ក្រសួង​មហាផ្ទៃ​ថា​ជនជាតិ​ម៉ុងតាញ៉ា​២៦​នាក់​ស្ម័គ្រ​ចិត្ត​ទៅ​វៀតណាម​វិញ

ដោយ ថា កិត្យា
2017-04-18
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា-វៀតណាម ស្នាក់នៅ​ក្រោម​ការ​ឧបត្ថម្ភ​របស់​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) នៅ​ភូមិ​ត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Yeang Socheametta
ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា-វៀតណាម ស្នាក់នៅ​ក្រោម​ការ​ឧបត្ថម្ភ​របស់​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) នៅ​ភូមិ​ត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Yeang Socheametta
RFA/Yeang Socheametta

ក្រសួង​មហាផ្ទៃ នឹង​សម្របសម្រួល​ឲ្យ​ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា-វៀតណាម ចំនួន ២៦​នាក់ បាន​វិល​ទៅ​កាន់​ប្រទេស​កំណើត​វិញ បន្ទាប់​ពី​ម៉ុងតាញ៉ា​ទាំងនោះ​ពុំ​ទទួល​បាន​សិទ្ធិ​ជា​ជន​ភៀស​ខ្លួន។ ទោះ​យ៉ាង​ណា តំណាង​ជនជាតិ​ម៉ុងតាញ៉ា អះអាង​ថា ការ​ស្ម័គ្រ​ចិត្ត​ត្រឡប់​ទៅ​វិញ​នេះ ដោយសារ​ពួក​គេ​អស់​សង្ឃឹម​ថា​នឹង​គ្មាន​អ្នក​ណា​អាច​ជួយ​បាន។

តាម​គម្រោង ជនជាតិ​ម៉ុងតាញ៉ា​ទាំង ២៦​នាក់​នោះ នឹង​ត្រូវ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ បញ្ជូន​ពួក​គេ​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​វៀតណាម វិញ​នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ខាង​មុខ​នេះ តាម​សំណើ​របស់​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន យូ.អិន.អេច្ឆ.ស៊ី.(UNHCR)

ប្រធាន​នាយកដ្ឋាន​ជន​ភៀស​ខ្លួន​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ លោក តាន់ សុវិជ្ជា អះអាង​ថា ជនជាតិ​ម៉ុងតាញ៉ា​ចំនួន ២៦​នាក់ បាន​ស្ម័គ្រ​ចិត្ត​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ដោយ​ខ្លួន​ឯង ពុំ​មាន​ការ​ចាប់​បង្ខិតបង្ខំ​ឡើយ។ លោក​បន្ត​ថា អ្នក​ដែល​ស្ម័គ្រ​ចិត្ត​ត្រឡប់​ទៅ​វិញ​នោះ សុទ្ធតែ​បាន​ធ្លាក់​ការ​សម្ភាស​ដើម្បី​បាន​ឋានៈ ឬ​សិទ្ធិ​ជា​ជន​ភៀស​ខ្លួន ព្រោះ​ពួក​គេ​ពុំ​មាន​លក្ខណៈ​គ្រប់គ្រាន់៖ «មិន​មែន​រដ្ឋាភិបាល​បញ្ជូន​ទៅ​វិញ គឺ​ពួកគាត់​ស្ម័គ្រចិត្ត​ត្រឡប់​ទៅ​វិញ រៀបចំ​ឡើង​ដោយ UNHCR ខាង​ភាគី​កម្ពុជា គ្រាន់តែ​ជូន​ដំណើរ​ទៅ»

នៅ​មុន​ពេល​បញ្ជូន​ទៅ​ប្រទេស​វៀតណាម វិញ​នោះ លោក តាន់ សុវិជ្ជា ឲ្យ​ដឹង​ដែរ​ថា អាជ្ញាធរ​បាន​នាំ​ខ្លួន​ជនជាតិ​ម៉ុងតាញ៉ា​ពីរ​នាក់​ប្ដី​ប្រពន្ធ​ទៅ​ទុក​នៅ​មជ្ឈមណ្ឌល​ថែទាំ​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដែល​មាន​ការ​គ្រប់គ្រង​តឹងរ៉ឹង។ ការ​ផ្លាស់ប្ដូរ​កន្លែង​នេះ លោក​ពន្យល់​ថា ដោយសារ​បារម្ភ​ខ្លាច​ពួក​គេ​រត់​គេច​ខ្លួន​បាត់​ដូច​អ្នក​ផ្សេង​ទៀត ព្រោះ​ពួក​គេ​បាន​ទាក់ទង​ជាមួយ​អ្នក​ដែល​បាន​រត់​គេច​ខ្លួន​មុនៗ៖ «មិន​ឃាត់​ទេ គ្រាន់តែ​ប្ដូរ​ទីតាំង​អោយ​ទៅ​ដាច់​ដោយ​ឡែក​ពី​គ្នា​ដើម្បី​កុំ​អោយ​មាន​ការ​ទំនាក់ទំនង ព្រោះ​គាត់​នៅ​ក្នុង​ក្រុម​អ្នក​ស្ម័គ្រចិត្ត​ដែល​ត្រូវ​ទៅ​ប្រទេស​វៀតណាម។ គាត់​ស្ម័គ្រចិត្ត​រួច​ហើយ ប៉ុន្តែ​ដើម្បី​សុវត្ថិភាព​ពួកគាត់ និង​ធានា​ថា គាត់​ដល់​ថ្ងៃ​កំណត់​ការ​ស្នើ​របស់ UNHCR នោះ គាត់​អត់​ទៅ​ណា ដូច្នេះ​យើង​យក​គាត់​ទៅ​ទុក​នៅ​ទី​នោះ»

