នាយកសាលាបឋមសិក្សាភ្ញីមាស ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ រងនូវការចោទពីឪពុកម្តាយសិស្សថាគ្មានសីលធម៌ ក្នុងការអប់រំក្មេង ហើយប្រើហិង្សាលើសិស្សជាអនីតិជន។
ការចោទនេះបានធ្វើឡើងនៅក្នុងការសម្របសម្រួលរវាងអាណាព្យាបាលសិស្ស និងនាយកសាលារូបនោះ នៅក្នុងប៉ុស្តិ៍នគរបាលឃុំព្រៃផ្ដៅ។
លោក កួយ វ៉េត រស់នៅភូមិសៃវ៉ា ឃុំព្រៃផ្ដៅ ជាឪពុកសិស្សឈ្មោះ កួយ ម៉ាណាត់ អាយុ ១២ឆ្នាំ រៀនថ្នាក់ទី៦ សាលាបឋមសិក្សាភ្ញីមាស ឃុំព្រៃផ្ដៅ។ កុមារានោះត្រូវគ្រូនាយកសាលាវាយឲ្យបែកក្បាល កាលពីថ្ងៃទី២០ ខែកុម្ភៈ ហើយត្រូវក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
លោក កួយ វ៉េត រិះគន់ថា នាយកជាគ្រូអប់រំសិស្សច្រើនរយនាក់ក្នុង១ឆ្នាំៗ បែរជាយកការអប់រំសិស្សដោយវិធីប្រើអំពើហិង្សាដ៏សាហាវ វាយដំកូនគាត់ឲ្យមានរបួសធ្ងន់ធ្ងរ បង្ហាញសិស្សក្នុងសាលាឲ្យឃើញទៅវិញ។ លោកថា ក្រសួងអប់រំ និងអង្គការនានាកំពុងការពារសិទ្ធិកុមារ បានហាមគ្រូៗប្រើហិង្សាលើសិស្ស។ ប៉ុន្តែនាយកនោះនៅតែប្រព្រឹត្តហិង្សាវាយដំក្មេង ហើយបង់លុយជាទម្លាប់អាក្រក់៖ «ឃើញហេតុការណ៍កើតឡើងនៅក្នុងសាលានោះ ក៏គេផ្អើលទាំងអស់ សិស្សទាំងអស់ សូម្បីតែគ្រូគ្នាគាត់ហ្នឹង ក៏ស្តីឲ្យគ្នាគាត់ដែរ ថាលោកគ្រូធ្វើអីដល់ថ្នាក់ហ្នឹងពេក គឺជ្រុលហើយ។ ប៉ោងក្បាលប៉ុនកដៃហើយៗឈាមហូរធ្លាក់នៅនឹងតុ មុខគ្រូនេះទៀត គាត់មិនបានជួយមើលកូនខ្ញុំ ហើយគាត់និយាយអីចឹង បានខ្ញុំចេះតែចង់បន្តក្តីទៅមុខទៀតហ្នឹង»។
អ្នកស្រី មាង បូណា ជាម្តាយសិស្ស កួយ ម៉ាណាត់ ថ្លែងថា នៅពេលចេញលេង កូនគាត់បានលេងបិទពួន។ កូនគាត់ និងមិត្តភ័ក្ដិ ២ ទៅ ៣នាក់ បានចូលទៅពួនតាមបង្អួចនៅក្នុងបន្ទប់មួយ ដែលគ្រូបានបិទទ្វារ។ ពេលចូលរៀនវិញ នាយកសាលាឈ្មោះលោក ម៉ក់ ទូច បានហៅកូនគាត់ទៅសួរ ហើយវាយកូនគាត់បែកក្បាល ហូរឈាមស្រោចមុខនៅចំពោះមុខសិស្សទាំងអស់គ្នា។
