ទស្សនៈ​របស់​ពលរដ្ឋ​ជុំវិញ​ការ​ទទួល​បាន​ព័ត៌មាន​នៅ​កម្ពុជា

ដោយ វ៉ាន វណ្ណដេត
2017.05.02
ថោង សារិន ម៉ូតូ​ឌុប ២០១៧ ១៤៤០ អ្នក​រត់​ម៉ូតូ​ឌុប​ឈ្មោះ ថោង សារិន ផ្ដល់​បទសម្ភាសន៍​ឲ្យ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១៧។
Photo: RFA

ការិយាល័យ​អង្គការ​សហប្រជាជាតិ នៅ​កម្ពុជា និង​សមាគម​សារព័ត៌មាន​នានា តែង​ប្រារព្ធ​រួម​គ្នា​នូវ​ទិវា​សេរីភាព​សារព័ត៌មាន នៅ​ថ្ងៃ​ទី​៣ ឧសភា។ ឆ្នាំ​២០១៧ នេះ​ជា​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​លើក​ទី​២៦ និង​ទិវា​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ខួប​ទី​១៦។

ក្រសួង​ព័ត៌មាន គ្រោង​ប្រារព្ធ​ទិវា​នេះ​នៅ​ស្តូប​មុខ​សណ្ឋាគារ Raffles Hotel Le Royal ក្បែរ​វត្តភ្នំ និង​នៅ​ក្រសួង​ព័ត៌មាន ក្រោម​ប្រធានបទ "ការ​លើក​កម្ពស់​សក្ដានុពល​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​សន្តិភាព"

ថ្វីត្បិតតែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សារព័ត៌មាន​នៅ​កម្ពុជា មាន​ច្រើន ទាំង​ទូរទស្សន៍ វិទ្យុ កាសែត ទស្សនាវដ្ដី រហូត​ដល់​បណ្ដាញ​សង្គម​ក្ដី ប៉ុន្តែ​ពលរដ្ឋ​នៅ​តែ​យល់​ថា ពួកគេ​មិនទាន់​ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់​នៅ​ឡើយ។

អ្នក​រត់​ម៉ូតូ​ឌុប​នៅ​ក្បែរ​ខ្លោងទ្វារ​វត្ត​ស្ទឹងមានជ័យ ម្នាក់ លោក ថោង សារិន ថា សារព័ត៌មាន​នៅ​កម្ពុជា បច្ចុប្បន្ន បាន​ជួយ​លោក​ច្រើន ហើយ​មិន​មែន​តែ​លោក​ទេ ដែល​ទទួល​បាន​អត្ថប្រយោជន៍​ពី​សារព័ត៌មាន សូម្បី​តែ​មន្ត្រី​រាជការ អាជីវករ រហូត​ដល់​កម្មករ​រោងចក្រ ក៏​ត្រូវ​ការ​ចង់​ដឹង និង​ទទួល​បាន​អត្ថប្រយោជន៍​ពី​សារព័ត៌មាន​ដែរ។

លោក ថោង សារិន៖ «ខ្ញុំ​មើល​ទូរទស្សន៍​ផង និង Radio (វិទ្យុ) ផង ហើយ​បើ​មាន​កាសែត​អី ខ្ញុំ​អាន បាន​មើល​ខ្លះៗ​ដែរ។ យល់! បាន​ចេះ​ដឹង​ខ្លះ»

ស្ត្រី​វ័យ​កណ្ដាល​ម្នាក់ កំពុង​អង្គុយ​លក់​បាយ​សម្ល​នៅ​ជាប់​របង​វត្ត​ស្ទឹងមានជ័យ លោកស្រី សេង ធា យល់​ថា ដឹង​ព័ត៌មាន​គឺ​ល្អ ប៉ុន្តែ​លោកស្រី​មិន​មាន​ពេល​មើល​ទូរទស្សន៍ ឬ​ស្ដាប់​វិទ្យុ​ទេ។ លោកស្រី​បាន​ទទួល​ព័ត៌មាន​បន្តិចបន្តួច តាម​រយៈ​ទូរស័ព្ទ​ដៃ​ដែល​កូន​បើក​ឲ្យ​មើល​ពេល​លោកស្រី​លក់​បាយ​សម្ល៖ «មើលៗ​ទៅ​ឃើញ​ដូច​ហេតុការណ៍​ភ្លាមៗ ដល់​អ៊ីចឹង​ខ្ញុំ​យល់​ថា ល្អ​ហើយ លួច​បាន​មើល​របស់​កូន​ឆែក​ឲ្យ​មើល​តិច​ហ្នឹង»

​បុរស​កម្មករ​សំណង់​ម្នាក់ គឺ​លោក វ៉ាន់ នឿន និយាយ​ថា លោក​ជឿ​លើ​សារព័ត៌មាន​ដែល​លោក​បាន​មើល​រាល់​ថ្ងៃ។ ទោះ​ជា​យ៉ាង​ណា កម្មករ​សំណង់​រូប​នេះ មិន​សូវ​មាន​ពេល​វេលា​មើល​ព័ត៌មាន​ប្រចាំថ្ងៃ​នោះ​ទេ។ លោក​ចូល​ចិត្ត​មើល​ព័ត៌មាន​តាម​ទូរទស្សន៍ ពិសេស​ព័ត៌មាន​ចរាចរណ៍៖ «ចូល​ចិត្ត​មើល (ព័ត៌មាន) តាមដាន​មើល​ចរាចរណ៍ ព្រោះ​អី​ស្លាប់​ទាន់​ហេតុការណ៍​ពេក»

