អ្នករាយការណ៍របស់អ.ស.បថ្មីនឹងមកកម្ពុជានៅថ្ងៃទី១៨ ឧសភា
2015.05.13
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ថ្មី អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) នឹងបំពេញទស្សនកិច្ចផ្លូវការលើកដំបូងរបស់អ្នកស្រីមកកាន់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែឧសភា ខាងមុខ។
សេចក្ដីប្រកាសព័ត៌មានរបស់ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ចេញផ្សាយនៅថ្ងៃទី១៣ ឧសភា ឲ្យដឹងថា គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីប្រមូលព័ត៌មានដោយផ្ទាល់ទាក់ទងទៅនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ក្នុងពេលបច្ចុប្បន្ន។
អ្នកស្រី រ៉ូណា ស្មីត មានប្រសាសន៍ក្នុងសេចក្ដីប្រកាសព័ត៌មាននោះថា អ្នកស្រីរង់ចាំថ្ងៃបំពេញទស្សនកិច្ចដំបូងមកកម្ពុជា ក្នុងនាមជាអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងរង់ចាំចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយស្ថាបនាជាមួយរដ្ឋាភិបាល និងពលរដ្ឋកម្ពុជា ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស។
អ្នកស្រី រ៉ូណា ស្មីត ថ្លែងបន្តថា អ្នកស្រីមានបំណងជួបជាមួយមនុស្សពាក់ព័ន្ធទាំងអស់ ទាំងជាមួយរដ្ឋាភិបាល និងសង្គមស៊ីវិល ដើម្បីស្វែងយល់ឲ្យកាន់តែប្រសើរអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
អ្នកស្រី រ៉ូណា ស្មីត ជនជាតិអង់គ្លេស និងជាសាស្ត្រាចារ្យផ្នែកសិទ្ធិមនុស្សអន្តរជាតិ ត្រូវបានក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិតែងតាំងកាលពីខែមីនា ឆ្នាំ២០១៥ ឲ្យទទួលតួនាទីជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បន្តពីលោក សុរិយា ស៊ូប៊ែឌី (Surya P. Subedi) ដែលបានផុតអាណត្តិកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥។
សេចក្ដីប្រកាសព័ត៌មានឲ្យដឹងដែរថា នៅថ្ងៃទី២២ ខែឧសភា ដែលជាថ្ងៃចុងបញ្ចប់នៃដំណើរទស្សនកិច្ចរបស់អ្នកស្រី រ៉ូណា ស្មីត នឹងធ្វើសន្និសីទកាសែតមួយនៅទីស្នាក់ការការិយាល័យនៃឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សក្នុងក្រុងភ្នំពេញ ដើម្បីបូកសរុបលទ្ធផលការងារលើកដំបូងរបស់អ្នកស្រី។ នៅបន្ទាប់ពីដំណើរទស្សនកិច្ចនេះ អ្នករាយការណ៍សិទ្ធិមនុស្សពិសេសរូបនេះ ក៏នឹងដាក់របាយការណ៍ទី១ របស់អ្នកស្រីទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅក្នុងខែកញ្ញា ឆ្នាំ២០១៥ ផងដែរ៕