អ្នក​កាសែត​ចាត់​ទុក​សេចក្ដី​រាយការណ៍​តាម​បែប​ព័ត៌មាន​សន្តិភាព​គឺ​មាន​​សារសំខាន់

ដោយ ម៉ម មុនីរតន៍
2015.03.22
អ្នក​កាសែត ៦២០ អ្នក​កាសែត​ចូល​រួម​ការ​វាយ​តម្លៃ​លើ​សេចក្ដី​រាយការណ៍​អហិង្សា​តាម​រយៈ​គម្រោង​សន្តិភាព នា​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ មីនា ២០១៥។
RFA/Morm Moniroth

ក្រុម​អ្នក​កាសែត​ដែល​បាន​ឆ្លង​កាត់​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​គោលការណ៍​សារព័ត៌មាន​សន្តិភាព ចាត់​ទុក​ថា សេចក្ដី​រាយការណ៍​តាម​បែប​សារព័ត៌មាន​សន្តិភាព​នេះ គឺ​ពិត​ជា​បរិបទ​មួយ​ថ្មី​ទៀត​សម្រាប់​ពួក​គេ។ អង្គការ​ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​ទំនាស់ ដែល​ហៅ​កាត់​ថា អេ.ស៊ី.ធី (ACT) ឲ្យ​ដឹង​ថា ថ្វី​បើ​វគ្គ​នេះ​​បាន​បញ្ចប់​គម្រោង​របស់​ខ្លួន​ក្នុង​រយៈពេល ៣​ឆ្នាំ​នៅ​ក្នុង​ឆ្នាំ​២០១៥ នេះ​ក៏ដោយ ក៏​សេចក្ដី​រាយការណ៍​តាម​បែប​សារព័ត៌មាន​សន្តិភាព​នេះ នៅ​តែ​មាន​សារសំខាន់ និង​ចាំបាច់​បន្ថែម​ទៀត​នៅ​ឡើយ សម្រាប់​ក្របខ័ណ្ឌ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា។

ក្រុម​អ្នក​កាសែត​ចាត់​ទុក​ថា សេចក្ដី​រាយការណ៍​តាម​​បែប​ថ្មី​ដែល​ហៅ​ថា ជា​សេចក្ដី​រាយការណ៍​ព័ត៌មាន​តាម​គោលការណ៍​សារព័ត៌មាន​សន្តិភាព​បាន​ផ្ដល់​ចំណេះដឹង​ថ្មី​បន្ថែម​ទៀត​លើ​ជំនាញ​វិជ្ជាជីវៈ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​ផ្អែក​លើ​ព័ត៌មាន។ សេចក្ដី​រាយការណ៍​តាម​គោលការណ៍​សន្តិភាព​នេះ ព្យាយាម​កាត់​បន្ថយ​ជម្លោះ និង​បង្កើន​ដំណោះស្រាយ​នេះ គឺ​ជា​ធាតុ​ផ្សំ​មួយ​ដ៏​មាន​សារសំខាន់​មួយ​ទៀត​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូច​ជា​កម្ពុជា ជាដើម​នេះ។

អ្នក​គ្រប់គ្រង​ផ្នែក​ព័ត៌មាន​ឲ្យ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ លោក វណ្ណ មួយមករ៉ា ឲ្យ​ដឹង​ក្រោយ​បញ្ចប់​វគ្គ​នៃ​ការ​វាយ​តម្លៃ​បញ្ចប់​គម្រោង​របស់​អង្គការ អេ.ស៊ី.ធី កាល​ពី​​ព្រឹក​ថ្ងៃ​ទី​២២ មីនា ថា វគ្គ​សិក្សា​តាម​បែប​សារព័ត៌មាន​សន្តិភាព​នេះ គឺ​ពិត​ជា​ជួយ​ធ្វើ​ឲ្យ​អ្នក​ធ្វើ​ឲ្យ​សេចក្ដី​រាយការណ៍​មាន​តម្លៃ និង​គុណធម៌​ខ្ពស់​ណាស់ ព្រោះ​ជា​ព័ត៌មាន​ដែល​ព្យាយាម​បញ្ចេញ​ដោយ​តុល្យភាព​នៃ​ដំណឹង​សម្រាប់​​សាធារណជន៖ «យើង​តែងតែ​ប្រជុំ​ពិភាក្សា​គ្នា​នៅ​ក្នុង​កិច្ច​ប្រជុំ​ផលិត​ផ្សេងៗ ជាពិសេស​ព័ត៌មាន​ពាក់ព័ន្ធ​ទៅ​នឹង​ចំណុច​បញ្ហា​ជម្លោះ​ផ្សេងៗ ហើយ​និង​ជា​រឿង​ហិង្សា»

ប្រធាន​គម្រោង​របស់​អង្គការ​ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​ទំនាស់ ឲ្យ​ដឹង​ថា ដែល​ហៅ​ថា សេចក្ដី​រាយការណ៍​តាម​បែប​ព័ត៌មាន​សន្តិភាព​នេះ ជា​ព័ត៌មាន​ដែល​ផ្សាយ​ចេញ​គឺ​មិន​បញ្ចូល​ទស្សនៈ​របស់​អ្នក​និពន្ធ អ្នក​ធ្វើ​សេចក្ដី​រាយការណ៍ ប្រកាន់​វិជ្ជាជីវៈ និង​ក្រម​សីលធម៌​របស់​ខ្លួន។ ជាង​នេះ​ទៀត គឺ​ជា​ព័ត៌មាន​ដែល​មាន​ទំនោរ​ដោះស្រាយ​ទំនាស់​ជា​ជាង​ព្យាយាម​បង្កើត​បញ្ហា។ ព័ត៌មាន​ដែល​​មិន​បម្រើ​ឲ្យ​ភាគី​ណា​មួយ ឬ​បុគ្គល​មាន​ឥទ្ធិពល​ណា​មួយ។

ទាំង​លោកស្រី សុខ ល័ណ្ខ អ្នក​យក​ព័ត៌មាន​ប្រចាំ​ទូរទស្សន៍ ស៊ី.ធី.អ៊ិន (CTN) និង​លោក សេរី មុនី អ្នក​ព័ត៌មាន​ឲ្យ​វិទ្យុ​បារាំង​អន្តរជាតិ និង​វិទ្យុ​មិត្តភាព​កម្ពុជា-​ចិន ដែល​បាន​ឆ្លង​កាត់​វគ្គ​បណ្ដុះបណ្ដាល​នេះ​ដែរ យល់​ឃើញ​ថា មេរៀន​ដែល​និយាយ​ពី​គោលការណ៍​តាម​បែប​សារព័ត៌មាន​សន្តិភាព​នេះ គឺ​ពិត​ជា​ធ្វើ​ឲ្យ​ព័ត៌មាន​អាច​ជឿ​ទុកចិត្ត និង​មាន​ភាព​សុក្រឹត​ព្រោះ​ថា ជា​សេចក្ដី​រាយការណ៍​ដែល​បាន​ផ្ដល់​ឪកាស​ស្មើៗ​គ្នា ឲ្យ​ភាគី​ពាក់ព័ន្ធ​ក្នុង​សាច់​រឿង​បាន​បញ្ចេញ​ទស្សនៈ៖ «បើ​សិន​ជា​យើង​មាន​ភាព​លំអៀង ក៏​ដូច​ជា​បញ្ចេញ​មតិ​ខ្លួន​ឯង​ច្រើន​គឺ​វា​មិន​ល្អ​នោះ​ទេ សំខាន់​យើង​យក​អ្វី​ជា​ការ​ពិត។ ភាព​ផ្លាស់ប្ដូរ​តាម​បែប​សន្តិភាព និង​អហិង្សា»

ប្រធាន​គម្រោង​របស់​អង្គការ អេ.ស៊ី.ធី អ្នកស្រី ខន សុភី ថ្លែង​ក្រោយ​បញ្ចប់​វគ្គ​វាយ​តម្លៃ​បញ្ចប់​គម្រោង​រយៈពេល ៣​ឆ្នាំ ជុំវិញ​ការ​បង្កើន​ចំណេះ​ដឹង​វិស័យ​ព័ត៌មាន​ថា មូលហេតុ​ដែល​អង្គការ ក្រុម​ការងារ​ដោះស្រាយ​ទំនាស់​ជ្រើសរើស​យក​គម្រោង​ពាក់ព័ន្ធ​នឹង​អ្នក​កាសែត​នេះ​ឡើង ព្រោះ​ពួក​គេ​ជា​ក្រុម​មនុស្ស​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ជាង​គេ​នៅ​ក្នុង​សង្គម។ អ្នក​ស្រី​​បន្ត​ថា អ្នក​កាសែត​អាច​ជួយ​ធ្វើ​ឲ្យ​អ្នក​តាក់តែង​គោលនយោបាយ ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​មួយ​ដ៏​ត្រឹមត្រូវ ឬ​អាច​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​បាន​នៅ​ក្នុង​សង្គម៖ «ដូច​យើង​ដឹង​ស្រាប​ហើយ​ថា វិស័យ​សារព័ត៌មាន​គឺ​ជា​វិស័យ​ចម្បង​មែន​ទែន ដែល​វិស័យ​សារព័ត៌មាន​ត្រូវ​ចែក​រំលែក​អ្វី​ដែល​ជា​ព្រឹត្តិការណ៍​កើត​មាន​នៅ​ក្នុង​សង្គម»

ទន្ទឹម​នឹង​មាន​ការ​រិះគន់​អំពី​ការ​ទទួល​ខុសត្រូវ​របស់​ស្ថាប័ន​រដ្ឋ ទទួល​បន្ទុក​វិស័យ​ព័ត៌មាន​ថា ហាក់​មាន​ការ​ឆ្លើយ​តប​តិចតួច​នៅ​ពេល​ស្នើ​សុំ​ព័ត៌មាន​ណា​មួយ​ជាប់​ពាក់ព័ន្ធ​អំពើ​ពុករលួយ និង​គម្រោង​វិនិយោគ។ បច្ចុប្បន្ន ប្រទេស​កម្ពុជា កំពុង​ពន្លឿន​ការ​តាក់តែង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន។ ដោយ​ឡែក​អ្នក​ជំនាញ​ផ្នែក​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​វិញ យល់​ឃើញ​ថា ប្រសិន​បើ​ច្បាប់​នេះ​ត្រូវ​បាន​រដ្ឋសភា​អនុម័ត​មែន​នោះ វា​អាច​ជួយ​បាន​ច្រើន​សម្រាប់​បម្រើ​ឲ្យ​ប្រយោជន៍​សាធារណជន​បាន​ប្រសើរ​ជាង​មុន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។