គ្រូពេទ្យ​លីកាដូ​មិន​ទាន់​បាន​ចូល​ពិនិត្យ​សុខភាព​លោក នី សុខា ក្នុង​ពន្ធនាគារ​នៅ​ឡើយ

ដោយ ប្រាជ្ញ ចេវ
2017-06-19
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
មន្ត្រី​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ត (​ឯកសណ្ឋាន​ពណ៌​ទឹកក្រូច ឆ្វេង) និង​លោក នី សុខា ពេល​បញ្ជូន​មក​​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី២ ខែ​កញ្ញា ឆ្នាំ​២០១៦។
មន្ត្រី​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ត (​ឯកសណ្ឋាន​ពណ៌​ទឹកក្រូច ឆ្វេង) និង​លោក នី សុខា ពេល​បញ្ជូន​មក​​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី២ ខែ​កញ្ញា ឆ្នាំ​២០១៦។
RFA/Rann Samnang

គ្រូពេទ្យ​អង្គការ​លីកាដូ (LICADHO) អះអាង​នៅ​ថ្ងៃ​ទី​១៩ មិថុនា ថា ពួក​គាត់​មិន​ទាន់​បាន​ចូល​ក្នុង​ពន្ធនាគារ​ដើម្បី​ព្យាបាល​លោក នី សុខា ដែល​ដួល​សន្លប់​ក្នុង​បន្ទប់​ទឹក​ដូច​ដែល​អ្នក​នាំ​ពាក្យ​ពន្ធនាគារ​អះអាង​កាល​ពី​ថ្ងៃ​ទី​១៨ មិថុនា នោះ​ទេ។ គ្រូពេទ្យ​លីកាដូ បញ្ជាក់​ថា រូប​គាត់​ព្យាយាម​ចង់​ចូល​ទៅ​ពន្ធនាគារ ដើម្បី​ពិនិត្យ​មើល​អាការៈ​របស់​លោក នី សុខា មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក ក៏ប៉ុន្តែ​មន្ត្រី​ពន្ធនាគារ​មិន​អនុញ្ញាត​ឲ្យ​ចូល​នោះ​ទេ​មក​ទល់​ពេល​នេះ។

មេធាវី​ការពារ​ក្តី​ឲ្យ​លោក នី សុខា ថា​នឹង​ដាក់​លិខិត​ទៅ​ចៅក្រម​សាលា​ដំបូង​ក្រុង​ភ្នំពេញ ស្នើសុំ​ឲ្យ​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក លោក នី សុខា បាន​មក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ក្រៅ​ពន្ធនាគារ។

ប្អូន​ប្រុស​របស់​លោក នី សុខា គឺ​លោក នី លីហេង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ មិថុនា ថា លោក​បាន​ទៅ​ជួប​សួរ​សុខ​ទុក្ខ​បង​ប្រុស​របស់​លោក​នៅ​ពន្ធនាគារ ឃើញ​លោក នី សុខា មាន​ទឹក​មុខ​ស្លេកស្លាំង ញ័រ​ដៃ និង​ព្យួរ​សេរ៉ូម​ផង។ លោក​ថា បង​ប្រុស​របស់​លោក​ពិត​ជា​ដួល​សន្លប់​នៅ​បន្ទប់​ទឹក​ក្នុង​ពន្ធនាគារ​មែន៖ «ខ្ញុំ​បាន​ជួប​គាត់​ព្រឹក​មិញ គាត់​បាន​ដួល​នៅ​ក្នុង​បន្ទប់​នៃ​ពន្ធនាគារ​មែន។ គាត់​ដួល​មួយ​សន្ទុះ ទើប​បាន​អ្នក​នៅ​ក្នុង​បន្ទប់​ជួយ»

លោក​ថា ទោះ​គ្រូពេទ្យ​នៅ​ពន្ធនាគារ​បាន​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​បង​ប្រុស​របស់​លោក​ក្តី ប៉ុន្តែ​លោក​ព្រួយ​បារម្ភ​ថា ស្ថានភាព​ជំងឺ​របស់​លោក នី សុខា ធ្ងន់ធ្ងរ​លើស​ពី​លទ្ធភាព​គ្រូពេទ្យ​នៅ​ពន្ធនាគារ។

មេធាវី​ការពារ​ក្តី​របស់​លោក នី សុខា គឺ​លោក ឡោ ជុនធី ប្រាប់​ថា ក្រោយ​ពី​ឃើញ​ស្ថានភាព​ជំងឺ​កូន​ក្តី​លោក ក្រុម​មេធាវី​សម្រេច​សរសេរ​លិខិត​ទៅ​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​កាន់​សំណុំ​រឿង​លោក នី សុខា ដើម្បី​ស្នើ​ឲ្យ​លោក នី សុខា អាច​ចេញ​មក​ពិនិត្យ​សុខភាព និង​ព្យាបាល​ជំងឺ​នៅ​ពេទ្យ​ក្រៅ​ពន្ធនាគារ​បាន៖ «ស្អែក​ហ្នឹង យើង​ប្រជុំ​គ្នា ហើយ​យើង​ដាក់​លិខិត​តែ​ម្តង»

