ម៉ុងតាញ៉ា​៣៦​នាក់​ដែល​ប៉ូលិស​ចាប់​បញ្ជូន​ទៅ​ឲ្យ​វៀតណាម​បាន​វិល​ទៅ​លំនៅឋាន

ដោយ រដ្ឋា វិសាល
2015.03.01
ម៉ុងតាញ៉ា ៦២០ រថយន្ត​របស់​អង្គការ​សហប្រជាជាតិ​ដឹក​ក្រុម​ជនភៀសខ្លួន​ម៉ុងតាញ៉ា ទាំង ១៣​នាក់ ចូល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ រាជធានី​ភ្នំពេញ កាល​ពី​ល្ងាច​​ថ្ងៃ​ទី​២១ ធ្នូ ២០១៤។
RFA/Uon Chhin

ពលរដ្ឋ​ខ្មែរ​អ្នក​នាំ​ផ្លូវ និង​រៀបចំ​គម្រោង​នាំ​ជនភៀសខ្លួន​ម៉ុងតាញ៉ា ៣៦​នាក់ ជម្លៀស​ទៅ​ទីក្រុង​ភ្នំពេញ នៅ​បន្ត​បាត់​ខ្លួន ក៏​ប៉ុន្តែ​ជនភៀសខ្លួន​ម៉ុងតាញ៉ា​វៀតណាម មួយ​ចំនួន​ក្នុង​ចំណោម ម៉ុងតាញ៉ា ៣៦​នាក់​ដែល​ប៉ូលិស​ខេត្ត​រតនគិរី ចាប់​បញ្ជូន​ទៅ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម អះអាង​ថា អាជ្ញាធរ​វៀតណាម បាន​ដោះលែង​ពួកគេ​ឲ្យ​វិល​ទៅ​លំនៅឋាន​វិញ។

ម៉ុងតាញ៉ា​វៀតណាម ពីរ​នាក់​ឋិត​ក្នុង​ក្រុម​មាន​មនុស្ស ១៨​នាក់ អះអាង​ថា ពួកគេ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម បញ្ជូន​ឲ្យ​ទៅ​លំនៅឋាន​វិញ​ហើយ បន្ទាប់​ពី​ពួកគេ​ព្យាយាម​រត់​គេច​ចេញ​ពី​ភូមិ​កំណើត​ទៅ​លាក់​ខ្លួន​ក្នុង​ព្រៃ​ខេត្ត​រតនគិរី ជាង ៥​សប្ដាហ៍។

នៅ​ថ្ងៃ​ទី​១ ខែ​មីនា វិទ្យុ​អាស៊ីសេរី បាន​សម្ភាស​ម៉ុងតាញ៉ា​វៀតណាម ឈ្មោះ សេវ ឡល អាយុ ២៥​ឆ្នាំ នៅ​​លីវ តាម​រយៈ​អ្នក​បក​ប្រែ​ថា បន្ទាប់​ពី​នាង​បាន​វិល​មក​ដល់​ផ្ទះ​នៅ​ភូមិ​តាល់ កាល​ពី​ថ្ងៃ​ទី​២៨ កុម្ភៈ។ នាង​រៀបរាប់​តាម​ទូរស័ព្ទ​ពី​លំនៅឋាន​ថា បាន​ឃើញ​ប៉ូលិស​ខ្មែរ​មួយ​ក្រុម​ស្ទាក់​ឃាត់​រថយន្ត ខណៈ​នាង​និង​ម៉ុងតាញ៉ា​សរុប​មាន​មនុស្ស ៣៦​នាក់ រួម​ទាំង​ពលរដ្ឋ​ខ្មែរ​អ្នក​ជូន​ដំណើរ​នៅ​លើ​ចំណុច​ផ្លូវ​មួយ​កន្លែង។ បន្ទាប់​មក​ពួក​​នាង​ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ដាក់គឺ ទើប​នាង​ដឹង​ថា ត្រូវ​ប៉ូលិស​ចាប់​ខ្លួន។