អ្នកស្រីបន្ថែមថា ក្រោយពីវាយកូនគាត់ឲ្យបែកក្បាលហើយ នាយកសាលានោះមិនបានជូនកូនគាត់ទៅផ្ទះ ដើម្បីសារភាពកំហុសទេ។ ពេលយប់នោះ កូនគាត់ក្អួត និងខ្សោយជាខ្លាំង ទើបគាត់នាំកូនមកសង្គ្រោះនៅមន្ទីរពេទ្យ៖ «ទឹកមុខវានៅស្លេកស្លាំង ដោយសារវាហូរឈាមម្សិលមិញវាច្រើនគួរសមដែរ។ ខ្ញុំថតមើល ខ្ញុំខ្លាចវាផុងលលាដ៍ វាស្រាំលលាដ៍អី ឬប៉ះពាល់អី ដល់លលាដ៍ក្បាលអីចឹងទៅណា។ មិនត្រឹមតែចំពោះកូនខ្ញុំមួយទេ គាត់ធ្លាប់វ៉ៃក្មេងធ្វើបាបក្មេង តែមិនដល់ថ្នាក់ឈាមហូរហូររហាមដូចកូនខ្ញុំអីចឹងទេ គ្រាន់តែខោកក្រញរកូនគេនោះ សឹងតែរលុងលលាដ៍ហើយ»។
ពាក់ព័ន្ធការចោទនោះ នាយកសាលាបឋមសិក្សាភ្ញីមាស លោក ម៉ក់ ទូច បានថ្លែងថា គ្រូប្រៀបដូចឪពុកម្តាយ មិនដែលវាយសម្លាប់កូនទេ តែខឹងការប្រៀនប្រដៅកូនមិនស្តាប់ ទើបជ្រុលដៃវាយក្បាលបន្តិចទៅ តែគាត់បានបង់លុយ ១៣០ម៉ឺនរៀល ទៅឪពុកម្តាយសិស្សនេះហើយ ដើម្បីបញ្ចប់រឿង និងចង់កសាងកិត្តិយសឡើងវិញ។
លោក ម៉ក់ ទូច៖ «គ្រាន់តែយកកូនសោម៉ូតូ ទៅគោះក្បាលបន្តិចហ្នឹង គ្មានបញ្ហាទេ។ បើនិយាយឲ្យចំទៅ របួសគ្រាន់តែលាបប្រេងកូឡាក៏បាត់ដែរ។ តែគេបារម្ភថា បើសិនគេមិនធ្វើអីចឹង ធ្វើម៉េចបានលុយធំ។ គេនោះយកលុយធ្វើមុខរបររកស៊ីទៅហើយហ្នឹង។ ខ្ញុំថា ខ្ញុំជួយច្រើនថ្លៃគ្រែពេទ្យអីហ្នឹង ខ្ញុំឲ្យ១០០។ ហើយដល់ពេលមើលទៅ គេរឹងទទឹងមិនព្រមអី ខ្ញុំខ្ជិល ខ្ញុំបង់ឲ្យគេ ១៣០ម៉ឺន»។
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តតាកែវ លោក អ៊ុន ថានន្ត ថ្លែងថា ការដោះស្រាយក្រៅប្រព័ន្ធតុលាការនេះហើយ ទើបធ្វើឲ្យគ្រូៗចេះតែបន្តវាយសិស្ស។ នៅពេលគ្រូវាយសិស្ស ហើយអាងបង់លុយយករួចខ្លួនបិទបាំងកំហុសដែលខ្លួនប្រព្រឹត្ត ទើបអំពើល្មើសច្បាប់នៅតែបន្តមានដែលនាំឲ្យក្នុងប្រទេសកម្ពុជា កើតមាននិទ្ទណ្ឌភាពចំពោះមនុស្សទន់ខ្សោយ ដូចជាកុមារានេះ។
ក្រុមគ្រួសារកុមារ កួយ ម៉ាណាត់ ថ្លែងថា គាត់បង្ខំចិត្តទទួលយកការដោះស្រាយ ដើម្បីបញ្ចប់រឿង ព្រោះគាត់ខ្លាចគ្រូគុំកួនលើកូនគាត់ទៅថ្ងៃក្រោយ នាពេលប្រឡងបញ្ចប់ការសិក្សាថ្នាក់បឋម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។