ម៉ុងតាញ៉ា-​វៀតណាម​មួយ​ចំនួន​ភៀស​ខ្លួន​បន្ត​ទៅ​ថៃ

ដោយ ថា កិត្យា
2017-04-04
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា-វៀតណាម ស្នាក់នៅ​ក្រោម​ការ​ឧបត្ថម្ភ​របស់​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) នៅ​ភូមិ​ត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Yeang Socheametta
ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា-វៀតណាម ស្នាក់នៅ​ក្រោម​ការ​ឧបត្ថម្ភ​របស់​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) នៅ​ភូមិ​ត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Yeang Socheametta
RFA/Yeang Socheametta

ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា-វៀតណាម មួយ​ចំនួន​បាន​រត់​ភៀសខ្លួន​ចេញ​ពី​កម្ពុជា ដោយ​បន្ត​ឆ្លង​ដែន​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា បដិសេធ​សំណើ​សុំ​សិទ្ធិ​ជ្រកកោន។ រី​ឯ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន (UNHCR) និង​មន្ត្រី​ក្រសួង​មហាផ្ទៃ ថា មិន​ទាន់​ទទួល​ព័ត៌មាន​នេះ​នៅ​ឡើយ​ទេ។

ដំណើរ​រសាត់​តែលតោល​ផ្សង​ព្រេង​ស្វែង​រក​ទីជម្រក​របស់​ក្រុម​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា-វៀតណាម នេះ គឺ​ដោយសារ​ពួកគេ​មិន​ចង់​ត្រឡប់​ទៅ​ប្រទេស​វៀតណាម វិញ​ឡើយ។

ជនជាតិ​ម៉ុងតាញ៉ា ម្នាក់​ឈ្មោះ​ហៅ​ថា អាមាធ្វីន ដែល​ទើប​ទៅ​ដល់​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​១ ខែ​មេសា រៀបរាប់​ថា ឥឡូវ​នេះ​មាន​ជនភៀសខ្លួន​ប្រមាណ ២០ ទៅ ៣០​នាក់ បាន​លួច​រត់​ចេញ​ពី​ភ្នំពេញ មក​ទៅ​ដល់​ប្រទេស​ថៃ ហើយ។ រី​ឯ​ចំនួន​អ្នក​ដែល​នៅ​ភ្នំពេញ វិញ គឺ​នគរបាល​ខ្មែរ​បាន​រឹត​បន្តឹង​ខ្លាំង និង​តាម​ឃ្លាំមើល​ពួកគេ​មិន​ឲ្យ​ពួកគាត់​ចេញ​ចូល​ទៅ​ណា​ទេ។ ពួកគេ​បាន​ធ្វើ​ដំណើរ​តាម​ឡាន​ក្រុង​ឆ្ពោះ​ទៅ​កាន់​ព្រំដែន រួច​ហើយ​ឲ្យ​អ្នក​ម៉ូតូឌុប ដឹក​ឆ្លង​ទៅ​ថៃ ហើយ​មាន​ជនភៀសខ្លួន​ចាស់​ចាំ​ទទួល​នៅ​ទី​នោះ។

ជនជាតិ​ម៉ុងតាញ៉ា រូប​នេះ ថ្លែង​ប្រាប់​តាម​ទូរស័ព្ទ​ទៀត​ថា ការ​ផ្សង​ព្រេង​ឆ្លង​ទៅ​ថៃ នេះ គឺ​ដើម្បី​ពឹង​ពាក់​ឲ្យ​អង្គការ​សហប្រជាជាតិ​នៅ​ទី​នោះ ជួយ​ពួកគាត់ បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ បដិសេធ​ក្នុង​ការ​ផ្ដល់​ឋានៈ ឬ​សិទ្ធិ​ជា​ជនភៀសខ្លួន​ដល់​ពួកគាត់៖ «រឿង​មក​ថៃ គ្រោះថ្នាក់​គឺ​យើង​ដឹង​ច្បាស់​ថា នឹង​ជួប​គ្រោះ​ថ្នាក់​ហើយ តែ​ស៊ូ​ស្លាប់​នៅ​ស្រុក​ខ្មែរ ឬ​ស្លាប់​ក្នុង​ព្រៃ​ស្រុក​ថៃ ក៏​បាន។ ដាច់​ខាត​ខ្ញុំ​មិន​ចង់​ត្រឡប់​ទៅ​វៀតណាម ឲ្យ​គេ​ធ្វើ​បាប​ទៀត​ទេ។ យើង​សុំ​ភៀស​ខ្លួន ខាង​ខ្មែរ​ឲ្យ​យើង​ធ្លាក់ និង​ថា​នឹង​បញ្ជូន​ទៅ​វៀតណាម វិញ ទៅ​វៀតណាម​វិញ ដឹង​ថា​នឹង​ស្លាប់​ហើយ»

