ពលករ​ខ្មែរ​រងគ្រោះ​៥៦​រូប​ត្រូវ​បាន​ជួយ​សង្គ្រោះ​នៅ​ម៉ាឡេស៊ី វៀតណាម និង​ថៃ

ដោយ ហេង សកល
2018.01.03
ពលករ​កម្ពុជា​ចំនួន ៣០​នាក់ ពី​ម៉ាឡេស៊ី ៣០៥ ពលករ​កម្ពុជា​ចំនួន ៣០​នាក់ ត្រូវ​បាន​សង្គ្រោះ​ពី​ប្រទេស​ម៉ាឡេស៊ី និង​វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ នា​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១១។
Photo: RFA

ក្រសួងការបរទេស​កម្ពុជា​ចេញ​សេចក្ដី​ប្រកាស​ថា ពលរដ្ឋ និង​ពលករ​ខ្មែរ​ចំនួន​៥៦​នាក់ ដែល​រង គ្រោះ​នៅ​ប្រទេស​ម៉ាឡេស៊ី វៀតណាម និង​ថៃ ត្រូវ​បាន​ជួយសង្គ្រោះ និង​បញ្ជូន​មកដល់​កម្ពុជា​វិញ កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៧។ មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​រដ្ឋាភិបាល ជួយ​បណ្ដុះបណ្ដាល និង​ជ្រោមជ្រែង​ពលករ​រងគ្រោះ​ធ្វើ​យ៉ាង​ណា​ឲ្យ​មានការ​ងារ និង​ប្រាក់ខែ​សមរម្យ នៅ​ក្នុង​ស្រុក​ខ្មែរ ដើម្បី​កុំ​ឲ្យ​ពួកគាត់​សម្រេច​ចិត្ត​ធ្វើ​ចំណាកស្រុក​ទាំង​ប្រថុយប្រថាន​ម្ដងទៀត។

ថ្វី​ត្បិត​ប្រទេស​ខ្មែរ​តូច និង​មាន​ប្រជាជន​តិច​ក្តី ប៉ុន្តែ​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា ពួកគាត់​រងគ្រោះ​គ្រប់​ទីកន្លែង និង​គ្រប់ជំពូក ដោយសារតែ​ការស្វែងរក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស ដើម្បី​ចិញ្ចឹម​ក្រពះ។

សេចក្ដី​ប្រកាស​របស់​ក្រសួងការបរទេស​កម្ពុជា ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឲ្យ​ដឹង​ថា ប្រជា ពលរដ្ឋ និង​ពលករ​ខ្មែរ​ចំនួន​៥៦​រូប ដែល​រងគ្រោះ​នៅ​ប្រទេស​ម៉ាឡេស៊ី វៀតណាម និង​ថៃ ត្រូវ​បាន​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ទាំងនេះ ជួយសង្គ្រោះ និង​បាន​បញ្ជូន​មក​កម្ពុជា​វិញ​ជា​បន្តបន្ទាប់​កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៧ កន្លងទៅ។

សេចក្ដី​ប្រកាស​នោះ បញ្ជាក់​ថា ក្នុងចំណោម​ពលរដ្ឋ និង​ពលករ​៥៦​រូប​នោះ មាន​៥​នាក់​រងគ្រោះ​នៅ ប្រទេស​ម៉ាឡេស៊ី បាន​បញ្ជូន​មក​ដល់​កម្ពុជា កាលពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៧។ ចំណែក​ពលរដ្ឋ​២៩ នាក់​ក្នុង​នោះ​កុមារ​ចំនួន​២១​នាក់ រងគ្រោះ​នៅ​ប្រទេស​វៀតណាម ដោយសារ​ទៅ​រក​ស៊ី​លក់​ឆ្នោត​នោះ ត្រូវ​បាន​បញ្ជូន​មកដល់​កម្ពុជា​ថ្ងៃ​ទី​២៧ និង​២៩ ខែ​ធ្នូ ឆ្នាំ​២០១៧។ សម្រាប់​ពលរដ្ឋ​ខ្មែរ​២២​រូប​ទៀត ដែល​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​នៅ​លើ​ទូក​នេសាទ​ខុសច្បាប់​នោះ ត្រូវ​បាន​បញ្ជូន​មកដល់​កម្ពុជា នៅ​ថ្ងៃ ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៧។

ប្រធាន​ផ្នែក​ស្ត្រី​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) អ្នកស្រី ឆន សុគន្ធា មាន​ប្រសាសន៍​ថា បញ្ហា​រងគ្រោះ​ទាំងនេះ គឺ​ពលរដ្ឋ​ចំណាកស្រុក​ភាគច្រើន ពុំបាន​ស្វែងយល់​អំពី​បញ្ហា​ប្រឈម​នោះ​ទេ ដោយ​ពួកគាត់​តែង​រំពឹង​ថា ការងារ​នៅ​ក្រៅ​ប្រទេស​ទូលំទូលាយ និង​រក​បាន​ប្រាក់ចំណូល​ខ្ពស់​ជាង​កម្ពុជា សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ដែល​ជួប​ការ​លំបាក និង​ជំពាក់​បំណុល​ធនាគារ។

ទោះ​យ៉ាង​ណា​ក្តី អ្នកស្រី ឆន សុគន្ធា ស្នើ​ឲ្យ​ក្រសួង​សង្គមកិច្ច និង​រដ្ឋាភិបាល ជួយ​បណ្ដុះបណ្ដាល ពលករ​រងគ្រោះ ធ្វើ​យ៉ាងណា​ឲ្យ​មានការ​ងារ និង​ប្រាក់ខែ​សមរម្យ​នៅ​ក្នុង​ស្រុក​ខ្មែរ ជាពិសេស​កុមារ​តែម្ដង ដែល​ត្រូវ​ការពារ​ពួកគាត់​ឲ្យ​ទទួល​បាន​ការអប់រំ​ខ្ពស់ ដើម្បី​កុំ​អោយ​ពួកគាត់ សម្រេច​ចិត្ត​ធ្វើ​ចំណាកស្រុក​ទាំង​ប្រថុយប្រថាន​ម្ដងទៀត «យើង​ជួយ​គាត់​ត្រឡប់​មក​ស្រុក​វិញ ហើយ​អ្នកខ្លះ​គាត់​អត់​អាច​ស្វែងរក​ការងារ​នៅ​ក្នុង​ស្រុក​បាន ព្រោះ​អី​គាត់​ត្រូវការ​ចំណូល សម្រាប់​ដោះស្រាយ​ការ​ចំណាយ​ប្រចាំ ហើយ​អ្នកខ្លះ​ជំពាក់​គេ ដូច្នេះ​ធ្វើ​អោយ​ពួកគាត់​បង្ខំចិត្ត​ចំណាកស្រុក​ក្រៅ​ប្រទេស​សាជាថ្មី។ ដូច្នេះ​ហើយ​ខ្ញុំ​ស្នើសុំ​រដ្ឋាភិបាល​កម្ពុជា ត្រូវតែ​ពិនិត្យ អំពី​ស្ថានភាព​ទីផ្សារ​ការងារ​នៅ​ក្នុង​ស្រុក និង​ប្រាក់​បៀវត្ស​អោយ​បាន​សមរម្យ ហើយ​ជាពិសេស​គ្រួសារ​ដែល​មាន​កូន​ច្រើន ដែល​ទើប​ត្រឡប់មកវិញ ត្រូវតែ​ពិនិត្យ​មើល​ថា តើ​ពួកគាត់​ត្រូវការ​អី ហើយ​ផ្ដល់​នូវ​តម្រូវការ​នោះ​ជូន​ពួកគាត់ ជាពិសេស​ផ្ដល់​នូវ​ការអប់រំ​ដល់​កូនៗ​គ្រប់គ្នា ដើម្បី​មាន​ចំណេះដឹង ហើយ​ជៀសវាង​ការ​ធ្វើ​ចំណាកស្រុក»។

ក្នុង​រយៈពេល ៦ខែ​ដំបូង​ឆ្នាំ​២០១៧ ស្ថានទូត​កម្ពុជា បាន​បញ្ជូន​ពលករ​កម្ពុជា​ប្រមាណ ១៣៤​នាក់ មកពី​ប្រទេស​ម៉ាឡេស៊ី បន្ទាប់ពី​ស្ថានភាព​ការងារ​របស់​ពួកគេ​ជួប​ការ​លំបាក។

ថ្វីបើ​ប្រជា​ពលករ​ខ្មែរ តែង​តែង​រងគ្រោះ​នៅ​ក្រៅ​ប្រទេស​ជា​បន្តបន្ទាប់​ក្តី ប៉ុន្តែ​រដ្ឋាភិបាល នៅ​តែ​មាន​គម្រោង និង​ពេញចិត្ត​បញ្ជូន​ពលការិនី​ទៅ​ធ្វើ​ការ​ជា​មេផ្ទះ​នៅ​ក្រៅ​ប្រទេស​ឲ្យ​បាន ១​ពាន់​នាក់​ក្នុង​ឆ្នាំ​២០១៨ ខាងមុខ ជាពិសេស​ប្រទេស​ដែល​ធ្លាប់​មាន​កេរ្តិ៍ឈ្មោះ​អាស្រូវ​រឿង​ធ្វើបាប​ពលករ​ដូចជា​ប្រទេស​ម៉ាឡេស៊ី​ជាដើម។

កាលពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ក្រសួង​ការងារ​បាន​បញ្ជូន​ក្រុម​ពលការិនី​លើកទីមួយ​ចំនួន ១៤​នាក់ ដើម្បី​ទៅ​ធ្វើ​ការ​ជា​អ្នកជំនួយការ​មេផ្ទះ​នៅ​តំបន់​រដ្ឋបាល​ពិសេស​នៅ​ទីក្រុង​ហុងកុង។ ក្រៅពី​ហុងកុង រដ្ឋាភិបាល នឹង​បញ្ជូន​ស្ត្រី​ខ្មែរ​ប្រមាណ ៣០០​នាក់​ទៀត ទៅ​បម្រើ​ការងារ​នៅ​តាម​ផ្ទះ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ជាថ្មី​ម្ដងទៀត នៅ​ខែ​មីនា ឆ្នាំ​២០១៨ ខាងមុខ បន្ទាប់ពី​បាន​ផ្អាក​កាលពី​ឆ្នាំ​២០១១ ក្រោយពេល​មាន​ពលករ​ខ្មែរ​មួយ​ចំនួន ត្រូវ​បាន​ថៅកែ​ជនជាតិ​ម៉ាឡេស៊ី វាយ និង​រំលោភបំពាន។

ប្រធាន​ផ្នែក​ស្ត្រី​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គួរតែ​ព្យាយាម បង្កើត​ទីផ្សារ​ការងារ​ឲ្យ​មាន​តុល្យភាព​ជាមួយ​នឹង​ចំនួន​មនុស្ស​ដែល​ពេញ​កំពុង​រក​ការងារ​ធ្វើ។ ចំណែក​ប្រាក់​បៀវត្សរ៍​វិញ ត្រូវ​ធានា​ឲ្យ​មាន​តុល្យភាព​ជាមួយ​នឹង​ការ​ចំណាយ​ដើម្បី​ទប់​ទល់​នឹង​ស្ថានភាព ជីវភាព​រស់នៅ​របស់​ពួកគាត់។ ទន្ទឹម​គ្នា​នេះ រដ្ឋាភិបាល​ត្រូវ​រក​ទីផ្សារ និង​បង្កើន​តម្លៃ​ផលិតផល​កសិកម្ម​ដែល​បច្ចុប្បន្ន​នេះ កំពុង​តែ​ជួប​បញ្ហា​ប្រឈម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។