ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​បារម្ភ​ពី​ការ​គំរាម​កំហែង

ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​នៅ​កម្ពុជា កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់​ផ្សេងៗ រួម​មាន​ការ​ប្ដឹង​ផ្តល់​ឡើង​តុលាការ ការ​រត់​ចោល​ទី​លំនៅ​របស់​ខ្លួន ការ​គំរាម​កំហែង​សម្លាប់ និង​ការ​ចាប់​ចង​ដាក់​ពន្ធនាគារ​ក្នុង​រឿង​ករណី​ទំនាស់​ដីធ្លី និង​បទ​ល្មើស​ព្រៃ​ឈើ។
ដោយ ទេព សុរ៉ាវី
2013.02.27
មុំ សុគីម ការពារ​សិទ្ធិ​មនុស្ស ៣០៥ អ្នកស្រី មុំ សុគីម សមាជិក​សហគមន៍​ស្រុក​ស្នួល ខេត្ត​ក្រចេះ បង្ហាញ​ពី​ហានិភ័យ​មួយ​ចំនួន​ដែល​សហគមន៍​ធ្លាប់​ជួប​ប្រទះ កាល​ពី​ថ្ងៃ​ទី២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៣។
RFA/Tep Soravy

ដើម្បី​ការពារ​សុវត្ថិភាព និង​ជំនួយ​ផ្នែក​ច្បាប់​ដល់​សកម្មជន​ដែល​ប្រឈម​នឹង​ហានិភ័យ​ទាំង​នោះ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​កាត់​ថា​ស៊ីស៊ីអេចអរ (CCHR) បាន​កៀងគរ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​តាម​សហគមន៍​ចំនួន ១០​ខេត្ត មក​ប្រជុំ​គ្នា​ដើម្បី​ស្វែង​រក​វិធានការ​ជាក់លាក់​សម្រាប់​ការ​ការពារ​ខ្លួន នៅ​គ្រា​មាន​អាសន្ន ឬ​បណ្ដឹង​ឡើង​តុលាការ​ពេល​ណា​មួយ​ជា​យថាហេតុ។

ក្រុម​ការពារ​សិទ្ធិ​មនុស្ស​ជាច្រើន​នាក់ បាន​ត្អូញត្អែរ​ស្រដៀង​គ្នា​ពី​ការ​គំរាមកំហែង​មក​លើ​ពួក​គាត់ ក្នុង​សកម្មភាព​ឃ្លាំ​មើល និង​ការ​ផ្តល់​ព័ត៌មាន​ស្ដីពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​សមត្ថកិច្ច និង​ក្រុមហ៊ុន​ឯកជន​ដែល​បាន​វាទ​យក​ដីធ្លី ផ្ទះ​សម្បែង​របស់​ក្រុម​សហគមន៍។

ក្នុង​សិក្ខា​សាលា​រៀបចំ​នៅ​ថ្ងៃ​ទី២៦ ខែ​កុម្ភៈ ដោយ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ដើម្បី​ជជែក​ស្វែង​រក​វិធានការ​ជាក់លាក់​សម្រាប់​ការ​ការពារ​ខ្លួន​របស់​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស។ តំណាង​សហគមន៍​ចំនួន ២៥​នាក់ បាន​បែង​ចែក​ជា ៥​ក្រុម ដើម្បី​បង្ហាញ​ពី​ការ​ប្រឈម​ហានិភ័យ​នា​ពេល​កន្លង​មក មុន​នឹង​ស្វែង​រក​ដំណោះស្រាយ។

តំណាង​សហគមន៍​ស្រុក​ស្នួល ខេត្ត​ក្រចេះ អ្នកស្រី មុំ សុគីម ឲ្យ​ដឹង​ថា ក្នុង​រឿង​ទំនាស់​ដីធ្លី​នៅ​មូលដ្ឋាន ក្រុម​សមត្ថកិច្ច​ធ្លាប់​គំរាម​កំហែង​ក្រុម​សហគមន៍ មាន​ការ​ចោទ​ប្រកាន់ និង​ចាប់​ដាក់​ពន្ធនាគារ​ដោយ​ខុស​ច្បាប់ ការ​បាញ់​សម្លាប់ ឬ​បើក​រថយន្ត​បុក​សម្លាប់ បំប្លែង​ជា​គ្រោះថ្នាក់​ចរាចរណ៍ ការ​បំបិទ​សិទ្ធិ​មិន​ឲ្យ​សហគមន៍​ផ្តល់​ព័ត៌មាន​លេច​ធ្លាយ​ទៅ​អង្គការ​ជាតិ និង​អន្តរជាតិ អាជ្ញាធរ​មិន​មាន​ការ​គាំទ្រ​សហគមន៍ ហើយ​មាន​អង្គការ និង​សហគមន៍​មូលដ្ឋាន​មួយ​ចំនួន​បាន​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​ថែម​ទៀត។

អ្នកស្រី មុំ សុគីម៖ «ពេល​ដែល​សកម្មជន​ធ្វើ​សកម្មភាព​អ៊ីចឹង គឺ​ទៅ​ដល់​ភ្លាម​ពួក​អា​អស់​ហ្អែង​មក​ធ្វើ​អី បាន​តែ​វ៉ៃ​ខ្នោះ​ចាប់​ដាក់​ចង វា​មាន​ការ​អី​មាន​ការ​អនុញ្ញាត​ស្អី មាន​ច្បាប់​ពី​ណា​មក​ឲ្យ​ដល់​កន្លែង​ហ្នឹង។ ឧទាហរណ៍ ទៅ​កន្លែង​ក្រុមហ៊ុន ជួន​កាល​ស្ពាយ​កាំភ្លើង​មក​អ៊ីចឹង​ទៅ»

បណ្ដាញ​សហគមន៍​ដីធ្លី​នៅ​ខេត្ត​បន្ទាយមានជ័យ អ្នកស្រី ភឿ គីមហួយ ក៏​បាន​បង្ហាញ​ពី​ការ​ប្រឈម​មួយ​ចំនួន​នៅ​ក្នុង​សហគមន៍ ដោយ​រួម​មាន​ទាំង​ការ​រឹតត្បិត​មិន​ឲ្យ​ក្រុម​សហគមន៍ ដែល​សកម្ម​ក្នុង​ការ​តស៊ូ​មតិ​ដើរ​ហើរ​ដោយ​សេរី បំបិទ​សិទ្ធិ​ការ​ជួប​ប្រជុំ​របស់​ក្រុម​សហគមន៍ និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​មក​បំភិតបំភ័យ​សកម្មជន​សហគមន៍​ជាដើម៖ «អាជ្ញាធរ​បាន​ចោទ​ថា សកម្មជន​ដីធ្លី​ទាំង​អស់​សុទ្ធ​តែ​ជា​គណបក្ស​ប្រឆាំង និង​ចោទ​ថា​ជា​អ្នក​ញុះញង់​បះបោរ​ធ្វើ​ឲ្យ​អសន្តិសុខ​សង្គម មាន​ការ​ទិញ​ទឹក​ចិត្ត​ពី​សកម្មជន​ការពារ​ដីធ្លី​ព្រៃ​ឈើ និង​នេសាទ»

មិន​ខុស​គ្នា​ដែរ សកម្មជន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក គុំ សុផាណា បញ្ជាក់​ថា សមត្ថកិច្ច និង​ក្រុម​ឈ្មួញ​បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ មក​គាប​សង្កត់ និង​បំបាក់​ស្មារតី​របស់​សហគមន៍។ មាន​សកម្មជន​មួយ​ចំនួន ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ ធ្វើ​ឲ្យ​បែក​បាក់​គ្រួសារ បាត់​បង់​ចំណូល​ប្រចាំ​ថ្ងៃ និង​ធ្វើ​ឲ្យ​កូន​មិន​បាន​រៀន​សូត្រ។

លោក គុំ សុផាណា៖ «ប្រពន្ធ​ជា​សកម្មជន​តវ៉ា​ដីធ្លី អ៊ីចឹង​អ្នក​មាន​អំណាច​គេ​ចាប់​ប្រពន្ធ​ទៅ​ដាក់​ពន្ធនាគារ មិន​បែក​ពី​ប្ដី។ កាល​ណា​មាន​បញ្ហា​បែក​បាក់​ក្នុង​សង្គម​គ្រួសារ​មួយ​នេះ វា​មាន​វិបត្តិ ហើយ​ការ​រៀន​សូត្រ​ក៏​រៀន​មិន​ចូល​ដែរ ទោះ​បាន​ចូល​សាលា​ក៏ដោយ ក្នុង​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត ក៏​បាត់​បង់​ពលកម្ម​ដែរ»