នាង​កត់សំគាល់​ថា ក្រុម​នាង​មាន​គ្នា ១៨​នាក់ ដែល​លាក់​ខ្លួន​ក្នុង​ព្រៃ​ជាមួយ​គ្នា ត្រូវ​គេ​ដាក់​ឲ្យ​ស្នាក់នៅ​​ក្នុង​អធិការដ្ឋាន​ប៉ូលិស​តាំង​ពី​ថ្ងៃ​ទី​២៦ រហូត​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ទើប​សមត្ថកិច្ច​ដឹក​ជញ្ជូន​ពួកគេ​ឲ្យ​វិល​​ទៅ​លំនៅឋាន​រៀងៗ​ខ្លួន ដោយ​មិន​មាន​វាយ​ធ្វើ​បាប ឬ​ដាក់​ទោស​អ្វី​ធ្ងន់ធ្ងរ​ឡើយ៖ «ពេល​គាត់​ចេញ​ពី​កន្លែង​លាក់ខ្លួន​ជិះ​ឡាន ស្រាប់​តែ​ឃើញ ព្រាត​ប៉ូលិស​ចាប់​ដឹក​ឡាន ស្រាប់​តែ​ជិះៗ​ទៅ​បាន​ដឹង​ថា ដល់​វៀតណាម។ អ្នក​ដែល​គេ​ចាប់​ទៅ​គេ​ថា ៣៦​នាក់»។

ចំណែក​បុរស​ម៉ុងតាញ៉ា អាយុ ៣៣​ឆ្នាំ លោក រម៉ាស់ ព្លីន រស់​នៅ​ភូមិ​ខូង ឃុំ​យ៉ារ៉ង ស្រុក​ជីបពើស ខេត្ត​យ៉ាឡាយ អះអាង​តាម​ទូរស័ព្ទ​ដែរ​ថា គាត់​ឋិត​ក្នុង​ក្រុម​ជាមួយ​នាង សេវ ឡល ហើយ​ក៏​បាន​វិល​មក​ជួប​ជុំ​ប្រពន្ធ និង​កូន ៥​នាក់ នៅ​ភូមិ​កំណើត​នៅ​ថ្ងៃ​តែមួយ​ជាមួយ​សមាជិក​ក្រុម។ លោក​កត់សំគាល់​ថា មិន​បាន​ដឹង​ថា តើ​ម៉ុងតាញ៉ា ពីរ​ក្រុម​ផ្សេង​ទៀត​ដែល​បញ្ជូន​ពី​ខេត្ត​រតនគិរី ជាមួយ​គ្នា​ត្រូវ​បាន​ដោះលែង ឬ​យ៉ាង​ណា​នោះ​ឡើយ។ ដោយ​ឡែក​លោក​ឃើញ​ពលរដ្ឋ​ខ្មែរ​អ្នក​នាំ​ផ្លូវ ​និង​ជម្លៀស​ពួកគាត់​ចេញ​ពី​ព្រៃ ត្រូវ​ប៉ូលិស​ខ្មែរ​ឃាត់​ខ្លួន ក៏​ប៉ុន្តែ​គាត់​ក៏​មិន​ដឹង​ថា ពលរដ្ឋ​ខ្មែរ​នោះ​ត្រូវ​បញ្ជូន​ទៅ​ទី​ណា​ទេ៖ «ចាប់​ទៅ​ដល់​វៀតណាម គេ​មាន​ធ្វើ​អ្វី​ទេ? គាត់​ថា អត់​ទេ ទះ​កំផ្លៀង​បន្តិចបន្តួច។ មាន​អ្នក​ណា​ធ្វើ​បាប​ទេ? ថា​អត់​មាន​ទេ ក្រុម​គាត់ ចំណែក​ក្រុម​ដទៃ​ទៀត​គាត់​អត់​ដឹង​ទេ»

​សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​អះអាង​ថា ជនភៀសខ្លួន​ម៉ុងតាញ៉ា ចំនួន ៣៦​នាក់ រួម​ទាំង​ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​ប៉ូលិស​ខេត្ត​រតនគិរី ចាប់​ខ្លួន​កាល​ពី​រំលង​អធ្រាត្រ ថ្ងៃ​ទី​២៥ ឆ្លង​ចូល​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ។ ជនភៀសខ្លួន​ទាំង ៣៦​នាក់ ត្រូវ​ពលរដ្ឋ​ខ្មែរ​ជួយ​ជម្លៀស​ពួក​គេ​ពី​កន្លែង​លាក់​ខ្លួន​ក្នុង​ព្រៃ​ខេត្ត​រតនគិរី បំណង​ទៅ​កាន់​ទីក្រុង​ភ្នំពេញ ដើម្បី​ស្វែង​រក​ការ​គាំពារ​ពី​ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ។ បន្ទាប់​ពី​ចាប់​ខ្លួន​ម៉ុងតាញ៉ា ៣៦​នាក់ ត្រូវ​បាន​ដឹក​ជញ្ជូន​ឆ្លង​ដែន​ទាំង​យប់​ទៅ​ប្រគល់​ឲ្យ​ប៉ូលិស​ស្រុក​ដាក់កឺ ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម។

អ្នក​នាំ​ពាក្យ​សាលាខេត្ត​រតនគិរី បដិសេធ​ជា​ថ្មី​ថា មិន​មាន​ព័ត៌មាន​ទាក់ទិន​ការ​ចាប់​ខ្លួន​ម៉ុងតាញ៉ា​វៀតណាម ៣៦​នាក់ និង​ពលរដ្ឋ​ខ្មែរ​ម្នាក់​នោះ​ទេ។

ទោះ​ជា​យ៉ាង​នេះ​ក្តី មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​សមាគម​អាដហុក (Adhoc) ខេត្ត​រតនគិរី លោក ឆាយ ធី អះអាង​ថា ក្រុម​ម៉ុងតាញ៉ា​វៀតណាម ទាំង ៣៦​នាក់​ ទំនង​មិន​បាន​ដោះលែង​ទាំង​អស់​គ្នា​នោះ​ទេ។លោក​កត់សំគាល់​ដែរ​ថា ដំណឹង​បាត់​ខ្លួន​ពលរដ្ឋ​ខ្មែរ​អ្នក​នាំ​ផ្លូវ​ម៉ុងតាញ៉ា ក៏​មិន​ទាន់​មាន​តម្រុយ​ថា ពលរដ្ឋ​ខ្មែរ​នោះ​ត្រូវ​ឃាត់​ខ្លួន​នៅ​ទី​ណា​ដែរ៖ «ជា​ព័ត៌មាន​ចារ៉ាយ​ខ្មែរ​បញ្ជាក់​ថា គេ​អាច​ធ្វើ​ទុក្ខបុកម្នេញ​ចារ៉ាយ​វៀតណាម ណា​ដែល​ជា​មេខ្លោង ឬ​មេខ្យល់​ដឹក​នាំ​ម៉ុងតាញ៉ា​វៀតណាម ចូល​ទឹក​ដី​យើង។ ម្នាក់​ជា​ចារ៉ាយ​ខ្មែរ​កំពុង​បាត់​ខ្លួន»

​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១ ខែ​មីនា មិន​អាច​ទាក់ទង​ស្ថានទូត​វៀតណាម សុំ​បញ្ជាក់​បញ្ហា​នេះ​បាន​ទេ។ ចាប់​ពី​ខែ​ធ្នូ ឆ្នាំ​២០១៤ រហូត​មក​ទល់​នឹង​ថ្ងៃ​ទី​១ ខែ​មីនា មាន​ម៉ុងតាញ៉ា សរុប ៨១​នាក់ បាន​ភៀសខ្លួន​ចេញ​ពី​ប្រទេស​វៀតណាម។ ១៣​នាក់​បាន​មក​ដល់​ភ្នំពេញ តាម​រយៈ​ក្រុម​ការងារ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស។ ១០​នាក់​ធ្វើ​ដំណើរ​ទៅ​ដល់​រាជធានី​ភ្នំពេញ ដោយ​ខ្លួន​ឯង។ ៤៥​នាក់​ត្រូវ​ប៉ូលិស​ខ្មែរ​ចាប់​បញ្ជូន​ទៅ​វិញ និង ១៣​នាក់ កំពុង​លាក់​ខ្លួន​ក្នុង​ព្រៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។