ចំណែក​ព្រះសង្ឃ​មួយ​អង្គ​នៅ​កុដិ​លេខ​១៩ នៃ​វត្ត​ស្ទឹងមានជ័យ ព្រះតេជព្រះគុណ អ៊ុក ប៊ុណ្ណឫទ្ធី មាន​ព្រះ​ថេរដីកា​ថា សារព័ត៌មាន​បាន​ជួយ​បង្កើន​ចំណេះដឹង​ច្រើន​ដល់​ព្រះអង្គ។ ប៉ុន្តែ​ព្រះអង្គ​សំណូមពរ​ឲ្យ​អ្នក​សារព័ត៌មាន​ដែល​ផ្សាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ផ្សាយ​ព័ត៌មាន​ជាក់លាក់​ដើម្បី​ឲ្យ​មាន​ការ​ជឿ​ទុក​ចិត្ត​ពី​ពលរដ្ឋ៖ «គ្រប់​សារព័ត៌មាន​ទាំង​អស់​មិន​ថា តាម​កាសែត តាម​បណ្ដាញ​សង្គម ឬ​ក៏​ទូរទស្សន៍ វិទ្យុ ក្ដី​ទេ ធ្វើ​ម៉េច​ផ្សាយ​ទៅ​ឲ្យ​វា​មាន​គេ​ហៅ​ថា ភាព​ស្មោះត្រង់ ហើយ​និង​ពិតប្រាកដ​ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ​ជឿ​ទុក​ចិត្ត​បាន»

ស្រដៀង​គ្នា​នេះ និស្សិត​ឆ្នាំ​ទី​២ ជំនាញ​រដ្ឋបាល​សាធារណៈ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច លោក អ៊ុក សាវេត ក៏​យល់​ថា ព័ត៌មាន​ខ្លះ​មិន​គួរ​ឲ្យ​ជឿជាក់​ដែរ។ និស្សិត​រូប​នេះ​ថា មាន​សារព័ត៌មាន​ខ្លះ​ក៏​ចូល​ចិត្ត​មួលបង្កាច់ បង្ខូច​គេ​ដែរ៖ «ខ្ញុំ​គិត​ថា សារព័ត៌មាន​ផ្ដល់​អត្ថប្រយោជន៍​ដល់​យើង​ដូចជា រឿងរ៉ាវ​នៅ​ក្នុង​សង្គម នៅ​ក្នុង​ប្រទេស​យើង ឬ​មួយ​នៅ​ក្រៅ​ប្រទេស។ ពេល​ខ្លះ​យើង​មិន​អាច​ដឹង​ដែរ កាលណា​យើង​អាច យើង​តាមដាន​ព័ត៌មាន ឬ​មួយ​ក៏​ស្ដាប់​វិទ្យុ ឬ​មួយ​បណ្ដាញ​សង្គម​ផ្សេងៗ យើង​អាច​ដឹង​ពី​ពិភព​ខាង​ក្រៅ»

ការ​អាន​ព័ត៌មាន​លាយ​ឡំ​នឹង​ការ​លែបខាយ​ពាក្យពេចន៍​របស់​ពិធី​ក គឺ​ជា​ចំណាប់អារម្មណ៍​របស់​បុរស​វ័យ​ចំណាស់​រុញ​រទេះ​លក់​ដូង​តាម​ដង​ផ្លូវ​ម្នាក់។

លោក សំ ហឿង វ័យ​ប្រហែល ៧០​ឆ្នាំ ថា លោក​ជឿជាក់​លើ​សារព័ត៌មាន​ដែល​ផ្សាយ​ដោយ​ពិធីក​តាម​កញ្ចក់​ទូរទស្សន៍ ព្រោះ​លោក​ឃើញ​មាន​ការ​អភិវឌ្ឍ​ស្ពាន ថ្នល់ ពិតមែន៖ «គេ​ផ្សាយ​ត​ហើយ ដល់​ពេល​ហើយ គេ​កំប្លែង បញ្ចូល​បន្តិច​ទៅ។ ខ្ញុំ​ឃើញ​កន្លែង​ជាក់ស្ដែង​វា​ច្រើន»

​ទោះបីជា​យ៉ាង​ណា​ក៏ដោយ ទាំង​អ្នក​រត់​ម៉ូតូ​ឌុប ទាំង​កម្មករ​សំណង់ ព្រះសង្ឃ និស្សិត និង​អ្នក​លក់​ដូរ ចង់​ឲ្យ​សារព័ត៌មាន​ដែល​ផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​ភាព​ស្មោះត្រង់ និង​ជា​ព័ត៌មាន​ពិត​ដែល​ពលរដ្ឋ​អាច​ទុក​ចិត្ត​បាន។

ក្នុង​ឱកាស​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​២០១៧ ក្លឹប​អ្នក​កាសែត​កម្ពុជា នឹង​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​២០១៧ ក្រោម​ប្រធានបទ «ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ថ្មី ឱកាស​ថ្មី និង​ការ​ប្រឈម​ថ្មី៖ តួនាទី​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ការ​លើក​ស្ទួយ​ឲ្យ​សង្គម​មាន​យុត្តិធម៌ ការ​រួបរួម និង​សន្តិភាព» ដែល​នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​៣ ខែ​ឧសភា ម៉ោង ៨:០០​ព្រឹក នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។