លោក នី សុខា បាន​ដួល​សន្លប់​ក្នុង​បន្ទប់​ទឹក​នៃ​ពន្ធនាគារ «ម​១» រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មិថុនា។ នៅ​ពេល​លោក​ដួល​សន្លប់​នោះ ត្រូវ​បាន​អ្នក​នាំ​ពាក្យ​ពន្ធនាគារ លោក នុត សវនា និយាយ​ថា លោក នី សុខា គ្រាន់​តែ​រាករូស​ប៉ុណ្ណោះ។ លោក​ថា មន្ត្រី​ពន្ធនាគារ​រាយការណ៍​ប្រាប់​លោក​ថា លោក នី សុខា ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​នៃ​អង្គការ​លីកាដូ ជួយ​ពិនិត្យ​រួច​រាល់​ហើយ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា លោក​ថា​មន្ត្រី​ពន្ធនាគារ​ផ្តល់​ព័ត៌មាន​មក​លោក​ខុស មិន​មែន​ពេទ្យ​អង្គការ​លីកាដូ​ទេ គឺ​ពេទ្យ​របស់​ពន្ធនាគារ។

ប្រធាន​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត និយាយ​ថា ចៅក្រម​មិន​ទាន់​អនុញ្ញាត​ឲ្យ​គ្រូពេទ្យ​នៃ​អង្គការ​លីកាដូ បាន​ជួប​លោក នី សុខា ដើម្បី​ព្យាបាល​ជំងឺ​នៅ​ឡើយ​ទេ។ លោក អំ សំអាត ប្រាប់​ថា អស់​រយៈពេល​ជាង​បី​ខែ​មក​ហើយ​ដែល​គ្រូពេទ្យ​អង្គការ​លីកាដូ មិន​បាន​ពិនិត្យ និង​ព្យាបាល​លោក នី សុខា និង​មន្ត្រី​អាដហុក​ពីរ​រូប​ផ្សេង​ទៀត គឺ​លោក យី សុខសាន្ត និង​លោក ណៃ វ៉ង់ដា ដែល​កំពុង​មាន​ជំងឺ​ដូច​គ្នា ព្រោះ​មាន​ការ​ហាមឃាត់​ពី​ចៅក្រម​សាលា​ដំបូង​ក្រុង​ភ្នំពេញ៖ «យើង​មិន​ទាន់​អាច​សន្និដ្ឋាន​ទៅ​លើ​រោគ​វិនិច្ឆ័យ​គាត់​បាន​នៅ​ឡើយ​ទេ​នៅ​ពេល​នេះ ព្រោះ​គ្រូពេទ្យ​អង្គការ​លីកាដូ​មិន​ទាន់​បាន​ជួប​គាត់ (លោក នី សុខា

លោក អំ សំអាត បញ្ជាក់​ថា ក្រសួង​មហាផ្ទៃ បាន​អនុញ្ញាត​ឲ្យ​គ្រូពេទ្យ​អង្គការ​លីកាដូ អាច​ពិនិត្យ និង​ព្យាបាល​ចំនួន ១១​ពន្ធនាគារ​ទូទាំង​ប្រទេស ក្នុង​នោះ​ក៏​មាន​ពន្ធនាគារ «ម​១» ដែរ។ ប៉ុន្តែ​លោក​ថា កាល​ពី​ប៉ុន្មាន​ខែ​មុន ក្រសួង​មហាផ្ទៃ ហាម​មិន​ឲ្យ​គ្រូពេទ្យ​អង្គការ​លីកាដូ ចូល​ទៅ​ព្យាបាល​មន្ត្រី​អាដហុក បី​រូប គឺ​លោក នី សុខា លោក យី សុខសាន្ត និង​លោក ណៃ វ៉ង់ដា។ លោក​ថា បើ​គ្រូពេទ្យ​អង្គការ​លីកាដូ ចង់​ព្យាបាល​អ្នក​ទាំង​បី​រូប លុះត្រា​សុំ​ការ​អនុញ្ញាត​ពី​តុលាការ​ជា​មុន​សិន។

មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក ចំនួន ៤​រូប និង​លោក នី ចរិយា អគ្គលេខាធិការ​រង​នៃ គ..ប ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​លោក ឱម យ៉ិនទៀង ចោទ​ប្រកាន់ និង​ចាប់​ខ្លួន​ក្រោម​ហេតុផល​សម​គំនិត និង​សូកប៉ាន់​សាក្សី​កាល​ពី​ចុង​ខែ​មេសា ឆ្នាំ​២០១៦ ជុំវិញ​ស្នេហា​ដែល​គេ​ចោទ​រវាង​លោក កឹម សុខា និង​អ្នក​នាង ខុម ចាន់តារាទី ហៅ​ស្រី​មុំ។ តុលាការ​បាន​ឃុំ​ខ្លួន​អ្នក​ទាំង ៥​រូប​ជាង​មួយ​ឆ្នាំ​ទៅ​ហើយ ដោយ​មិន​ទាន់​កាត់​ក្តី។

អ្នក​នាំ​ពាក្យ​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ លោក នុត សវនា ថា​ករណី​គ្រូពេទ្យ​អង្គការ​លីកាដូ​អាច​ចូល ឬ​មិន​អាច​ចូល​ពន្ធនាគារ​ព្យាបាល​លោក នី សុខា ជា​សមត្ថកិច្ច​របស់​តុលាការ ដែល​ហួស​ពី​ការ​សម្រេច​របស់​ពន្ធនាគារ។ លោក​ថា បើ​ជំងឺ​លោក នី សុខា លើស​ពី​លទ្ធភាព​គ្រូពេទ្យ​នៅ​ពន្ធនាគារ ខាង​ពន្ធនាគារ​នឹង​បញ្ជូន​លោក នី សុខា ទៅ​ព្យាបាល​ក្រៅ​ពន្ធនាគារ ប៉ុន្តែ​ក្រោម​ការ​ឃ្លាំ​មើល​របស់​ក្រុម​សមត្ថកិច្ច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល