សមត្ថកិច្ចនគរបាលខេត្តកោះកុង សម្រេចដោះលែងម្ដាយចិញ្ចឹមដែលបានដាក់ច្រវាក់កូនតូចអាយុ ៤ឆ្នាំនៅក្នុងផ្ទះ ក្រោមហេតុផលជាស្ត្រីមេម៉ាយក្រីក្រ ម្យ៉ាងដោយសារការដាក់ច្រវាក់កូននោះ ដើម្បីរក្សាសុវត្ថិភាពកូននៅពេលចេញទៅស៊ីឈ្នួលនៅចម្ការកៅស៊ូ។ ប៉ុន្តែមន្ត្រីអង្គការសង្គមស៊ីវិលគិតថា ការដោះលែងនេះអាចជាការលើកទឹកចិត្តឲ្យស្ត្រីជាម្ដាយចិញ្ចឹមបន្តប្រព្រឹត្តបទល្មើសទៀត នៅពេលដែលស្ត្រីរូបនោះបន្លុយសម្ដីថា គាត់នឹងទៅយកកូនពីម្ដាយបង្កើតកុមារីនោះម្នាក់ទៀតមកចិញ្ចឹម បើសិនកូនចិញ្ចឹមគាត់សព្វថ្ងៃនេះត្រូវមណ្ឌលអប់រំនៃមន្ទីរសង្គមកិច្ចខេត្តយកទៅចិញ្ចឹម។
មន្ត្រីឃ្លាំមើលបញ្ហាសិទ្ធិមនុស្សអាដហុក ទទូចទាមទារឲ្យសមត្ថកិច្ចខេត្តកោះកុង បើកការស្រាវជ្រាវបន្ទាន់ ចំពោះស្ត្រីជាម្ដាយចិញ្ចឹម កុមារីអាយុ ៤ឆ្នាំម្នាក់ ដែលបានដាក់ច្រវាក់ជើងកូននៅផ្ទះ ខណៈសមត្ថកិច្ចសម្រេចដោះលែងស្ត្រីរូបនោះឲ្យផុតពីការចោទប្រកាន់តាមផ្លូវច្បាប់។
អ្នកសម្របសម្រួលអង្គការអាដហុក ប្រចាំខេត្តកោះកុង លោក នាង បូរ៉ាទីណូ នៅតែមិនអស់ចិត្តចំពោះការសម្រេចយ៉ាងតក់ក្រហល់របស់ស្នងការនគរបាល និងមន្ត្រីការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជនខេត្តកោះកុង ដែលសម្រេចដោះលែងអ្នកស្រី ពៅ ស៊ីផាត់ ដែលរកឃើញថា គាត់តែងចាក់សោកជើងកូនចិញ្ចឹមអាយុ ៤ឆ្នាំ នៅផ្ទះជារៀងរាល់ថ្ងៃ។
ការសម្រេចដោះលែងនេះ ធ្វើឡើងជាផ្លូវការក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃទី៧ កក្កដា ដែលខាងស្នងការនគរបាលខេត្តកោះកុង ជាអ្នករៀបចំដើម្បីពន្យល់ពីមូលហេតុនៃការសម្រេចដោះលែង។
ប្រធានការិយាល័យប្រឆាំងការជួញដូរនិងការពារអនីតិជន លោក ស្រី ធុច បញ្ជាក់ពីមូលហេតុនោះថា ដោយសារតែមានការអាណិតអាសូររលើម្ដាយចិញ្ចឹមនោះជាស្ត្រីមេម៉ាយក្រីក្រ ហើយការដាក់ច្រវាក់ជើងកូននៅផ្ទះនោះ ដើម្បីការពារកូនកុំឲ្យដើរលេង ខ្លាចក្រែងលង់ទឹក ឬដើរទៅផ្លូវថ្នល់ឡានបុក និងខ្លាចដើរចូលព្រៃវង្វេងបាត់នៅពេលដែលគាត់រវល់ទៅស៊ីឈ្នួលគេនៅចំការ ពិសេសលើរាងកាយកុមារីនោះគ្មានស្នាមនៃការប្រើហិង្សាលើទេ។
លោក ស្រី ធុច៖ «តាមពិតយើងធ្វើនេះ យើងបានហៅក្រុមការងារទាំងអស់មកពិភាក្សាគ្នាថា បើយើងដាក់ទោសទណ្ឌទៅលើម្ដាយហ្នឹង វាសមហេតុផលឬអត់? អ៊ីចឹងវត្ថុបំណងរបស់យើងគឺបានរកឃើញថា ប្រសិនបើយើងដាក់ទោសម្ដាយហ្នឹងវាអាណោចអាធ័មពេក ព្រោះម្ដាយគាត់ថា អ្វីដែលគាត់ធ្វើនោះ ដើម្បីជីវិតកូនប៉ុណ្ណោះ»។