​ជា​ញឹកញាប់​ជនជាតិ​ម៉ុងតាញ៉ា តែង​លួច​ឆ្លង​ចូល​មក​កម្ពុជា ដោយ​លើក​ឡើង​ថា ពួកគេ​ត្រូវ​អាជ្ញាធរ​វៀតណាម ចាប់​ដាក់​គុក​ធ្វើ​ទុក្ខបុកម្នេញ បំបិទ​សិទ្ធិ​សេរីភាព សិទ្ធិ​នយោបាយ និង​សាសនា​ជាដើម។ ពួកគេ​ភាគ​ច្រើន​ត្រូវ​អាជ្ញាធរ​កម្ពុជា បញ្ជូន​ទៅ​ប្រទេស​វៀតណាម វិញ ខណៈ​មាន​អ្នក​ខ្លះ​បាន​ទទួល​សិទ្ធិ​ទៅ​រស់​នៅ​ប្រទេស​ទី​បី។

ករណី​ជនជាតិ​ម៉ុងតាញ៉ា រត់​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ​នេះ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ និង​លោក កែម សារិន ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​សរុប និង​ជា​អ្នកនាំពាក្យ​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​របស់​ក្រសួង​មហាផៃ្ទ ថា មិន​ទាន់​ទទួល​បាន​ព័ត៌មាន​នេះ​នៅ​ឡើយ​ទេ។

រី​ឯ​ប្រធាន​នាយកដ្ឋាន​ជនភៀសខ្លួន​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ លោក តាន់ សុវិជ្ជា មិន​ទទួល​ទូរស័ព្ទ​ទេ។

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៦ មន្ត្រី​ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា មាន​ចំនួន ១៥៦​នាក់ កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ជនជាតិ​ម៉ុងតាញ៉ា មួយ​ចំនួន​ដែល​បាន​ឆ្លងកាត់​ការ​សម្ភាស​ហើយ គឺ​ពួកគាត់​មិន​ជាប់​នោះ​ទេ ដោយសារ​ចម្លើយ ឬ​លក្ខខណ្ឌ​របស់​ពួកគាត់​មិន​ត្រូវ​តាម​អនុសញ្ញា​ជនភៀសខ្លួន។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ពុំ​មាន​ប្រភព​ណា​ដែល​អាច​បញ្ជាក់​បាន​ថា តើ​ជនជាតិ​ម៉ុងតាញ៉ា​ប៉ុន្មាន​នាក់​បាន​ឆ្លង​កាត់​ការ​សម្ភាស ហើយ​នៅ​សល់​ប៉ុន្មាន​នាក់​ដែល​មិន​ទាន់​សម្ភាស​ឡើយ។

មន្ត្រី​ផ្នែក​ព័ត៌មាន​សាធារណៈ​ប្រចាំ​តំបន់​របស់​អង្គការសហប្រជាជាតិ ទទួល​បន្ទុក​ជនភៀសខ្លួន អ្នកស្រី វីវៀន តាន់ (Vivian Tan) ឲ្យ​អាស៊ីសេរី ដឹង​តាម​សារ​អេឡិចត្រូនិក (Email) ថា ខាង​អ្នកស្រី​មិន​អាច​ផ្ទៀងផ្ទាត់​ថា ពួកគេ​ទៅ​ណា ឬ​មិន​ទៅ​ណា​នោះ​ទេ។

​អ្នកស្រី​បន្ត​ថា តាម​ច្បាប់​កម្ពុជា ប្រសិនបើ​ការ​សុំ​សិទ្ធិ​ជ្រកកោន​របស់​នរណា​ម្នាក់​ត្រូវ​បាន​បដិសេធ​ក្នុង​ដំណាក់កាល​ដំបូង បុគ្គល​នោះ​អាច​តវ៉ា​សុំ​ឲ្យ​មាន​ការ​ពិនិត្យ​ឡើង​វិញ។ ចំពោះ​ករណី​ដែល​ទទួល​បាន​ការ​បដិសេធ ហើយ​សម្រេច​ចិត្ត​ត្រឡប់​ទៅ​មាតុភូមិ​ដោយ​ស្ម័គ្រ​ចិត្ត​វិញ​នោះ អង្គការ​សហ​ប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិ​ជនភៀសខ្លួន (UNHCR) នឹង​សម្របសម្រួល​ការ​វិល​ត្រឡប់​របស់​ពួកគាត់​ដូច​ដែល​បាន​ធ្វើ​ជាមួយ​ក្រុម​ផ្សេង​ទៀត​នៅ​ពេល​ថ្មីៗ​នេះ។

​ជនជាតិ​ម៉ុងតាញ៉ា លើក​ឡើង​ថា ប្រសិនបើ UNHCR និង​រដ្ឋាភិបាល​កម្ពុជា ស្រឡាញ់ និង​គោរព​សិទ្ធិមនុស្ស គោរព​ច្បាប់​នោះ ពួកគាត់​នឹង​អាច​ត្រូវ​បាន​ជួយ​សង្គ្រោះ ហើយ​ត្រូវ​បាន​ផ្ដល់​ឲ្យ​ឋានៈ​ជា​ជន​ភៀស​ខ្លួន​មិន​ខាន​ឡើយ។ ទោះ​យ៉ាង​ណា ការ​សម្រេច​ចិត្ត​ចាក​ចេញ​ពី​កម្ពុជា ទៅ​ប្រទេស​ថៃ ពេល​នេះ ពួកគាត់​សង្ឃឹម​ថា ប្រទេស​ថៃ នឹង​ផ្ដល់​ក្ដី​សង្ឃឹម​ជា​ថ្មី​ជូន​ពួកគាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល