អ្នក​រាយការណ៍​ពិសេស អ.ស.ប ជួប​មន្ត្រី​សង្គម​ស៊ីវិល​និង​តំណាង​សហគមន៍​មាន​ទំនាស់​ដីធ្លី

ដោយ ដែន អយុធ្យា
2015-09-19
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ (អ.ស.ប) ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) (ឆ្វេង​ទី​២) ជួប​មន្ត្រី​សង្គម​ស៊ីវិល និង​តំណាង​សហគមន៍​ដីធ្លី នៅ​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​១៨ កញ្ញា ឆ្នាំ​២០១៥។
អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ (អ.ស.ប) ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) (ឆ្វេង​ទី​២) ជួប​មន្ត្រី​សង្គម​ស៊ីវិល និង​តំណាង​សហគមន៍​ដីធ្លី នៅ​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​១៨ កញ្ញា ឆ្នាំ​២០១៥។
RFA/Den Ayuthyea

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ នឹង​លើក​យក​បញ្ហា​ចាប់​ខ្លួន​សកម្មជន​នៃ​ចលនា​មាតា​ធម្មជាតិ​ចំនួន ៣​នាក់ ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ទៅ​ជជែក​ជាមួយ​​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​កោះកុង ក្នុង​ដំណើរ​ទស្សនកិច្ច ២​ថ្ងៃ​របស់​អ្នកស្រី​មក​កាន់​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ។

មន្ត្រី​សង្គម​ស៊ីវិល តំណាង​សហគមន៍ និង​សកម្មជន​ការពារ​ធនធាន​ធម្មជាតិ បាន​សាទរ​ដំណើរ​ទស្សនកិច្ច​នេះ និង​ស្នើ​ឲ្យ​បន្ត​ជួយ​លើក​ស្ទួយ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ថែម​ទៀត។

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ (អ.ស.ប) ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​កញ្ញា បាន​ជួប​ជាមួយ​មន្ត្រី​សង្គម​ស៊ីវិល ជាពិសេស​តំណាង​សហគមន៍ និង​សកម្មជន​ការពារ​ធនធាន​ធម្មជាតិ ចំនួន ១៧​នាក់ ដែល​សមត្ថកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង ចាប់​ឃាត់ខ្លួន​ទៅ​សួរ​នាំ​កាល​ពី​ដើម​ខែ​កញ្ញា កន្លង​ទៅ។

នៅ​ក្នុង​ជំនួប​ជាមួយ​មន្ត្រី​សង្គម​ស៊ីវិល និង​តំណាង​សហគមន៍ នា​ការិយាល័យ​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​កោះកុង អ្នកស្រី រ៉ូណា ស្មីត បាន​ស្ដាប់​មតិ​យោបល់​ប្រជាពលរដ្ឋ យុវជន និង​មន្ត្រី​សង្គម​ស៊ីវិល​លើ​បញ្ហា​ដីធ្លី និង​បញ្ហា​ចាប់​ខ្លួន​សមាជិក ៣​នាក់ នៃ​អង្គការ​ចលនា​មាតា​ធម្មជាតិ​ដាក់​ពន្ធនាគារ ដោយសារ​តវ៉ា​ការពារ​ធនធានធម្មជាតិ​នា​ខេត្ត​កោះកុង។

ក្នុង​ឱកាស​នោះ អ្នកស្រី ស្មីត បាន​ប្រាប់​មន្ត្រី​សង្គម​ស៊ីវិល និង​តំណាង​សហគមន៍​តាម​រយៈ​អ្នក​បកប្រែ​ភាសា​អង់គ្លេស​ថា នឹង​លើក​យក​បញ្ហា​យុវជន ៣​នាក់ កំពុង​ជាប់​ពន្ធនាគារ​ទៅ​ពិភាក្សា​ជាមួយ​មន្ត្រី​តុលាការ និង​ថ្នាក់ដឹកនាំ​ស្ថាប័ន​ផ្សេង​ទៀត នៅ​ក្នុង​ជំនួប​របស់​អ្នកស្រី​នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា នេះ៖ «ខ្ញុំ​នឹង​លើក​យក​កង្វល់ ឬ​បញ្ហា​សំណូមពរ​របស់​សហគមន៍​ដែល​បាន​លើក​ឡើង​ទៅ​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត​កោះកុង និង​មន្ត្រី​តុលាការ​នៅ​ក្នុង​ជំនួប​របស់ខ្ញុំ​នៅ​ថ្ងៃ​ស្អែក គឺ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា»

ត្រង់​ចំណុច​នេះ តំណាង​សកម្មជន​ចលនា​មាតា​ធម្មជាតិ និង​តំណាង​សហគមន៍ ខេត្ត​កោះកុង ក៏​បាន​សំណូមពរ​ដល់​អ្នកស្រី រ៉ូណា ស្មីត ជួយ​លើក​យក​កង្វល់​របស់​ពួកគាត់​ដាក់​ជូន​ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​កោះកុង ដើម្បី​ឲ្យ​ពួកគាត់​អាច​ជួបជុំ​សម្ដែង​មតិ​លើ​កង្វល់​អ្វី​មួយ​ ជា​ពិសេស ត្រូវ​ជួយ​អន្តរាគមន៍​ឲ្យ​តុលាការ​ដោះលែង​សមាជិក​អង្គការ​ចលនា​មាតា​ធម្មជាតិ​ទាំង ៣​នាក់ ពី​ពន្ធនាគារ និង​លើកលែង​ការ​ចោទ​ប្រកាន់៖ «ខ្ញុំ​សុំ​ឲ្យ​អ្នកស្រី ស្មីត ជួយ​លើក​យក​បញ្ហា​បូម​ខ្សាច់​នៅ​ខេត្ត​កោះកុង និង​ជួយ​ដោះលែង​យុវជន ការពារ​ធនធានធម្មជាតិ​ទាំង ៣​នាក់ ពី​ពន្ធនាគារ ទៅ​ពិភាក្សា​ជាមួយ​មន្ត្រី ឬ​អាជ្ញាធរ​ខេត្ត​កោះកុង ជួយ​ដោះស្រាយ ព្រោះ​ពួកគាត់​មិនបាន​ធ្វើ​អ្វី​ខុស​ច្បាប់​ទេ»

​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​កោះកុង លោក ញៀប បាន​សាទរ​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី រ៉ូណា ស្មីត ដែល​បាន​ធ្វើ​ដំណើរ​មក​ដល់​ខេត្ត​កោះកុង ហើយ​បាន​ទទួល​ជួប​តំណាង​សហគមន៍ និង​សកម្មជន​ការពារ​ធនធានធម្មជាតិ​ដើម្បី​ស្ដាប់​ពី​កង្វល់​ពួកគេ៖ «ខ្ញុំ​បាន​លើក​សំណូម ឬ​ជា​សំណើ​ដល់​អ្នកស្រី រ៉ូណា ស្មីត ទៅ​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ មាន​ដូចជា​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស បញ្ហា​ដីធ្លី និង​អំពើ​និទណ្ឌភាព​ដែល​កើត​មាន​នៅ​ក្នុង​ខេត្ត​កោះកុង ហើយ​រំពឹង​ថា អ្នកស្រី ស្មីត នឹង​លើក​យក​កង្វល់​របស់​សង្គម​ស៊ីវិល និង​សហគមន៍​បាន​ស្នើ​នេះ​ទៅ​ពិភាក្សា​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ ក្នុង​ដំណើរ​ទស្សនកិច្ច ២​ថ្ងៃ របស់​អ្នកស្រី​មក​ខេត្ត​កោះកុង»

​តាម​កម្មវិធី​រយៈពេល ២​ថ្ងៃ នៃ​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ មក​ខេត្ត​កោះកុង នៅ​ថ្ងៃ​ទី​១៨ និង​ទី​១៩ ខែ​កញ្ញា អ្នកស្រី​បាន​ចូល​ជួប​យុវជន​អង្គការ​ចលនា​មាតា​ធម្មជាតិ ៣​នាក់ ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ។ អ្នកស្រី​ក៏​ជួប​ជាមួយ​តំណាង​សហគមន៍​មាន​ទំនាស់​ដីធ្លី តំណាង​សហគមន៍​ការពារ​ធនធានធម្មជាតិ មន្ត្រី​សង្គម​ស៊ីវិល និង​ជួប​ជាមួយ​អភិបាល​ខេត្ត ប្រធាន​តុលាការ ព្រះរាជអាជ្ញា ព្រមទាំង​ស្នងការ​នគរបាល​ខេត្ត​កោះកុង ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល