បាន​ចាប់ខ្លួន​អតីត​អ្នករាយការណ៍​អាស៊ីសេរី​ពីរ​នាក់ ពី​បទ​លួច​ព័ត៌មាន​ឲ្យ​បរទេស ហើយ​ចៅក្រម​បាន​ចោទប្រកាន់ និង​ឃុំខ្លួន ទោះបី​អតីត​អ្នករាយការណ៍​អាស៊ីសេរី​ទាំងពីរ​នាក់​បាន​បដិសេធ​ក៏​ដោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
តើ​លោក កើត សារ៉ាយ ជា​អ្នកណា?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។