មន្ត្រីអង្គការអាដហុក លោក នាង បូរ៉ាទីណូ បន្តថា សមត្ថកិច្ចមិនបានការស៊ើបអង្កេតឲ្យបានដិតដល់ពីមូលហេតុដែលស្ត្រីរូបនោះយកកូនមកចិញ្ចឹមទេ ហើយក៏សម្រេចដោះលែងស្ត្រីនោះភ្លាមៗ។
តាមការស៊ើបអង្កេតរបស់លោកដោយមានទាំងសាក្សីបញ្ជាក់ផងនោះ បង្ហាញថា ស្ត្រីរូបនោះយកកូនមកចិញ្ចឹមជាថ្នូរនៃការដោះដូរប្រាក់ដែលម្តាយបង្កើតកុមារីនោះជំពាក់។ ម្យ៉ាងទៀត ស្ត្រីជាម្តាយចិញ្ចឹមបានបន្លុយពាក្យថា បើខាងមន្ទីរសង្គមកិច្ចយកកូននោះទៅចិញ្ចឹម នោះគាត់នឹងទៅយកកូនម្នាក់ទៀតពីម្ដាយបង្កើតកុមារីនោះមកចិញ្ចឹមទៀត។
លោក បូរ៉ាទីណូ គិតថា ការដោះលែងស្ត្រីនោះដោយគ្មានការស៊ើបអង្កេតឲ្យស៊ីជម្រៅ អាចជាការលើកទឹកចិត្តមួយឲ្យគាត់បន្តប្រព្រឹត្តបទល្មើសបន្តទៅលើកុមារផ្សេងទៀត៖ «គាត់យកកូនហ្នឹងមកចិញ្ចឹមមួយហើយ ប៉ុន្តែម្ដាយបង្កើតកូនហ្នឹងមានកូន ២នាក់ទៀត អ៊ីចឹងគាត់ចង់យកកូនហ្នឹងមកចិញ្ចឹមបន្ថែមទៀតក្នុងលក្ខណៈបែបហ្នឹង សមត្ថកិច្ចត្រូវមានការបើកការស៊ើបអង្កេតទូលំទូលាយ ទោះបីយើងអាណិតទៅលើបញ្ហាជីវភាពគាត់មែន តែអ្វីសំខាន់គាត់ហាក់ដូចជាមិនរាងចាល ហើយមានទឹកចិត្តប្រព្រឹត្តបទល្មើសលើកក្រោយទៀត នេះជាបញ្ហាសំខាន់ដែលយើងព្រួយបារម្ភពីការអនុវត្តច្បាប់»។
អង្គការអាដហុក ក៏បានរកឃើញថា ស្ត្រីរូបនោះមិនមែនជាស្ត្រីមេម៉ាយទេ ហើយគាត់មានប្តីជាទាហាន និងមានដីច្រើនកន្លែង ព្រមទាំងមានលុយសម្រាប់ដើរចងការប្រាក់ថែមទៀត។
លោកស្រី ពៅ ស៊ីផាត់ អាយុ ៤៣ឆ្នាំ បានសុំកុមារីម្នាក់មកចិញ្ចឹមតាំងពីនាងមានអាយុជាង ១ខួប។ ស្ត្រីជាម្តាយចិញ្ចឹមតែងចាក់សោកជើងក្មេងស្រីនោះ រាល់ពេលគាត់ទៅស៊ីឈ្នួលធ្វើចម្ការកៅស៊ូចន្លោះពីម៉ោង ៧ព្រឹក ដល់ម៉ោង ១១ថ្ងៃត្រង់ និងពេលរសៀលចន្លោះពីម៉ោង ១ ដល់ម៉ោង ៥ល្ងាច និងតែងដោះលែងកុមារីនោះ ពេលគាត់ត្រឡប់មកផ្ទះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍នៅក្នុងពិធីប្រកាសជាផ្លូវការដាក់ឲ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាព ២០១៤-២០១៨ នៅថ្ងៃទី៣ កក្កដា ដោយអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធ រួមនឹងប្រជាពលរដ្ឋ ត្រូវរួមគ្នាទប់ស្កាត់ការធ្វើទារុណកម្មលើកុមារ ជាពិសេសស្វែងរកវិធីទប់ស្កាត់ កុំចាំដល់ពេលកើតឡើងហើយទើបនាំគ្នាចាត់វិធានការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