ប្រធាន​នាយកដ្ឋាន​ជន​ភៀស​ខ្លួន​រូប​នេះ​ឲ្យ​ដឹង​ដែរ​ថា ជនជាតិ​ម៉ុងតាញ៉ា​ដែល​កំពុង​រស់នៅ​ក្នុង​លំនៅឋាន​បណ្ដោះអាសន្ន​ស្ថិត​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ មាន​ចំនួន ៩១​នាក់ បន្ទាប់​ពី​មនុស្ស ៥០​នាក់​ផ្សេង​ទៀត​បាន​លួច​រត់​គេច​ខ្លួន​ទៅ​ប្រទេស​ថៃ។

មន្ត្រី​ផ្នែក​ព័ត៌មាន​សាធារណៈ​ប្រចាំ​តំបន់​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន អ្នកស្រី វីវៀន តាន់ (Vivian Tan) ឲ្យ​អាស៊ីសេរី​ដឹង​តាម​សារ​អេឡិចត្រូនិក (Email) ថា យូ.អិន.អេច្ឆ.ស៊ី.(UNHCR) ដឹង​ថា​អ្នក​ស្វែងរក​សិទ្ធិ​ជ្រក​កោន​មួយ​ចំនួន​ត្រូវ​បាន​ឃុំ​ខ្លួន។ យូ.អិន.អេច្ឆ.ស៊ី.អ មិន​គាំទ្រ​ការ​ឃុំ​ខ្លួន​អ្នក​សុំ​សិទ្ធិ​ជ្រក​កោន​នោះ​ទេ ហើយ​នៅ​ពេល​មាន​ករណី​ឃុំ​ខ្លួន​កើត​ឡើង ក្រុម​ការងារ​អ្នកស្រី​បាន​តស៊ូ​មតិ​នឹង​អាជ្ញាធរ ក្នុង​ការ​ធានា​ឲ្យ​មាន​ការ​ដោះលែង​ពួក​គេ​វិញ។

ដោយឡែក​ចំពោះ​គម្រោង​ក្រសួង​មហាផ្ទៃ បញ្ជូន​ជនជាតិ​ម៉ុងតាញ៉ា​ចំនួន ២៦​នាក់​វិញ អ្នកស្រី វីវៀន តាន់ បញ្ជាក់​ថា មិន​បាន​ដឹង​អំពី​ចំនួន​ជាក់លាក់​នោះ​ទេ តែ​ជម្រើស​ធ្វើ​មាតុភូមិ​និវត្តន៍​ដោយ​ស្ម័គ្រ​ចិត្ត​នៅ​តែ​បើក​ចំហ​សម្រាប់​អ្នក​ដែល​ជ្រើសរើស​ការ​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ។

រីឯ​តំណាង​ជនជាតិ​ម៉ុងតាញ៉ា​ដែល​កំពុង​រស់នៅ​ប្រទេស​ថៃ បាន​ប្រាប់​អាស៊ីសេរី​តាម​ទូរស័ព្ទ​ថា ថ្វីត្បិតតែ​អ្នក​ទាំង ២៦​នាក់ ស្ម័គ្រ​ចិត្ត​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ក្តី ប៉ុន្តែ​ពួក​គេ​មិន​ត្រឡប់​ទៅ​ដោយ​រីករាយ​ឡើយ ដោយ​នៅ​តែ​ព្រួយ​បារម្ភ​ថា ពួក​គេ​នឹង​ត្រូវ​អាជ្ញាធរ​វៀតណាម ធ្វើ​ទុក្ខបុកម្នេញ​ចាប់​ដាក់​គុក​បំបិទ​សិទ្ធិ​សេរីភាព សិទ្ធិ​នយោបាយ និង​សាសនា ជាដើម។

តំណាង​ជនជាតិ​ម៉ុងតាញ៉ា​ដដែល​បន្ត​ថា ការ​វិល​ត្រឡប់​ទៅ​វិញ​នេះ គឺ​ដោយសារ​ក្រសួង​មហាផ្ទៃ ឲ្យ​ពួក​គាត់​ធ្លាក់​សម្ភាស ដូច្នេះ​ពួក​គេ​គ្មាន​សង្ឃឹម​ថា​នឹង​មាន​អ្នក​ជួយ​បាន​ឡើយ សូម្បី​តែ​ចង់​រត់​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ ក៏​មិន​អាច​ធ្វើ​បាន​ដែរ ដោយសារ​អាជ្ញាធរ​ខ្មែរ​ចាប់​ផ្ដើម​រឹត​បន្តឹង​ខ្លាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល