អ្នកស្រី រ៉ូណា ស្មីត ប្រតិកម្ម​នឹង​សម្ដី​មន្ត្រី​ក្រសួង​សង្គមកិច្ច​ដែល​ថា​អ្នកស្រី​មាន​ជំនាញ​ទិតៀន

ដោយ ខែ សុណង
2017.08.19
រ៉ូណា ស្មីត ២០១៧ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មានកាល​ពី​ថ្ងៃ​ទី១៨ ខែ​សីហា ឆ្នាំ​២០១៧។ RFA
RFA

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ (អ.ស.ប) ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អះអាង​ថា តួនាទី​របស់​គាត់​មក​កម្ពុជា ដើម្បី​វាយ​តម្លៃ​ដ៏ ប្រុង ប្រយ័ត្ន​ទៅ​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស ដោយ​ផ្អែក​លើ​ភស្តុតាង​ប្រមូល​បាន។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​ប្រធាន​មន្ទីរ​សង្គមកិច្ច រាជធានី​ភ្នំពេញ ប្រាប់​អ្នក​កាសែត​ថា ការ​បន្ត​តាមដាន និង​ពិនិត្យ​មើល​របស់​អ្នក​រាយការណ៍​ពិសេស​រូប​នេះ​នៅ​មណ្ឌល​ព្រៃស្ពឺ គឺ​ជា​ជំនាញ​ទិតៀន​របស់​មន្ត្រី​អង្គការ សហប្រជាជាតិ និង​ដោយសារ​ការ​មិន​ពេញ​ចិត្ត​រដ្ឋាភិបាល​ផង។

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត បញ្ជាក់​ជំហរ​ថា តួនាទី​របស់​គាត់​មិន​មែន​មក​កម្ពុជា ដើម្បី​តែ​រិះគន់​នោះ​ទេ។

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​អាស៊ីសេរី នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​បញ្ចប់​បេសកកម្ម​លើក​ទី​៤ របស់​អ្នកស្រី កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៨ ខែ​សីហា អ្នកស្រី រ៉ូណា ស្មីត មាន​ប្រសាសន៍​ថា គាត់​បាន​ដឹង​អំពី​រឿង​នេះ​ហើយ។ អ្នកស្រី​ថា តួនាទី​របស់​គាត់​មក​កម្ពុជា ក្នុង​ការ​វាយ​តម្លៃ​ដ៏​ប្រុងប្រយ័ត្ន​ទៅ​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស ដោយ​ផ្អែក​លើ​ភស្តុតាង​ដែល​គាត់​បាន​ប្រមូល​ពី​កិច្ចប្រជុំ​ដែល​​អ្នកស្រី​បាន​ចូលរួម ដើម្បី​បញ្ញាក់​ថា កម្ពុជា​ឋិត​នៅ​ត្រង់​ណា​ក្នុង​ការ​អនុលោម​តាម​ស្តង់ដារ (Standard) ច្បាប់​អន្តរជាតិ។

អ្នកស្រី រ៉ូណា ស្មីត៖ «ខ្ញុំ​ឃើញ​ថា នៅ​ខាង​ចុង​នៃ​របាយការណ៍​បញ្ចប់​បេសកកម្ម​របស់​ខ្ញុំ​មាន​រំលេច​ពី​ចំណុច​ជា​ច្រើន​ដែល​កម្ពុជា មាន​ការ​រីក​ចំរើន ហើយ​ខ្ញុំ​បាន​ផ្ដល់​យោបល់ (អនុសាសន៍) នូវ​សកម្មភាព​មួយ​ចំនួន​ហើយ។ ខ្ញុំ​បាន​រិះគន់​នៅ​លើ​ផ្នែក​ផ្សេងៗ​ទៀត។ ខ្ញុំ​មិន​បាន​ចង្អុល​បង្ហាញ​ទៅ​តាម​គំនិត​របស់​ខ្ញុំ​ផ្ទាល់​ទេ គឺ​ទៅ​តាម​ភស្តុតាង​ដែល​ខ្ញុំ​ប្រមូល​បាន គឺ​កម្ពុជា បាន​ធ្លាក់​ចុះ​ទាប​ក្នុង​ការ​អនុវត្ត​តាម​ស្តង់ដារ​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ ដែល​ជា​ការ​ស្ម័គ្រចិត្ត​ទទួល​ទៅ​អនុវត្ត។ ដរាបណា​កម្ពុជា ធ្វើ​បាន ឬ​ធ្វើ​ល្អ​លើស​ពី​ស្តង់ដារ​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ គឺ​គ្មាន​នរណា​ម្នាក់​អាច​រិះគន់​កម្ពុជា​បាន​ទេ។ នៅ​ក្នុង​អនុសាសន៍​របស់​ខ្ញុំ គឺ​មាន​គោលដៅ​រំលេច​ពី​ផ្នែក​ទាំង​ឡាយ​ដែល​កម្ពុជា អាច​ធ្វើ​ដើម្បី​កែលំអ និង​កាត់​បន្ថយ​ការ​រិះគន់​ស្ថានភាព​ទាំង​នោះ»

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា រាជធានី​ភ្នំពេញ លោក សន សុផល ថ្លែង​ប្រាប់​អ្នក​កាសែត​បន្ទាប់​ពី​លោក​ចុះ​ចែក​អំណោយ​ដល់​អ្នក​ជាប់​ឃុំ​នៅ​មជ្ឈមណ្ឌល​សំចត​សង្គមកិច្ច​រាជធានី​ភ្នំពេញ ដែល​គេ​ស្គាល់​ថា មណ្ឌល​ព្រៃស្ពឺ អំពី​ការ​ទិតៀន​របស់​អង្គការ​សង្គម​ស៊ីវល។ លោក​ថា ការ​ទិតៀន​របស់​សង្គម​ស៊ីវិល មន្ត្រី​អង្គការ​សហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត មាន​ជា​យូរ​ណាស់​មក​ហើយ ដែល​បាន​រិះគន់​ពី​បញ្ហា​នៅ​ក្នុង​មណ្ឌល​ព្រៃស្ពឺ​នេះ មិន​ចេះ​ចប់​មិន​ចេះ​ហើយ បើ​ទោះ​បី​ជា​គ្មាន​ការ​ពិត ឬ​មណ្ឌល​នេះ​ត្រូវ​បាន​កែលំអ​ហើយ​ក្ដី។

លោក​ថា គួរ​ទទួល​ស្គាល់​ការ​លំបាក​ខ្លះ គុណ​សម្បត្តិ​របស់​រដ្ឋាភិបាល​ខ្លះ និង​កុំ​មើល​តែ​គុណវិបត្តិ​ច្រើន​ពេក៖ «នេះ​ជា​ការងារ​របស់​គាត់ គាត់​ធ្វើ​ការ​តែ​មុខ​ហ្នឹង ភ្នែក​គាត់ ដៃ​គាត់ គឺ​សំដៅ​តែ​លើ​មួយ​មុខ​ហ្នឹង។ បើ​ខ្ញុំ​ធ្វើ​ល្អ បើ​ខ្ញុំ​ធ្វើ​ឥត​ខ្ចោះ គឺ​គាត់​មិន​អស់​ការងារ​ធ្វើ? អ៊ីចឹង​គាត់​បាន​អី​និយាយ​ទៀត? យើង​ទទួល​យក​មតិ​របស់​គាត់ យើង​ធ្វើ​បាន​ហើយ រូបភាព​ទៅ​ដូច​វា​អស់​ហើយ វា​ចេញ​រូបភាព​មួយ​ទៀត នេះ​និយាយ​ឲ្យ​ចំ​ទៅ វា​នៅ​លើ​តែ​ជំនាញ​របស់​គាត់​ទេ និយាយ​ជា​រួម ជំនាញ​គាត់​ខាង​ទិតៀន គាត់​មិន​ពេញ​ចិត្ត​នឹង​រដ្ឋាភិបាល»

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ទស្សនៈ​ថា សង្គម​ស៊ីវិល​គឺ​ជា​ដៃគូ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល និង​បំពេញ​បន្ថែម​ចំណុច​ខ្វះខាត​របស់​រដ្ឋាភិបាល​ដើម្បី​ភាព​ប្រសើរ​ឡើង​ទាក់ទង​វិស័យ​សិទ្ធិ​មនុស្ស។ លោក​យល់​ថា រដ្ឋាភិបាល​មាន​ការ​កែ​លម្អ ប៉ុន្តែ​មិន​ទាន់​ឆ្លើយ​តប​នឹង​គោលការណ៍​សិទ្ធិ​មនុស្ស​នៅ​ឡើយ។

បញ្ហា​មិន​ប្រក្រតី​នៅ​ក្នុង​មណ្ឌល​ព្រៃស្ពឺ បាន​ក្លាយ​ជា​ប្រធានបទ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ជំនួប​ពិភាក្សា​រវាង​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត និង​លោក វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​សីហា នា​ទីស្ដីការ​ក្រសួង។

បន្ទាប់​ពី​ទស្សនកិច្ច​នៅ​មណ្ឌល​ព្រៃស្ពឺ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា អ្នកស្រី​មើល​ឃើញ​ថា មណ្ឌល​ព្រៃស្ពឺ ពេល​នេះ​មាន​ស្ថានភាព​អាក្រក់​ជាង​លើក​មុន ដោយសារ​តែ​មាន​ចំនួន​មនុស្ស​រស់​នៅ​ច្រើន​តាន់តាប់ រហូត​ដល់​ទៅ ៥២៤​នាក់។ ក្រៅ​ពី​នេះ អ្នកស្រី​ថា អ្នក​រស់នៅ​ក្នុង​មណ្ឌល​ព្រៃស្ពឺ នៅ​មាន​ចន្លោះ​ប្រហោង​ក្នុង​ការ​ទទួល​បាន​សេវា​ថែទាំ និង​នៅ​ពុំ​ទាន់​មាន​ការ​ដោះស្រាយ​បញ្ហា​ជូន​ពួក​គាត់​នៅ​ឡើយ​ទេ។

ជំនួប​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​បន្ត​តាមដាន​កាល​ពី​បេសកកម្ម​លើក​ទី​៣ ក្នុង​ខែ​តុលា ឆ្នាំ​២០១៦ របស់​អ្នកស្រី​ដែល​កាល​ណោះ​អ្នកស្រី​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច លោក វង សូត ជុំវិញ​រឿង​រ៉ាវ​នានា ពាក់ព័ន្ធ​នឹង​ជន​ងាយ​រងគ្រោះ ដែល​បញ្ហា​ក្នុង​មណ្ឌល​ព្រៃស្ពឺ ដែល​ជា​ប្រធានបទ​ក្ដៅ។

មជ្ឈមណ្ឌល​សំចត​សង្គមកិច្ច​រាជធានី​ភ្នំពេញ ដែល​គេ​ស្គាល់​ថា មណ្ឌល​ព្រៃស្ពឺ ស្ថិត​នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ គឺ​ជា​កន្លែង​ដែល​អាជ្ញាធរ​បាន​ចាប់​មនុស្ស​ចាស់ និង​កុមារ​នៅ​តាម​ចិញ្ចើម​ផ្លូវ អ្នក​គ្មាន​ទី​ជម្រក អ្នក​ប្រើប្រាស់​គ្រឿង​ញៀន ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ និង​ជន​វិកល​ចរិត ជាដើម យក​ទៅ​អប់រំ​កែប្រែ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។ កន្លង​មក​អាជ្ញាធរ​ក៏​បាន​យក​ពលរដ្ឋ​បុរីកីឡា​ដែល​តវ៉ា​ក្នុង​ពេល​អាជ្ញាធរ​ ឈូស​ឆាយ​ផ្ទះ​សម្បែង​យក​ទៅ​ដាក់​នៅ​ទី​នោះ​បណ្ដោះ​អាសន្ន​ដែរ។ នៅ​រាល់​ពេល​មាន​ពិធី​បុណ្យ​ជាតិ និង​កិច្ចប្រជុំ​ធំៗ អាជ្ញាធរ​តែងតែ​ប្រមូល​ជន​អនាថា ឬ​អ្នក​សុំទាន ឲ្យ​ទៅ​រស់​នៅ​ទី​នោះ​មួយ​រយៈ។

កន្លង​ទៅ អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ គឺ​អង្គការ​លីកាដូ (LICADHO) និង​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) រួម​ទាំង​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ផង បាន​ស្នើ​ឲ្យ​បិទ​មជ្ឈមណ្ឌល​នេះ ដោយ​ពួកគេ​រក​ឃើញ​ថា មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ក្នុង​ការ​គ្រប់គ្រង​ទាក់ទង​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ មាន​ការ​ឃុំឃាំង​មនុស្ស​ខុស​ច្បាប់​ដោយ​ធ្វើ​ទារុណកម្ម ការ​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ ដូចជា​ការ​សេពសន្ថវៈ ការ​ទុក​មនុស្ស​មាន​ជំងឺ​ឲ្យ​ស្លាប់​ដោយ​មិន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជាដើម។

កន្លង​មក​សង្គម​ស៊ីវិល​ត្អូញត្អែរ​ថា ការ​ប្រមូល​ផ្ដុំ​មនុស្ស​ក្នុង​មជ្ឈមណ្ឌល​នេះ ក្នុង​ហេតុផល​អប់រំ​ផ្ដល់​ឱកាស​រៀន​សូត្រ​ជំនាញ ដើម្បី​កែប្រែ​ស្ថានភាព​ជីវិត​រស់​នៅ​ប្រសើរ​ឡើង​វិញ ប៉ុន្តែ​ភាព​ពិត​ជាក់ស្ដែង​អ្វី​គឺ​ផ្ទុយ​ពី​គោលការណ៍​ដើម និង​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស ហើយ​ពួក​គេ​ម្នាក់ៗ​មាន​សភាព​មិន​ខុស​ពី​អ្នក​ទោស​នៅ​ក្នុង​ពន្ធនាគារ​ប៉ុន្មាន​ឡើយ។

ដោយសារ​មាន​សេចក្ដី​រាយការណ៍​ជា​ច្រើន​ពី​ភាព​មិន​ប្រក្រតី​ក្នុង​មណ្ឌល​នេះ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៦ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ព្រមាន​បិទ​មណ្ឌល​ព្រៃស្ពឺ​នេះ​ចោល​ម្ដង​ដែរ។ លោក​ថា ប្រសិន​បើ​ក្រសួង​សង្គមកិច្ច និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ ខ្វះ​សមត្ថភាព​គ្រប់គ្រង កែលំអ​មណ្ឌល​មួយ​នេះ ហើយ​ថា តែង​បន្សល់​ឲ្យ​មាន​បញ្ហា​រ៉ាំរ៉ៃ និង​តែង​រង​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​នានា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។