សមាជិក​បណ្ដាញ​កសាង​សន្តិភាព​សហគមន៍ លោក ស្វាយ ភឿន បញ្ជាក់​ថា ការ​គំរាម​កំហែង​ដោយ​ពាក្យ​សម្ដី និង​អាវុធ ត្រូវ​បាន​បង្ក​ឡើង​ក្នុង​សហគមន៍ ដោយ​ក្រុម​សមត្ថកិច្ច និង​ក្រុម​ឈ្មួញ។ លោក​បន្ត​ថា នៅ​មាន​រូបភាព​បង្ក​អសន្តិសុខ​ជាច្រើន​ទៀត រួម​មាន​ការ​ដក​ហូត​ទ្រព្យ​សម្បត្តិ​របស់​ក្រុម​សហគមន៍ ការ​ចាប់​ខ្លួន​ដោយ​គ្មាន​ដីកា ការ​ប្រើ​អំពើ​ហិង្សា ការ​លាប​ពណ៌​ក្រុម​សហគមន៍​ជា​គណបក្ស​ប្រឆាំង ការ​ចោទ​ក្រុម​សហគមន៍​ថា​បាន​ញុះញង់ និង​បះបោរ​បង្ក​អសន្តិសុខ​សង្គម បំប្លែង​លិខិត និង​កែ​សំណុំ​រឿង​ដើម្បី​ធ្វើ​ការ​ចោទ​ប្រកាន់​ឡើង​ទៅ​តុលាការ និង​ការ​ទិញ​ទឹក​ចិត្ត​សកម្មជន​ការពារ​ព្រៃ​ឈើ។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ បញ្ជាក់​ថា មជ្ឈមណ្ឌល​របស់​លោក​មាន​គម្រោង​ជួយ​ការពារ​អ្នក​ដែល​ការពារ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ដោយ​សង្ឃឹម​ថា ក្រុម​ដែល​ការពារ​សិទ្ធិ​ពលរដ្ឋ​ទាំង​នោះ នឹង​ធ្វើ​ការងារ​ដោយ​មាន​ប្រសិទ្ធភាព។ លោក​យល់​ឃើញ​ថា អ្នក​ការពារ​សិទ្ធិ​មនុស្ស​មាន​ការ​ប្រថុយប្រថាន​ច្រើន ទាំង​ផ្នែក​ផ្លូវ​ច្បាប់ រាយការណ៍ និង​ជួន​កាល​បង្ក​ជា​វិបត្តិ​ថវិកា​ក៏​មាន។ ដូច្នេះ ទាម​ទារ​ឲ្យ​មាន​ការ​សហការ​គ្នា ដើម្បី​រក​វិធានការ​ជា​គន្លឹះ ដើម្បី​ដោះស្រាយ​នឹង​បញ្ហា​ប្រឈម​ដែល​កើត​មាន​ឡើង។

លោក អ៊ូ វីរៈ៖ «ចង់​ធ្វើ​ការ​សិទ្ធិ​មនុស្ស ចង់​ធ្វើ​ម៉េច​កុំ​ឲ្យ​មាន​ភាព​ប្រថុយប្រថាន​ទាល់​តែ​សោះ អ្នក​នឹង​គិត​ខុស​ហើយ បើ​កាត់​បន្ថយ​ភាព​ប្រថុយប្រថាន​នូវ​សូន្យ គឺ​អត់​មាន​ទេ អត់​មាន​ជម្រើស​តែ​ហ្មង លើក​លែង​កុំ​ធ្វើ​ការងារ​ហ្នឹង។ ប្រជាពលរដ្ឋ​អត់​មាន​ធ្វើ​ការងារ​សោះ អត់​ធ្វើ​ការងារ​សង្គម​សោះ គាត់​នៅ​តែ​ជា​ជន​រង​គ្រោះ ចុះ​ទម្រាំ​យើង​ទៅ​ឈឺ​ឆ្អាល​រឿង​គេ​មួយ​គំនរ រឿង​អី​យើង​មិន​មាន​ភាព​ប្រថុយប្រថាន គឺ​យើង​ទទួល​ស្គាល់​ជា​ផ្នែក​មួយ​នៃ​ការងារ​របស់​យើង»

អ្នក​ការពារ​សិទ្ធិ​មនុស្ស ត្រូវ​គេ​សំដៅ​ទៅ​លើ​ជន​ទាំង​ឡាយ​ណា​ដែល​ដើរ​តួនាទី​ជួយ​ខ្លួន​ឯង និង​អ្នក​ដទៃ ជួយ​ការពារ​អ្នក​រង​គ្រោះ​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស មិន​ប្រើ​អំពើ​ហិង្សា ការ​តស៊ូ​មតិ​ដោយ​ស្រប​ច្បាប់​ក្នុង​សហគមន៍។

តាម​ការ​សិក្សា​រក​ឃើញ​របស់​អង្គការ​ស្ពាន​ទៅ​កាន់​សន្តិភាព​កម្ពុជា (Bridges Across Borders Cambodia) បង្ហាញ​ថា មាន​ការ​គំរាម​កំហែង​ជាច្រើន​ទៅ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស ដែល​រួម​មាន​ការ​រារាំង ការ​គំរាម​កំហែង​ដោយ​អំពើ​ហិង្សា​ពី​អាជ្ញាធរ និង​ក្រុមហ៊ុន ការ​បំភិតបំភ័យ​អំពើ​ហិង្សា​លើ​រាងកាយ ការ​រំលោភ​សេពសន្ថវៈ និង​ការ​បៀតបៀន​កេរ្តិ៍ខ្មាស ការ​ឃុំ​ខ្លួន និង​ចាប់​ខ្លួន​តាម​អំពើ​ចិត្ត ការ​ចោទ​ប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ រួម​មាន​ពី​បទ​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ បទ​បរិហារកេរ្តិ៍ បទ​ញុះញង់ និង​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត។

មន្ត្រី​សម្របសម្រួល​គម្រោង​គាំទ្រ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក សួន ប៊ុនធឿន បញ្ជាក់​ថា មជ្ឈមណ្ឌល​នេះ​នឹង​មាន​ការ​ផ្តល់​សេវា​មេធាវី​ដោយ​ឥត​គិត​ថ្លៃ និង​ថវិកា​ខ្លះ​ដល់​អ្នក​ការពារ​សិទ្ធិ​មនុស្ស ក្នុង​លក្ខខណ្ឌ​អ្នក​ការពារ​រូប​នោះ​ប្រឈម​នឹង​ហានិភ័យ​ណា​មួយ​ពាក់ព័ន្ធ​នឹង​ការងារ​របស់​ខ្លួន​ក្នុង​សហគមន៍៖ «គណៈកម្មការ​សម្រេច​គាត់​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស ហើយ​អ៊ីចឹង​យើង​អត់​ឲ្យ​គាត់​មាន​ចំណាយ​អី​ទេ គឺ​យើង​ផ្តល់​អោយ​តែ​ម្តង ប៉ុន្តែ​ទាល់​តែ​គាត់​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស»

លោក សួន ប៊ុនធឿន បន្ត​ថា ការ​ជជែក​គ្នា​មួយ​ព្រឹក​ជុំវិញ​ការ​ស្វែង​រក​វិធីសាស្ត្រ​ការពារ​ចំពោះ​ការ​គំរាម​កំហែង ខាង​មជ្ឈមណ្ឌល​មិន​ទាន់​បាន​ចងក្រង និង​ធ្វើ​ការ​ផ្សព្វផ្សាយ​នូវ​ឡើយ​ទេ។ ប៉ុន្តែ​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដែល​បាន​ចូល​រួម​ទាំង​នោះ លើក​ចំណុច​សំខាន់​មួយ​ចំនួន រួម​មាន​ស្នើសុំ​ឲ្យ​មាន​ដៃគូ​ជា​អង្គការ​ឲ្យ​បាន​ច្រើន ដឹង​ឮ​ក្នុង​សកម្មភាព​ដែល​ពួក​គាត់​បាន​ធ្វើ​ក្នុង​សហគមន៍ ម្យ៉ាង​ពួក​គាត់​ចង់​ឲ្យ​មាន​ក្រុម​អ្នក​ច្បាប់ និង​មេធាវី ជួយ​ឃ្លាំ​មើល និង​ការពារ​ផ្លូវ​ច្បាប់​ដល់​ពួក​គាត់ នៅ​ពេល​មាន​រឿង​បន្ទាន់​កើត​ឡើង។

ចំណុច​សំខាន់​ដែល​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​លើក​ឡើង​ចំពោះ​ករណី​មាន​បណ្ដឹង ឬ​ការ​ប៉ុនប៉ង​ចាំ​ខ្លួន​នោះ គឺ​ការ​ដក​ឃ្លា ឬ​គេច​ខ្លួន​ជា​បណ្ដោះ​អាសន្ន ដើម្បី​រក​វិធី​ស៊ើប​មើល​ចំពោះ​បណ្ដឹង និង​ស្វែង​រក​ជំនួយ​ពី​អង្គការ​សង្គម​ស៊ីវិល ឲ្យ​ជួយ​ផ្នែក​ណា​មួយ​ដែល​ចាំបាច់​ជា​មុន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
តើ​លោក កើត សារ៉ាយ ជា​អ្នកណា?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។